ពលរដ្ឋនៅតាមបណ្ដាខេត្ត ថាការឈឺចាប់ និងភាពអយុត្តិធម៌សង្គម ធ្វើឱ្យពួកគាត់គាំទ្របក្សប្រឆាំង និងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មកកម្ពុជាវិញ ព្រោះសង្ឃឹមថា បក្សប្រឆាំងនឹងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។
ការឈឺចាប់ និងអយុត្តិធម៌សង្គម ដែលកើតមានឡើងនៅក្នុងសង្គមខ្មែរនោះ គឺប្រជាពលរដ្ឋទាំងនោះ សំដៅទៅលើការដឹកនាំប្រទេសបច្ចុប្បន្ន ដែលអ្នកដឹកនាំខ្វះសមត្ថភាព ក្នុងការធ្វើឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ រស់នៅប្រកបដោយភាពសុខដុមរមនាជាមួយគ្នា។
លោក សុរិយា បុត្រ ពលរដ្ឋនៅខេត្តសៀមរាប លើកយកបញ្ហាចំណាកស្រុក ដែលលោកថា ជាជ្រុងមួយនៃបញ្ហា ក្នុងចំណោមបញ្ហាជាច្រើន ដែលបង្ហាញថា ប្រទេសកម្ពុជាមិនបានរីកចម្រើន ដូចតាមការអួតអាងរបស់មន្ត្រីបក្សកាន់អំណាចនោះឡើយ៖ «បើសិនជាតិវារុងរឿង វាល្អមែននោះ តើហេតុអ្វីក៏មានពលករខ្មែរចំណាកស្រុក ទៅកាន់ប្រទេសកូរ៉េ ម៉ាឡេស៊ី និង ថៃ ? តើការធ្វើចំណាកស្រុកនោះល្អឬអត់ ? បើទៅចំប្រទេសម៉ាឡេស៊ី យើងឃើញថា អ្នកខ្លះវេទនារហូតស្លាប់ខ្លួន។ ប្រទេសថៃ អ្នកខ្លះចំទូក កាណូត ឬកប៉ាល់ដែលនេសាទត្រី ឬបង្កងមួយឆ្នាំ មិនបានវិលមកគោកម្ដងផង រហូតដល់មានស្លាប់ចោលឪពុកម្ដាយ»។
ប្រជាពលរដ្ឋមួយរូបទៀត គឺលោក ពិសិដ្ឋ នៅខេត្តបន្ទាយមានជ័យ ថា លោកឈឺចាប់ឆ្អែតណាស់ហើយ ក្នុងការរស់នៅក្រោមរបបសព្វថ្ងៃ។ លោកក៏ធ្លាប់ធ្វើជាពលករនៅប្រទេសថៃ។ លោករៀបរាប់បន្ថែមថា គ្មានពលរដ្ឋខ្មែរឯណាចង់ទៅលក់កម្លាំងពលកម្មនៅស្រុកគេនោះទេ ប៉ុន្តែគ្មានជម្រើស ដោយត្រូវបង្ខំចិត្តឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ ដើម្បីក្រពះ ដូចជារូបលោកនេះ៖ «ខ្ញុំមិនចង់ប្រាសចាកពីគ្រួសារទេ។ ខ្ញុំទៅស្រុកគេ រហូតពិកាដៃដោយសារដែកធ្លាក់លើ។ ខ្ញុំពិបាកណាស់ ! ខ្ញុំជាមនុស្សនឹងគេដែរ ហេតុអ្វីខ្ញុំលំបាកម្ល៉េះ ឯប្រជាពលរដ្ឋថៃគេរស់ស្រួល គេមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការដើរហើរ និងមានសេរីភាពក្នុងការនិយាយស្តី។ ខ្ញុំមើលទៅដូចជាបាតដៃ និងខ្នងដៃ»។
លោកពិសិដ្ឋបន្ថែមថា ការធ្វើទុក្ខបុកម្នេញ រហូតចាប់ចងប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយសារតែនិន្នាការនយោបាយ មិនស្របនឹងគណបក្សកាន់អំណាចបែបនេះ គឺបង្កើនការឈឺចាប់ទ្វេដង ទាំងឈឺចាប់ដោយសារការបាត់បង់សិទ្ធិសេរីភាពផ្នែកជីវភាពនយោបាយ និងឈឺចាប់ដល់សមាជិកក្រុមគ្រួសារ ដែលត្រូវបាត់បង្គោលហិរញ្ញវត្ថុ ពេលអាជ្ញាធរចាប់មេគ្រួសារដាក់គុក៖ «រាល់ថ្ងៃខ្ញុំបើកហ្វេសប៊ុកមើល ឃើញតែចាប់បុគ្គលនេះ បុគ្គលនោះ។ អ្នកខ្លះជំពាក់លុយធនាគារអេស៊ីលីដា ឬ ធនាគារមីក្រូហិរញ្ញវត្ថុ ចាប់ប្តីគាត់ទៅ តើគាត់មានសមត្ថភាពឯណារកលុយបង់ធនាគារ ?»។
