អង្គការសង្គមស៊ីវិលបានស្នើឲ្យអាជ្ញាធរស្រាវជ្រាវឡើងវិញ ចំពោះគណនេយ្យហ្វេសប៊ុកចំនួនពីរ ដែលមានឈ្មោះជាភាសាខ្មែរ «លួន សុវ៉ាត» និងមួយទៀតជាទំព័រហ្វេសប៊ុក «Srey Da Chi Kraeng» ដែលបង្ហោះវីដេអូ ៤ ទាក់ទងនឹងការចោទប្រកាន់ថា សកម្មជនសង្ឃព្រះអង្គ លួន សុវ៉ាត មានទំនាក់ទំនងស្នេហា។ ក្រុមអ្នកបច្ចេកវិជ្ជាព័ត៌មានរកឃើញថា ហ្វេសប៊ុកទាំងពីរនេះបង្កើតឡើងដោយមនុស្សមួយក្រុមធ្វើការនៅក្នុងអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រដ្ឋាភិបាល។
អ្នកជំនាញខាងបច្ចេកវិជ្ជាព័ត៌មាន ដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង អះអាងថា វីដេអូយ៉ាងតិចចំនួន៤ ដែលចោទថា ជាសំឡេងរបស់ព្រះសង្ឃ លួន សុវ៉ាត បង្ហោះលើគណនេយ្យហ្វេសប៊ុក ឈ្មោះ «លួន សុវ៉ាត» និងលើទំព័រហ្វេសប៊ុកមួយឈ្មោះ Srey Da Chi-Kraeng គឺជាស្នាដៃប្រឌិតរបស់ក្រុម លោក ទិត្យ សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានបង្កើតឡើង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
ផ្អែកលើវីដេអូនេះគណៈសង្ឃខេត្តសៀមរាប កាលពីថ្ងៃទី៣ មិថុនា បានប្រកាសឱ្យចាប់ផ្សឹកព្រះអង្គ លួន សុវ៉ាត ដែលគង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែងចេញពីបព្វជិតដោយចោទថា ព្រះអង្គបានប្រព្រឹត្តិខុសវិន័យសង្ឃដោយសេពមេថុនធម្ម ឬការរួមភេទ។ សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោយពេលថេរសភាសង្ឃខេត្តសៀមរាប បានពិនិត្យមើលវីដេអូ និងសារសំឡេងសន្ទនាស្នេហា ដែលសភាសង្ឃយល់ថា ជាសំឡេងរបស់ព្រះសង្ឃ លួន សុវ៉ាត ជាមួយស្ត្រី២នាក់ជាម្ដាយ និងកូនស្រី។
ចំណែកគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក៏បានគាំទ្រសេចក្ដីប្រកាសនេះ ហើយប្រគេនដំណឹងនេះដល់ព្រះមេគណរាជធានីខេត្តទាំងអស់ឱ្យសហការជាមួយសមត្ថកិច្ច ដើម្បីចាប់ផ្សឹកព្រះសង្ឃ លួន សុវ៉ាត។
ព្រះតេជព្រះគុណ លួន សុវ៉ាត ដែលបានភៀសព្រះកាយ គេចចេញពីការតាមយាយីពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ បានចោទប្រកាន់ថា អ្នកដែលព្យាយាមធ្វើបាបព្រះអង្គ ផ្តើមឡើងដោយប្រើប្រព័ន្ធបច្ចេកវិទ្យានោះ គឺឈ្មោះ ស៊ីហា ដែលលោក ហ៊ុន សែន តែងតែសរសើរថា ពូកែក្នុងរឿងហែកហួរ លុកលុយ ចូលក្នុងគណនីសង្គមដោយសម្ងាត់ លួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទហើយបង្កើតឡើងនូវរឿងរ៉ាវផ្សេងៗ ដោយខុសច្បាប់ ដើម្បីវាយប្រហារលើក្រុមអ្នករិះគន់ ប្រឆាំងរដ្ឋាភិបាល និងក្រុមផ្សេងៗ ទៀត ដែលចេញពីបណ្ដាញ និងប្រព័ន្ធនយោបាយរបស់បក្សកាន់អំណាច៖ « ហ្នឹងក្រុមហ្នឹងហើយ ១០០ភាគ ១០០ តែម្តង ហើយមិនបាច់រកចោរនៅណាទៀតទេ គឺចោរនៅនឹងកម្ពុជាហ្នឹងឯង មានទាំងចោរព័ត៌មាន ដូចជា ហែកចូលហ្វេសប៊ុកអាត្មានៅមុនបោះឆ្នោត ២០១៧ អ៊ីចឹងសុទ្ធតែពួកអាក្រុមហ្នឹងឯង ក្រុមអាស៊ីហាហ្នឹងឯង ហើយសួរថា ហេតុអីបានជាវាហែកបាន ? ដោយវាគ្រប់គ្រងខាងព័ត៌មានវិទ្យាទាំងអស់ ដូចទូរស័ព្ទ ដូចជា អិនធើណិតជាដើម »
ទោះជាយ៉ាងនេះក្តី អ្នកជំនាញខាងបច្ចេកវិជ្ជាព័ត៌មាន បានលើកឡើងថា វីដេអូមួយក្នុងចំណោមវីដេអូផ្សេង ដែលមានរយៈពេលជាង ៧ នាទី ជាវីដេអូថតចេញពីការសន្ទនាគ្នាតាមប្រព័ន្ធសង្គមហ្វេសប៊ុក ដោយមានបណ្ដែតឈ្មោះជាភាសាខ្មែរ «លួន សុវ៉ាត» នៅលើអេក្រង់។ កិច្ចសន្ទនាគ្នានេះមាននិយាយគ្នាស៊ីជម្រៅទាក់ទងនឹងស្នេហា។ នៅក្នុងនាទី៥:០៤ នៃកិច្ចសន្ទនានោះ បានបង្ហាញតេឡេក្រាមជូនដំណឹង( Telegram Notification) ពីគេហទំព័រខ្មែរប៉ុស្តិ៍ ទៅគណនេយ្យហ្វេសប៊ុក ជាភាសាខ្មែរ « លួន សុវ៉ាត »នៅលើអេក្រង់ដែលកំពុងតែថតវីដេអូ។ ហើយគណនេយ្យតេឡេក្រាមនោះ គឺឈ្មោះ មៀច សុភាព។
អ្នកជំនាញដដែលបានលើកទៀតឡើងថា គណនេយ្យហ្វេសប៊ុករបស់ មៀច សុភាព (Miech Sopheap) https://www.facebook.com/miech.sopheapមានមិត្តភ័ក្ដិចំនួន ៣.៣៤៦នាក់ ដែលបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១១ មិត្តភ័ក្ដិភាគច្រើន ជាអ្នកសារព័ត៌មាន និងមន្ត្រីរាជការ។
អ្នកជំនាញដដែលពន្យល់ថា ឈ្មោះ មៀច សុភាព ធ្វើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានលោក ទិត្យ សុធារ ជាចៅហ្វាយនាយ។ មៀច សុភាព តែងតែចែករំលែករាល់ព័ត៌មានរបស់លោក ទិត្យ សុធា ដែលបានបង្ហោះនៅលើហ្វេសប៊ុក ហើយនៅក្នុង តេឡេក្រាម ជូនដំណឹង (Telegram Notification) តាមទូរលេខនេះ បានបញ្ជាក់ថា គេហទំព័រខ្មែរប៉ុស្តិ៍បានចូលរួមក្នុងការបង្កើតវីឌីអូនេះផងដែរ៖ « រឿងទាំងអស់នេះបង្កើតឡើងដោយក្រុមលោក ទិត្យ សុធា។ មានរឿងមួយទៀត គឺលោក ទិត្យ សុធា បានតាមទំព័រហ្វេសប៊ុក (Follow Facebook page) របស់ Srey Da Chi Kraeng ពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក »។
