ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ដែល​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា ដោយសារ​តែ​ពួកគេ​មើល​ឃើញ​ថា លោក​ហ៊ុន សែន ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ និង​អសមត្ថភាព​ដឹក​នាំ​ប្រទេស។ ចំណែក​លោក ហ៊ុន សែន វិញ មិន​ញញើត​ចំពោះ​ការ​ធ្វើ​បាតុកម្ម​នេះ​ទេ ហើយ​ថែម​ទាំង​ប្រកាស​រង់ចាំ​ធ្វើ​សង្គ្រាម​ជាមួយ​អ្នក​ណា ដែល​ប្រឆាំង​លោក នៅ​ឯ​ប្រទេស​កម្ពុជា​ថែម​ទៀត។ អ្នក​វិភាគ​យល់​ថា ពលរដ្ឋ​ខ្មែរ​មិន​ចង់​ឃើញ​ទំនាស់​នយោបាយ​បន្ត​ទៅ​ទៀត​ទេ ព្រោះ​នាំ​ឱ្យ​ខាត​បង់​ផល​ប្រយោជន៍​ជាតិ។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន​ប្រមាណ ៣០នាក់​បាន​នាំគ្នា​ឈរ​លើក​បដា​និង​ស្រែក​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ចំនួន ៤ទីតាំង នៅ​ទីក្រុង​តូក្យូ​ ខណៈ​ ដែល​លោក​ហ៊ុន​សែន​ និង​មន្ត្រី​របស់​លោក​ជា​ច្រើន​រូប​ទៀត កំពុង​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្ដីពី​អនាគត​របស់​អាស៊ី​នៅ​ទីក្រុង​តូក្យូ។

ដំបូង​ឡើយ​បាតុករ​លើក​បដា និង​ស្រែក​តវ៉ា​នៅ​មុខ​សណ្ឋាគារ​ដែល​រៀបចំ​សន្និសីទ​នោះ។ បន្ទាប់​មក​ពួក​គេ​នាំ​គ្នា​ហែ​ក្បួន​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​ការ​បរទេស​ជប៉ុន និង​បន្ត​សកម្មភាព​តវ៉ា​នៅមុខ​ផ្ទះ​លោក ស៊ិនហ្សូ អាបេ ហើយ​ចុង​ក្រោយ​ពួកគេ​ក៏បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន នៅ​ មុខ​រដ្ឋ​សភា​ជប៉ុន។ ក្រុម​អ្នក​តវ៉ា​ លើកឡើង​ថា​លោក ហ៊ុន សែន មិន​មែន​ជា​នាយក​រដ្ឋមន្ត្រី​ខ្មែរ​នោះ​ទេ​ព្រោះ​លោក​ ហ៊ុន​ សែន​ រៀបចំ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ និង​ថា លោក​ ហ៊ុន​ សែន​ គឺ​ជា​ប៉ុល​ ពត​ ទី២។ ទន្ទឹម​គ្នា​នេះ​ពួក​គេ​ក៏​ទាមទារ​ឱ្យ​ប្រទេស​ចិន និង​វៀតណាម​ ឈប់​គាំទ្រ​លោក ហ៊ុន សែន ត​ទៅ​ទៀត និង​ទាមទារ​ឱ្យ​លោក​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច ព្រោះ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ។ ពួក​គេ​ ក៏​ទាមទារ​ឱ្យ​ដោះ​លែង​លោក កឹម សុខា​ ផង​ដែរ។

ពលករ​នៅ​មួយ​រូប គឺ​លោក អៀង អ៊ូ រៀបរាប់​ថា លោក​បាន​សុំច្បាប់​ឈប់​សម្រាក​ពី​ការងារ​មួយថ្ងៃ​ និង​បាន​ធ្វើដំណើរ​ប្រមាណ ៣​រយ​គីឡូម៉ែត្រ ដើម្បី​ចូលរួម​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន។ យុវជន​រូប​នេះ​​បន្ត​ថា មូលហេតុ​ដែល​លោក​ តវ៉ា​ប្រឆាំង​លោក​ ហ៊ុន​ សែន​ ព្រោះ​លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ផ្ដាច់ការ និង​ជា​មេ​ដឹក​នាំ ដែល​អសមត្ថភាព​ក្នុង​ដឹក​នាំ​ប្រទេស។ លោក​ចង់​ឱ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី៖ «បំផ្លិច​បំផ្លាញ​ព្រៃឈើ​រ៉ែ​ធនធាន​ធម្មជាតិ ហើយ​ប្រជា​ពលរដ្ឋ​​រស់​នៅ​វេទនា​លំបាក ព្រោះ​គ្មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​តវ៉ា​នូវ​អ្វី​មួយ​ដែល​ចង់​បាន។ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​តែ​គ្មាន​ដំណោះ​ស្រាយ។ ដូច​ពួក​ខ្ញុំ​រាល់​ថ្ងៃ​នេះ​អ៊ីចឹង គឺ​លំបាក​វេទនា​មែនទែន ទើប​ព្យាយាម​ធ្វើ​ម៉េច​ឱ្យ​បាន​មក​រស់នៅ​ប្រទេស​គេ ដើម្បី​រក​ចំណូល»

