អនុ​ប្រធាន​បក្ស​ប្រឆាំង​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ការងារ​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ផែនការ​វិល​ចូល​ស្រុក​ជា​ថ្មី

ដោយ ហេង រស្មី
2020.09.23
អេង ឆាំអ៊ាង សម រង្ស៊ី លោក អឹង ឆៃអ៊ាង (ឆ្វេង) អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ដាំ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
រូប៖ RFA

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​កំពុង​ធ្វើ​ការងារ​ការ​ទូត​ជាមួយ​សហគមន៍​អន្តរជាតិ និង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​មិត្ត​អន្តរជាតិ​ក្នុង​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ជាថ្មី។ ឆ្លើយតប​នឹង​គម្រោង​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ថា លោក សម រង្ស៊ី និង​បក្ស​ពួក​អស់​តម្លៃ​លើ​ឆាក​អន្តរជាតិ​ហើយ និង​គ្មាន​សហគមន៍​អន្តរជាតិ​ណា​ជឿជាក់​ទៀត​ដែរ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លើក​ឡើង​ថា ទោះ​សហគមន៍​អន្តរជាតិ​កំពុង​ជ្រោមជ្រែង​ជួយ​ស្ដារ​សិទ្ធិ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុន្តែ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង​ដែរ តាម​រយៈ​ការ​វិល​ចូល​ស្រុក​វិញ​ជា​ថ្មី។ លោក​បន្ត​ថា ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ការងារ​សំខាន់​ពីរ​ក្នុង​ការ​វិល​ចូល​ស្រុក​វិញ គឺ​ធ្វើ​ការងារ​ការ​ទូត​ជាមួយ​សហគមន៍​អន្តរជាតិ និង​ការ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​គាំទ្រ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក៖ ការងារ​ការ​ទូត​យើង​នៅ​ធ្វើ​ធម្មតា​ជា​ជំហរ​យើង​អត់​មាន​អី​លាក់​បាំង​យើង​ដឹង​ហើយ​បណ្ដា​ប្រទេស​ជា​មិត្ត ដែល​គេ​គាំទ្រ​ប្រទេស​កម្ពុជា​ឱ្យ​មាន​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ហ្នឹង​គេ កំពុង​ជួយ​តាម​ឃ្លាំមើល​លើ​អ្នក​នយោបាយ និង​ទង្វើ​អាក្រក់​របស់​លោក ហ៊ុន សែន»

លោក អេង ឆៃអ៊ាង បដិសេធ​មិន​បង្ហាញ​ពេល​វេលា​ជាក់លាក់ ឬ​មធ្យោបាយ​នៃ​ការ​វិល​ចូល​ស្រុក​លើក​នេះ​ទេ ដោយ​បញ្ជាក់​ថា ស្ថានការណ៍​ចុង​ក្រោយ​នេះ​អាច​នឹង​ប្រែប្រួល​គ្រប់​ពេល ដែល​ពិបាក​ក្នុង​ការ​និយាយ​ទុក​មុន។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ការ​លើក​ឡើង​ពី​ផែនការ​នេះ​ឡើយ ដោយ​លោក​យល់​ថា ក្រុម​លោក សម រង្ស៊ី បម្រើ​នយោបាយ​បរទេស​ធ្វើ​ឱ្យ​ខ្មែរ​បែកបាក់។ លោក​និយាយ​ទៀត​ថា បទ​ពិសោធន៍​កាល​ខែវិច្ឆិកា ឆ្នាំ២០១៩ ដែល​លោក សម រង្ស៊ី មិន​បាន​ចូល​ស្រុក​តាម​ការ​សន្យា​នោះ គឺ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ ឬ​បណ្ដា​ប្រទេស​អាស៊ាន​គេ​លែង​ផ្ដល់​តម្លៃ​ឱ្យ​លោក សម រង្ស៊ី ទៀត​ឡើយ ដូច្នេះ​លោក​ថា នឹង​គ្មាន​សហគមន៍​អន្តរជាតិ​ណា​គាំទ្រ​ផែនការ​វិល​ស្រុក​នេះ​ទៀត​នោះ​ទេ៖ «អ្វី​ដែល​ប្រទេស​ជា​ច្រើន​គាំទ្រ​គាត់​ខ្ញុំ​អត់​ជឿ​ទេ យើង​ឃើញ​ថា អ្វី​ដែល​គាត់ (លោក សម រង្ស៊ី) យក​ឥទ្ធិពល EBA មក​សម្លុត​កម្ពុជា​ឥឡូវ​ផុត​អស់​ហើយ អត់​មាន​អី​ទៀត​ទេ ហើយ​ការ​យក​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​រឹតតែ​គាត់​បាត់បង់​ប្រជាប្រិយភាព​ត​ទៅ​ទៀត»

