ស្ថានទូតខ្មែរនៅវ៉ាស៊ីនតុនបដិសេធមិនទទួលលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក
2016.02.13
មន្ត្រីជាន់ខ្ពស់ស្ថានទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតុន (Washington DC) បដិសេធមិនទទួលលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក ៧រូប ដែលបានផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លិខិតនោះបង្ហាញនូវក្តីបារម្ភពីស្ថានការណ៍រំលោភបំពានទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាល លោក ហ៊ុន សែន។
លិខិតជូនដំណឹងរបស់លេខាធិការស្ថានទូតទី១ ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក អ្នកស្រី ឡាំ បញ្ចពរ ចុះកាលពីថ្ងៃសុក្រ ទី១២ កុម្ភៈ ឲ្យដឹងថា ស្ថានទូតបានជូនដំណឹងទៅសមាជិកព្រឹទ្ធសភាអាមេរិក ទាំង ៧នាក់រួចហើយថា ស្ថានទូតមិនអាចទទួលលិខិតនោះ ដើម្បីផ្ញើបន្តទៅ លោក ហ៊ុន សែន បានទេ។ ស្ថានទូតក៏បានបញ្ជូនលិខិតទៅម្ចាស់ដើមវិញហើយ។
អ្នកស្រី ឡាំ បញ្ចពរ មិនបានបញ្ជាក់មូលហេតុដែលស្ថានទូតខ្មែរ មិនអាចទទួលលិខិតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ សមាជិកព្រឹទ្ធសភា ទាំង ៧រូបរួមមាន លោក គ្រីស្តូហ្វ័រ មឺរហ្វី (Christopher Murphy) លោក រីឆាត ប្លូមេនថាល (Richard Blumentha) អ្នកស្រី អេមី ក្លូប៊ូឆា (Amy Klobuchar) លោក អាល់ ហ្វ្រេងកេន (Al Franken) អ្នកស្រី ម៉ារីយ៉ា ខាន់វែល (Maria Cantwell) លោក ស្ហែលដិន វាយហៅស៍ (Sheldon Whitehouse) និងអ្នកស្រី អេលីហ្សាបែត វ័ររេន (Elizabeth Warren) បញ្ជាក់ច្បាស់ថា ក្នុងនាមជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស សហរដ្ឋអាមេរិក នឹងបន្តតាមដានស្ថានការណ៍នៅប្រទេសកម្ពុជា យ៉ាងដិតដល់។
សមាជិកព្រឹទ្ធសភា ទាំង ៧រូប បានប្រាប់ទៅ លោក ហ៊ុន សែន ថា ពួកលោកគាំទ្រតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលកាលពីខែធ្នូ ឆ្នាំ២០១៥ បានទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាតឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង បានវិលត្រឡប់ចូលស្រុកវិញដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញ និងទាមទារឲ្យដោះលែង លោក មៀច សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិកាំង ពីការឃុំឃាំង ព្រមទាំងសុំឲ្យបញ្ចប់ការដណ្ដើមដីធ្លីទាំងបង្ខំពីប្រជាពលរដ្ឋ និងឲ្យផ្ដន្ទាទោសជនដែលប្រព្រឹត្តអំពើទាំងនោះ។ លោក ហ៊ុន សែន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅដើមសប្ដាហ៍ក្រោយ។
សារព័ត៌មានអាមេរិក ផ្សាយថា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គ្រោងនឹងលើកឡើងពីសារប្រយោជន៍នៃនីតិរដ្ឋ និងតួនាទីរបស់ក្រុមអង្គការសង្គមស៊ីវិល និងមេដឹកនាំអាស៊ាន ប៉ុន្តែប្រហែលជាមិនធ្វើការរិះគន់ឲ្យចំឈ្មោះប្រទេសណាមួយនោះទេ៕