លោក ហ៊ុន សែន ប្រតិកម្ម​នឹង​បក្ស​ប្រឆាំង​ដែល​រិះគន់​ការ​កែ​ទម្រង់​និង​រុះរើ​គណៈរដ្ឋមន្ត្រី

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​រិះគន់​ពី​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល គ្រាន់​តែ​ជា​ការ​ធ្វើ​ឲ្យ​ល្អ​មើល​នោះ​ថា គណបក្ស​ប្រឆាំង​ក៏​មិន​ដែល​ឃើញ​ផ្លាស់ប្ដូរ​អ្វី​ដែរ បើ​ទោះ​ជា​ខ្លួន​ចាញ់​ឆ្នោត​គ្រប់​អាណត្តិ​មក​ហើយ​ក៏ដោយ។

ប្រតិកម្ម​របស់ លោក ហ៊ុន សែន នេះ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​រុះរើ និង​ធ្វើ​កំណែ​ទម្រង់​គណៈរដ្ឋមន្ត្រី​ភ្លាម ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​រិះគន់​ថា ការ​សម្រេច​ដូចនេះ​របស់​រដ្ឋាភិបាល គឺ​គ្រាន់​តែ​ជា​រូបភាព​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ និង​ថា​ជា​កំណែ​ទម្រង់​មិន​ស៊ី​ជម្រៅ​ថែម​ទៀត​ផង។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​ដែល​មេ​ដឹក​នាំ​កំពូលៗ​របស់​ប្រទេស ព្យាយាម​ប៉ែង​ជើង​គ្នា​ដោយ​ពុំ​យក​កម្មវិធី​នយោបាយ​ជាតិ​ជា​ធំ សម្រាប់​ដំណោះស្រាយ​នយោបាយ​នោះ បញ្ហា​កាន់​តែ​បន្ត​ចាក់ស្រែះ​បន្ថែម​ទៀត ហើយ​ពុំ​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​ភាព​រីក​ចម្រើន​នោះ​ទេ។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ ចាត់​ទុក​ថា ការ​ឌឺដង​ផ្នែក​នយោបាយ​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​នៅ​ពេល​នេះ គឺ​ពុំ​បាន​ផ្ដល់​ចំណេញ​អ្វី​ឡើយ​សម្រាប់​ជាតិ ផ្ទុយ​ទៅ​វិញ​វា​ជា​ចំណង​សម្រាប់​ចង​រឹត​ខ្លួន ហើយ​ច្រក​នយោបាយ​ក៏​ត្រូវ​ជាប់​គាំង​ថែម​ទៀត​ផង។ លោក​បន្ត​ថា « ទិដ្ឋភាព​ទី​មួយ អ្នក​នយោបាយ​នៅ​តែ​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​រក​គន្លឹះ​ដោះស្រាយ ចង​តែ​បញ្ហា។ ចំណុច​ទី​ពីរ គេ​ឲ្យ​ឈ្មោះ​ថា អ្នក​នយោបាយ​មិន​ទទួល​ស្គាល់​ការ​ពិត​អ្វី​ដែល​ជា​ការ​បញ្ចេញ​មតិ​របស់​គណបក្ស​ប្រឆាំង សម្រាប់​ជា​គន្លឹះ​មួយ​បក្ស​កាន់​អំណាច​យក​ទៅ​ពិចារណា »

ការ​លើក​ឡើង​ដូចនេះ​របស់​អ្នក​វិភាគ​នយោបាយ នៅ​បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​ចំៗ​ចំពោះ​ប្រមុខ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត និង​ត្រួត​ពិនិត្យ​វាយ​តម្លៃ​វឌ្ឍនភាព​ប្រចាំ​ឆ្នាំ​២០១៥ នៃ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់​កាល​ទី​៣ នៅ​សណ្ឋាគារ​សូហ្វីតែល (Sofitel) លោក ហ៊ុន សែន បាន​ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​រិះគន់​កំណែ​ទម្រង់ និង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​នេះ។

