មេធាវីការពារក្តី ស្នើសុំឲ្យតុលាការពន្លឿននីតិវិធីជំនុំជម្រះលើសំណុំរឿងសកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ ដែលត្រូវបានចាប់ខ្លួនឃុំខ្លួនជាង៨ខែហើយពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់ការ គ្រប់គ្រងរបស់លោក ហ៊ុន សែន នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ សង្គមស៊ីវិល យល់ថា ការឃុំខ្លួនរយៈពេលយូរដោយគ្មានការជំនុំជម្រះក្ដីបែបនេះ គឺរំលោភទាំងច្បាប់ និងសន្ធិ សញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
មេធាវីការពារក្តីឲ្យលោក គង់ ម៉ាស់ គឺលោក សំ សុគង់ ប្រាប់អាស៊ីសេរីថា តុលាការ មិនបានលើក យកសំណុំរឿងរបស់កូនក្តីលោក មកធ្វើការជំនុំជម្រះនោះទេក្នុងរយៈពេល ៨ខែនេះ ដោយតុលាការ លើកហេតុផលថា មិនទាន់បញ្ចប់ការស៊ើបអង្កេត។
លោកមេធាវី សំ សុគង់ បញ្ជាក់ថា លើកទីមួយ តុលាការ បានសម្រេចឃុំខ្លួនកូនក្តីរបស់លោករយៈពេល៦ខែ បន្ទាប់មកពន្យារពេលឃុំខ្លួន៣ ខែបន្ថែមទៀត ហើយមកទល់ពេលនេះជិតគ្រប់ ៩ខែហើយ តែតុលាការ នៅមិនទាន់បញ្ចប់ការស៊ើបអង្កេតនៅឡើយ។ លោក ថ្លែងថា លោក គង់ ម៉ាស់ ត្រូវ បានចោទប្រកាន់ក្នុងបទល្មើសមជ្ឈិម ដូច្នេះតាមនីតិវិធីច្បាប់ គឺតុលាការមិនអាចឃុំខ្លួនលើសពី ៦ខែដោយមិនកាត់ទោសនោះទេ ព្រោះខុសនឹងការកំណត់នៃច្បាប់។ មេធាវីរូបនេះបន្តថា លោក កំពុង សិក្សាផ្លូវច្បាប់បន្ថែម ដើម្បីដាក់ពាក្យស្នើសុំឲ្យតុលាការ បិទបញ្ចប់ការស៊ើបសួរ និងលើកយកសំណុំរឿងទៅជំនុំជម្រះឲ្យឆាប់ ឬក៏នឹងដាក់ពាក្យស្នើសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើកូនក្តី តែម្ដងប្រសិនបើក្នុងរយៈពេលជិត១ឆ្នាំនេះ រកមិនឃើញ ភស្តុតាង ឬបទល្មើស ដាក់បន្ទុកលើ កូនក្តីនោះទេ៖ «សិទ្ធិរបស់ជនជាប់ចោទ គឺត្រូវតែទទួលបាននូវសវនាការ មួយត្រឹមត្រូវ និងយុត្តិធម៌ហើយដើម្បីឲ្យមានសវនាការត្រឹមត្រូវ និងយុត្តិធម៌ គឺការឃុំខ្លួនជនត្រូវចោទត្រូវតែមានរយៈពេលមួយសមរម្យ ហើយធ្វើយ៉ាងណាឲ្យខ្លី។ ចំពោះការឃុំខ្លួនជនត្រូវចោទ ដើម្បីគ្រាន់តែទុកសម្រាប់បើកសវនាការ គឺបញ្ញត្តិនៃច្បាប់អន្តរជាតិក៏ដូចជាច្បាប់ជាតិក៏មិនអនុញ្ញាតដែរ ដោយសារគេគិតពីគោលការណ៍សេរីភាពដូច្នេះការឃុំខ្លួនដោយមិនបានធ្វើការស៊ើបអង្កេតឬមួយការឃុំខ្លួនម្ដងហើយម្ដងទៀតនេះ គឺជាការរំលោភសិទ្ធិជនត្រូវចោទធ្ងន់ធ្ងរ » ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
របបក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ ដែលជាអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម និង ជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ដែលរបបក្រុង ភ្នំពេញ រំលាយចោលនោះ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ចោទប្រកាន់ពីបទប្រមាថ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ និងមាត្រា ៥០២នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីសរសេរសារបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។ សារដែលលោក គង់ ម៉ាស់ បង្ហោះនោះ រួមមាន យុទ្ធនាការម្រាមដៃស្អាតកាលពីមុនបោះឆ្នោត ការបង្ហោះរូបភាពជួបជុំសកម្មជនតាមមូលដ្ឋាន និងសាររិះគន់បែបស្ថាបនាអំពីភាពអសកម្មមួយចំនួនរបស់ របបលោក ហ៊ុន សែន រួមមាន បញ្ហាព្រំដែនកម្ពុជា-វៀតណាម និងករណីចុងក្រោយតម្លៃកសិផលចុះថោកក្រោយពីសហភាពអឺរ៉ុបយកពន្ធអង្កកម្ពុជាជាដើម។ លោក អាចប្រឈមជាប់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងអាច ពិន័យជាប្រាក់ជាង ៤លានរៀល។
អ្នកច្បាប់និងមន្ត្រីសិទ្ធិមនុស្ស យល់ថា ការបង្ហោះសារផ្សេងៗ របស់លោក គង់ ម៉ាស់ គឺគ្រាន់តែជាការប្រើប្រាស់សិទ្ធិបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយការិះគន់នោះ គឺជាការរិះគន់បែបស្ថាបនា គ្មានន័យប្រមាថរដ្ឋាភិបាលឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោកអំ សំអាត មានប្រសាសន៍ថា ការឃុំឃាំងក្នុងគុករយៈពេលយូរ ឬហួសពេលនៃច្បាប់កំណត់ ហើយមិនមានការកាត់ទោស គឺប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ និងរំលោភច្បាប់ជាតិ ព្រមទាំងសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។ លោកយល់ ថា ករណីសកម្មជនបក្សប្រឆាំងនេះ តុលាការគួរតែពន្លឿននីតិវិធីជំនុំជម្រះឲ្យបានឆាប់ ព្រោះវាជាបទល្មើសមជ្ឈិម៖ «អ៊ីចឹងបទល្មើសមជ្ឈិមនៅក្នុងផ្លូវច្បាប់យើងឃើញហើយថា គេអាចឃុំខ្លួនពី ៤ខែ ហើយអាចទៅ ៦ខែហើយបើសិនជារកភស្តុតាងមិនឃើញទេ គឺត្រូវដោះលែង ដោយស្វ័យប្រវត្តិ ហើយបើសិនជាការស៊ើបអង្កេតចប់បញ្ជូនទៅជំនុំជម្រះនោះគួរតែពន្លឿនជំនុំជម្រះឲ្យបានឆាប់»។
មាត្រា២០៩ ក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម មិនអាចលើសពី៤ខែបានទេ។ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេល ការឃុំខ្លួនបណ្ដោះអាសន្ន បានតែម្ដងគត់ មិនឲ្យលើសពី២ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់។ ថិរវេលានៃការឃុំខ្លួនខាងលើនេះមិនត្រូវលើសពីពាក់ កណ្ដាលនៃទោសអប្បបរមាដែលច្បាប់បានកំណត់នោះឡើយ តែបើកាលណាឃុំខ្លួនលើស គឺជាការឃុំខ្លួនខុសច្បាប់។
លោក គង់ ម៉ាស់ ក៏ធ្លាប់ដាក់បណ្ដឹងស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នដែរ ប៉ុន្តែត្រូវបានតុលាការទាំង បីថ្នាក់បដិសេធសំណើរបស់លោក។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ ទាមទារឲ្យរបបក្រុងភ្នំពេញដោះលែង លោកគង់ ម៉ាស់ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។ ពួកគេលើកឡើងថា វាគឺជារឿង ឈឺចាប់ និងស្អប់ខ្ពើមបំផុត ដែលដឹងថា មនុស្សម្នាក់អាចប្រឈមមុខជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយគ្មានកំហុសអ្វីសោះគ្រាន់តែបង្ហោះសារនៅលើបណ្ដាញសង្គមដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។