ជុំវិញសេរីភាពនេះដែរ លោកស្រី បុប្ផា ដែលជាពលរដ្ឋរស់នៅខេត្តកណ្តាលឯណោះ ថ្លែងថាប្រជាពលរដ្ឋខ្មែរ រងការរិតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំង ដែលមិនអាចឱ្យពលរដ្ឋនៅស៊ូទ្រាំ ក្រោមការកៀបសង្កត់បែបនេះបានតទៅទៀតនោះឡើយ៖ «មួយថ្ងៃៗបើកភ្នែកឡើង ឮសូរតែចាប់ ឮសូរតែចូលគុក ឮសូរតែយំស្រែកគ្រប់ទិសទី។ តើយើងនៅឈរសម្ងំស្ងៀមបៀមទុក្ខដល់ណាទៀត បើយើងមិនជួយគ្នានៅពេលនេះ តើពេលណា ដែលយើងបានរួចផុតទុក្ខទោស នូវអំពើដែលសាហាវយង់ឃ្នង សាហាវឃោរឃៅ ក្នុងពេលបច្ចុប្បន្ននេះ ?»។
ការក្រោកឡើងនេះ គឺលោកស្រីសំដៅលើការក្រោកនាំគ្នាបង្ហាញជំហរគាំទ្រ ដំណើរមាតុភូមិនិវត្តន៍របស់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលលោកស្រី បុប្ផា យល់ឃើញថា មកដើម្បីរកដំណោះស្រាយ មិនមែនមកនាំសង្គ្រាម ដូចការចោទប្រកាន់របស់មន្ត្រីបក្សកាន់អំណាចនោះទេ។
ជាងនេះទៅទៀត លោកស្រី បុប្ផា ថាបើគ្មានដំណោះស្រាយឆាប់ៗទេ កម្ពុជាចៀសមិនផុតពីទណ្ឌកម្មអន្តរជាតិ ជាពិសេសពីសហភាពអឺរ៉ុប រឿងព្យួរការអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» ឬ EBA ជាដើមនោះ។ លោកស្រី ថា នៅពេលគេព្យួរការអនុគ្រោះពន្ធ EBA នេះ វានឹងរឹតតែធ្វើឱ្យបញ្ហាកាន់តែធំ ដែលប៉ះពាល់ដល់ជីវិភាពគ្រួសាររបស់ពលរដ្ឋនៅមូលដ្ឋាន៖ «គឺគាត់មានកូនដែលកាត់ដេរ។ គាត់សង្ឃឹមលើពួកកូនចៅហ្នឹងហើយ។ ដល់តែគេផ្ដាច់ប្រព័ន្ធ EBA មិនដឹងថា គាត់ត្រូវសង្ឃឹមលើអ្នកណាទេ។ ដូច្នេះ ពួកគាត់បាក់ទឹកចិត្តខ្លាំង។ ម្ល៉ោះហើយរដ្ឋាភិបាល ត្រូវតែទទួលខុសត្រូវ»។
ការទទួលខុសត្រូវនេះ ខាងរដ្ឋាភិបាលឯណោះ បានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចរាល់ទៅហើយ ដើម្បីទប់ទល់ពេលសហភាពអឺរ៉ុប ព្យួរការអនុគ្រោះ EBA ដោយលោក ហ៊ុន សែន បានអះអាងអំពីកំណែទម្រង់សេដ្ឋកិច្ច កាលពីចុងខែមីនា និង ការត្រៀមមាសជិត ៣០តោន និងប្រាក់បម្រុងខ្លះ ដែលលោកអះអាងថា អាចទប់ទល់បើកប្រាក់ខែឱ្យមន្ត្រីរាជការបានរាប់ខែដែរ ពេលរងទណ្ឌកម្មអន្តរជាតិ។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋានទាំងនេះ បញ្ជាក់ជំហរគាំទ្រ ដំណើរមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំង នៅថ្ងៃទី៩ ខែវិច្ឆិកានោះ និងសំណូមពរឱ្យលោក ហ៊ុន សែន ជួយសម្រួលឱ្យអ្នកទាំងនោះ អាចធ្វើដំណើរវិលចូលប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ជៀសវាងចាត់វិធានការបង្ក្រាប ព្រោះការបង្ក្រាបទៅលើពលរដ្ឋស៊ីវិល ដែលចូលរួមក្នុងសកម្មភាពគាំទ្រមេដឹកនយោបាយ ដែលខ្លួនស្រលាញ់ ដោយសន្តិវិធីបែបនេះ នឹងគ្មានចំណេញអ្វីដល់មុខមាត់រដ្ឋាភិបាលនោះទេ។ មិនតែប៉ុណ្ណោះ បើការបង្ក្រាបនេះឈានដល់ការបង្ហូរឈាម សហគមន៍អន្តរជាតិ រឹតតែថ្កោលទោស និងដាក់ទណ្ឌកម្មបន្ថែមលើរបបលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។