លោក ហ៊ុន សែន ហៅ​ការ​ដៀមដាម​របស់​គណបក្ស​ប្រឆាំង​ថា មុន​នឹង​រិះគន់​ឲ្យ​គេ ត្រូវ​មើល​ខ្លួន​ឯង​ជា​មុន​សិន។ ជាង​នេះ​ទៀត មន្ត្រី​បក្ស​ប្រឆាំង ក៏​មិន​ដែល​ឃើញ​ដូរ​មុខ​ដែរ បើ​ទោះ​ជា​ចាញ់​ឆ្នោត​គ្រប់​អាណត្តិ​មក​ហើយ​ក្ដី។ លោក​បន្ត​ថា « អ្នក​ក៏​មុខ​ដដែល​ដែរ​តើ​អា​អ្នក​ដែល​និយាយ​ហ្នឹង ! ម៉េច​ក៏​ចាំបាច់​ថា​ឲ្យ​គេ​មុខ​ដដែលៗ ឲ្យ​គ្នា​យក​មុខ​ទៅ​ទុក​នៅ​ឯណា ? បើ​មុខ​វា​នៅ​ហ្នឹង ហើយ​លោក​ឯង​អា​បក្ស​ប្រឆាំង​មេ​បក្ស​ប្រឆាំង វា​ក៏​មុខ​ដដែល វា​និយាយ​ហ្នឹង »

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ ទំនង​ជា លោក ហ៊ុន សែន ចង់​សំដៅ​ការ​ថ្លែង​ជា​សាធារណៈ​របស់ លោក កឹម សុខា នៅ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២០ មីនា។ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​នៅ​ខេត្ត​ពោធិ៍សាត់ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ធ្វើ​កំណែ​ទម្រង់ និង​ការ​ដោះ​ដូរ​មន្ត្រី​ខ្លះ​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ គឺ​មិន​មាន​អ្វី​ដែល​ប្លែក​ឡើយ ពោល​ជា​ការ​រុះរើ​ដែល​ធ្វើ​ឡើង​សើៗ​ប៉ុណ្ណោះ។ លោក​បន្ត​ថា « ដូចជា​គេ​ថា​កែ​ទម្រង់​ជាដើម វា​ជា​ចំណុច​វិជ្ជមាន។ យើង​ទទួល​ស្គាល់ ប៉ុន្តែ​ផល​យ៉ាង​ណា​មិន​ទាន់​ឃើញ​ទេ មិន​ទាន់​ច្បាស់​ទេ ពីព្រោះ​មិន​បាន​ដោះស្រាយ​ជា​ប្រព័ន្ធ »

ស្ថិត​ក្នុង​ស្ថានភាព​ដែល​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា លោក​កំពុង​គ្រុន ៣​យប់​ជាប់ៗ​គ្នា លោក ហ៊ុន សែន ប្រកាស​ថា លោក​នៅ​តែ​ធ្វើ​ជា​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​រហូត​ដល់​លោក​នឿយ​ណាយ បើ​ប្រជាពលរដ្ឋ​នៅ​បន្ត​គាំទ្រ និង​បោះឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដូច​នៅ​ពេល​នេះ។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន ដៀមដាម​ថា បើ​លោក​ជា​មន្ត្រី​ក្នុង​បក្ស​ប្រឆាំង​វិញ ហើយ​បោះឆ្នោត​ចាញ់​តែ​រហូត​ដូចនេះ លោក​នឹង​មិន​ត្រដរ​ប្រកួត​ប្រជែង​អ្វី​ទៀត​ឡើយ។ លោក​បន្ត​ថា « និយាយ​អ៊ីចឹង​ថា​ខ្ញុំ​មិន​ចង់​ផ្លាស់​ទេ ឲ្យ​ខ្ញុំ​ទៅ​ណា ? បើ​ប្រជាជន​បោះឆ្នោត​ឲ្យ​ខ្ញុំ​នៅ​តែ​ធ្វើ ធ្វើ​ទាល់​តែ​ខ្ញុំ​ខ្ជិល​ធ្វើ។ ឯង​ធ្វើ​បក្ស​ប្រឆាំង ធ្វើ​មួយ​ជីវិត​ហើយ​នៅ​តែ​ប្រឆាំង ហើយ​ឈ្នះ​ហ្នឹង​ឈ្នះ​តាំង​ពី​សតវត្ស​ទី​២០ រហូត​ដល់​ដើម​សតវត្ស​ទី​២១ វា​នៅ​តែ​មិន​ឈ្នះ ហើយ​ដើរ​ស្រែក​ថា​វា​ឈ្នះ​តែ​រហូត​ហើយ »

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ភ្លាមៗ​នៅ​ឡើយ​ទេ ជុំវិញ​ប្រតិកម្ម​របស់ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ មីនា។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា ការ​អត់ឱន​ផ្នែក​នយោបាយ​នៅ​តែ​ជា​ចំណុច​រសើប និង​អន់​ថយ​នៅ​ឡើយ​សម្រាប់​កម្ពុជា បើ​ទោះ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ​មាន​បទពិសោធន៍​ពី​ការ​បែក​បាក់​គ្នា​គ្រប់គ្រាន់​ហើយ​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។