ភរិយាបណ្ឌិត កែម ឡី ប្រតិកម្មចំពោះអ្នកនាំពាក្យក្រសួងយុត្តិធម៌រឿងឃាតកម្មស្វាមី
2019.07.03
ភរិយាបណ្ឌិត កែម ឡី បង្ហោះសារឆ្លើយតបចំពោះអ្នកនាំពាក្យក្រសួងយុត្តិធម៌ជុំវិញសំណុំរឿង ឃាតកម្មលើស្វាមីរបស់អ្នកស្រី។ អ្នកស្រីនៅតែប្រកាន់ជំហរថា ឃាតកម្មលើ បណ្ឌិត កែម ឡី គឺជា ការរៀបចំគម្រោងទុកជាមុនរបស់របបក្រុងភ្នំពេញ ម្ល៉េះហើយទើបអាជ្ញាធរព្យាយាមបំបាត់ភស្តុតាំង និងរកឃាតកពិតមិនឃើញ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ដើម្បីបញ្ជៀសការរិះគន់បែបនេះ របបក្រុង ភ្នំពេញត្រូវតែមានឆន្ទៈពិតប្រាកដ ក្នុងការនាំយកអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានឆាប់។
ការបង្ហោះសារឆ្លើយឆ្លងរវាងភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា និងមន្ត្រីរបបក្រុងភ្នំពេញនេះ គឺ បន្ទាប់ពីអ្នកស្រី ប៊ូ រចនា កាលពីថ្ងៃទី២ ខែកក្កដា បង្ហោះសាររៀបរាប់ពីការនឹករលឹកស្វាមី ការឈឺ ដែលបែកបាក់គ្រួសារ និងការបាត់បង់ប្ដីជាបង្គោលគ្រួសារ ដោយសារតែរបបក្រុងភ្នំពេញ គឺជាអ្នកនៅពីក្រោយឃាតកសម្លាប់ស្វាមីរបស់អ្នកស្រី។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានតបថា ការចោទប្រកាន់នេះ គឺគ្មាន ភស្តុតាំងត្រឹមត្រូវ និងធ្វើឡើងតាមអារម្មណ៍ដែលឈឺចាប់និងនឹកសពប្ដីខ្លាំង ព្រមទាំងទទួលរងឥទ្ធិពលពីក្រុមអ្នកប្រឆាំងរដ្ឋាភិបាលនៅក្រៅប្រទេស។
អ្នកស្រី ប៊ូ រចនា បានផ្ញើសារឆ្លើយតបទៅកាន់លោក ជិន ម៉ាលីន វិញថា អ្នកស្រីមិនបានចោទប្រកាន់ចំៗ លើអ្នកណាម្នាក់ជាឃាតកសម្លាប់ស្វាមីឡើយ ប៉ុន្តែអ្នកដែលរៀបចំគម្រោងសម្លាប់បណ្ឌិត កែម ឡី ប្រាកដ ជាដឹងខ្លួនឯងច្បាស់ណាស់ សូម្បីតែលោក ជិន ម៉ាលីន ក៏ប្រហែលជាស្គាល់មុខ ឃាតកពិតជាអ្នកណាដែរ។ អ្នកស្រីបន្តថា ស្វាមីអ្នកស្លាប់ក្នុងប្រទេសកម្ពុជា បើមិនឱ្យហៅថា របបក្រុងភ្នំពេញ តើឱ្យថារបបអ្វីទៅ? អ្នកស្រី ឱ្យដឹងដែរថា ម្យ៉ាងវិញទៀតបរិយាកាសនៅជុំវិញ ខ្លួន និងនៅជុំវិញផ្ទះរបស់អ្នកស្រីនៅប្រទេសអូស្ត្រាលី គឺមានបរិយាកាសល្អណាស់ មានភាពស្ងប់ ស្ងាត់គ្មានអ្វីមករំខានចិត្តឡើយ។ បើធៀបជាមួយរបបក្រុងភ្នំពេញ គឺមានសុវត្ថិភាពខ្ពស់ហើយការ រស់នៅមានសិទ្ធិពេញលេញ គ្មានការគៀបសង្កត់ គំរាមកំហែងដូចនៅក្នុងរបបក្រុងភ្នំពេញឡើយ។ បើនិយាយ ពីប្រព័ន្ធតុលាការកម្ពុជាវិញ អ្នកស្រី គ្មានជំនឿជឿជាក់សូម្បីបន្តិច ។