ពលរដ្ឋ​ខ្មែរ​មួយ​រូប​ទៀត ដែល​រៀបការ​រស់​នៅ​ប្រទេស​ជប៉ុន​ជាង ២០ឆ្នាំ គឺ​អ្នកស្រី នេប បូរ៉ា រៀបរាប់​ថា បាតុកម្ម​នេះ គឺ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក​មិន​គាំទ្រ​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ មន្ត្រី​នោះ​ទេ ដូច្នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ឈប់​គាំទ្រ​របប​លោក ហ៊ុន សែន ត​ទៅ​ទៀត​ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា៖ «ខ្ញុំ​រស់នៅ​ប្រទេស​ជប៉ុន​ឃើញ​រដ្ឋាភិបាល​គេ​ស្រឡាញ់ និង​មើល​ការ​ខុសត្រូវ​ថែរក្សា​ប្រជាជន និង​ស្រុក​ទេស​គេ​ដោយ​វិធី​ណា​ដោយ​បែប​ណា ប៉ុន្តែ​លោក ហ៊ុន សែន វិញ គឺ​អត់​ផង​ហ្នឹង។ លោក ហ៊ុន សែន មុខ​ក្រាស​រាល់​ការងារ​ទាំង​អស់។ គាត់​បោះ​ឆ្នោត​អត់​ត្រឹមត្រូវ​ហើយ​បន្លំ​សន្លឹក​ឆ្នោត។ រំលាយ​គណបក្ស​ប្រឆាំង និង​ធ្វើ​បាប​ប្រជារាស្ត្រ​ថ្ងៃ​គាត់​យំ​គាត់​ស្រែក​រឿង​ដីធ្លី។ លោក​ ហ៊ុន​ សែន​ ដឹក​នាំ ៤០ឆ្នាំ​តើ​ឃើញ​អី​សូម្បី​តែ​ទឹក និង​ភ្លើង​ក៏​ប្រើ​មិន​គ្រប់​ដែរ។ អ៊ីចឹង គឺ​គ្រប់​វិស័យ​ដែល​យើង​ឃើញ​នឹង​ភ្នែក។ យើង​លែង​ចង់​ឃើញ​ទិដ្ឋភាព​បែប​នេះ​ទៀត​ហើយ យើង​ចង់​ផ្លាស់​ប្តូរ»

រី​ឯ​ប្រធាន​ចលនា​យុវជន​ សង្គ្រោះ​ជាតិ ​នៅ​ប្រទេស​ជប៉ុន​លោក ហៃ វណ្ណា ប្រាប់​អាស៊ី​សេរី​ថា ដោយ​សារ​បាតុកម្ម​ប្រឆាំង​​លោក​ហ៊ុន​ សែន​ ធ្វើឡើង​ចំ​ថ្ងៃធ្វើការ​ដូច្នេះ​មិនសូវ​មាន​អ្នកចូលរួម​ច្រើន​នោះ​ទេ​ ប៉ុន្តែ​លោក​នៅតែ​ប្រកាស​ពី​ភាព​ជោគជ័យ​ដដែល​។ លោក​​បន្ត​ថា​ បាតុកម្ម​នេះ​គឺ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​ទីកន្លែង​មិន​គាំទ្រ​លោក​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​នោះ​ទេ​ដូច្នេះ​សូម​ឱ្យ​ប្រទេស​​ជប៉ុន ​និង​ប្រទេស​ដទៃ​ទៀត​ ឈប់​អញ្ជើញ​លោក ​ហ៊ុន​ សែន​ ទៅ​ចូលរួម​ប្រជុំ៖ «ខ្ញុំ​គិត​ថា​ ប្រទេស​ខ្មែរ​សព្វ​ថ្ងៃ​កំពុង​ទទួល​រង​ទង្វើ​អសីលធម៌​របស់​លោក​ ហ៊ុន​ សែន។ ប្រសិនបើ​យើង​បណ្ដោយ​ឱ្យ​ស្ថាន​ការ​បែប​នេះ​ទៀត​គឺ​វា​អាច​ក្លាយ​ជា​របប ប៉ុល ពត ទី២។ សូម​ឱ្យ​ប្រជា​ពលរដ្ឋ​ទូទាំង​ពិភព​លោក ​ត្រូវ​តែ​សហការ​គ្នា​ ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ជំនួស​បង​ប្អូន​ខ្មែរ​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចុង​ក្រោយ​សូម​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ត្រៀមខ្លួន​រង​ចាំ​លោក​ សម​ រង្ស៊ី​ ធ្វើ​មាតុភូមិ​និវត្តន៍។ ប្រជាធិបតេយ្យ​ គឺ​មិន​មែន​ធ្លាក់​មក​ពី​លើ​មេឃ​ទេ​ គឺ​ត្រូវ​ការ​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ក្នុង​សង្គម​នោះ»

