សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ការប្រើប្រាស់​កញ្ចប់​ថវិកា​ពិសេស​ណាមួយ​លើ​ជំងឺ​កូវីដ-១៩​គួរ​តែ​ឆ្លង​កាត់​រដ្ឋសភា

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋសភា អនុម័ត​ថវិកា​ជំនួយ​បាន​មក​ពី​សប្បុរសជន មុន​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ចំណាយ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ-១៩ (Covid-19)។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កៀរគរ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​ទីប្រឹក្សា​រដ្ឋាភិបាល​ទាំងអស់​ត្រូវតែ​កាត់​ប្រាក់ខែ​របស់​ខ្លួន​ដើម្បី​ដាក់​ចូល​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

លោក ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​មួយ​ថា រហូតមកដល់​ពេលនេះ​មាន​ថវិកា​ចំនួន​ជាង​១១​លាន​ដុល្លារ បាន​មក​ពី​ជំនួយ​សប្បុរសជន ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចូល​ទៅ​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូវីដ-១៩ហើយ។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា សម្រាប់​ខ្លួន​លោក​បាន​ផ្តល់​ប្រាក់ខែ​ទាំងអស់​ចំនួន​១០​លាន​រៀល​គឺ​ស្មើនឹង​ជាង​២៥០០​ដុល្លារ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល និង​ទីប្រឹក្សា​រដ្ឋាភិបាល​ទាំងអស់​ត្រូវតែ​បរិច្ចាគ​ថវិកា​ដែល​បាន​មក​ពី​ប្រាក់ខែ​រដ្ឋាភិបាល​ផ្តល់​ជូន​ក្រសួងសុខាភិបាល តាមរយៈ​លោក ម៉ម ប៊ុនហេង ដើម្បី​ប្រើប្រាស់​ថវិកា​នេះ ក្នុង​ការ​បង្កើន​ជំនឿ​ទុកចិត្ត​មួយ​សម្រាប់​ប្រជាពលរដ្ឋ និង​ក្រុម​គ្រូពេទ្យ​ក្នុង​ការ​ព្យាបាល​តាមរយៈ​សកម្មភាព​ជាក់ស្ដែង​ដែល​រំលែក​ថវិកា​ចេញពី​ថវិកា​របស់​ខ្លួន​ជូន​ទៅ​ផ្នែក​ប្រឆាំង​នឹង​កូវីដ​១៩​នេះ៖ «មន្ត្រី​នីមួយៗ​មានលទ្ធភាព​មិន​ដូចគ្នា​ទេ អ៊ីចឹង​មន្ត្រី​ខ្លះ​គឺ​គេ​មានលទ្ធភាព​គេ​អាច​នឹង​បរិច្ចាគ​រាប់​ខែ​បាន​ទាំងស្រុង​តែ​មន្ត្រី​ខ្លះ​ទៀត​អាច​លទ្ធភាព​ថា ២០ ឬ ៣០ ឬ ៤០ ឬ ៥០​ភាគរយ​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន»។

ក្រោយពី​ការប្រកាស​របស់​លោក ហ៊ុន សែន មិនបាន​ប៉ុន្មាន​ម៉ោង​ផង​មាន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់​មាន​អ្នកខ្លះ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ពុករលួយ​និង​រង​ការ​ចោទ​ប្រកាន់​ថា បាន​គេច​ពន្ធ​ពី​ប្រទេស​អូស្ត្រាលី​ដូចជា​ប្រតិភូ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​គឺ​លោក​គង់ វិបុល បាន​បរិច្ចាគ​ប្រាក់ខែ​របស់លោក​ចំនួន​៦​ខែ​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

ក្រៅពី​លោក គង់ វិបុល ក៏​មាន​មន្ត្រី​ជា​ច្រើន​រូប​ផ្សេងទៀត​បាន​បរិច្ចាគ​ប្រាក់ខែ ៥០​ភាគរយ ពី​ចំនួន ៧​ខែ​ដល់​៩​ខែ ខ្លះ​ទៀត ៧​ពាន់​ដុល្លារ រហូតដល់​១​ម៉ឺន​ដុល្លា និង​ព្រះតេជព្រះគុណ ណយ ច្រឹក ក៏​មាន។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។
លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។ (RFA)

