តំណាងរាស្ត្រ​អូស្ត្រាលី​គ្រោង​ស្នើ​រដ្ឋាភិបាល​ខ្លួន​ជំរុញ​ទៅ​របប​​ភ្នំពេញ​ស៊ើប​អង្កេត​ករណី​បណ្ឌិត កែម ឡី

ដោយ ហេង រស្មី
2019.07.21
ជូលៀន ហ៊ីល អូស្ត្រាលី កែម ឡី ៦២២ សមាជិកសភា​សហព័ន្ធ​អូស្ត្រាលី​មក​ពី​គណបក្ស​ពលករ​លោក ជូលៀន ហ៊ីល (Julian Hill) (រូប​ឆ្វេង) ថ្លៃងក្នុង​ពេល​លោក​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី នៅ​ក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា​ ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ​២០១៩។
រូប​ពី​លោក តាក់ ម៉េងហ៊ាង

សមាជិកសភា​អូស្ត្រាលី​មកពី​គណបក្ស​ពលករ​លោក ជូលៀន ហ៊ីល (Julian Hill) អះអាង​ថា លោក​នឹង​ទាមទារ​ជា​ផ្លូវការ ទៅ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ឱ្យ​ជំរុញ​ទៅ​របប​ក្រុងភ្នំពេញ ឱ្យ​ស៊ើបអង្កេត​ពេញលេញ និង​យុត្តិធម៌​លើ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី​។ ប្រតិកម្ម​របស់​សមាជិក​សភា​អូស្ត្រាលី​បែបនេះ បន្ទាប់ពី​លោក បណ្ឌិត កែម ត្រូវ​ឃាតក​សម្លាប់​អស់​រយៈពេល​បី​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ​ហាក់​មានការ​លាក់បាំង​ការពិត​នៃ​ឃាតកម្ម​នេះ។

តំណាងរាស្ត្រ​អូស្ត្រាលី​បាន​កោតសរសើរ​បណ្ឌិត កែម ឡី ថា ជា​អ្នកស្រាវជ្រាវ​មាន​សមត្ថភាព​ខ្ពស់ និង​មាន​ឫក​ពារ​គួរ​ឱ្យ​គោរព ហើយ​តំណាងរាស្ត្រ​ទាំងនោះ​បាន​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ ឱ្យ​មាន​ប្រសិទ្ធភាព និង​ឯករាជ្យ។

សមាជិកសភា នៃ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ជូលៀន ហ៊ីល ចោទ​ប្រកាន់​ថា សមត្ថកិច្ច ឬ​និង​ព្រះរាជអាជ្ញា​របស់​កម្ពុជា មិនបាន​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ​។ លោក​ក៏​ចោទសួរ​ទៅ​លោក ហ៊ុន សែន ថា តើ​របប​នេះ​មានការ​បារម្ភ​អ្វី​ចំពោះ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ឃាតកម្ម បណ្ឌិត កែម ឡី នេះ?«តើ​របប​របស់​គាត់​(​លោក ហ៊ុន សែន​) មានការ​ខ្វល់​អ្វីខ្លះ​នៅ​ពេលដែល​ការពិត​ត្រូវ​បាន​បង្ហាញ​នោះ ដូច្នេះ​ក្នុង​ពេល​ប៉ុន្មាន​អាទិត្យ​ខាងមុខនេះ​ខ្ញុំ​នឹង​ទាមទារ​ជា​ផ្លូវការ​ទៅដល់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​ដើម្បី​ទាមទារ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ធ្វើ​ការ​បើក​ការស៊ើបអង្កេត​ពេញលេញ​យុត្តិធម៌​ជូន​ដល់​បណ្ឌិត កែម ឡី»

