របប​ក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អ្នក​រាយការណ៍​ពិសេស អ.ស.ប ជួប​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ទេ

0:00 / 0:00

ឧត្តម​ស្នង​ការអង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ឲ្យដឹង​ថា ​របប​ក្រុង​ភ្នំពេញ​ ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​អ្នកស្រី​ ​រ៉ូណា ​ស្ម៊ីត (Rhona Smith) ​ចូល​ជួប​ជាមួយ​ប្រធាន​គណបក្ស​ប្រឆាំង​ ​លោក​ ​កឹម ​សុខា ​ឡើយ​ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​មក​កម្ពុជា​នា​ពេល​នេះ។ សង្គម​ស៊ីវិល​ ​និង​អ្នកវិភាគ​ ​យល់ឃើញ​ថា​ របប​ក្រុង​ភ្នំពេញ​ ​គួរ​បង្ហាញ​តម្លាភាព​ដោយ​អនុញ្ញាត​ឲ្យ​អ្នកស្រី​ ​រ៉ូណា ​ស្ម៊ីត ​អាច​ចូល​​ជួប​ពិភាក្សា​ការងារ​ជាមួយ​គ្រប់​ភាគី ​ដោយ​ពុំ​មាន​ការ​រារាំង​ណា​មួយ​ឡើយ​ ​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​ ​និង​ព័ត៌មាន​របស់​ឧត្តម​ស្នង​ការអង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក ​នៅ​ថ្ងៃ​ទី២៩ តុលា​ថា សំណើ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួឡ​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ក្នុង​ការចូល​ជួប​​ប្រធាន​គណបក្ស​ប្រឆាំង​ ​លោក​ ​កឹម ​សុខា ​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​បដិសេធ។ អ្នកស្រី​ក៏​បាន​ស្នើសុំ​ជួប​មន្ត្រី​របប​ក្រុង​ភ្នំពេញ​ តាម​បណ្តា​ក្រសួង​ពាក់ព័ន្ធ​នានា ​ហើយ​បច្ចុប្បន្ន​កំពុង​រង់ចាំ​ការ​សម្រេច​ចុង​ក្រោយ។ ជាមួយ​គ្នា​នេះ​ដែរ​ ​អ្នកស្រី​ ​ក៏​គ្រោង​ជួប​​អង្គ​ទូត និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អ្នកស្រី ជា​ពិសេស​ដោយ​ផ្តោត​លើ​វិស័យ​សិទ្ធិ​មនុស្ស​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

អាស៊ី​សេរី ​នៅ​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ ​លោក​ ​ផៃ​ ស៊ី​ផាន ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ​លោក​ ​ជិន ​ម៉ាលី​ន ​ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នេះ​ ​បាន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​ ​ដោយ​លោក​ទាំង​ពីរ​ ​មិន​លើក​ទូរស័ព្ទ។
ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ ​លោក​ ​អំ​សំអាត​ ​យល់​ថា​ ​ការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ ​រ៉ូណា ​ស៊្មី​ត ​ចូល​ជួប​ប្រធាន​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​ការ​បង្ហាញ​ថា របប​នេះ​ពុំ​ទាន់​មាន​តម្លាភាព​ ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ឡើយ​ទេ។ លោក​ថា ការ​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ទូលំទូលាយ ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​ជា​ឱកាស​ល្អ​មួយ​ក្នុង​ការ​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​តែ​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ស្រាប់៖ «ខ្ញុំ​យល់​ថា ​បើ​យើង​គិត​ពី​រឿង​តម្លាភាព​ ​វា​អត់​ទាន់​មាន​តម្លាភាព​ទេ ​ពីព្រោះ​មុនពេល​បោះឆ្នោត​ របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ឧត្តម​​ស្នង​ការអង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ​បាន​រិះគន់​ ​និង​លើកឡើង​អំពី​ក្តីកង្វល់​ទាក់ទង​នឹង​បញ្ហា​នៃ​ការបោះឆ្នោត​ ​បញ្ហា​នៃ​ការចាប់ខ្លួន​​មេដឹកនាំ​គណបក្ស​នយោបាយ​ ​និង​បញ្ហា​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ជា​ដើម។ ​អញ្ចឹង​ខ្ញុំ​គ្រាន់តែ​យល់​ថា​ ​វា​ជា​ឱកាស​ល្អ​ដែរ ​ដែល​នៅក្នុង​បញ្ហា​ចម្រូងចម្រាស​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ ​ជាពិសេស​ទាក់ទង​នឹង​សហគមន៍​អឺរ៉ុប​គ្រោង​នឹង​ផ្តាច់ EBA ​ បើសិនជា​យើង​បង្ហាញ​នូវ​សុទិដ្ឋិនិយម ​ឬ​ក៏​បង្ហាញ​នូវ​តម្លាភាព​ក្នុង​ការជួប​រវាង​​អ្នកស្រី​ ​រ៉ូណា ​ស្មីត ​ជាមួយនឹង​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​បាន​អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ​តែ​បាន​ឃុំ​ខ្លួន​នៅ​ផ្ទះ​ហ្នឹង​ក៏​ជា​តម្លាភាព​មួយ​ដែរ»

