លោក ហ៊ុន សែន ស្នើសុំ​ប្រទេស​មហា​អំណាច​ផ្ដល់​ផែនទី​ខ្នាត ១/១០០.០០០

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​មហា​អំណាច ជួយ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ផែនទី​ខ្នាត ១/១០០.០០០ ដែល​ប្រទេស​ទាំង​នោះ​បាន​រក្សា​ទុក​តាំង​ពី​ឆ្នាំ​១៩៦៤ មក។

នៅ​ក្នុង​លិខិត​ចំនួន​បី​ដាច់​ដោយឡែក​ពី​គ្នា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ផ្ញើ​ទៅ លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ហ្រ្វង់ស្វ័រ ហូឡង់ដ៏ (Francois Hollande) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង និង​លោក ដេវីដ ខាម៉ឺរូន (David Cameron) នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស។ តាម​រយៈ​លិខិត​ទាំង​នោះ លោក​នាយក​រដ្ឋមន្ត្រី បាន​ស្នើសុំ​បណ្ដា​មេ​ដឹក​នាំ​នៃ​ប្រទេស​មហា​អំណាច​ទាំង​នោះ ឲ្យ​កម្ពុជា ខ្ចី​ផែនទី​ខ្នាត ១/១០០.០០០ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ និង​អនុវត្ត​ការងារ​ក្នុង​ការ​កំណត់ និង​បោះ​បង្គោល​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជិត​ខាង។

ស្រប​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ផែនទី​ខ្នាត ១/១០០.០០០ នោះ មាន​សារសំខាន់​ក្នុង​ការ​កសាង​សន្តិភាព មិត្តភាព​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា និង​បញ្ចប់​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិ​និយម​ជ្រុល នាំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ដែល​អាច​ប្រែ​ក្លាយ​ជា​គ្រោះ​មហន្តរាយ​ដល់​ជាតិ​កម្ពុជា។

ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា តាម​គម្រោង ផែនទី​ដែល​ទទួល​បាន​ពី​ប្រទេស​មហា​អំណាច​ទាំង​នេះ នឹង​ត្រូវ​យក​មក​ប្រើប្រាស់​ដើម្បី​ផ្ទៀងផ្ទាត់​បង្ហាញ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មិន​បាន​ប្រើ​ផែនទី​ពិត​ប្រាកដ៖ «យក​មក​នឹង​ផ្ទៀងផ្ទាត់ និង​ស្នើសុំ​ជំនួយ​អ្នក​ជំនាញ​ពី​បរទេស​ទាំង​នោះ​ផង ដើម្បី​នឹង​ផ្ទៀងផ្ទាត់​ឲ្យ​ត្រឹមត្រូវ បើ​តែ​ខាង​ជំនាញ​ខ្មែរ​យើង​គេ​មិន​ជឿ​ទៀត។ ខាង​គណបក្ស​សង្គ្រោះ ចេះ​តែ​រិះគន់​អ៊ីចឹង គាត់​ថា​ក្លែងក្លាយ យើង​បង្ហាញ​ផែនទី​ដែល​ប្រើ​ត្រឹមត្រូវ​ផ្លូវ​ការ គាត់​ថា​បោះពុម្ព​ពី​នេះ​ពី​នោះ។ ចឹង​បាន​យើង​ទាមទារ​ឲ្យ​ច្បាស់ ហើយ​សុំ​ជំនួយ​បច្ចេកទេស​មក​ផង នេះ​ឲ្យ​ច្បាស់​ពី​ជំហរ​របស់​រដ្ឋាភិបាល»

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Rann Samnang)

ក្នុង​លិខិត​ដដែល បាន​លើក​ឡើង​ពី​មូលហេតុ​ដែល​ប្រមុខ​រដ្ឋាភិបាល សម្រេច​ស្នើសុំ​ខ្ចី ឬ​ចម្លង​ផែនទី​ពី​ប្រទេស​មហា​អំណាច​ទាំង​នេះ។ ក្នុង​លិខិត​ផ្ញើ​ទៅ លោក បារ៉ាក់ អូបាម៉ា លោក ហ៊ុន សែន បញ្ជាក់​ថា កាល​ពី​ឆ្នាំ​១៩៦៤ រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បញ្ជូន​ផែនទី​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង ដោយ​រួម​ទាំង​ប្រទេស​វៀតណាម ផង ផែនទី​នោះ​មាន​ខ្នាត ១/១០០.០០០។

កាល​ពី​ឆ្នាំ​២០០៣ និង​២០០៤ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ថត​ចម្លង​ផែនទី​ទាំង​នោះ​ពី​បណ្ណាល័យ​សភា​សហរដ្ឋ​អាមេរិក ដែរ។ ចំពោះ​ប្រទេស​បារាំង វិញ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា បារាំង គឺ​ជា​ប្រទេស​ផលិត​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ស្ដីពី​ព្រំដែន​គោក​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម។ ចំណែក​ហេតុផល​ដែល​ដាក់​សំណើ​ទៅ​នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស ក្រោម​ហេតុផល​ថា ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេច​ព្រះ​សីហនុ ធ្លាប់​បាន​ឆ្លើយ​ឆ្លង​នឹង​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស ដែល​បាន​ទទួល​ស្គាល់​អព្យាក្រឹត​ភាព​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​១៩៦៤ នោះ​ដែរ។

នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស បន្ទាប់​ពី​បាន​ដាក់​សំណើ​ទៅ​សុំ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។