អ្នក​ជំនាញ​ថា សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន អាច​ផ្សាយ​តែ​ពី​រឿង​វិជ្ជមាន​របស់​ប្រទេស​ទាំង​ពីរ

ដោយ មួង ណារ៉េត
2019.05.07
CCJA សមាគម​អ្នក​សារព័ត៌មាន​កម្ពុជាចិន 050619 សមាគម​អ្នក​សារព័ត៌មាន​កម្ពុជាចិន (CCJA) នៅ​រាជធានី​ភ្នំពេញ ដែល​សម្ពោធ​ដោយ​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន កាល​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក CCJA

សមាគម​អ្នកសារព័ត៌មាន​កម្ពុជា-ចិន (CCJA) ត្រូវ​បាន​សម្ពោធ​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​កម្ពុជា​ក្នុង​គោល​បំណង​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន។ អ្នក​ជំនាញ​យល់​ថា ការ​បង្កើត​សមាគម​នេះ​អាច​ផ្សព្វផ្សាយ​តែ​ពី​រឿង​វិជ្ជមាន​របស់​ប្រទេស​ទាំង​ពីរ​ប៉ុន្តែ​ប្រហែល​ជា​មិន​ផ្សព្វផ្សាយ​អំពី​រឿង​អវិជ្ជមាន​នានា ដូច​ជា ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន និង​បញ្ហា​ អសន្តិសុខ​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​នោះ​ទេ។

សហប្រធាន​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-ចិន​លោក​ សយ​ សុភាព​ ប្រាប់​អាស៊ី​សេរី​ថាស​មា​គម​ នេះ​ បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​កាសែត​ជើងចាស់​កម្ពុជា​ និង​ចិន​ ក្នុង​គោលបំណង​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ថែមទៀត​ដើម្បី​លើកកម្ពស់​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ។ លោក​ បញ្ជាក់​ថាស​មា​គម​អ្នកសារព័ត៌មាន​កម្ពុជា​-ចិន​នេះ​ក៏​នឹង​ចូលរួម​បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ដើម្បី​បង្កើន​សមត្ថភាព​ធ្វើ​សេចក្ដី​រាយការណ៍​ឱ្យ​បាន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ​ផង​ដែរ៖ «ពិសេស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​យើង​កំពុងតែ​មាន​ទំនាក់ទំនង​ល្អ​តាំងពី​មេដឹកនាំ​កំពូល​រហូតដល់​ក្រោម​ហើយ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​ផ្សព្វផ្សាយ​ស្អី​ដែល​ជា​ផល​ប្រយោជន៍​ប្រទេស​ទាំង​ពីរ​រាប់​តាំងពី​នយោបាយ​រហូត​ដល់​សង្គម​សេដ្ឋកិច្ច​វប្បធម៌។ល។ រួម​ទាំង​វិនិយោគ​ជា​អី​ជាដើម​។ទី២ ទៀត​ គឺ​យើង​ធ្វើ​ម៉េច​អ្នក​សារព័ត៌មាន​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​ស្គាល់ និង​យល់​ចិត្ត​គ្នា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​ម​ក»

លោក​សយ​ សុភាព​ ដែល​មាន​តួនាទី​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ដើម​អំពិល​និង​ជាពិធី​ព័ត៌មាន​នៅ​ទូរទស្សន៍​បាយ័ន​របស់​កូនស្រី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ផង​នោះ​ លើក​ឡើង​ថា​ សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-ចិន​នេះ​មិន​មាន​ជំនួយ​ឬ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ចិន​ ឬ​ភាគី​ណា​នោះ​ទេ​។

ការបង្កើត​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-ចិន​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​របប​ក្រុងភ្នំពេញ​និង​ រដ្ឋាភិបាល​ចិន​ ដោយ​ពួកគេ​លើកឡើង​ថា​ សមាគម​នេះ​ នឹង​ដើរតួ​នាទី​សំខាន់​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយ​ដែល​វិជ្ជមាន​អំពី​ទំនាក់ទំនង​កម្ពុជា​-ចិន​ទៅកាន់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។

ទីប្រឹក្សា​នយោបាយ​របស់​ស្ថាន​ទួត​ចិន​ប្រចាំ​កម្ពុជា​លោកស្រី​ ចូវ វិនស៊ីង (ZouWenxing​) មាន​ប្រសាសន៍​ក្នុង​ពិធីសម្ពោធ​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​-ចិន​កាលពី​ថ្ងៃ​ទី៦​ ខែ​ឧសភា​ថា សមាគម​នេះ​ នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​អំពី​ប្រទេស​កម្ពុជា​-ចិន​ហើយ​នឹង​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​អវិជ្ជមាន​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក​ ណុប​វី​ មានប្រសាសន៍​ ថា​ វា​ជា​សិទ្ធិ​របស់​សមាគម​នេះ​ក្នុង​ការ​គ្រាន់តែ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស កម្ពុជា-ចិន។ ប៉ុន្តែ​លោក​យល់ថា​ សមាគម​នេះ​គួរតែ​ជួយ​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ដោយ​ឯករាជ្យ​មាន​សេរីភាព​ក្នុង​ការ​សរសេរ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​សរសេរ​ពី​អភិបាល​កិច្ច​ល្អ​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ជួយ​កសាង​សង្គម​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ៖ «វា​លុះ​ត្រា​តែ​មាន​ស្ថាប័ន​មួយ​ដែល​ឯករាជ្យ​ ហើយ​នឹង​ដាច់​ស្រឡះ​ដើម្បី​ធ្វើ​កិច្ចការ​មួយ​បម្រើ​ឱ្យ​ផល​ប្រយោជន៍​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន ហើយ​ការ​ពង្រឹង​ឬក៏​ការ​បម្រើ​ផលប្រយោជន៍​ការពារ​ដល់​អ្នកសារព័ត៌មាន​ក៏​ជួយ​សម្រួល​ដល់​អ្នកសារព័ត៌មាន​ដើម្បី​ឱ្យ​ពួកគេ​ អាច​ធ្វើ​ការងារ​របស់​ពួកគេ​ដោយ​សេរី​ក្នុង​ន័យ​ដើរតួ​នាទី​ជា​អ្នកជួយ​ឃ្លាំមើល​ជា​អ្នក​តាមដាន​ ការងារ​សង្គម»

លោក​ណុប​ វី​ លើក​ឡើង​ដែរ​ថា​ដើម្បី​ផ្ដល់​ព័ត៌មាន​ពិត និង​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ និង​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នោះ​សមាគម​នេះ​ គួរតែ​ចូលរួម​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និង​អាច​ឱ្យ​អ្នក​សារព័ត៌មាន​សរសេរ​ព័ត៌មាន​ទាំង​ព័ត៌មាន​វិជ្ជមាន​និង​ទាំង​អវិជ្ជមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។