អ្នក​វិភាគ​​សង្គម​ បណ្ឌិត មាស នី បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពេល​​លោក ហ៊ុន សែន ព្រមាន​ឲ្យ​ឈប់​វិភាគ

ដោយ មួង ណារ៉េត
2018-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​វិភាគ និង​ជាអ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក ក្រោយ​ពេល​លោក ហ៊ុន សែន ព្រមាន​ឲ្យ​ឈប់​វិភាគ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា លោក​គ្មាន​ចេតនា ធ្វើ​ឲ្យ​សង្គម​ជាតិ​ខ្មែរ ប្រេះឆា​នោះ​ឡើយ។

លោកបណ្ឌិត មាស នី អះអាងថា លោកតែង​តែមានការព្រួយបារម្ភ ពីបញ្ហា សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នេះជាប្រចាំ ដោយសារ​តែការ​វិភាគ​របស់​លោក អាច​ប៉ះពាល់ដល់អារម្មណ៍​របស់​អ្នកនយោបាយ​ខ្លះ ជាពិសេស​លោក ហ៊ុន សែន៖ «ព្រួយ​ចេះ​តែ​ព្រួយ​ហើយ! ប៉ុន្តែ​យើង​គ្រាន់​តែ​និយាយ​អ្វី ដែល​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ ខុស​ត្រូវ ស្រេច​លើ​ភាព​ពិត​ដែល​កើត​ឡើង។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​គាត់​ខ្ញាល់​រឿង​ហ្នឹង​ខ្លាំង។ ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​មិន​បាន​និយាយ​អ្វី ឲ្យ​ប៉ះពាល់​គាត់​ផង»

ការ​វិភាគ​របស់លោកបណ្ឌិត មាស នី ធ្វើ​ឲ្យ​លោក​នាយករដ្ឋ​មន្រ្តី​ខឹង​ខ្លាំង រហូត​ដល់​ប្រមាថ​កាតទាន​លោក ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ ថា៖ «មាស នី បើឆ្កួត ឆ្កួតតែឯង ទៅ! កុំមកនាំគេឆ្កួតជាមួយ! បើ មាស នី ឯងល្ងង់ មិន​យល់​ផ្នែក​នយោបាយ​ទេ កុំ​មក​ធ្វើ​ជា​អ្នកវិភាគ​បន្ត​ទៅ​ទៀត»

សម្តីរបស់លោក ហ៊ុន សែន ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របស់​លោក គឺ​សារព័ត៌មាន The Fresh News ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី៣ ខែកញ្ញា ដោយ​លោក ហ៊ុន សែន ហៅ​ការ​វិភាគ​របស់​បណ្ឌិត មាស នី ចុង​ក្រោយ​នេះ​ថា ជា “ការ​វិភាគបែប ឆ្កួត​លីលា”។

លោក ហ៊ុន សែន ប្រមាថ​បណ្ឌិត មាស នី បន្ទាប់​ពី​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន អំពី​ចេតនា​របស់​លោក ដែល​ប្រាថ្នា​ចង់​ឃើញ​អ្នក​ដឹក​នាំ​នយោបាយ នៃ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង វិល​ទៅ​រក​ការ​ចរចា​គ្នា ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ។ បណ្ឌិត មាស នី ចង់​ឲ្យ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជួប​ចរចា​គ្នា ដើម្បី​ឈាន​ទៅ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ពេល​ដែល​លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នៅ​ពេល​ឆាប់ៗ នេះ។

លោក ហ៊ុន សែន បញ្ជាក់​តាម​រយៈ​ប្រព័ន្ធ​ឃោសនា​របស់​លោក​ថា៖ «គ្មាន​ការ​ចរចា​ណា​មួយ​រវាង​លោក ជាមួយ​នឹង​លោក សម រង្ស៊ី នោះ​ឡើយ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅ​ក្រៅ​ប្រទេស​ទាំង​អាមេរិក និង​នៅ​អឺរ៉ុប។ លោក​សូម​ប្រាប់​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ ដូច​ការ​វិភាគ​ឆ្កួត​លីលា​ដូច មាស នី នោះ​ឡើយ  គឺ​មាន​តែ​អ្នក​នយោបាយ​អនុវត្ត ទោស​តាម​ច្បាប់​របស់​កម្ពុជា តែ​ប៉ុណ្ណោះ»

លោកបណ្ឌិត មាស នី អះអាងថា​លោកគ្មានប្រតិកម្ម​អ្វី តប​ត​ទៅ​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​លោក​ទទួល​ស្គាល់​ថា លោក​មិន​ដែល​រំពឹង​ថា រាល់​ការ​វិភាគ​របស់​លោក​សុទ្ធតែ​ត្រូវ​ទាំង​អស់​នោះ​ទេ៖ «បើសិនជា​សម្តេច​នាយក គាត់​មើល​ឃើញ​ថា ការ​វិភាគ​ហ្នឹង​វា​មិន​ត្រូវ ឲ្យ​ធ្វើ​យ៉ាង​ម៉េច? គិត​ថា​វា​ខុស​ពី​ការ​វិភាគ​នេះ​ទៅ​ចុះ ព្រោះ​ខ្ញុំ​គិត​មិន​ដល់។ ប៉ុន្តែ ឲ្យ​ខ្ញុំ​ហ្នឹង​មាន​អារម្មណ៍​ខឹង​តប​ត​ទៅ​សម្តេច​វិញ ខ្ញុំ​មិន​មាន​សិទ្ធិ​អ្វី​ទៅ​ខឹង​គាត់​ទេ បើ​និយាយ​ឲ្យ​ត្រង់​មែន​ទែន​ទៅ»

