លោក ហ៊ុន សែន ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ធ្វើ​បាតុកម្ម

ដោយ យ៉ង ចាន់តារា
2016.06.13
សង្គ្រោះ​ជាតិ​ហែ​ញត្តិ ២០១៦ ៨៥៥ អាជ្ញាធរ​ដាក់​កម្លាំង​រារាំង​មិន​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ធ្វើ​បាតុកម្ម ដោយ​ប្រកាស​ថា បើ​សិន​ជា​មាន​បាតុកម្ម​ណា​មួយ​កើត​ឡើង​មែន លោក​នឹង​មិន​អត់ឱន​ឲ្យ​ជា​ដាច់​ខាត។ ការ​ប្រកាស​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​សាល​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា។

លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា បើ​សិន​ជា​មាន​បាតុកម្ម​កើត​ឡើង​មែន លោក​នឹង​ចាត់​វិធានការ​ចំពោះ​សកម្មភាព​នោះ៖ «រឿង​ខ្លះ​រឿង​តូច​រឿង​បុគ្គល យក​បក្ស​ទៅ​ការពារ យក​បក្ស​ទៅ​ការពារ​ទង្វើ​ខុស​របស់​បុគ្គល ហើយ​សូម​កុំ​គំរាម​អា​ពាក្យ​បាតុកម្ម កុំ​គំរាម។ ផ្ដាំ​ទៅ​អ្នក​ឯង កុំ​គំរាម មិន​អត់​ឱន​ឲ្យ​ទេ​ប្រាប់​ឲ្យ​ហើយ»

ថ្លែង​នៅ​មុខ​និស្សិត​រាប់​ពាន់​នាក់ លោក ហ៊ុន សែន បញ្ចេញ​សារ​នយោបាយ​ដោយ​កំហឹង​ថា វា​មិន​អាច​នោះ​ទេ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ត្រូវ​ទៅ​រណប​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​លើក​យក​បញ្ហា​នយោបាយ​ដែល​លោក​ហៅ​ថា​ជា​រឿង​បុគ្គល យក​មក​ដោះស្រាយ«គណបក្ស​ប្រជាជន មិន​ធ្វើ​ជា​អា​យ៉ង និង​មិន​ធ្វើ​ជា​ឈ្នាន់​ឲ្យ​អ្នក​ណា​មួយ​ប្រើប្រាស់​ក្បាល​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទាល់​របស់​ពួក​អ្នក​ធ្វើ​កំហុស​នោះ​ទេ»

លើស​ពី​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ដែរ​ថា ការ​ដឹក​នាំ​របស់​លោក​សព្វថ្ងៃ​ជា​ការ​ដឹក​នាំ​បែប​អំណាច​ប្រមូល​ផ្តុំ ដែល​អ្វីៗ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហើយ​លោក​ថា បើ​សិន​ជា​លោក​មិន​ខ្លាំង​នោះ​ទេ អស្ថិរភាព​សង្គម​នឹង​កើត​មាន«និយាយ​ឲ្យ​ច្បាស់ ព្រឹក​មិញ​មាន​ម្នាក់​គេ​ថា អំណាច​វា​នៅ​លើ​មនុស្ស​ម្នាក់។ វា​នៅ​លើ​មនុស្ស​ម្នាក់​ហ្នឹង​មែន ផ្ដាំ​ទៅ​លោក​ឯង។ បើ​ម្នាក់​ហ្នឹង​ត្រួត​ត្រា​កងទ័ព​មិន​បាន ត្រួតត្រា​នគរបាល​មិន​បាន ត្រួតត្រា​បក្ស​មិន​បាន ត្រួតត្រា​អ្វីៗ​មិន​បាន។ អ៊ីចឹង​បាន​សេចក្តី​ថា ទុក​ឲ្យ​អនាធិបតេយ្យ»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ធ្វើ​បាតុកម្ម​ណា​មួយ​ប្រឆាំង​រដ្ឋាភិបាល។ លោក​ថា ការ​អំពាវនាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​តាម​ដាន​ស្ថានការណ៍​នយោបាយ​ទាំងអស់​គ្នា«គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ​ដែល​ស្រឡាញ់​សេរីភាព យុត្តិធម៌ ចង់​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ប្រកាន់​យក​នូវ​នីតិរដ្ឋ​ពិត​ប្រាកដ​មក​កាន់​ទីស្នាក់ការ​កណ្ដាល​នេះ ដើម្បី​ឃ្លាំ​មើល​ស្ថានការណ៍​ទាក់ទង​នឹង​ដំណើរ​ការ​របស់​តុលាការ ដែល​បាន​កោះ​ហៅ​ឯកឧត្តម កឹម សុខា»

ជុំវិញ​ជំហរ​ដាច់​ខាត​របស់​អ្នក​នយោបាយ​បែប​នេះ អ្នក​វិភាគ​លើក​ឡើង​ថា វា​នឹង​រុញ​កម្ពុជា ឲ្យ​កាន់​តែ​ខិត​ទៅ​ដល់​ការ​ប្រេះឆា​ជាតិ​ធ្ងន់ធ្ងរ និង​បង្ក​ជា​ផល​វិបាក​ច្រើន​សម្រាប់​ពលរដ្ឋ។

លោក សូ ចន្ថា អះអាង​ថា ផល​វិបាក​ទាំង​នោះ​រួម​មាន ការ​បាត់​បង់​សាមគ្គី​ជាតិ ខាត​បង់​ផល​ប្រយោជន៍​ការ​បរទេស និង​ការ​ខាត​បង់​ប្រយោជន៍​សេដ្ឋកិច្ច«ទី​មួយ គឺ​ខាត​បង់​ជាតិ ខ្មែរ​យើង​បែក​បាក់​គ្នា។ ជា​ការ​ខាត​បង់​ធ្ងន់ធ្ងរ​ទៀត​ទៅ​លើ​នយោបាយ​ការ​បរទេស ពីព្រោះ​យើង​ឃើញ​ហើយ​កន្លង​មក យើង​មិន​សូវ​ល្បី​ឈ្មោះ​ល្អ​លើ​ឆាក​អន្តរជាតិ​ប៉ុន្មាន​ទេ។ ចំណុច​ទី​បី យើង​ខាត​បង់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ណាស់ ពីព្រោះ​នៅ​ពេល​ដែល​អ្នក​ដឹក​នាំ​ខ្មែរ​មិន​អាច​ជជែក​គ្នា មិន​អាច​និយាយ​គ្នា​បាន​ដើម្បី​បង្រួប​បង្រួម​ជាតិ​ផង តើ​ឲ្យ​បរទេស​ណា ឬ​អ្នក​វិនិយោគ​ណា​ដែល​ហ៊ាន​បោះ​ទុន​កញ្ចប់​លុយ​រាប់​ពាន់​លាន​ដុល្លារ​មក​រក​ស៊ី​នៅ​កម្ពុជា»

ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ដើរ​មក​ដល់​ចំណុច​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

តាម​រយៈ​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន មន្ត្រី គ..ប ព្រម​ទាំង​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង ព្រម​ទាំង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​រង​នូវ​ការ​ថ្កោលទោស និង​ការ​រិះគន់​ជា​បន្តបន្ទាប់ ថា​មិន​បាន​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស និង​រំលោភ​បំពាន​ច្បាប់​ជាតិ និង​អន្តរជាតិ។

អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន ពិសេស​អង្គការ​សហប្រជាជាតិ និង​សហភាព​អឺរ៉ុប បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ និង​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ ដែល​រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ជាពិសេស​ពួក​គេ​ទទូច​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បន្ត​វប្បធម៌​សន្ទនា​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។