ចំណែក​ ​អ្នកវិភាគ​នយោបាយ បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ ​យល់ឃើញ​ថា​ ​ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ចូល​ជួប​​លោក​ ​កឹម ​សុខា ​នេះ​ ​គឺ​បង្ហាញ​ពី​ចេតនា​លាក់​បាំង​ ដែល​ហាក់​ជា​អាថ៌កំបាំង​ដ៏​ធំ​មួយ​របស់​របប​ក្រុង​ភ្នំពេញ។ លោក​ថា របប​ក្រុង​ភ្នំពេញ​គួរ​គោរព​តាម​អ្វី​ ដែល​ខ្លួន​បាន​សន្យា​ជាមួយ​ភាគី​អង្គការ​សហ​ប្រជាជាតិ​ ​ដែល​ថា ​នឹង​ផ្តល់​កិច្ចសហការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ជុំវិញ​បញ្ហា​នៃ​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ៖ «នេះ​ជា​អាថ៌កំបាំង​ធំ​ណាស់​​សម្រាប់​រដ្ឋាភិបាល។ ចាប់​តាំង​ពី​ការ​ចាប់​ឯកឧត្តម​ ​កឹម ​សុខា ​រហូតដល់​ការ​ឃុំ​ឃាំង​ដាក់​គុក​ត្រពាំង​ផ្លុង ១០០ គីឡូម៉ែត្រ​ជាង​ពី​ទីក្រុង​ភ្នំពេញ​កន្លែង​កើត​ហេតុ​ ​ហើយ​ផ្ទេរ​មក​ដាក់​ផ្ទះ​គាត់​ ​ដែល​មាន​ការ​ការពារ​ដូច​បន្ទាយ​នគរបាល​អញ្ចឹង។ មន្ត្រី​​បរទេស​នេះ​ ​ជា​មន្ត្រី​ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់​ ​រួច​តាម​ប្រសាសន៍​របស់​សម្តេច​តេជោ​នៅ​ក្រៅ​ប្រទេស​ថា ​លោក​នឹង​សហការណ៍​ជាមួយ​ប្រទេស​ដែល​ឧត្តម​ស្នងការអង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ហ្នឹង។ ដូច្នេះ​ គួរ​គោរព​អនុវត្ត​ ​នូវ​​អ្វី​ដែល​បាន​មូល​មាត់​ជាមួយ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ។ មាន​ន័យ​ថា ​គឺ​មាន​ការពិគ្រោះ​គ្នា​ ​ហើយ​បើ​គេ​ចង់​ទៅ​ជួប​អ្នកទោស​ណា​ក៏​អញ្ជើញ​ទៅ​ ​គឺ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​គេ​ដែរ»

លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ ​ដាក់​ជា​ចម្ងល់​ថា​ ​បើ​របប​ក្រុង​ភ្នំពេញ​ពិតជា​មាន​ការគោរព​សិទ្ធិ​មនុស្ស​មែន​នោះ​ ​នោះ​មិន​មាន​រឿង​អ្វី​ ​ដែល​របប​នេះ​ ត្រូវ​ហាមឃាត់​ ​ឬ​មាន​ការភ័យខ្លាច​ ​មិន​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ចូល​ជួប​ជាមួយ​លោក​ ​កឹម ​សុខា ​និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃទៀត​ ​ដើម្បី​ពិភាក្សា​ ​និង​ពិគ្រោះ​យោបល់​នោះ​ឡើយ។

លោក​ ​អំ ​សំអាត​ ​ចង់​ឃើញ​របប​ក្រុង​ភ្នំពេញ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​បច្ចុប្បន្ន​តាម​រយៈ​ការ​អនុញ្ញាត​បើក​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ ​ជួប​ពិភាក្សា​ ​និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​បង្ហាញ​​តម្លាភាព​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់​នានា ​ជា​បន្ត​ទៀត ​មក​លើ​របប​ក្រុង​ភ្នំពេញ​នេះ៖ « ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​យើង​ ​ជាពិសេស​ ​យើង​មិន​ចង់​ឲ្យ​មាន​សហគមន៍​អឺរ៉ុប ​ផ្តាច់​នូវ​ EBA ​ ហើយ​មាន​ការ​រិះគន់​ ​ជា​ច្រើន​មក​លើ​ប្រទេស​កម្ពុជា​យើង​ ​អញ្ចឹង​ខ្ញុំ​គិត​ថា ​អ្នក​នយោបាយ​ឬ​ក៏​រដ្ឋាភិបាល​គួរ​តែ​រក​មធ្យោបាយ​យ៉ាង​ណា​ ដើម្បី​កាត់​បន្ថយ​នូវ​ភាព​តានតឹង​នេះ​ ​ហើយ​ជាពិសេស​ទាក់ទង​ជាមួយ​នឹង​តម្លាភាព​ក្នុង​ការ​ដែល​អ្នក​រាយការណ៍​ពិសេស​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ដែល​ចុះ​មក​កម្ពុជា​ ​ជួប​ជាមួយ​នឹង​រដ្ឋាភិបាល​ មន្ត្រី​រដ្ឋាភិបាល​ វា​គួរតែ​មាន​ការ​ជួប​ជាមួយ​នឹង​ភាគី​ផ្សេង​ៗ​ ទៀត​ ជាពិសេស​ គឺ​អតីត​គណបក្ស​ប្រឆាំង​ដែល​គេ​មាន​ការ​រិះគន់​ជា​ហូរហែរ​មក»

អ្នកស្រី​ ​រ៉ូណា ​ស្មីត ​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ​ចាប់ពី​ថ្ងៃ​ទី២៩ តុលា ​ដល់​ថ្ងៃ​ទី ៨ ​ខែវិច្ឆិកា។ អ្នកស្រី​គ្រោង​ជួប​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក​ ហ៊ុន ​សែន ​តំណាង​មន្ត្រី​សង្គម​ស៊ីវិល​ ​និង​អ្នកការទូត​នៅ​កម្ពុជា។ មុន​ពេល​អ្នកស្រី​ចាក​ចេញ​ពី​កម្ពុជា អ្នកស្រី​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​​អ្នកស្រី​នឹង​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ទៅ​អង្គការ​សហ​ប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។