ទោះជាយ៉ាង​នេះ​ក្តី បណ្ឌិត មាស នី អះអាង​ថា លោក​មិន​ដឹង​ជម្រៅ​ចិត្ត​របស់​លោក ហ៊ុន សែន ថា​យល់​ឃើញ​យ៉ាង​ម៉េច​នោះ​ឡើយ ប៉ុន្តែ អ្វី​ដែល​លោក​លើក​ឡើង គឺ​លោក​គ្មាន​បំណង​ ឬ​ចេតនា​ណា​មួយ ទៅបំបែកបំបាក់​សង្គមជាតិ​ខ្មែរ​នោះទេ៖ «នោះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ អ្វីៗ ស្រេច​តែ​លើ​អ្នក​ដឹកនាំ​ គាត់​ជា​អ្នក​សម្រេច។ បើ​គាត់​សម្រេច​ថាធ្វើ គាត់​ធ្វើ​បាន។ បើ​គាត់​សម្រេច​ថា​មិន​ធ្វើ​ ក៏​ទៅ​តាម​ដំណើរ​ហ្នឹង​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​​​​បាន​លើក​ឡើង គឺ​គ្រាន់​តែ​ចេតនា​មួយ​របស់​ពលរដ្ឋ។ ខ្ញុំ​ចង់​ឃើញ​អ្នក​ដឹក​នាំ​ហ្នឹង នាំ​គ្នា​ធ្វើ​ការ​ផ្សះផ្សា​ជាតិ សម្រាប់​សង្គម​ជាតិ​យើង​ទៅ​ថ្ងៃ​មុខ»

ចំពោះ​ថា​តើ​កម្ពុជា​បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​ស្ថានភាព​វិបត្តិ​នយោបាយ ឬ​យ៉ាង​ណា បណ្ឌិត មាស នី នៅ​តែ​ប្រកាន់​ជំហរ​ថា ការ​យល់​ឃើញ​របស់​បក្ស​កាន់​អំណាច និង​មជ្ឈដ្ឋាន​ទូទៅ​មិន​ដូច​គ្នា​ទេ។ ទោះ​ជា​របប​លោក ហ៊ុន សែន អះអា​ថា​យ៉ាង​ម៉េច ក៏​ការ​ពិត​ នៅ​តែ​ជា​ការ​ពិត៖ «សម្រា​ប់​រដ្ឋាភិបាល ដែល​អះអាង​ថា មិន​មាន​វិបត្តិ​នយោបាយ នោះ​គឺ​ជា​ការ​អះអាង​តាំង​ពី​ដើម​មក។ ប៉ុន្តែ​ពេល​ខ្លះ ពលរដ្ឋ និង​អ្នក​ដឹកនាំ​អាច​មើល​ឃើញ ពី​ទិដ្ឋភាព​នយោបាយ​ក្នុង​ស្រុក​យើង​ខុស​គ្នា»

បើ​ទោះ​បី​ជា​ស្ថានការណ៍​នយោបាយ បាន​ធូរ​ស្រាល​ខ្លះ​បន្តិច​ក៏​ដោយ ក្រោយ​របប​លោក ហ៊ុន សែន រង​សម្ពាធ​អន្តរជាតិ រហូត​ឈាន​ទៅ​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ ជា​ច្រើន​ជា​បន្ត​បន្តាប់​ ក៏​សារ​វាយ​ប្រហារ និង​ការ​គម្រាម​កំហែង​អ្នក​វិភាគ និង​អ្នក​ហ៊ាន​និយាយ​រិះគន់​របប​នេះ និង​សារ​ឌឺដង​ឡង​សម្តី​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​តែ​ឮ​កង​រំពង ជាប់​ជា​ប្រចាំ។ លោក ហ៊ុន សែន តែងតែ​ថ្លែង​សារ​វាយ​ប្រហារ​ទៅ​លោក សម រង្ស៊ី នៅ​គ្រប់​វេទិកា​សាធារណៈ ទោះ​បី​ជា​លោក និង​មន្រ្តី​របស់​របប​លោក​ធ្លាប់​អះអាង​ថា លែង​ជ្រលក់ និង​ឈប់​និយាយ​អំពី​អតីត​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ ព្រោះ​ចាត់​ទុក​លោក សម រង្ស៊ី ថា​ជា​មនុស្ស កំសាក អ្នក​នយោបាយ​រត់​ចោល​ស្រុក គ្មាន​តម្លៃ និង​ជា​ទណ្ឌិត​ជា​ដើម​ក៏​ដោយ។

ទោះបីជារបប​លោក ហ៊ុន សែន អះអាង​យ៉ាង​ដូច្នេះ ក៏​អ្នក​វិភាគ​យល់​ឃើញ​ថា ឥទ្ធិពល​របស់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ នៅ​តែ​ខ្លាំង ដែល​ធ្វើ​ឲ្យ​របប​លោក ហ៊ុន សែន ចាត់​ទុក​ថា នេះ​គឺ​ជា​ចំណុច​រសើប នៅ​ពេល​គេ​និយាយ​ដល់​ឋានៈ​របស់​មន្រ្តី និង​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

anonymous

If,u are worrying or concern of your life threatening,just quick seeking asylum at the western embassies around in Phnom Penh.

Sep 18, 2018 02:10 PM

គេហទំព័រ​ទាំងមូល