អ្នក​នយោបាយ​អូស្ត្រាលី​ដើម​កំណើត​កំណើត​ខ្មែរ​ថា បើ​គណបក្ស​គេ​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល​នឹង​ទាមទារ​ពិនិត្យ​មើល​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣តុលា​ឡើង​វិញ

0:00 / 0:00

អ្នក​នយោបាយ​អូស្ត្រាលី​ដើម​កំណើត​កំណើត​ខ្មែរ និង​អ្នក​នយោបាយ​អូស្ត្រាលី​ផ្សេង​ទៀត ដែល​មក​ពី​គណបក្ស​ពលករ អះអាង​ថា ​បើ​គណ​បក្ស​ពួក​គាត់​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល នឹង​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣ តុលា​ឡើងវិញ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

អ្នកវិភាគ​ថា អូស្ត្រាលី​ជា​ប្រទេស​ហត្ថលេខី​សំខាន់​មួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ ដូច្នេះ​ប្រទេស​នេះ អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ទាមទារ​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ។

អ្នក​នយោបាយ​អូស្ត្រាលី​ដើម​កំណើត​កំណើត​ខ្មែរ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស មិន​អាច​សាបសូន្យ​ដូច​របប​ក្រុង​ភ្នំពេញ​តែងតែ​លើក​ឡើង​នោះ​ទេ និង​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​កូន​សោ​សំខាន់​មួយ ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​មក​ពី​គណបក្ស​ពលករ លោក តាក់ ម៉េងហ៊ាង ប្រាប់​សារ​ព័ត៌មាន​អនឡាន អេស​ខេ មីឌា(SK Media) ថា ប្រជាធិបតេយ្យ​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ខ្លាំង។ លោក​បន្ត​ថា ហេតុ​ដូច្នេះ​ហើយ ទើប​គណបក្ស​លោក មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​នាំ​យក​​ប្រជាធិបតេយ្យ​ដល់​ប្រទេស​កម្ពុជា និង​ការ​កោះហៅ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣ តុលា ក្រុង​ប៉ារីស​ប្រជុំ​ឡើង​វិញ៖ «គណបក្ស​ពលករ​នៅ​ក្នុង​សមាជ​ជាតិ ឆ្នាំ២០១៨ នេះ គឺ​មាន​ឆន្ទៈ​ខ្ពស់​នៅ​ក្នុង​ការ​នាំ​ប្រជាធិបតេយ្យ​ដល់​ប្រទេស​កម្ពុជា រួម​ទាំង​ការ​កោះ​ហៅ​ប្រទេស​ហត្ថលេខី​នៅ​ក្នុង​កិច្ច​ព្រមព្រៀង ២៣តុលា​ឲ្យ​ជួប​ប្រជុំ​ឡើង​វិញ អំពី​ការ​ធ្លាក់​ចំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»

អ្នក​នយោបាយ​អូស្ត្រាលី​ដើម​កំណើត​កំណើត​ខ្មែរ និង​អ្នក​នយោបាយ​ផ្សេង​នៃ​គណបក្ស​ពលករ លើក​ឡើង​ថា របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​ដែល​ដឹក​នាំ ដោយ​លោក ហ៊ុន សែន ផ្ដាច់​មុខ​នោះ កំពុង​គាប​សង្កត់​សិទ្ធិ​សេរីភាព​ប្រើ​អំពើ​ហិង្សា និង​រំលាយ​បក្ស​ប្រឆាំង ដែល​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ និង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

អ្នក​នយោបាយ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ម្នាក់​ទៀត លោក ជា យូហន អតីត​អភិបាល​ក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វីកតូរីយ៉ា ដែល​សព្វ​ថ្ងៃ​លោក​ជា មេ​ឃុំ​ប្រចាំ​នៅ​តំបន់ ស្ព្រីងវែល ឲ្យ​អាស៊ី​សេរី​ដឹង​ថា ទោះ​ការ​ទាមទារ​ពិនិត្យ​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣ តុលា​​ឡើង​​វិញ ​មិន​មែន​ជា​​គោល​​នយោបាយ​​របស់​​គណបក្ស​​ពលករ​​របស់​​លោក​​ក្តី។ ប៉ុន្តែ​លោក​ថា អ្នកនយោបាយ​នៃ​គណបក្ស​នេះ​ច្រើន​រូប​ទៀត​មាន​គំនិត​ដូច្នេះ​ដែរ។ លោក​បន្ត​ថា បើ​គណបក្ស​ពលករ​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​សកល​ខាងមុខនេះ ដែល​ឈាន​ដល់​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល​ពួក​គេ​នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មើល​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣ តុលា​ឡើង​វិញ៖ «គណបក្ស​ពលករ​គេ​ចង់​ធ្វើ​ម៉េច​កោះ​ហៅ​ប្រទេស​ទាំង ១៩ហ្នឹង មក​និយាយ​គ្នា​ឡើង​វិញ ដើម្បី​រក​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​កម្ពុជា​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ហើយ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សុចរិត​យុត្តិធម៌ »

