ប្រពន្ធ និងកូនរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណ ២៥នាក់ នៅព្រឹកថ្ងៃទី១៧ កក្កដា នាំគ្នាតវ៉ាលើកទី៥ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យតុលាការដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ពន្ធនាគារឲ្យដោយមានសេរីភាពឡើងវិញ។ ប្រពន្ធសកម្មជនបក្សប្រឆាំងទាំងនោះ អះអាងថា ប្ដីរបស់ពួកគាត់ ត្រូវតុលាការចាប់ដាក់គុកដោយអយុត្តិធម៌។
ការតវ៉ាលើកទី៥ នេះ មានអ្នកគាំទ្រគណបក្សប្រឆាំងជិត ១០នាក់មកពីខេត្តបាត់ដំបង បានចូលរួមតវ៉ាជាមួយសាច់ញាតិអ្នកជាប់ឃុំដែរ។ ការតវ៉ាលើកនេះមិនខុសពីពេលមុនៗ នោះទេ ដោយមានកងសន្តិសុខ និងប៉ូលិសសាលារាជធានីភ្នំពេញជាច្រើននាក់ចាប់ដកបដាពីក្រុមបាតុករ។ ក្រោយពេលចប់ការតវ៉ា ក្រុមបាតុករបាននាំគ្នាទៅដាក់ញត្តិនៅស្ថានទូតអូស្ត្រាលីប្រចាំនៅរាជធានីភ្នំពេញបន្តទៀត ដើម្បីឱ្យជួយអន្តរាគមន៍ដល់ពួកគាត់ ហើយមន្ត្រីស្ថានទូតអនុញ្ញាតឱ្យតំណាងក្រុមអ្នកតវ៉ា ២នាក់ចូលដាក់ញត្តិ ហើយសន្យាថានឹងតាមដានឃ្លាំមើលរឿងនេះ។ ក្រុមបាតុករគ្រោងប្រមូលគ្នាតវ៉ាជាថ្មីទៀតនៅសប្ដាហ៍ក្រោយ ហើយនឹងតវ៉ាជាបន្តបន្ទាប់រហូតមានដំណោះស្រាយ។
ប្រពន្ធរបស់សមាជិកប្រឹក្សាគណបក្សសង្គ្រោះជាតិស្រុកបវេល ខេត្តបាត់ដំបង លោកស្រី ឡេង ឡី ថ្លែងក្រោយពេលបញ្ចប់ការតវ៉ាវាថា លោកស្រី និងកូនរបស់គាត់ រួមទាំងអ្នកគាំទ្រគណបក្សប្រឆាំង ១៥នាក់ ចំណាយថវិកាផ្ទាល់ខ្លួនធ្វើដំណើរពីខេត្តបាត់ដំបង មកចូលរួមតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ។ លោកស្រីជឿជាក់ថា ប្ដីរបស់លោកស្រី គឺ លោក លាស់ ឆេងឡាយ ជាមនុស្សស្លូតត្រង់ ដោយមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះឡើយ៖ «ប្ដីខ្ញុំអត់ចេះជេរទេ គាត់ជាមនុស្សសុភាពរាបសារនៅក្នុងស្រុកអ្នកណាក៏ស្រលាញ់គាត់ដែរ មកចោទប្រកាន់ប្ដីខ្ញុំមែននេះខ្ញុំមិនអាចទទួលយកបានទេ។សាហាវរកអ្វីប្រៀបមិនបានទេ ហើយដល់តែយើងមកទាមទារឱ្យដោះលែងប្ដីមកកន្ត្រាកបដាពីដៃខ្ញុំដូចសាហាវណាស់ គ្មានយុត្តិធម៌សម្រាប់ខ្មែរយើងដែលគ្មានកំហុសទេ គេមិនឱ្យយើងស្រែកមិនឱ្យលើកបដាតវ៉ា ចុះបើមិនអោយខ្ញុំស្រែកឱ្យខ្ញុំលើកបដា ខ្ញុំតវ៉ារឿងអី បើខ្ញុំនៅស្ងៀមឈឹងម៉េចគេដឹងថាខ្ញុំធ្វើអី » ។
