ប្រទេសនៅក្នុងតំបន់អាស៊ាន ប្រើវិធានការផ្លូវច្បាប់ផ្សេងៗគ្នានៅគ្រាដែលជំងឺកូវីដ១៩ កំពុងរាតត្បាត។ ការប្រើប្រាស់វិធានការទាំងនេះ មានប្រទេសខ្លះប្រើវិធានការទប់ស្កាត់ និងបង្ក្រាប ប្រជាពលរដ្ឋជ្រុលហួសហេតុ ដែលជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ក្រុមអ្នកវិភាគលើកឡើងថា មេដឹកនាំអាស៊ានមួយចំនួន ចាត់វិធានការទប់ស្កាត់ ការឆ្លងជំងឺ កូវីដ-១៩ថា ជាការប្រើអំណាចផ្ដាច់ការទៅលើពលរដ្ឋរបស់ខ្លួន។
ប្រទេសដែលលេចធ្លោជាងគេ នៅក្នុងការដាក់បម្រាម ឬប្រកាសប្រទេសនៅក្នុងភាពអាសន្ន នៅកំឡុងពេលយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩នេះ មានប្រទេសហ្វីលីពីន ថៃ និង កម្ពុជាជាដើម។ រីឯប្រទេសមួយ ចំនួន ទៀត មិនទាន់បង្ហាញពីការបង្ក្រាប ការចាប់ចង និងការផ្ដន្ទាទោសពលរដ្ឋធ្ងន់ធ្ងរនៅឡើយទេ។
ប្រទេសនៅក្នុងតំបន់ ដែលប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នមុនគេ គឺប្រទេសថៃ បានដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេលមួយខែ ចាប់ពីថ្ងៃទី២៦មីនា។ នៅកំឡុងពេល រឹតត្បិតសិទ្ធិសេរីភាពដើរហើរនេះ រដ្ឋាភិបាលថៃបានដាក់វិធានការ ដំបូងគេគឺផ្ដោតលើការគ្រប់គ្រងលើបណ្ដាញសារព័ត៌មាន និងគ្រប់គ្រងការជួបជុំ។ ការរឹតត្បិតសេរីភាពសារព័ត៌មាននេះ គេសង្កេតឃើញថា បានកើតមានតាំងរដ្ឋាភិបាលថៃបានរំលាយគណបក្សប្រឆាំងថៃកាលពីខែកុម្ភៈមកម្ល៉េះ។
ក្រុមអ្នកវិភាគលើកឡើងថា នៅក្នុងកំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតនេះ ទាំងពលរដ្ឋថៃ និងពលរដ្ឋខ្មែរ ហាក់មិនមានជំនឿលើរដ្ឋាភិបាលរបស់ខ្លួនទេ ដោយសារតែប្រទេសទាំងពីរ នេះ មាននយោបាយប្រហាក់ប្រហែលគ្នា បង្ក្រាបទៅលើអ្នករិះគន់ ឬក្រុមប្រឆាំង។ ហើយព័ត៌មានមួយចំនួនដែលចេញពីរដ្ឋាភិបាលនោះ គឺពលរដ្ឋមិនជឿនោះទេ ដូច្នេះពួកគាត់ស្វះស្វែងព័ត៌មានដោយខ្លួនឯង និងចែករំលែកព័ត៌មានទាំងនោះ នៅលើបណ្ដាញសង្គម ផ្ទុយទៅវិញ ត្រូវបានរដ្ឋាភិបាលឃាត់ខ្លួនដាក់ពន្ធនាគារ ចោទប្រកាន់ ពីបទញុះញង់ និងធ្វើឱ្យចលាចលសង្គមជាដើម។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដើម្បីឱ្យពលរដ្ឋមានជំនឿលើរដ្ឋាភិបាល នៅពេលជំងឺកូវីដ១៩កំពុងរាតត្បាតនេះ ទាំងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ចេញព័ត៌មានពិត ដែលអាចឱ្យពលរដ្ឋជឿទុកចិត្តបានជារឿងសំខាន់៖ «បើសិនជាថាព័ត៌មានក្លែងក្លាយ រដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានពិតពន្យល់វិញទៅ តែរដ្ឋាភិបាលបែរជាចោទប្រកាន់ និងចាប់ខ្លួនពលរដ្ឋភ្លាមៗ គឺអត់ត្រឹមត្រូវទេ»។
រីឯប្រទេសហ្វីលីពីនវិញ បានប្រកាសដាក់ប្រទេសនៅក្នុងភាពប្រកាសអាសន្ននេះ រហូតដល់ចុងខែមេសា ហើយមេដឹកនាំប្រទេសនេះ បានផ្ដល់ដាវអាជ្ញាសឹកដល់ប៉ូលិស ទាហានបាញ់សម្លាប់ប្រជាពលរដ្ឋរបស់ខ្លួន ចំពោះអ្នកប្រឆាំងនិងបទបញ្ជាមិនឱ្យចេញដើរក្រៅផ្ទះនេះ។
