លោក ហ៊ុន សែន បដិសេធ​សំណើ​សុំ​លើកលែង​ទោស​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ព្រះរាជទាន​លើកលែង​ទោស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្វាយ​ទៅ​ព្រះបាទ​បរមនាថ នរោត្តម សីហមុនី។ លិខិត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​៨ តុលា បាន​ទូល​សុំ​ឲ្យ​ព្រះអង្គ​លើកលែង​ទោស​ដល់​សកម្មជន​សិទ្ធិ​មនុស្ស ដីធ្លី បរិស្ថាន នយោបាយ និង​ជាពិសេស​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​វិភាគ​នយោបាយ​ថា​បើ​តាម​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន គណបក្ស​ប្រឆាំង​មិន​មាន​ក្តី​សង្ឃឹម​ច្រើន​ទេ​ថា​នឹង​ទទួល​បាន​ការ​លើកលែង​ទោស។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​១២ ខែ​តុលា ឆ្នាំ​២០១៦ បាន​ចេញ​លិខិត​មួយ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ទូល​បង្ហាញ​ពី​ជំហរ​របស់​លោក​ចំពោះ​សំណើ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើសុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​លិខិត​ដដែល​ថា ករណី​របស់​លោក សម រង្ស៊ី និង​ករណី​របស់​លោក កឹម សុខា គឺ​ជា​រឿង​អនុវត្ត​ច្បាប់​សុទ្ធសាធ និង​ជា​កិច្ចការ​របស់​តុលាការ។ លោក​បន្ត​ថា អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់ ទទួល​ខុស​ត្រូវ​មុខ​ច្បាប់ គឺ​ជា​រឿង​ធម្មតា ហើយ​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ម៉ឺងម៉ាត់​បែប​នេះ ជា​គន្លឹះ​ដើម្បី​ជួយ​កម្ពុជា ឲ្យ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​របស់​ខ្លួន​ប្រកប​ដោយ​ចីរភាព។

ការ​ឆ្លើយ​តប​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះមហាក្សត្រ បាន​ផ្ញើ​លិខិត​ដែល​ព្រះអង្គ​ទទួល​បាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​លោក ហ៊ុន សែន ត្រួត​ពិនិត្យ។

លិខិត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​៨ តុលា ស្នើសុំ​ឲ្យ​ព្រះអង្គ​លើកលែង​ទោស​ដល់​សកម្មជន​សិទ្ធិ​មនុស្ស ដីធ្លី បរិស្ថាន នយោបាយ និង​ជា​ពិសេស​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​ចែង​ថា ព្រះមហាក្សត្រ​មាន​សិទ្ធិ​បន្ធូរបន្ថយ​ទោស ឬ​លើកលែង​ទោស។ ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះអង្គ​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន បកស្រាយ​រដ្ឋធម្មនុញ្ញ​មាត្រា​២៧ ថា ទោះ​បី​ជា​ព្រះមហាក្សត្រ​តែង​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល សិទ្ធិ​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ គឺ​មិន​មាន​លក្ខខណ្ឌ​នោះ​ទេ៖ «ក្នុង​រដ្ឋធម្មនុញ្ញ​អត់​មាន​ចែង​ថា មាន​ការ​ឯកភាព​ពី​នរណា​ទេ។ បើ​ព្រះអង្គ​លើកលែង​បាន ទាល់​តែ​អ្នក​ណា​សម្រេច​នោះ អ៊ីចឹង​អ្នក​ហ្នឹង​ជា​អ្នក​លើកលែង​ហើយ»

ដូច​គ្នា​នឹង​លោក សុក សំអឿន ដែរ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ហេង ស៊្រាង លើក​ឡើង​ថា ព្រះមហាក្សត្រ​មាន​សិទ្ធិ​លើកលែង​ទោស​តាម​ការ​យល់​ព្រះទ័យ​របស់​ព្រះអង្គ ប៉ុន្តែ​ភាព​ជាក់ស្តែង​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម ការ​លើកលែង​ទោស​ពី​សំណាក់​ព្រះមហាក្សត្រ តែង​កើត​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ដូច្នេះ លោក​យល់​ថា​ការ​លើកលែង​នេះ​នឹង​មិន​អាច​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ៖ «ដូច​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​មិន​ចាំបាច់​ពិគ្រោះ​ជាមួយ​អ្នក​ណា ឬ​ក៏​លោក​នាយក​រដ្ឋមន្ត្រី​ទេ។ ព្រះមហាក្សត្រ​ប្រើ​ព្រះរាជ​តួនាទី​ហ្នឹង​ពិចារណា​ទៅ។ អ៊ីចឹង​មើល​លិខិត​ហ្នឹង​ទៅ បែរ​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​តាម​ការ​គួរ​វិញ វា​ដូច​អត់​មាន​ន័យ​អី​សម្រាប់​ការ​លើកលែង​ទោស​ទេ»

លោក ហេង ស៊្រាង បន្ត​ទៀត​ថា ដរាប​ណា​ខាង​គណបក្ស​ប្រឆាំង និង​ខាង​គណបក្ស​កាន់​អំណាច​នៅ​មិន​ទាន់​មាន​ការ​ទុក​ចិត្ត​គ្នា លោក​មិន​សង្ឃឹម​ថា នឹង​មាន​ព្រះរាជ​តម្រិះ​ពី​ព្រះមហាក្សត្រ​នោះ​ទេ។

គិត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ តុលា មិន​ទាន់​មាន​ការ​សម្រេច​ផ្លូវ​ការ​ណា​មួយ​ពី​ព្រះមហាក្សត្រ​នៅ​ឡើយ ថា​តើ​ព្រះអង្គ​នឹង​លើកលែង​ទោស​ដូច​សំណើ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ណា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។