សព្វថ្ងៃ​គណបក្ស​ពលករ​ជា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ឆាក​នយោបាយ​ប្រទេស​អូស្ត្រាលី។ ថ្ងៃ​ទី១៨ ខែ​ឧសភា ខាង​មុខ​នេះ ប្រទេស​អូស្ត្រាលី​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​សកល។

ប្រធាន​គណបក្ស នេះ​ធ្លាប់​បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​គណបក្ស​កាន់​អំណាច ​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា​កន្លងទៅ គ្រាន់តែ​ជា​ការ​បោះឆ្នោត​បែប​កំប្លុកកំប្លែង ដែល​សហគមន៍​អន្តរជាតិ មិន​ត្រូវ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់ នៃ​ការ​បោះ​ឆ្នោត​នេះ​ឡើយ។

អ្នកវិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព ក្រុង​ប៉ារីស​ទាំង​អាច​លើក​ឡើង​ពី​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ​នៅ​ពេល​សង្កេត​ឃើញ​ថា មិន​មាន​ការ​អនុវត្ត​បាន​ត្រឹមត្រូវ។ លោក​បន្ត​ថា ប្រទេស​អូស្ត្រាលី​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​នេះ​រឹត​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​ទាមទារ​ពិនិត្យ​ឡើងវិញ៖ «អូស្ត្រាលី​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​នៃ​អង្គ​សេចក្ដី​កិច្ច​ព្រមព្រៀង​ដែល​គេ​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ១៩៩១ ដូច្នេះ​អូស្ត្រាលី​មាន​ឥទ្ធិពល​ជាង​ប្រទេស​ហត្ថលេខី​ធម្មតា​លើកលែង​តែ​មហា​អំណាច»

អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោក ហ្គារ៉េត អេវ៉ាន ធ្លាប់​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​បញ្ចប់​សង្គ្រាម​ស៊ីវិល​កម្ពុជា និង​ជា​អ្នក​សម្របសម្រួល​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។

កិច្ច​ព្រមព្រៀង​នេះ មាន ៥ចំណុច​សំខាន់ ក៏ប៉ុន្តែ ទីប្រឹក្សា​ការទូត​របស់​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បារាំង លោក រ៉ាអ៊ូល ម៉ាក់ហ្សេនណា (Raoul-Marc Jennar) ធ្លាប់​លើក​ឡើង​ថា ខ្លឹមសារ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ចំណោម ៥ចំណុច​នេះ គឺ​របប​ក្រុង​ភ្នំពេញ​បាន​បរាជ័យ ៣ចំណុច គឺ​ទី១ ដំណើរការ​សន្តិភាព។ ទី២ គឺ​ការ​ស្ដារ និង​កសាង​កម្ពុជា​ឡើង​វិញ ដែល​បាន​ត្រឹម​តែ​ប្រមាណ ១០ភាគ​រយ​ទេ នៅ​ពេល​ដែល​អាជ្ញាធរ អ៊ុនតាក់ (UNTAC) ដក​ចេញពី​កម្ពុជា និង​ទី៣ គឺ​ការ​ការពារ​បូរណភាព​ទឹកដី។

ដំណោះ​ស្រាយ​នយោបាយ​រួម​នៃ​ជម្លោះ​កម្ពុជា ឬ​ហៅ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ធានា​អំពី “អធិបតេយ្យ ឯករាជ​ភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព ឯកភាព​ជាតិ​កម្ពុជា” និង “ការ​ធានា​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌"៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។