ប្រវត្តិ​សង្ខេប​នៃ​ទំនាក់ទំនង​កម្ពុជា និង​ចិន (ភាគ​២)

ដោយ ចេង ម៉េងជូ
2016.02.11
ហ៊ុន សែន ជាំង ជឺមីង ១៩៩៩ ៨៥៥ លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ជាំង ជឺមីង (Jiang Zemin) នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៩។ Photo AFP
Photo AFP

ដោយសារ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួល​រលំ​ទៅ​ហើយ ឥទ្ធិពល​ចិន បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ចាប់​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដោយសារ​កម្ពុជា ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លើក​បន្តុប​ដោយ​វៀតណាម។

អ្វី​ដែល​ចិន អាច​បន្ត​ធ្វើ​ដើម្បី​ស្ដារ​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​កម្ពុជា ត​ទៅ​ទៀត​បាន គឺ​ការ​បន្ត​ផ្គត់ផ្គង់​ខ្មែរ​ក្រហម ដែល​ដួល​រលំ​ទៅ​ហើយ​នោះ នូវ​អាវុធ​យុទ្ធភណ្ឌ និង​ជួយ​ការពារ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ខ្មែរ​ក្រហម លើ​ឆាក​អន្តរជាតិ។

ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ការ​ផ្សព្វផ្សាយ​វប្បធម៌​ចិន នៅ​កម្ពុជា ត្រូវ​បាន​ហាម​ឃាត់។ តួយ៉ាង​សាលា​រៀន​ភាសា​ចិន ត្រូវ​បាន​រដ្ឋាភិបាល​របប​នោះ​ដាក់​បម្រាម​មិន​ឲ្យ​ដំណើរ​ការ​ឡើយ។ ជនជាតិ​ភាគ​តិច​ចិន នៅ​កម្ពុជា ដែល​សេសសល់​ពី​ការ​សម្លាប់​របស់​ខ្មែរ​ក្រហម ត្រូវ​លួច​រៀន​ភាសា​ជនជាតិ​ខ្លួន​ដោយ​សម្ងាត់។ ក្នុង​របប​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បច្ចុប្បន្ន​មាន​និន្នាការ​ទៅ​រក​ចិន បាន​ថ្កោលទោស​ចិន ថា ចិន ជា​ឫសគល់​នៃ​អំពើ​សោកនាដកម្ម​ទាំងឡាយ​នៅ​កម្ពុជា តាម​រយៈ​សំណេរ​របស់​លោក​កាល​ពី​ឆ្នាំ​១៩៨៨។

ប៉ុន្តែ​ឥទ្ធិពល​របស់​ចិន នៅ​កម្ពុជា បាន​ងើប​ឡើង​វិញ​ជា​បណ្ដើរៗ​នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរ​ចិត្ត​ទៅ​ចាប់​ដៃ​ជាមួយ​ចិន វិញ ចាប់​ពី​ពេល​លោក​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ទី​១ នៅ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ មក។

ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​នយោបាយ​ក្រោយ​រដ្ឋ​ប្រហារ បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​កម្ពុជា ចាប់​ផ្ដើម​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​ផ្ដាច់​ជំនួយ​ពី​រដ្ឋាភិបាល​ថ្មី​នោះ ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ឯកោ។ ភាព​ឯកោ​នេះ បាន​ធ្វើ​ឲ្យ លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​ប្រឆាំង​ចិន ត្រូវ​បំភ្លេច​កំហឹង​ចាស់ ផ្លាស់​ចិត្ត​មក​ចាប់​ដៃ​ជាមួយ​ចិន វិញ។

ក្រោយ​រដ្ឋ​ប្រហារ ចិន គឺ​ជា​ប្រទេស​ដំបូង​បង្អស់​ដែល​បាន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន។

នៅ​មួយ​ខែ​ក្រោយ​រដ្ឋ​ប្រហារ ចិន បាន​ផ្ដល់​ជំនួយ ៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​កម្ពុជា។ ការ​ដោះ​ដូរ​ដំណើរ​ទស្សនកិច្ច​រវាង​មេ​ដឹក​នាំ​នៃ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា និង​មេ​ដឹក​នាំ​រដ្ឋាភិបាល​ចិន ក៏​ចាប់​ផ្ដើម​កើត​មាន​ជា​ញឹកញាប់​ចាប់​ពី​ពេល​នោះ​មក។ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​កាន់​តែ​ត្រូវ​បាន​រឹត​បន្តឹង។

នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩៧ ចិន បាន​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន នូវ​សម្ភារៈ​យោធា​ដែល​មាន​តម្លៃ ២,៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្រោម​រូបភាព​ជា​ប្រាក់​កម្ចី។

ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​រដ្ឋ​ប្រហារ លំហូរ​ទឹក​ប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន មក​កម្ពុជា បាន​កើន​ឡើង​បី​ដង គឺ​កើន​ពី ៣៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៩៧ ដល់ ១១៣​លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៩៨។

បើ​ទោះ​ជា​ពេល​នោះ សាធារណរដ្ឋ​ចិន ឬ​តៃវ៉ាន់ គឺ​ជា​ប្រភព​ចម្បង​នៃ​ទឹក​ប្រាក់​វិនិយោគ​បរទេស​របស់​កម្ពុជា ក្ដី ក៏​មិន​អាច​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រារែក​ចិត្ត​ក្នុង​ការ​ប្រកាស​បិទ​ការិយាល័យ​សេដ្ឋកិច្ច និង​វប្បធម៌​របស់​រដ្ឋាភិបាល​តៃវ៉ាន់ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្គាប់​ចិត្ត​រដ្ឋាភិបាល​ចិន ប៉េកាំង ឡើយ។

ខែ​កុម្ភៈ ឆ្នាំ​១៩៩៩ លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ជា​លើក​ដំបូង​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។

លោក​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​មក​នូវ​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ចំនួន ២០០​លាន​ដុល្លារ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​សន្យា​ពី​ចិន ថា នឹង​ផ្ដល់​ជំនួយ​ក្នុង​ទឹក​ប្រាក់ ១៨,៣​លាន​ដុល្លារ​បន្ថែម​ទៀត។ ស្ថានទូត​ចិន នៅ​កម្ពុជា បាន​ចាត់​ទុក​ចំនួន​ទឹក​ប្រាក់​សរុប​នៃ​ជំនួយ​នោះ ថា​ជា​ទំហំ​ទឹក​ប្រាក់​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ចំណោម​ចំនួន​ទឹក​ប្រាក់​ដែល​ចិន ធ្លាប់​ផ្ដល់​ដល់​ប្រទេស​ដទៃ។ ស្ថានទូត​ចិន បាន​ហៅ​ទស្សនកិច្ច​របស់ លោក ហ៊ុន សែន កាល​ណោះ​ថា​តំណាង​ឲ្យ «ដំណាក់​កាល​ខ្ពស់​ថ្មី​មួយ» ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ចិន។

ក្រៅ​ពី​អំណាច​សេដ្ឋកិច្ច ចិន ក៏​ចាប់​ផ្ដើម​បោះ​ទុន​ដើម្បី​បង្កើន​អំណាច​យោធា​លើ​កម្ពុជា ដែរ។ ជាក់ស្ដែង ចិន បាន​ជួយ​សាងសង់​វិទ្យាស្ថាន​យោធា​មួយ​មាន​ទីតាំង​នៅ​តំបន់​ធ្លក​តា​សេក ខេត្ត​កំពង់ស្ពឺ ដែល​អ្នក​ស្រាវជ្រាវ​ពី​ឥទ្ធិពល​ចិន លើ​កម្ពុជា តែង​ចាត់​ទុក​ថា ជា​និមិត្តរូប​តំណាង​ឲ្យ​វត្តមាន​នៃ​អំណាច​របស់​ចិន លើ​វិស័យ​យោធា​កម្ពុជា។

វិទ្យាស្ថាន​នោះ​ត្រូវ​បាន​សាងសង់​ឡើង​ក្រោម​ជំនួយ​ជា​សម្ភារៈ​សំណង់​មាន​តម្លៃ​សរុប ១,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ព្រម​ទាំង​សម្ភារៈ​យោធា​មួយ​ចំនួន​ទៀត ដែល​ចិន ផ្ដល់​ឲ្យ​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៩៩។ ចាប់​តាំង​ពី​ការ​សាងសង់​រួច​រាល់​មក វិទ្យាស្ថាន​នេះ​ទទួល​បាន​ជំនួយ​ជា​បន្តបន្ទាប់​ពី​ប្រទេស​ចិន ធ្វើ​ឲ្យ​ចិន ក្លាយ​ជា​ប្រភព​ជំនួយ​ធំ​ជាង​គេ​បង្អស់​សម្រាប់​វិស័យ​យោធា​កម្ពុជា។

អគ្គ​មេ​បញ្ជាការ​រង​នៃ​​កង​យោធពល​ខេមរភូមិន្ទ និង​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស «ង​៧០» លោក ហ៊ុន ម៉ាណែត។ រូបថត​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៥
អគ្គ​មេ​បញ្ជាការ​រង​នៃ​​កង​យោធពល​ខេមរភូមិន្ទ និង​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស «ង​៧០» លោក ហ៊ុន ម៉ាណែត។ រូបថត​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៥
RFA/Brach Chev

យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ការពារ​ថា ជំនួយ​របស់​ចិន ដល់​វិទ្យាស្ថាន​យោធា​នោះ មិន​មែន​មាន​ន័យ​ថា វិស័យ​យោធា​កម្ពុជា ស្ថិត​ក្រោម​ឥទ្ធិពល​ចិន នោះ​ឡើយ៖ «វិទ្យាស្ថាន​យោធា គឺ​គ្រប់គ្រង​ដោយ​កម្ពុជា បើ​ថា​និយាយ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​នៅ​ធ្លក​តា​សេក គ្រប់គ្រង​ដឹក​នាំ​ដោយ​កម្ពុជា គ្រូ​ក៏​ខ្មែរ សិស្ស​ក៏​ខ្មែរ និង​នាយ​ទាហាន​ទាំងអស់ ត្រូវ​បំពេញ​ភារកិច្ច​បម្រើ​ឲ្យ​ប្រទេស​ជាតិ​ខ្មែរ អត់​ទៅ​បម្រើ​ឲ្យ​ប្រទេស​ចិន ឬ​មួយ​ក៏​អ្វី​ទេ»

ក្រៅ​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា និង​សេដ្ឋកិច្ច រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ក៏​ធ្លាប់​មាន​ឆន្ទៈ​ស្រដៀង​គ្នា​ក្នុង​ប្រវត្តិ​បង្កើត​តុលាការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែរ។ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​គម្រោង​បង្កើត​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​មាន​ការ​ជ្រោមជ្រែង​ពី​អង្គការ​សហប្រជាជាតិ ចិន បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​ឲ្យ​មាន​ការ​ចូលរួម​របស់​អន្តរជាតិ ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​នោះ​ឡើយ។

នៅ​ពេល​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​គំនិត​ចង់​បង្កើត​តុលាការ​អន្តរជាតិ កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ថា​ជា​ពុតត្បុត​របស់​អង្គការ​សហប្រជាជាតិ។ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា សហគមន៍​អន្តរជាតិ​គួរ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ជា​ជាង​ការ​ចង់​បង្កើត​តុលាការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម។

ខែ​វិច្ឆិកា ឆ្នាំ​២០០០ ប្រធានាធិបតី​ចិន លោក ជាំង ជឺមីង (Jiang Zemin) បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា។

ប្រមុខ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នោះ​ថា​ជា​ចំណុច​កំពូល​មួយ​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ដោយសារ​វា​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ដំបូង​បំផុត​នៃ​មេ​ដឹក​នាំ​កំពូល​របស់​ចិន មក​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ប្រមុខ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ស្ដីពី​ការ​ពង្រីក​វិសាលភាព នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី។ ជា​ការ​ឆ្លើយ​តប លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា នឹង​នៅ​តែ​បន្ត​គាំទ្រ​គោល​នយោបាយ​ចិន តែ​មួយ។

ខែ​វិច្ឆិកា ឆ្នាំ​២០០២ នាយក​រដ្ឋមន្ត្រី​ចិន លោក ជូ រ៉ុងជី (Zhu Rongji) ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់ លោក ជូ រ៉ុងជី មក​កម្ពុជា បាន​នាំ​មក​នូវ​ការ​លុប​ចោល​បំណុល​កម្ពុជា ធ្លាប់​ជំពាក់​ចិន កន្លង​មក​ប្រមាណ ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សំដៅ​ដល់​ប្រាក់​កម្ចី​មិន​គិត​ការប្រាក់​ដែល​ចិន ឲ្យ​កម្ពុជា ខ្ចី​នៅ​ឆ្នាំ​១៩៩៩។

លោក ជូ រ៉ុងជី ក៏​បាន​ប្រកាស​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់ និង​ផ្ដល់​ជំនួយ​សរុប​ចំនួន ១២,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន។ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ជ្រើស​យក​វិស័យ​កសិកម្ម ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជា​វិស័យ​អាទិភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

គិត​ត្រឹម​ឆ្នាំ​២០០៨ ចំណង​ការទូត​ឈាន​ចូល​វ័យ ៥០​ឆ្នាំ។ មុន​ការ​ប្រារព្ធ​ខួប​នោះ គឺ​នៅ​ឆ្នាំ​២០០៦ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ចិន លោក វិន ជាប៉ាវ (Wen Jiabao) បាន​សន្យា​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ និង​ប្រាក់​កម្ចី​ចំនួន ៦០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុង​នោះ​មាន​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន ៣៣​លាន​ដុល្លារ សម្រាប់​សាងសង់​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទុក​ជា​កាដូ​អបអរ​ខួប ៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា-ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។