តំណាងរាស្ត្រអាមេរិកលោក ថិត យ៉ូហូ (Ted Yoho) បង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ច្បាប់ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីរបបនេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាឆាប់ៗ។ មន្ត្រីច្បាប់កំពុងបំពេញនីតិវិធីបញ្ជូនច្បាប់នេះបន្តទៅព្រឹទ្ធសភា។
នេះជាបទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោក ថិត យ៉ូហូ ជុំវិញរឿងនេះ ដូចតទៅ៖
សំណួរ៖ តើលោកមានសុទិដ្ឋិនិយមប៉ុណ្ណា ថា ច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា?
ចម្លើយ៖ ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងមែនទែន ថា ច្បាប់នេះទៅដល់ដៃព្រឹទ្ធសភាក្នុងពេលឆាប់ៗខាងមុខនេះ។ យើងកំពុងដុតដៃដុតជើង រៀបចំដំណើរការបញ្ជូនច្បាប់នេះហើយ។ តាមពិត ព្រឹទ្ធសភាត្រូវអនុម័តច្បាប់នេះ រួចតាំងពីឆ្នាំមុនមកម្ល៉េះ បើកុំតែសភាអាណត្តិនោះ ផុតត្រឹមចុងឆ្នាំ ២០១៨នោះ។
សំណួរ៖ ភ្លាមៗក្រោយច្បាប់នេះចេញ របបលោក ហ៊ុន សែន តាមរយៈក្រសួងការបរទេស សម្ដែងការខកចិត្តចំពោះខ្លឹមសារច្បាប់នេះ ដោយថាលម្អៀង មានស្តង់ដារពីរ និងធ្វើឡើងដោយសារតែហេតុផលនយោបាយ។ តើលោកយល់យ៉ាងណាដែរ ចំពោះប្រតិកម្មនេះ?
ចម្លើយ៖ ច្បាប់នេះធ្វើឡើងយ៉ាងសមស្របបំផុត និងជាអ្វីដែលត្រូវតែធ្វើជាចាំបាច់។ លោក ហ៊ុន សែន ក្បត់ពាក្យសន្យាក្នុងកិច្ចព្រមព្រៀង ដែលកម្ពុជាត្រូវតែរៀបចំការបោះឆ្នោត ឱ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាទីផ្សារដ៏សម្បើមរបស់ទំនិញពីកម្ពុជា។ យើងចង់បន្តជួយកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន ត្រូវតែគោរពតាមកិច្ចព្រមព្រៀង ដោយគោរពសិទ្ធិមនុស្ស និងរៀបចំការបោះឆ្នោត ដែលអាចឱ្យពលរដ្ឋខ្មែរទូទៅ ជ្រើសរើសតំណាងរបស់ខ្លួន ដោយសេរី។ ប៉ុន្តែ ជាអកុសល ពេលគណបក្សសង្គ្រោះជាតិ កើនប្រជាប្រិយភាពជាលំដាប់ក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ស្រាប់តែលោក ហ៊ុន សែន រករឿងគណបក្សនេះ រហូតដល់រម្លាយចោលទាំងស្រុង រួចហើយចាប់មេដឹកនាំបក្សនេះដាក់ពន្ធនាគារ និងធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងឥតស្រាកស្រាន្ត។ តើទង្វើទាំងអស់នេះ ឱ្យយើងអត់ទ្រាំយ៉ាងដូចម្ដេចបាន? សហភាពអឺរ៉ុប ក៏យល់ឃើញដូចយើងដែរ។ បើកុំតែលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ យើងក៏មិនជ្រៀតជ្រែកក្នុងរឿងនេះដែរ។
សំណួរ៖ តើលោកយល់ថា ច្បាប់នេះអាចនឹងមានប្រសិទ្ធភាពប៉ុណ្ណា ក្នុងការដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្ត្រីរបបនេះ ព្រោះលោក ហ៊ុន សែន ធ្លាប់ផ្គើនថា លោកគ្មានទ្រព្យសម្បត្តិនៅប្រទេសក្រៅឯណា ឱ្យអាមេរិករឹបអូសនោះទេ? ម្យ៉ាងទៀត មន្ត្រីខ្លះក៏ឌឺទៀតថា ពួកគាត់គ្មានចាំបាច់ ត្រូវទៅអាមេរិកនោះដែរ ទោះបិទវីសាក៏ឥតប្រយោជន៍។
ចម្លើយ៖ បើការពិតដូចពួកគាត់អួតអាងមែននោះ ច្បាប់នេះច្បាស់ជាគ្មានប្រសិទ្ធភាពលើពួកគាត់មែន។ ដូច្នេះគ្មានរឿងអ្វីដែលពួកគាត់ទាំងនោះ ត្រូវព្រួយបារម្ភនោះទេ។ ប៉ុន្តែ ក្រែងមិនពិតដូចមាត់គាត់ថា នោះពួកគាត់ច្បាស់ជាត្រូវខ្វាយខ្វល់ហើយ។ ចាំតែមើលទៅ!
