មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងស្វែងកិច្ចអន្តរាគមន៍ពីស្ថាប័នអង្គការសហប្រជាជាតិ ឱ្យយកចិត្តទុកដាក់ និងមានវិធានការករណីការបង្កើនការធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានក្នុងពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង ជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីអ្នកស្រី មូរ សុខហួរ បានសរសេរលិខិត មួយច្បាប់ កាលពីថ្ងៃទី២២ ខែកញ្ញា ទៅនាយកប្រតិបត្តិផ្នែកកិច្ចការនារីរបស់អង្គការសហប្រជាជាតិអ្នកស្រី ភូមិហ្ស៊ីឡេ ម៉ូឡាំបូ-គឺកា (Phumzile Mlambo-Ngcuka) ដើម្បីសុំអន្តរាគមន៍ ជុំវិញការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធររបបលោក ហ៊ុន សែន លើស្ត្រីក្នុងជីវភាពនយោបាយ ក្នុងករណីចាប់សកម្មជនគណបក្សសង្គ្រោះជាតិកញ្ញា យូ ចាន់ធានី។
កញ្ញា យូ ចាន់ធានី ត្រូវអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួននៅកន្លែងធ្វើការ នៅក្នុងធនាគារអេប៊ីអេ (ABA) កាលពីថ្ងៃទី១៣ ខែកញ្ញា។ តុលាការបានចោទប្រកាន់កញ្ញាពីបទ ទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ដើម្បីផ្ដួលរំលំរបបក្រុងភ្នំពេញ។
អ្នកស្រី មូរ សុខហួរ បន្ថែមថា បរិយាកាសភ័យខ្លាច កំពុងរីកសាយភាយយ៉ាងគំហុក នៅពាសពេញប្រទេស ស្របពេលដែលប្រព័ន្ធតុលាការប្រឡាក់ប្រឡូសដោយអំពើពុករលួយ និងត្រូវគេប្រើប្រាស់ជាឧបករណ៍នយោបាយ ប្រឆាំងអ្នកហ៊ានរិះគន់របបនេះ និងធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងឥតស្រាកស្រាន្ត។
អ្នកស្រីថា ការចាប់ និងឃុំខ្លួនជាលក្ខណៈប្រព័ន្ធ ទៅលើយុវជនដែលគាំទ្រគណបក្សសង្គ្រោះជាតិ ដោយសារការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិរបស់ខ្លួនបែបនេះ គឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលមិនអាចអត់ឱបាននោះឡើយ។
អ្នកស្រីបន្ថែមថា កញ្ញា យូ ចានធានី គឺជាជនរងគ្រោះម្នាក់ទៀត ក្នុងចំណោមជនរងគ្រោះជាស្ត្រីនៃគណបក្សប្រឆាំង ដែលស្ថិតក្នុងសេណារីយ៉ូរបស់បក្សកាន់អំណាច ក្នុងការកម្ចាត់សមាជិកគណបក្សប្រឆាំងឱ្យអស់។
អ្នកស្រីស្នើឱ្យស្ថាប័នស្ត្រីអន្តរជាតិមួយនេះ លើកបញ្ហានេះ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-៣០ ខែកញ្ញា និងទាមទារឱ្យចាត់ការ ដើម្បីដោះលែងសកម្មជនបក្សប្រឆាំងជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ប៉ុន្តែមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ចាត់ទុកលិខិតរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះថា ធ្វើមិនត្រូវតាមតថភាពជាក់ស្ដែង នៃរឿងរ៉ាវដែលកើតមានឡើងពិត ជុំវិញការចាប់ខ្លួនកញ្ញា យូ ចាន់ធានី និង សកម្មជនបក្សប្រឆាំងឯទៀតនោះឡើយ។ លោកបន្ទរតាមមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ដែលហៅសកម្មភាពគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នោះថា ដើរហួសបន្ទាត់ក្រហម៖ «ការលើកឡើងហ្នឹង វាមិនចំអ្វីដែលជាហេតុផល ឬក៏ជាអង្គហេតុនៃការចាប់ខ្លួន។ គាត់មិនបាននិយាយរឿងហ្នឹងទេ។ អង្គហេតុដែលគេចាប់ហ្នឹង គឺមានហេតុផលត្រឹមត្រូវផងដែរ គឺនគរបាល និងសមត្ថកិច្ច ចាប់គាត់ពីសកម្មភាពបំផុលបំផុល ការចូលរួមក្នុងចលនាធ្វើរដ្ឋប្រហារ»។
លិខិតរបស់អ្នកស្រី មូរ សុខហួរ ទៅកាន់ស្ថាប័នអង្គការសហប្រជាជាតិនេះ ធ្វើឡើង ៥ថ្ងៃ ក្រោយប្រធានស្ដីទីគណបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលិខិតមួយដែរ ទៅប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក ខូលី សេក (Coly Seck) ដើម្បីអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ជួយធានាយ៉ាងណា ឱ្យដំណើរមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំង ចេញផ្លែផ្កាជាការចរចា ដើម្បីផ្សះផ្សាជាតិ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កំពុងជួបប្រជុំប្រចាំឆ្នាំរបស់ខ្លួន លើកទី៤២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៧ ខែកញ្ញា។
សារអំពាវនាវរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងស្របពេលដែលរបបលោក ហ៊ុន សែន កំពុងបង្កើនការធ្វើទុក្ខបុកម្នេញ និងបង្ក្រាបសំឡេងប្រឆាំងដើម្បីរារាំងអ្នកទាំងនោះ មិនឱ្យចូលរួមគាំទ្រដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