​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​ ក៏​មាន​ការ​ជួយ​សម្រួល​ និង​ការពារ​សុវត្ថិភាព​ពី​មន្ត្រី​ប៉ូលិស​ជប៉ុន​ផង​ដែរ។

មេ​ដឹក​នាំ​របប​ក្រុងភ្នំពេញ​លោក​ ហ៊ុន​ សែន ​មិន​បាន​ចេញ​មុខ​ទៅ​ជួប​ក្រុម​បាតុករ​ ដែល​ប្រឆាំង​នឹង​លោក​នោះ​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្ដីពី​អនាគត​របស់​អាស៊ី​នៅ​ទីក្រុង​តូក្យូ​ថា ​លោក​មិន​ខ្លាច​ញញើត​ ចំពោះ​បាតុកម្ម ឬ​ការ​ប៉ះ​បោរ​ប្រឆាំង​លោក​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក​ ហ៊ុន​ សែន ​ថែមទាំង​ប្រកាស​ពី​វិធានការ​បន្ត​ធ្វើទុក្ខ​បុក​ម្នេញ​លើ​មន្ត្រី​គណបក្ស​ប្រ​ឆាំង​ និង​ប្រកាស​រង់ចាំ​ធ្វើសង្គ្រាម​ប្រឆាំង​ជាមួយ​បុគ្គល​ដែល​បះបោរ​ពី​ក្រៅ​ប្រទេស ​ដើម្បី​ទម្លាក់​លោក​ពី​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង៖ «ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ​ថា ​វិធានការ​ច្បាប់​នឹង​ត្រូវតែ​បន្ត​ចំពោះ​ជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់។ ទន្ទឹម​នេះ​ ខ្ញុំ​ក៏​កំពុង​រង់ចាំ​ការ​ធ្វើសង្គ្រាម​មួយ​ដែលគេ​បាន​ប្រកាស​ថា ​នឹង​ចលនា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ជប៉ុន​ ខ្មែរ​ខ្លះ​នៅ​កូរ៉េ​ខាង​ត្បូង ខ្មែរ​ខ្លះ​នៅ​ថៃ​ ខ្មែរ​ខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធ្វើសង្គ្រាម​ដើម្បី​មក​ចាប់​ខ្ញុំ។ ដរាប​គេ​មិន​ទាន់​ធ្វើ​ចប់​ទេ ខ្ញុំ​ក៏​មិន​ទាន់​ធ្វើអ្វី​ដែរ។ អ៊ីចឹង​ខ្ញុំ​សូម​ប្រកាស​ដោយ​ចំហ​ពី​ទី​នេះ​ឱ្យ​ពិភពលោក​បាន​ដឹង​ថា ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ ដែល​វា​នឹង​កើត​ឡើង​ តាម​រយៈ​ការ​ប្រកាស​របស់​ជន​ក្បត់​ជាតិ គេ​ហៅ​ថា ឆ្កែ​មួយ​ក្បាល​ដែល​ស្រែក​ពី​ក្រៅ​ប្រទេស។ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ ហ៊ុន សែន។ អ៊ីចឹង​ខ្ញុំ​មិន​ធ្វើអ្វី​ផ្សេង​ទៀត​ក្រៅ​តែ​ពី​ដំណើរ​ការ​ផ្លូវ​ច្បាប់ ហើយ​ទុក​លទ្ធភាព​ឱ្យ​ឆ្កែ​មួយ​ក្បាល​ ដែល​ស្រែក​ពី​បរទេស​ឱ្យ​កងទ័ព​បះបោរ ឱ្យ​ប្រជា​ពល​រដ្ឋ​បះបោរ​ ហើយ​ចាប់ ហ៊ុន សែន យក​ទៅ​ផ្ដន្ទាទោស​ខ្ញុំ​ទុក​ពេល​ឱ្យ​គេ​ធ្វើ។ ដរាប​ណា​គេ​មិន​ទាន់​ប្រកាស​ចុះ​ចាញ់​សង្គ្រាម​នេះ​ទេ ខ្ញុំ​ក៏​មិន​ទាន់​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ»