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល
រូប៖ ហ្វេសប៊ុក

ការ​លើក​ឡើង​របស់​លោក ផៃ ស៊ីផាន នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ ការ​ខកខាន​របស់​លោក សម រង្ស៊ី​ ​ក្នុង​ការ​វិល​ចូល​ស្រុក​តាម​ការ​សន្យា​កាលពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារ​រដ្ឋាភិបាល​ លោក ហ៊ុន​ សែន​ ប្រើ​គ្រប់​មធ្យោបាយ​ក្នុង​ការ​ទប់​ស្កាត់​ព្រម​ទាំង​មាន​ការ​ព្រមាន​បាញ់​សម្លាប់ លោក សម រង្ស៊ី ​​និង​​ហាម​ប្រទេស​ជិត​ខាង​កម្ពុជា​មិន​ឱ្យ​លោក​ សម​ រង្ស៊ី​ ឆ្លង​កាត់​។​

រីឯ​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់ថា ដើម្បី​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី លើក​នេះ​បាន​ជោគជ័យ​លុះ​ត្រា​លោក សម រង្ស៊ី មាន​ការ​កំណត់​ផែនការ​យុទ្ធសាស្ត្រ​ឱ្យ​បាន​ច្បាស់លាស់ និង​ការ​តាំង​ចិត្ត​ឱ្យ​ក្លាហាន​ខ្លាំង​ជាង​មុន។ អ្នក​វិភាគ​រូប​នេះ​បន្ត​ថា លោក សម រង្ស៊ី គួរ​ប្រើ​សារ​នយោបាយ​អហិង្សា យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ ជា​ជាង​ការ​បង្ហាញ​សារ​ហិង្សា៖ «ផែនការ​យុទ្ធសាស្ត្រ​ខ្លាំង​ដែល​ខ្ញុំ​ចង់​សំដៅ​នោះ គឺ​ការ​រៀប​បណ្ដាញ​ទាំង​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក​ក្បែរ​ខាង​កម្ពុជា​ឱ្យ​ច្បាស់លាស់​គាត់​អាច​ចូល​ស្រុក​ឱ្យ​សកម្មជន​ទាំង​នោះ ក៏​អាច​ចូល​ស្រុក​បាន​ដែរ»

លោក គឹម សុខ អ្នក​វិភាគ​នយោបាយ​
លោក គឹម សុខ អ្នក​វិភាគ​នយោបាយ​
រូប៖ ហ្វេសប៊ុក​លោក គឹម សុខ

កាល​ពី​ថ្មីៗ នេះ លោក​ សម​ រង្ស៊ី អះអាង​ថា ផែនការ​មាតុ​ភូមិ​និវត្ត​លោក​ទី២ គឺ​លោក​មិន​ប្រាប់​ពី​មធ្យោបាយ​​​​​ឱ្យ​ដឹង​មុន​ដូច​លើក​ទី១ ឡើយ ដោយ​លោក​នឹង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​តែម្ដង​។​ លោក​ក៏បាន​ស្នើ​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​ត្រៀម​ខ្លួន​រួម​កម្លាំង​កម្ចាត់​របប​លោក​ ហ៊ុន​ សែន​​ ពេល​លោក​ទៅ​ដល់​កម្ពុជា ដោយ​លោក​ចោទ​ប្រកាន់​ថា លោក​ ហ៊ុន សែន កំពុង​សម្លាប់​ជាតិ​ខ្មែរ​។ ទន្ទឹម​នឹង​ការ​ប្រកាស​ជា​ថ្មី​របស់​លោក សម រង្ស៊ី បែបនេះ រដ្ឋាភិបាល ហ៊ុន សែន ឯណោះ​វិញ​ក៏​កំពុង​បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ និង​សើរើ​សំណុំ​រឿង​ចាស់​ឡើង​វិញ ដោយ​តុលាការ​ផ្ដើម​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​នេះ ពី​បទ​រួម​គំនិត​ក្បត់ ​ដែល​ជា​សំណុំរឿង​ចាស់ ​កាល​ពី​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។