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍​ថា ការ​អំពាវនាវ​ពី​រដ្ឋាភិបាល​ក្នុង​ទម្រង់​បែប​ស្ម័គ្រចិត្ត​នេះ​គ្មាន​អ្វី​អាក្រក់​ទេ នៅ​ពេល​ដែល​មាន​បញ្ហា​ជួប​ឧបសគ្គ​ដូចជា​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ​លោក សន ជ័យ ចង់​ឃើញ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើប្រាស់​ថវិកាជាតិ​គួរតែ​មាន​ការ​អនុម័ត​ឆ្លងកាត់​ពី​រដ្ឋសភា​ដែរ ដើម្បី​ឱ្យ​អនុម័ត​កញ្ចប់​ថវិកា​ពិសេស​ណាមួយ​សម្រាប់​តៀម​បង្ការ ហើយ​នឹង​ជួយ​ទៅដល់​ក្រុម​ដែល​ត្រូវការ​ជំនួយ​នៅ​ក្នុង​រដូវ​កាល​នៃ​វិបត្តិ​កូវីដ​១៩​នេះ៖ «យើង​មើល​បញ្ហា​កូវីដ​១៩​នេះ​ទៅ​ពេល​ខាងមុខ​គឺជា​បញ្ហា​របស់​ជាតិ របស់​ប្រជាពលរដ្ឋ អ៊ីចឹង​អំណាច​នីតិប្បញ្ញត្តិ​ហ្នឹង​គឺ​គេ​មាន​តួនាទី​របស់​គេ​ក្នុង​ការ​ជួយ​ពលរដ្ឋ​តាមរយៈ​ការងារ​របស់​ខ្លួន។ អ៊ីចឹង​ប្រសិនបើ​រដ្ឋាភិបាល​ត្រូវការ​កញ្ចប់​ថវិកា​ពិសេស​ក្នុង​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន តាម​នីតិវិធី​គឺ​ត្រូវតែ​ឆ្លងកាត់​ការ​អនុម័ត​ពី​សភា ទោះ​បីជា​សភា​នោះ​ឯក​បក្ស​ក៏ដោយ ហើយ​ម្យ៉ាងវិញទៀត​ខ្ញុំ​គិត​ថា ថវិកា​នេះ​មិនមែន​តិចតួច​ទេ គឺជា​ថវិកា​មួយ​ដែល​មាន​ចំនួន​ច្រើន​ដែរ»។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន​និយាយ​ថា​មិន​បាន​ចាប់​បង្ខំ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​បង់លុយ​មែន ប៉ុន្តែ​លោក​និយាយ​ថា ត្រូវធ្វើ​លិខិត​ផ្ទាល់ខ្លួន​ទៅ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ជា​ការ​ចាប់​បង្ខំ​មន្ត្រី​ថ្នាក់ខ្ពស់​ដល់​កំពូល​ឱ្យ​នាំគ្នា​ចេញ​លុយ​ចាំបាច់​ដោយ​ខាន​មិនបាន ហើយ​ចលនា​នេះ​អាច​រាលដាល​ដល់​មន្ត្រី​រាជការ​តូចតាច​ទៀត​ផង៖ «ស្ដាប់​សំឡេង​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ស្តាប់ទៅ​លោក​គ្រោង​នឹង​កាត់បន្ថយ​ប្រាក់ខែ​មន្ត្រីរាជការ​សាធារណៈ​គ្រប់​កម្រិត​ទាំងអស់​។ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ធ្វើ​ឱ្យ​ចំៗ​ពីព្រោះ​ខ្លាច​ប្រតិកម្ម​ពី​មន្ត្រីរាជការ​នៅ​ទូទាំង​ប្រទេស​ហើយ​គាត់​ទប់​មិន​បាន ម្ល៉ោះហើយ​លោក ហ៊ុន សែន ក៏​រៀបចំ​បង្កើត​ល្បែង​ចលនា​ចាប់​បង្ខំ​បែប​បំភ្លៃ​ថា មន្ត្រីរាជការ​មាន​ទឹកចិត្ត​ចូលរួម​គឺ​ថ្នាក់លើ​សិន​ទាំង​ថ្នាក់ដឹកនាំ​ក្រសួង​មន្ទីរ រដ្ឋាភិបាល រដ្ឋសភា​ព្រឹទ្ធសភា ទម្រាំ​ដល់​មាន​វិធានការ​សសៀរ​ដល់​មន្ត្រី​រាជការ​ថ្នាក់ក្រោម​ជា​កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រីរាជការ​ស៊ីវិល និង​គ្រូ​បង្រៀន​ជាដើម»។

ការ​ប្រកាស​កៀរគរ​ប្រមូល​ថវិកា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​បាន​កើត​មាន​ឡើង​ក្រោយពី​ធនាគារ​ពិភពលោក​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក មិន​ធ្លាប់​មាន​ពីមុន មក​ពី​៧%​ក្នុង​ឆ្នាំ​២០១៩ នៅ​ត្រឹម​តែ ២,៥% ក្នុង​ឆ្នាំ​២០២០​នេះ បណ្ដាល​មកពី​វិបត្តិ នៃ​ការ​ផ្ទុះ​រីករាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។