រដ្ឋាភិបាលប្រទេសស៊ីប ឬហៅជាភាសាអង់គ្លេសថា សាយព្រឹស (Cyprus) នឹងបើកការស៊ើបអង្កេតជាផ្លូវការលើរឿងរ៉ាវភាពមិនប្រក្រតីនៃការផ្ដល់លិខិតឆ្លងដែន និងសញ្ជាតិរបស់ប្រទេសនេះ ក្រោយពីមានសេចក្ដីរាយការណ៍នានាថា អាជ្ញាធរខ្លួនបានលក់សញ្ជាតិ និងលិខិតឆ្លងដែនស៊ីប ឱ្យទៅសាច់ញាតិ និងបក្ខពួកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមរូបភាពជាការវិនិយោគ។ ការស៊ើបអង្កេតនេះ អាចនឹងឈានទៅរកការសម្រេចដកហូតលិខិតឆ្លងដែន និងសញ្ជាតិប្រទេសនេះ ពីក្រុមសាច់ញាតិ និងបក្ខពួករបស់លោក ហ៊ុន សែន មកវិញ ប្រសិនបើរដ្ឋាភិបាលនៃប្រទេសស៊ីប រកឃើញថា ការផ្តល់សញ្ជាតិនេះ ធ្វើឡើងមិនស្របតាមច្បាប់របស់ប្រទេសនេះ ហើយអាចមានការប្រព្រឹត្តិអំពើពុករលួយក្នុងទ្រង់ទ្រាយធំណាមួយនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលស៊ីប លោក ប្រូដ្រូមូស ប្រូដ្រូមូ (Prodromos Prodromou) ត្រូវបានភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) របស់អង់គ្លេស ស្រង់ប្រសាសន៍កាលពីថ្ងៃទី២៣ តុលាថា រដ្ឋាភិបាលខ្លួន នឹងបើកការស៊ើបអង្កេតមួយទៅលើករណីភាពមិនប្រក្រតីនៃការផ្តល់សញ្ជាតិ និងលិខិតឆ្លងដែនប្រទេសនេះឱ្យទៅជនជាតិបរទេស ដោយលោកមិនបាននិយាយសំដៅជាក់លាក់ទៅលើករណីរបស់សាច់ញាតិ និងបក្ខពួកលោក ហ៊ុន សែន នោះទេ។ លោកបន្តថា ប្រសិនបើរកឃើញមានភាពមិនប្រក្រតីណាមួយ ជុំវិញករណីនេះ ចំណាត់ការដែលរដ្ឋាភិបាលស៊ីប អាចនឹងធ្វើឡើងនោះ គឺរួមមានការដកហូតសញ្ជាតិរបស់ប្រទេសនេះពីពួកគេតែម្ដង។
ការប្រកាសបើកការស៊ើបអង្កេតនេះ កើតមានឡើងក្រោយពេលតំណាងរាស្ត្រមកពីគណបក្សប្រឆាំងនៃប្រទេសនេះ គឺអ្នកស្រី អាយរីន ខារាឡាំបៃដ្ស៍ (Irene Charalambides) កាលពីសប្ដាហ៍មុន បានទាមទារឱ្យអាជ្ញាធរស៊ីប ចេញមុខបកស្រាយចំពោះបញ្ហានេះ។ កាលពីថ្ងៃទី១៦ តុលា ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) បានចេញផ្សាយនូវអត្ថបទស៊ើបអង្កេតស៊ីជម្រៅមួយ លាតត្រដាងឱ្យដឹងថា សមាជិកក្រុមគ្រួសារ និងបក្ខពួករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទ្រព្យសម្បត្តិមហាសាលតម្កល់នៅប្រទេសស៊ីប ក្នុងតម្លៃរាប់សិបលានដុល្លារអាមេរិក ហើយពួកគេបានទិញសញ្ជាតិប្រទេសស៊ីប។ បើតាមភ្នាក់ងារសារព័ត៌មាន រ៉យទ័រ សាច់ញាតិ និងបក្ខពួករបស់លោក ហ៊ុន សែន ទាំងនោះ រួមមានក្មួយស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន គឹមឡេង និងស្វាមីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភរិយា អ្នកស្រី ជឹង សុភាព (ហៅយាយភូ) និងស្វាមី គឺលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងអំពើច្បាមយកដីនៅតំបន់បឹងកក់។ បុគ្គលទាំងនេះ អាចចំណាយទឹកប្រាក់យ៉ាងហោចណាស់ចាប់ពី ២លានយូរ៉ូឡើងទៅក្នុងម្នាក់ៗ ដើម្បីទទួលបានសញ្ជាតិប្រទេសស៊ីបនេះ។
តំណាងរាស្ត្រស្ត្រីជាអតីតអ្នកកាសែតសញ្ជាតិស៊ីប និងជាតំណាងពិសេសរបស់ប្រទេសស៊ីប ទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយ នៃអង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិសុខអឺរ៉ុប ហៅកាត់ថា OSCE អ្នកស្រី អាយរីន ខារាឡាំបៃដ្ស៍ បានហៅករណីនេះ ជារឿងចំអកឡកឡើយដល់អន្តរជាតិ ដោយអ្នកស្រីចោទជាសំណួរថា តើលិខិតឆ្លងដែនស៊ីបនេះ អាចត្រូវបានផ្តល់ឱ្យបុគ្គលទាំងនេះដោយរបៀបណា ខណៈពួកគេទាំងនេះមិនទាំងអាចចង្អុលនៅលើផែនទី ដឹងថា ប្រទេសស៊ីបស្ថិតនៅត្រង់កន្លែងណាផងនោះ។
អាស៊ីសេរី មិនទាន់អាចទាក់ទងសុំប្រតិកម្មតបពីបុគ្គលពាក់ព័ន្ធនឹងករណីទិញសញ្ជាតិស៊ីបនេះបាននៅឡើយទេ។ ក៏ប៉ុន្តែ កន្លងមន្ត្រីនាំពាក្យរដ្ឋាភិបាល និងមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់លើកឡើងថា ករណីមានសញ្ជាតិបរទេសនេះ ជារឿងធម្មតាព្រោះច្បាប់កម្ពុជាមិនបានហាមឃាត់ការមានសញ្ជាតិពីរនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។