គណបក្សថ្មីប្រតិកម្មនឹងលោក ហ៊ុន សែន ដែលថាអាចមានសង្គ្រាមបើលោកចាញ់ឆ្នោត
2015.09.15
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១៥ កញ្ញា បង្ហាញនូវការសោកស្ដាយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយម្តងហើយម្តងទៀតថា ប្រទេសកម្ពុជា នឹងកើតសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតនៅពេលខាងមុខ។
គណបក្សថ្មីមួយនេះ ចាត់ទុកការថ្លែងបែបនេះ គឺជាសារគំរាមកំហែង បំភិតបំភ័យដល់ប្រជាពលរដ្ឋ និងមិនផ្តល់សារប្រយោជន៍អ្វីសម្រាប់សង្គមជាតិនោះទេ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឲ្យអ្នកនយោបាយខ្មែរទាំងអស់ បញ្ឈប់ការប្រើសារបែបគំរាមកំហែង ដែលជាគំរូមិនល្អសម្រាប់កូនខ្មែរ។
ប្រតិកម្មនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់គណបក្សនៅថ្ងៃទី១៥ កញ្ញា សម្ដែងការមិនពេញចិត្តចំពោះការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី កាលពីដើមសប្ដាហ៍មុន ដែលឆ្លើយតបទៅនឹងគណបក្សប្រឆាំងពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-វៀតណាម។ លោក ហ៊ុន សែន ថ្លែងថា លោកហ៊ាននិយាយពេញមាត់ គឺមានតែគណបក្សប្រជាជនមួយគត់ ដែលធានាថាគ្មានសង្គ្រាម គ្មានជម្លោះទល់ដែន លើកលែងតែប្រទេសជិតខាងលើកទ័ពចូលមកប្រទេសកម្ពុជា៖ «យើងធ្លាប់បានឃើញប្រជាជនភៀសសឹកនៅតំបន់ព្រះវិហារ ឧត្តរមានជ័យ ទេ...? នេះហើយជាលទ្ធផលនៃសង្គ្រាម ហើយជាលទ្ធផលនៅពេលគណបក្សប្រឆាំងកាន់អំណាច វានឹងមកដល់នៅពេលគណបក្សប្រជាជនលែងកាន់អំណាចតទៅទៀត»។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហៅការផ្ញើសារបែបនេះ គឺឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំប្រទេសនោះទេ។
ចំណែកអ្នកវិភាគនយោបាយវិញបញ្ជាក់ថា ការថ្លែងសារនយោបាយរបស់ លោក ហ៊ុន សែន ម្ដងហើយម្ដងទៀតនោះ គឺលោកបង្ហាញពីអសន្តិសុខនៅពេលលោកធ្លាក់ពីអំណាច ពោលគឺលោកចង់គំរាមកំហែងដល់ប្រជាពលរដ្ឋអំពីបញ្ហាសង្គ្រាមនេះ ព្រោះថា សព្វថ្ងៃនេះមានតែគណបក្សប្រជាជនកម្ពុជា ទេដែលគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធនោះ។ ក៏ប៉ុន្តែអ្នកវិភាគលើកឡើងថា សារព្រមានអំពីសង្គ្រាមបែបនេះ ជារឿងមិនត្រឹមត្រូវមួយ និងជាការបង្ហាញពីការមិនចុះសម្រុងគ្នារវាងមេដឹកនាំ ដែលចង់វិលជាន់ដានប្រវត្តិសាស្ត្រមិនល្អ យកខ្មែរគ្នាឯងជាសត្រូវ។
ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងការពារ លោក ហ៊ុន សែន ថា ការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នោះ គឺគ្រាន់តែជាការដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីតែមួយជ្រុងខ្លី ដែលមិនក្តោបន័យទាំងស្រុង ដែលលោកបានពន្យល់មួយដំណាក់កាលម្តងៗនោះឡើយ៖ «លើកយកមកហ្នឹង គឺជាសិទ្ធិបញ្ចេញយោបល់របស់លោក មកប្រាប់ប្រជាពលរដ្ឋ ប្រាប់សាធារណជន ដែលការពិតពាក់កណ្ដាលទៀតលោកអត់លើកយកបង្ហាញទាំងស្រុងទេ ដូច្នេះលើកឡើងដើម្បីធ្វើឲ្យគេចាប់អារម្មណ៍ថា ខ្លួនគាត់ជាអ្នកតតាំងជាមួយនាយករដ្ឋមន្ត្រីតែប៉ុណ្ណឹង»។
ទាក់ទងនឹងសាររបស់ លោក ហ៊ុន សែន នេះដែរ បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីបែបនេះ ក៏អាចចាត់ទុកថាជាការគំរាមកំហែងមួយផ្នែកបានដែរ។ លោកបន្តថា មកដល់សម័យនេះហើយ កម្ពុជា មិនអាចដើរថយក្រោយទៅរកសង្គ្រាម ដោយសារតែគ្មានបុគ្គលណាម្នាក់ ឬគណបក្សណាមួយបោះឆ្នោតចាញ់គណបក្សណាមួយនោះទេ៖ «យើងពិនិត្យមើលយន្តការ បើសិនណាយើងធ្វើការបោះឆ្នោត យើងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មានស្ថានទូត មានយន្តការអាស៊ាន អង្គការសហប្រជាជាតិ និងអឺរ៉ុប ជាដើម ជាអ្នកជួយឧបត្ថម្ភក្នុងការបោះឆ្នោតនោះ។ ដូច្នេះ បើមេដឹកនាំមានចិត្តជាកីឡាករ គឺត្រូវទទួលស្គាល់ការពិត»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ កើតឡើងច្រើនដងមកហើយ ជាពិសេសនៅពេលជិតដល់រដូវកាលបោះឆ្នោតម្តងៗ ឬនៅពេលដែលគណបក្សប្រឆាំងចាប់ផ្ដើមរុកកួនដល់ការដឹកនាំរដ្ឋាភិបាលរបស់លោកម្តងៗ ហើយចុងក្រោយនេះ លោកកំពុងក្តៅស្លឹកត្រចៀករឿងបក្សប្រឆាំងដាក់សម្ពាធខ្លាំងរឿងផែនទី និងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។
គណបក្សមួយចំនួនដែលចូលរួមបោះឆ្នោតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេសគណបក្សប្រឆាំង តែងតែចាត់ទុកករណីនេះជាស្នៀតចាស់របស់គណបក្សប្រជាជន ដើម្បីបន្លាចអ្នកបោះឆ្នោតឲ្យងាកទៅមើលរឿងពីអតីតកាល ដែលខ្មែរគ្រប់ជំនាន់តែងតែបង្ហូរឈាមគ្នានោះ៕