អ្នកស្រី ប៊ូ រចនា បន្ថែមថា បើរបបក្រុងភ្នំពេញពិតជាយុត្តិធម៌ និងយកចិត្តទុកដាក់លើរឿងឃាតកម្មបណ្ឌិត កែម ឡី មែននោះ អស់លោកត្រូវបើកកាមេរ៉ាសុវត្ថិភាពនៅពេលកើតហេតុភ្លាមៗ នោះ ច្បាស់ជាដឹងហើយថា ឃាតកពិតជាអ្នកណា ប៉ុន្តែទាំងអស់នេះ គឺសុទ្ធតែមានការរៀបចំទុកមុនជា ស្រេច ព្រោះកាមេរ៉ាសុវត្ថិភាពត្រូវបានដកទុក។ មិនតែប៉ុណ្ណោះសូម្បីតែទូរស័ព្ទជនរងគ្រោះ ២គ្រឿង ក៏ពួកអាជ្ញាធរ យកទៅបាត់ស្រមោលដល់សព្វថ្ងៃនេះដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មិនឆ្លើយតបចំពោះសាររបស់អ្នកស្រី ប៊ូ រចនា នោះទេ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតប តាមបណ្ដាញតេឡេក្រាម(Telegram) នៅថ្ងៃទី៣ ខែកក្កដា និងនៅតែលើកឡើងដូចសម្ដីរបស់លោក ជិន ម៉ាលីន ដែរថា ជារឿងធម្មតារបស់ភរិយាដែលមានមនោសញ្ចេតនានឹកប្តីហើយ ដោយសារក្ដៅ ចិត្ត ពីរឿងស្លាប់ប្ដី និងមានឥទ្ធិពលពីខាងមជ្ឈដ្ឋានប្រឆាំងគាត់ចោទមកលើរាជរដ្ឋាភិបាលដោយគ្មានភស្តុតាង។ លោក សុខ ឥសាន ចោទអ្នកស្រី ប៊ូ រចនា ថា តាមពិតកំពុងយកមិត្តធ្វើសត្រូវនិង យកសត្រូវធ្វើមិត្តដោយមិនដឹងខ្លួន។ លោកបន្តថា ឆន្ទៈក្នុងការស៊ើបអង្កេតរឿងឃាតកម្មបណ្ឌិត កែម ឡី គឺសមត្ថកិច្ចផ្អែកលើសកម្មភាពជាក់ស្ដែង និងលើកាមេរ៉ានោះហើយ ទើបបានជាអាចចាប់ឃាតកឈ្មោះជួប សម្លាប់ ដែលតុលាការបានកាត់ក្តីឱ្យ ជាប់ពន្ធនាគារអស់មួយជីវិត។ លោកចោទជាសំណួរថា តើឱ្យទៅរកឃាតកឯណាទៀត? តាមអារម្មណ៍របស់ពួកប្រឆាំងនោះ ទោះធ្វើយ៉ាងណាក៏នៅតែមិនពេញចិត្តដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ដើម្បីបំបាត់មន្ទិលសង្ស័យ ឬបញ្ចៀសការរិះគន់ចោទប្រកាន់នានា គឺរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ ពាក់ព័ន្ធ និងតុលាការ ត្រូវតែពន្លឿននីតិវិធីស៊ើបអង្កេត ដើម្បីនាំយកអ្នកដែលពាក់ព័ន្ធ ឬអ្នកនៅពីក្រោយករណីឃាតកម្មលោកបណ្ឌិត កែម ឡី មកផ្ដន្ទាទោសតាមច្បាប់ឱ្យបានឆាប់៖ «ប្រសិនបើរដ្ឋាភិបាល អាជ្ញាធរ ឬក៏តុលាការពន្លឿននីតិវិធី និងស៊ើបអង្កេតរកឃើញអ្នកដែលពាក់ព័ន្ធទាំងអស់នេះ ខ្ញុំគិតថា អ្វីៗនឹងត្រូវបានលាតត្រដាង និងត្រូវបានបញ្ចប់ការរិះគន់ ហើយក៏ជាការផ្ដល់យុត្តិធម៌ដែលអាចជួយព្យាបាលការឈឺចាប់របស់គ្រួសារជនរងគ្រោះដែរ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។