សំណួរ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសនៅក្រៅប្រទេសជាច្រើន រួមទាំងប្រធានស្ដីទីគណបក្សនេះ គឺលោក សម រង្ស៊ី ផង ប្ដេជ្ញាថា នឹងវិលត្រឡប់ទៅកម្ពុជាវិញឆាប់ៗនេះ ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ ប៉ុន្តែ លោក ហ៊ុន សែន ក៏ប្ដេជ្ញាបង្ក្រាបអ្នកត្រឡប់ទៅវិញជាមួយលោក សម រង្ស៊ី នេះដែរ។ តើគាំទ្រឱ្យលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង វិលត្រឡប់ទៅកម្ពុជាវិញដែរឬទេ?
ចម្លើយ៖ បាទខ្ញុំពិតជាគាំទ្រ។ បើលោក ហ៊ុន សែន ជឿជាក់ខ្លួនឯងថា គាត់ជាប់ឆ្នោតដោយរាស្ត្របោះឆ្នោតឱ្យដោយសុចរិត ដើម្បីឱ្យលោកដឹកនាំប្រទេសកម្ពុជាមែន លោកមិនត្រូវភ័យខ្លាចវត្តមានបក្សប្រឆាំងនោះឡើយ។ បើគាត់ជាមេដឹកនាំល្អ ប្រជាពលរដ្ឋខ្មែរស្រលាញ់ និងគោរពគាត់ មានរឿងអ្វីដែលគាត់ត្រូវភ័យ។ ប៉ុន្តែ លោក ហ៊ុន សែន នៅតែភ័យខ្លាចការវិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី មានន័យថា លោក ហ៊ុន សែន ប្រព្រឹត្តខុស ហើយខ្លាចវត្តមានលោក សម រង្ស៊ី។
សំណួរ៖ តើលោកមានអ្វីបន្ថែមទៀតទេ ចង់ផ្តាំផ្ញើទៅប្រជាពលរដ្ឋខ្មែរ?
ចម្លើយ៖ បាទ! ខ្ញុំសូមបញ្ជាក់ថា យើងនៅតែគាំទ្រប្រជាពលរដ្ឋខ្មែរ ដើម្បីទាមទារសេរីភាព និង ប្រជាធិបតេយ្យ។ យើងដឹងថាពលរដ្ឋខ្មែរស្រលាញ់ប្រជាធិបតេយ្យ ស្អប់របបកុម្មុយនិស្ត ទើបទាមទារឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ ដូចជាលោក កឹម សុខា និង លោក សម រង្ស៊ី។ ប៉ុន្តែ គួរឱ្យសោកស្ដាយ ដែលមេដឹកនាំ ដូចជាលោក ហ៊ុន សែន ជាមនុស្សខ្លាចពលរដ្ឋខ្លួនឯងមានសេរីភាព មានប្រជាធិបតេយ្យ ដែលអាចធ្វើឱ្យជនផ្ដាច់ការធ្លាក់ពីតំណែង បើមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សំណួរ៖ តើលោកមានអ្វី ចង់ប្រាប់ទៅលោក ហ៊ុន សែន ដែរទេ ព្រោះសម្ពាធឱ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនេះ កាន់តែទុំជោរណាស់ទៅហើយ?
ចម្លើយ៖ ខ្ញុំសង្ឃឹមថា ច្បាប់នេះនឹងធ្វើឱ្យមេដឹកនាំដូចជាលោក ហ៊ុន សែន រៀនគិតឱ្យវែងឆ្ងាយទៅអនាគត ថាតើគាត់ចង់ឱ្យគេចងចាំគាត់ថា ជាមេដឹកនាំអាក្រក់ និងជាជនផ្ដាច់ការ ឬជាមេដឹកនាំល្អ ដែលគួរឱ្យគោរព ដូចអតីតប្រធានធិបតីអាមេរិកលោក ជច វ៉ាស៊ីនតុន (George Washington) ឬលោក អេប្រាហ៊ិម លិនខុន (Abraham Lincoln)។ ទុកឱ្យលោក ហ៊ុន សែន ជាអ្នកជ្រើសរើសដោយខ្លួនឯងចុះថា ត្រូវយកមួយណា។
សំណួរ៖ សូមអរគុណលោក ថិត យ៉ូហូ។
ចម្លើយ៖ បាទ! អរគុណលោក ណារ៉េត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។