ចំណែកប្រពន្ធចៅសង្កាត់ផ្សារដេប៉ូ៣ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ឃឹម ភាណាគឺ លោក ស្រី សុខ បូលីម៉ា វិញ ថ្លែងថា អាជ្ញាធរចាប់ប្ដីរបស់លោកស្រីនិងសកម្មជននយោបាយដទៃទៀត ដោយអយុត្តិធម៌មិនអាចទទួលបានឡើយ។ លោកស្រីទាមទារឱ្យតុលាការដោះលែងសកម្មជនគណបក្សប្រឆាំងចំនួន ១៧នាក់ ដែលបានចាប់ខ្លួនអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ជាបន្តបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៖ « ខ្ញុំសំណូមពរសមាជិកគណបក្សសង្គ្រោះជាតិសូមចូលរួមជាមួយពួកខ្ញុំជនរងគ្រោះ មិនបានចេញមុខក៏ជួយអមពួកខ្ញុំ ។ពួកខ្ញុំជាជនរងគ្រោះពិតប្រាកដ ទឹកដល់ច្រមុះហើយពេលនេះបើយើងអត់មានពេលទៀតទេ សូមអស់លោកភ្ញាក់ខ្លួនឡើង កុំខ្លាចពេក បើខ្លាចគេជាន់ហើយ។ខ្ញុំមិនខ្លាចទេ បើតុលាការមិនដោះលែងខ្ញុំស៊ូស្លាប់អត់បាយនៅមុខតុលាការតែម្ដង តែខ្ញុំហ៊ានស្លាប់ហើយសុំអ្នកទាំងឡាយក្រោកឡើង » ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៧ កក្កដា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ធ្លាប់មានប្រសាសន៍ថា រឿងក្ដីនេះជានីតិវិធីរបស់តុលាការ ដោយពុំមានក្រុម ឬស្ថាប័នណាអាចបង្គាប់បញ្ជា ឬដាក់សម្ពាធទៅលើតុលាការបានឡើយ។ ផ្ទុយពីការលើកឡើងការលើកឡើងរបស់មន្ត្រីក្រសួងយុត្តិធម៌នេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការតវ៉ានេះជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះព្រួយបារម្ភថា ការតវ៉ារឿងក្ដីនេះអាចនឹងផ្ទុះឡើងកាន់តែធំបង្កចលាចលនៅក្នុងសង្គមនៅថ្ងៃខាងមុខ ប្រសិនបើតុលាការមិនបានដោះស្រាយដល់ក្រុមបាតុករ ពីព្រោះការតវ៉ាលើកទី៥ នេះ មានអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនបានចូលរួមតវ៉ាដែរ៖ « ព្រោះរឿងនេះអ្នកណាៗ ក៏គេដឹងថា ជារឿងនយោបាយដែរ។ អីចឹងគួរតែរកដំណោះស្រាយណាមួយដើម្បីបញ្ចប់ នូវវិបត្តិទាំងអស់ហ្នឹងដើម្បីសម្រួលស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេស ងាកទៅរកការគោរពសិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្សហ្នឹងឱ្យបានពិតប្រាកដត្រឹមត្រូវខ្ញុំគិតថា រឿងទាំងហ្នឹងជាផលចំណេញដ៏ធំធេងដល់ជាតិ និងរួចផុតពីការដាក់សម្ពាធផ្សេងផងដែរ » ។
ចាប់តាំងពីដើមឆ្នាំ២០២០ មកមានសកម្មជនបក្សប្រឆាំង ចំនួន ១៧នាក់ ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន ដាក់ពន្ធនាគារព្រៃស។ ពួកគេភាគច្រើន ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់ កុំឲ្យយោធិនស្ដាប់បង្គាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងខ្លះទៀត ត្រូវបានចោទប្រកាន់ ពីបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។