ប្រទេសផ្សេងទៀត ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី វៀតណាម ព្រុយណេ រដ្ឋាភិបាលបានប្រកាសពីការត្បិតការធ្វើដំណើររបស់ប្រជាពលរដ្ឋដូចគ្នា តែមិនបានកំណត់ពីការដាក់ទោសទណ្ឌពលរដ្ឋធ្ងន់ធ្ងរនោះឡើយ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្ននេះ មិនមែនដាក់ប្រកាសដាក់នៅទូទាំងប្រទេសទេ។ ឥណ្ឌូណេស៊ីបានប្រកាសដាក់តែទីក្រុងធំៗមួយចំនួនរួមមាន ទីក្រុងហ្សាកាតា (Jakarta) ជាដើម។
ចំពោះកម្ពុជាវិញ ទោះបីជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីការបន្ធូរស្ថានការណ៍ ថាភាគរយនៃការដាក់ប្រទេសនៅក្នុងភាពអាសន្នមានលទ្ធភាពតិចតូចក្ដី ប៉ុន្តែលោកនៅតែប្ដេជ្ញាថា កម្ពុជានៅតែបន្តធ្វើច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្ននេះ ដើម្បីប្រើប្រាស់នៅពេលចាំបាច់៖ «អ៊ីចឹងលទ្ធភាពវាតិចណាស់ តែទោះជាតិចយ៉ាងណាក៏ដោយ ត្រូវមានឧបករណ៍ច្បាប់នៅក្នុងដៃ ក្រែងលោ អា០ . ១ វាកើតឡើងហើយយើងប្រកាស ប្រទេសដាក់នៅក្នុងភាពអាសន្នតែម្ដង»។
ទោះបីជា លោក ហ៊ុន សែន ប្រកាសថា ភាគរយនៃការប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្ននេះ អាចទៅរួចតែត្រឹម០.១% ដោយសារតែជំងឺកូវីដ១៩នេះក្ដី ប៉ុន្តែ ក្រុមអ្នកតាមដាននយោបាយកម្ពុជាអះអាងថា រដ្ឋាភិបាលបានដាក់ប្រទេសនេះនៅក្នុងភាពអាសន្ន តាំងពីឆ្នាំ២០១៣ ដែលរដ្ឋាភិបាលប្រើកម្លាំងប្រដាប់អាវុធហួសហេតុ បាញ់សម្លាប់ពលរដ្ឋនៅក្នុងពេលបង្ក្រាបបាតុករធ្វើបាតុកម្មមកម្ល៉េះ។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ពលរដ្ឋកម្ពុជា បានបាត់សិទ្ធិសេរីភាព រួមទាំងសិទ្ធិពលរដ្ឋ និងនយោបាយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញផង តាំងពីការជាប់គាំងនយោបាយ ឆ្នាំ២០១៣មក។
ពិសេសទៅទៀត រដ្ឋាភិបាលតែងតែប្រើកម្លាំងប្រដាប់អាវុធ បង្ក្រាបពល និងចលនាផុលផុស ចាប់ខ្លួន ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិមកនោះ ជាការបង្ហាញឱ្យឃើញថា រដ្ឋាភិបាលបានដាក់ប្រទេសនេះ ទៅក្នុងភាពអាសន្នបាត់ទៅហើយ៖ «តាមពិតតាំងពីខែ មករាឆ្នាំ២០១៣មក រដ្ឋាភិបាលបានដាក់ប្រទេសនៅក្នុង ភាពអាសន្នបាត់ទៅហើយ ព្រោះរឹតត្បិតសេរីភាពយ៉ាងសន្ធឹក ហើយរដ្ឋាភិបាលប្រើកងកម្លាំងទៅបាញ់ពលរដ្ឋ ហើយមិនបានប្រកាសនៅក្នុងភាពអាសន្នទេ»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារីមានប្រសាសន៍ថា ការដាក់វិធានការតឹងតែងឬការកម្រិតពីទោសទណ្ឌលើពលរដ្ឋរបស់ខ្លួន របស់ប្រទេសនីមួយៗ នៅអាស៊ាន នេះ អាស្រ័យលើចរិតមេដឹកនាំ និងអតីតភាពការងាររបស់ខ្លួនជាមេទ័ព ឬជាជនស៊ីវិល៖ «បើមើលពីអត្តចរិតមេដឹកនាំដូចនៅហ្វីលីពីន ជាអត្តចរិតបុគ្គលរបស់មេដឹកនាំ ដែលប្រើធម៌ក្ដៅឬផ្ដាច់ការ ហើយនៅថៃមេដឹកនាំក៏មកពីអតីតមេទ័ព នៅកម្ពុជាមេដឹកនាំក៏ជាអតីតចេញពីមកជួរកងទ័ព»។