ចំណែក សមាជិកសភា​អូស្ត្រាលី​មួយ​រូប​ទៀត អ្នកស្រី ក្លៀ អូនៀល (Clare O'Neil ) បាន​ចាត់ទុក ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ថា​ជា​អំពើ​ឃោរឃៅ ហើយ​អ្នកស្រី​មិន​អាច​ទប់​កំហឹង​បាន​ឡើយ​ចំពោះ​ទង្វើ​នេះ​។ អ្នកស្រី​រំលឹក​ថា អ្នកស្រី​ធ្លាប់​បាន​សំណេះសំណាល និង​ជជែក​គ្នា​អំពី​បញ្ហា​កម្ពុជា​ជាមួយ​បណ្ឌិត កែម ឡី មុន​ឃាតក​បាញ់សម្លាប់​រូបលោក​។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​មក​ចូលរួម​ពិធីបុណ្យ​នៅ​ពេល​នេះ ដើម្បី​បង្ហាញ​ការ​ដឹងគុណ និង​គោរព​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី៖ «ខ្ញុំ​មក​ថ្ងៃនេះ​ដើម្បី​រម្លឹក​ដឹងគុណ និង​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែល​លោក​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​លោក​បាន​បន្សល់ទុក​អនុស្សាវរីយ៍​ជាច្រើន»

សមាជិកសភា​អូស្ត្រាលី​ទាំង​ពីរ​រូប​បញ្ចេញ​ប្រតិកម្ម​បែបនេះ នៅ​ក្នុង​ពេល​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី នៅ​ក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​២១ ខែ​កក្កដា។

កម្មវិធី​បុណ្យ​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរ និង​សមាគម​ខ្មែរ នៅ​ក្រុង​ម៉ែលប៊ន។

អតីត​អភិបាលក្រុង​ស្ព្រីងវែល (Springvale) និង​ជា​អ្នក​រៀបចំ​ពិធីបុណ្យ​ម្នាក់ គឺ​លោក ជា យូហន ឱ្យ​អាស៊ីសេរី​ដឹង​ថា ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជា​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ប្រមាណ​៧០០​នាក់ និង​សមាជិកសភា​សហព័ន្ធ​៣ រូប​នៃ​រដ្ឋ​វ៉ិកតូរីយ៉ា បាន​ចូលរួម​ក្នុង​ពិធី​នេះ​។

ពិធីបុណ្យ​នេះ​ចាប់ផ្ដើម​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង​១​រសៀល ម៉ោង​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​វត្ត​ពុទ្ធរង្សី ហៅ​វត្ត​ធំ ព្រះសង្ឃ​ចំនួន ១៥​អង្គ ដើម្បី​ធ្វើ​ពិធី​សាសនា​ដើម្បី​ឧទ្ទិស ដល់​វិញ្ញាណក្ខន្ធ​លោក បណ្ឌិត កែម ឡី។

នៅ​ពេល​ពិធី​សាសនា​ចប់​រួចរាល់ ជា​ពេល​ថ្លែង​សារ​របស់​សមាជិកសភា​អូស្ត្រាលី និង​ភរិយា​លោក បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា​។ អ្នកស្រី ប៊ូ រចនា បាន​ថ្លែង​ថា អ្នកស្រី​នឹង​ប្រែ​ក្តី​ទុក្ខសោក​នៃ​បាត់បង់​ស្វាមី ទៅជា​ការ​​​​ជួយជ្រោមជ្រែង​គោលបំណង​ស្វាមី​អ្នកស្រី​ឱ្យ​បាន​ដល់​គោលដៅ​វិញ៖ «នាង​ខ្ញុំ​ប្រែក្លាយ​ទុក្ខសោក​នេះ​ទៅជា​ការ​ព្យាយាម​ធ្វើ​បេសកកម្ម​គាត់​(​លោក កែម ឡី​) ដែល​ជា​ការ​សង្គ្រោះ​ខ្មែរ​យើង​ដូចដែល​អ្វី​គាត់​បាន​ផ្ដាំ​ជូត​ទឹកភ្នែក​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត បណ្តាំ​នេះ​គឺជា​ការ​ឆ្លុះបញ្ចាំង​បំណង​របស់​គាត់​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ក្នុង​របប​តិរច្ឆាន»

អ្នកស្រី ប៊ូ រចនា បាន​ឱ្យ​ដឹង​ថា ក្នុងចំណោម​ថវិកា​ជាង​៧០០០​ដុល្លារ (​ប្រាំពី​ពាន់​)​ដែល​ទទួល​ពី​ពិធីបុណ្យ​នៅ​ពេលនេះ អ្នកស្រី និង​គណៈកម្មការ​រៀប​ចំ​ពិធីបុណ្យ នឹង​ចាត់ចែង​មួយ​ផ្នែក​ផ្តល់​ជូន​សកម្មជន​ដែល​បន្ត​កិច្ចការ​ងារ​លោក​បណ្ឌិត កែម ឡី នៅ​ប្រទេស​កម្ពុជា។

អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ ស្តារ ម៉ា​ត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ។

ម​ជ្ឍដ្ឋាន​ជាតិ អន្តរជាតិ និង​អ្នកឃ្លាំមើល​សង្គម សង្កេត​ឃើញ​ថា សមត្ថកិច្ច​កម្ពុជា ហាក់​គ្មាន​ឆន្ទៈ​ស៊ើបអង្កេត​ការពិត​នៃ​ឃាតកម្ម​នេះ​ទេ ពីព្រោះ​គិត​មកដល់ពេលនេះ តុលាការ​បាន​ចោទប្រកាន់​មនុស្ស​តែ​ម្នាក់​គត់ គឺ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់​។ តុលាការ​បាន​កាត់ទោស​ជន​នេះ បន្ទាប់ពី​រូបគេ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី​។ ក្រៅ​ពី​នេះ តុលាការ​នៅ​មិនទាន់​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ណា​ផ្សេងទៀត​យក​មក​សួរនាំ​បន្ថែម​នោះ​ទេ​។ សាធារណជន និង​គ្រួសារ​លោក កែម ឡី លើកឡើង​ដូចៗ​គ្នា​ថា ពួក​មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់ ជួប សម្លាប់ នេះ​ទេ និង​ចាត់​ទុក​បុគ្គល​រូប​នេះ​ថា ជា​ឃាតក​សិប្បនិម្មិត​ប៉ុណ្ណោះ។

អង្គការ​សិទ្ធិមនុស្ស​ចំនួន ២៤​ស្ថាប័ន បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ​កាលពី​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ក្នុង​ការ​ធ្វើឃាត​លោក កែម ឡី​នេះ​។ ពួកគេ​សង្កេត​ឃើញ​ថា រយៈពេល ៣​ឆ្នាំ​ហើយ​នៅតែ​មិនទាន់​មាន​ការ​ស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ឃាតកម្ម​នេះ​ទេ។

កាល​នៅ​មាន​ជីវិត​លោក កែម ឡី បាន​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ​។ ក្នុង​យុទ្ធនាការ​នេះ លោក​បាន​ចុះ​ស្នាក់នៅ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុកស្រែ​ចម្ការ​ដោយ​ផ្ទាល់ ដោយពេល​ខ្លះ​លោក​បាន​ស្នាក់​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដាច់ស្រយាល និង​ភូមិ​ជនជាតិ​ដើម​ភាគតិច ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ លោក​ទើបតែ​បំពេញ​បាន​ត្រឹម​១៥​រាត្រី​ប៉ុណ្ណោះ ក៏​ត្រូវ​ឃាតក​បាញ់សម្លាប់​។

ទោះជា​បែបនេះ​ក្តី សព្វថ្ងៃ​មាន​យុវជន​មួយ​ចំនួន​កំពុង​ធ្វើ​កិច្ចការ​នេះ​បន្ត​ពី​លោក កែម ឡី ដោយ​អនុវត្ត​តាម​ពាក្យស្លោក​មួយ​ឃ្លា​ដែល​លោក​ធ្លាប់​បាន​និយាយ គឺ "ជូត​ទឹកភ្នែក​រួចហើយ​បន្ត​ដំណើរ​ទៅ​មុខ"

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។