អំពើឃាតកម្មនេះបានកើតឡើងរយៈពេល ២ថ្ងៃ ក្រោយពីលោកបានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីវេទិកាអ្នកស្ដាប់អាស៊ីសេរី ដើម្បីជជែកពិភាក្សាអំពីរឿងការក្ដោបក្ដាប់ជំនួញរបស់ក្រុមគ្រួសារលោក ហ៊ុន សែន នៅកម្ពុជា។ តុលាការ បានផ្ដន្ទាទោស អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែសាធារណជននៅតែមិនអស់ចិត្តនៅឡើយ ព្រោះសំណុំរឿងនេះមានភាពមិនស៊ីសង្វាក់គ្នាជាច្រើនចំណុច ជុំវិញមូលហេតុនៃអំពើឃាតកម្ម ដែលមជ្ឈដ្ឋាននានាសុទ្ធតែជឿថា អឿត អាង មិនអាចធ្វើរឿងនេះបានតែម្នាក់ឯងនោះឡើយ។ ទំនងជាដើម្បីបញ្ចៀសការរិះគន់ តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត យកមកកាត់ទោស។ ការស៊ើបអង្កេតបន្តនោះ គឺដើម្បីរកអ្នកលក់កាំភ្លើងឱ្យ ជួប សម្លាប់ អ្នកទទួលឱ្យ ជួប សម្លាប់ ស្នាក់នៅក្នុងក្រុងភ្នំពេញ និងអ្នកនៅពីក្រោយខ្នង ជួប សម្លាប់ ក៏ប៉ុន្តែតុលាការខកខានមិនបានផ្តល់ព័ត៌មានស្ដីពីការវិវឌ្ឍនៃសំណុំរឿងទីពីរនេះឡើយរហូតមកដល់ពេលនេះ។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា សំណុំរឿងនេះនៅតែបន្តស៊ើបអង្កេត ដោយមិនទាន់បិទបញ្ចប់នោះទេ ហើយស្នើសុំឱ្យសាធារណជន និងគ្រួសារលោកបណ្ឌិត កែម ឡី ជួយផ្ដល់ភស្តុតាង ឬសក្ខីកម្មរឹងមាំតាមផ្លូវច្បាប់ ដើម្បីស្វែងរកភាគីពាក់ព័ន្ធយកមកផ្ដន្ទាទោស។លោក អំ សំអាត បញ្ចេញមតិថា ការមិនបង្ហាញអំពីភាពជឿនលឿននៃការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ ក្រៅពីការផ្តន្ទាទោសលើលោក ជួប សម្លាប់ នោះ គឺបង្ហាញពីភាពបរាជ័យមួយក្នុងការស្វែងរក យុត្តិធម៌ពេញលេញសម្រាប់គ្រួសារបណ្ឌិត កែម ឡី និងធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះរួមទាំងសាធារណជន ដែលគោរពស្រលាញ់បណ្ឌិតកែម ឡី បាត់បង់ទំនុកចិត្តនិងបាត់បង់ជំនឿក្នុង ការស្វែងរកយុត្តិធម៌៖ «ការដែលរដ្ឋាភិបាល ឆ្លើយឆ្លងបែបនេះគឺមិនមែនជាមធ្យោបាយល្អទេ អ្វីដែលសំខាន់គឺត្រូវបង្ហាញឆន្ទៈពិតប្រាកដហើយនិងអំពីសកម្មភាពនៃការស្វែងរក យុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី។ ហើយបើសិនជាយើងពឹងតែលើសាធារណជន និងពឹងតែលើគ្រួសារជនរងគ្រោះដើម្បីឱ្យជួយបង្ហាញភស្តុតាំងគឺបង្ហាញអំពីភាពបរាជ័យរបស់អាជ្ញាធរទៅវិញទេ»។
ទោះយ៉ាងណាក្តី លោក អំ សំអាត យល់ថា សំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ប្រហែលជាមិន ទទួលបានយុត្តិធម៌ពេញលេញដូចសំណុំរឿងឃាតកម្មធំៗមុនៗដែរ ដូចជា សំណុំរឿងឃាតកម្ម លោក ឈុត វុទ្ធី លោក ជា វិជ្ជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន អ្នកកាសែត និងអ្នកសិល្បៈផ្សេងៗ ទៀតជាដើម។ លោក បន្តថា ការដែលប្រើពាក្យថា អាជ្ញាធរកំពុងស៊ើបអង្កេតនេះប្រហែលជាដើម្បី កុំឱ្យមានការរិះគន់តែប៉ុណ្ណោះ៕