អ្នកវិភាគលើកឡើងថា កត្តាចម្បងរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ដែលត្រូវធ្វើនៅចំពោះមុខ ក្រៅពីការពារពលរដ្ឋរបស់ខ្លួន មិនឱ្យឆ្លងជំងឺកូវីដ១៩នេះ គឺរដ្ឋាភិបាលត្រូវគិតគួរពីមូលនិធិសង្គមសម្រាប់ជួយសង្គ្រោះពលរដ្ឋ ដែលរងផលប៉ះពាល់ជាសកលដោយសារតែជំងឺកូវីដ ១៩នេះ ជាជាងការប្រើវិធានការគាបសង្កត់ និងប្រើអំណាចផ្ដាច់ការធ្វើបាបពលរដ្ឋរបស់ខ្លួន។ បញ្ហាជាអាទិភាពដែលពលរដ្ឋប្រឈមខ្លាំងនោះ គឺសន្តិសុខស្បៀង។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក បណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ជំងឺកូវីដ១៩ រាតត្បាតនេះ ធ្វើឱ្យប៉ះពាល់ដល់សង្គមនីមួយៗជាប្រព័ន្ធ ហើយរដ្ឋាភិបាល នីមួយៗត្រូវផ្ដល់កញ្ចប់ថវិកាសម្រាប់ទ្រទ្រង់សង្គម ឬក៏បង្កើតកញ្ចប់ថវិកាពិសេស បន្ថែមលើ ច្បាប់ថវិកាជាតិជាដើម៖ «យើងជួយប្រជាពលរដ្ឋម្ដេចបាន បើយើងមិនមានកញ្ចប់ថវិកា ដូច្នេះសភាត្រូវអនុម័តកញ្ចប់ថវិកាពិសេសសម្រាប់ជួយពលរដ្ឋ នៅក្នុងពេល ប្រទេសជាតិកំពុងតែជួបវិបត្តិនេះ»។
រដ្ឋាភិបាលនៃប្រទេសអាស៊ានបានបញ្ចប់កញ្ចប់ថវិការៀងៗខ្លួន លើការទ្រទ្រង់ពលរដ្ឋរបស់ខ្លួន ពិសេសពលរដ្ឋគ្មានការងារធ្វើ ដែលរដ្ឋត្រូវបានផ្ដល់ថវិកាជូន ក្នុងនោះរួមមាន សិង្ហបុរីរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកាទប់ទល់និងផលប៉ះពាល់សេដ្ឋកិច្ចចំនួនបីដំណាក់កាល។នៅដំណាក់កាលទី៣នេះ រដ្ឋាភិបាលបានប្រកាសកញ្ចប់ថវិកាជាង ៣ពាន់លានដុល្លារ (៣.៦ពាន់លាន) បន្ថែមទៀត។ ឥណ្ឌូណេស៊ី រដ្ឋាភិបាលបានផ្ដល់ថវិកាជាង ១ពាន់លាន (១.៥ពាន់លាន)សម្រាប់ផ្ដល់ជូនកម្មករដែលអត់ការងារធ្វើ។
ដោយឡែកសសម្រាប់កម្ពុជាវិញ រដ្ឋាភិបាលមិនទាន់បានប្រកាស ពីមូលនិធិទ្រទ្រង់សង្គម ឬជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩នេះនៅឡើយទេ ក្រៅពីប្រកាសពីការផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២០% នៃប្រាក់ខែគោលជូនកម្មកររោងចក្រនោះ។
ប្រធានសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR កាលពីចុងខែមីនា អំពាវនាវដល់មេដឹកនាំអាស៊ីអាគ្នេយ៍ទាំងអស់ ឱ្យគិតគួរពីទុក្ខលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ និងត្រូវគោរពគោលការណ៍សិទ្ធិមនុស្សជាកត្តាចម្បង ក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ-១៩ នេះ ជាជាងរឹតត្បិតសិទ្ធិសេរីភាពចាប់ចងពលរដ្ឋដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញផ្សេងៗទៀត។
អ្នកវិភាគលើកឡើងថា មេដឹកនាំមួយចំនួននៅអាស៊ាន ប្រើវិធានការគាបសង្កត់ចាប់ចងពលរដ្ឋដាក់ពន្ធនាគារ ពាក់ព័ន្ធរឿងផ្សព្វផ្សាយព័ត៌មាន រឿងកូវីដ១៩នេះ ដូចជាកម្ពុជា និងថៃជាដើម គ្រាន់តែជាហេតុផលការពារអំណាចរបស់ខ្លួនទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។