អ្នកជំនាញដដែលពន្យល់ថា គេអាចបញ្ជាក់រឿងនេះបានដោយមើល Follow Page តាមគណនីហ្វេសប៊ុករបស់ ទិត្យ សុធា។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក ទិត្យ សុធា បានបដិសេធចំពោះការរកឃើញមកនេះថា ពុំមានអ្វីពាក់ព័ន្ធជាមួយនឹងរូបលោក និងអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនោះទេ។ លោកថា រឿងនោះជារឿងរបស់បុគ្គលដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក៖ « ទេខ្ញុំសូមមិនអត្ថាធិប្បាយអីទៀតទេ ពីព្រោះអឺ ក្រុមប្រឆាំងតែងតែមានវប្បធម៌ចោទប្រកាន់លាបពណ៌ផ្ដេសផ្ដាសអ៊ីចឹង ខ្ញុំសូមមិនអត្ថាធិប្បាយក្នុងរឿងចោទប្រកាន់មូលបង្កាច់ ដែលខុសពីការពិតនេះ »។
អាស៊ីសេរីមិនអាចទាក់ទងម្ចាស់ ទំព័រហ្វេសប៊ុក មៀច សុភាព (Miech Sopheap) https://www.facebook.com/miech.sopheapនិងម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សីហា ដើម្បីឆ្លើយតប បកស្រាយជុំវិញរឿងនេះបានទេ រហូតមកដល់ម៉ោងផ្សាយនេះ ។
កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងមក ទំព័រហ្វេសប៊ុកចំនួន ២ ដែលមួយជាគណនីភាសាខ្មែរឈ្មោះ«លួន សុវ៉ាត»និងមួយទៀតជាទំព័រហ្វេសប៊ុកដែលបង្ហោះវីដេអូ ៤ ទាក់ទងនឹងការចោទប្រកាន់ថា សកម្មជនសង្ឃ ព្រះអង្គ លួន សុវ៉ាត មានទំនាក់ទំនងស្នេហានោះ ត្រូវបានលុបចោលវិញ ហើយមកដល់ថ្ងៃនេះ។
ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង បានឲ្យដឹងថា សមត្ថកិច្ចរបស់លោក នៅតែបន្តស្វែងរកព្រះតេជគុណ លួន សុវ៉ាត ដោយយោងទៅតាមដីការបស់តុលាការខេត្តសៀមរាប ដើម្បីចាប់ផ្សឹកព្រះអង្គ ៖ «អ៊ីចឹងយើងកំពុងតែរកលោកអត់ទាន់ឃើញទេ យើងកំពុងតែស្រាវជ្រាវរកបាទ បាទសមត្ថកិច្ចខ្ញុំនៅតែបន្តនីតិវិធី តាមដីការបស់តុលាការហ្នឹងហើយ បាទ »។
នៅថ្ងៃសមត្ថកិច្ចខេត្តសៀមរាបចុះស្វែងរកចាប់ផ្សឹកព្រះអង្គនៅផ្ទះ សមត្ថកិច្ចបានដកហូតទូរស័ព្ទ ២គ្រឿងរបស់ក្មួយប្រុសព្រះអង្គ និងរឹបអូសកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ក្នុងនោះមានរថយន្តឡិចស៊ីស (Lexus 470) មួយគ្រឿង កាមេរ៉ាជិត ១០គ្រឿង ទូរទស្សន៍ ១គ្រឿង ទូរទឹកកក ធុងទឹកកក និងឯកសារផ្សេងៗ ទៀត។
ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីកា ប្រាប់អាស៊ីសេរី នៅថ្ងៃទី៧ កក្កដាថា ព្រះតេជព្រះគុណបានភៀសព្រះកាយមកដល់ប្រទេសស្វីស (Switzerland) ដោយសុវត្ថិភាព កាលពីថ្ងៃទី៤ មិថុនា ដើម្បីគេចពីការចាប់ផ្សឹកទាំងបង្ខំពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។ បច្ចុប្បន្នព្រះតេជព្រះគុណកំពុងគង់នៅវត្តមួយខ្មែរមួយឈ្មោះវត្តស្វីសខេមរារាម (Wat Swiss Khemraram)។
ព្រះតេជព្រះគុណមានថេរដីកាបន្តថា កិច្ចបន្ទាប់ និងជាបន្ទាន់នោះ គឺស្វែងរកមេធាវី ដើម្បីជួយរៀបចំឯកសារប្ដឹងរកយុត្តិធម៌ជុំវិញជនខិលខូចប្រើបច្ចេកវិទ្យាទំនើបបង្កើត ឬប្រឌិតរឿងមិនពិត ដើម្បីមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះព្រះអង្គ ទៅសហគមន៍អន្តរជាតិ ប្តឹងទៅក្រុមហ៊ុនហ្វេសប៊ុក និង Youtube សូមឲ្យមានវិធានការទៅលើក្រុមជនខិលខូចអស់ទាំងនោះ៖ « បន្ទាប់ពីអាត្មាមកដល់ទឹកដី ដែលគេមានសេរីភាព យើងនឹងពិភាក្សា និងស្វែងរកដៃគូ អង្គការអន្តរជាតិ និងមេធាវី រៀបចំដាក់ពាក្យបណ្ដឹង គឺកម្ទេចវិញតែម្តង គឺកម្ទេចក្រុមចោរទុច្ចរិត ដែលយកព័ត៌មានក្លែងក្លាយទៅផ្សព្វផ្សាយនោះ បើទោះជាមិនបានឲ្យពួកគេមកជាប់ទោស ក៏យើងបានកម្ទេចព័ត៌មានមិនពិត ប្លុកនូវអាខោន ហ្វេសប៊ុក និង Youtube នោះចោលតែម្ដង » ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ឲ្យដឹងថា លោកគាំទ្រទៅដល់ក្រុមបច្ចេកវិជ្ជាព័ត៌មានដែលមានសមត្ថភាពរកឃើញអំពីការបង្កើតវីដេអូរបស់មនុស្សមួយក្រុម ដើម្បីបង្ខូចព្រះកិត្តិសព្ទរបស់ព្រះតេជព្រះគុណ លួន សុវ៉ាត៖ « សមត្ថកិច្ចគួរស្រាវជ្រាវក្រុមដែលធ្វើវីដេអូទៅប៉ះពាល់នូវព្រះកិត្តិនាមរបស់អង្គទៅវិញ ដើម្បីធ្វើ អឺការស្ដារនូវព្រះកិត្តិនាមព្រះអង្គឡើងវិញ ដោយបញ្ហាបង្កើតវីដេអូ មិនមែនជារឿងពិត ហើយធ្វើឲ្យ ប៉ះពាល់ទៅដល់កិត្តិយសព្រះអង្គទៅទៀត អ៊ីចឹងគួរតែសមត្ថកិច្ចស្រាវជ្រាវរកក្រុមទាំងអស់ហ្នឹង ហើយផ្ដន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា » ។
កាលពីខែតុលា ឆ្នាំ២០១២ ព្រះតេជព្រះគុណ លួន សូវ៉ាត បានទទួលពានរង្វាន់ការពារសិទ្ធិមនុស្ស Martin Ennels ពីប្រទេសស្វីសជាពានរង្វាន់ដ៏សំខាន់មួយ សម្រាប់ផ្ដល់ជូនដល់បុគ្គលណា ដែលបានចូលរួមការពារ និងលើកតម្កើងសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។