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន (ស្ដាំ) ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជប៉ុន នា​ទីក្រុង​តូត្យូ កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៩។
មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន (ស្ដាំ) ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជប៉ុន នា​ទីក្រុង​តូត្យូ កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៩។ (រូប​ពី​ហ្វេសប៊ុក​ លោក ហ៊ុន សែន)

ការប្រកាស​របស់​លោក ហ៊ុន សែន នេះ​ស្រប​ពេល​ដែល​មាន​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​លោក​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់ ហើយ​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រ​កាស​ជា​បន្តបន្ទាប់​ពី​ផែនការ​វិល​ចូល​កម្ពុជា​វិញ ដើម្បី​ចាប់​លោក ហ៊ុន សែន ឱ្យ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់។

លោក ហៃ វណ្ណា ចាត់​ទុក​ថា សម្ដី​របស់​លោក ហ៊ុន សែន ថា ជា​សម្ដី​ល្ងង់​ខ្លៅ និង​ជា​មនុស្ស​មិន​យល់​ពី​ច្បាប់៖ «និយាយ​បែបនេះ​គឺជា​មតិ​ឆោតល្ងង់​ខ្វះ​សតិ។ អ៊ីចឹង​ហើយ​ខ្ញុំ​គិត​ឃើញ​ថា​ ក្នុងនាម​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​គេ​មិន​និយាយ​បែប​នេះ​ទេ ​តែ​នេះ​ គឺ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់​ ទើប​និយាយ​បែប​នេះ»

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ មានប្រសាសន៍​ថា ការ​តវ៉ា​ប្រឆាំង​វត្ត​ មាន​លោក ហ៊ុន សែន នៅ​ជប៉ុន ​គឺជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​បុគ្គល​ទាំង​ឡាយ ដែល​រស់នៅ​ប្រទេស​ជប៉ុន ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី និង​ធានា​សិទ្ធិមនុស្ស។ អាជ្ញា​ធម៌​ខ្មែរ​មិន​មាន​សមត្ថកិច្ច និង​អំណាច​ហាមឃាត់​បាន​ឡើយ ហើយ​មុន​នេះ ក៏​មាន​ការ​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន នៅ​កូរ៉េ​ខាង​ត្បូង​ដែរ។ ចំពោះ​សារ​ព្រមាន​ធ្ងន់ៗ របស់​លោក ហ៊ុន សែន នោះ ប្រហែល​ជា​ក្នុង​គោល​បំណង​​រាំង​មិន​ឱ្យ សម រង្ស៊ី វិល​ចូល​ស្រុក។ លោក​យល់​ថា ទំនាស់​ពាក្យ​សម្ដី​របស់​មេ​ដឹក​នាំ​នយោបាយ​កម្ពុជា​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ដោយសារ​តែ​មិន​ចេះ​រស់នៅ​សុខដុម​ជាមួយ​គ្នា និង​មិន​ចេះ​ដោះ​ស្រាយ​ទំនាស់​រវាង​ខ្មែរ និង​ខ្មែរ​នៅ​​ក្នុង​​ស្រុក។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក​ ព្រាប​ កុល​ លោក​ឡើង​ដែរ​ថា ​បាតុកម្ម​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន គឺ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​បន្ត​ថា សារ​នយោបាយ​របស់​លោក ហ៊ុន សែន នេះ គឺ​ផ្ទុយ​ពី​ឆន្ទៈ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ ព្រោះ​ពលរដ្ឋ​ខ្មែរ​មិន​ចង់​ឃើញ​ទំនាស់​នយោបាយ​កម្ពុជា​បន្ត​ទៅ​ទៀត ដែល​នាំ​ឱ្យ​ខាត​បង់​ផល​ប្រយោជន៍​ជាតិ។ សង្គ្រាម​ពាក្យ​សម្ដី​រវាង​មេដឹកនាំ​នយោបាយ​ល្មម​​ដល់​ពេល​បញ្ចប់។ លោក​ផ្ដល់​មតិ​ថា កម្ពុជា​ត្រូវការ​វប្បធម៌​នយោបាយ​ថ្មី​មួយ ដែល​​បង្ក​លក្ខណ:​ឱ្យ​មាន​ការ​ធ្វើ​នយោបាយ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ដោយ​ផ្ដោត​លើ​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ​ជា​ជាង​គំនុំ ឬ​អរិភាព​ផ្ទាល់​ខ្លួន​រវាង​អ្នក​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។