ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរវិលចូលកម្ពុជាវិញតាមកាលកំណត់ បើទោះជាមានការគំរាមកំហែង និងការត្រៀមបង្ក្រាបពីអាជ្ញាធររបបក្រុងភ្នំពេញបែបណាក្តី។ ជំហរចុងក្រោយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ នៅថ្ងៃទី៦ វិច្ឆិកា នាទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិសង្គ្រោះជាតិ អះអាងប្រាប់អាស៊ីសេរីថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា ចុងសប្ដាហ៍នេះ។ អ្នកស្រីបញ្ជាក់ថា មាតុភូមិនិវត្តន៍នេះ មិនមែនដើម្បីទៅធ្វើសង្គ្រាម ឬធ្វើបដិវត្តន៍ពណ៌នោះឡើយ ប៉ុន្តែគឺដើម្បីសា្តរលទ្ធិប្រជាធិបតេយ្យ និងដោះស្រាយវិបត្តិការអនុគ្រោះពន្ធ EBA ដែលកម្ពុជាកំពុងប្រឈមមុខនឹងការបាត់បង់។ អ្នកស្រីស្នើឱ្យសហគមន៍អន្តរជាតិជួយតាមដានដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ព្រោះតែរបបក្រុងភ្នំពេញកំពុងប្រព្រឹត្តផ្ទុយនឹងច្បាប់កំពូលរបស់ជាតិ ដោយបិទសិទ្ធិពលរដ្ឋរបស់ខ្លួនមិនឱ្យត្រឡប់ទៅប្រទេសកំណើត និងប្រើកម្លាំងទ័ពត្រៀមបង្ក្រាបពលរដ្ឋរបស់ខ្លួន។
អ្នកស្រី មូរ សុខហួរ អះអាងទៀតថា អ្នកកាសែតបរទេសដែលចូលរួមក្នុងសន្និសីទសារព័ត៌មាននោះ ចាប់អារម្មណ៍ និងមានសំណួរជាច្រើនអំពីដំណើរមាតុភូមិនិវត្តន៍នេះ ក៏ប៉ុន្តែពួកគេ រួមទាំងអ្នករៀបចំកម្មវិធីផង បានស្រឡាំងកាំងនៅពេលឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូណេស៊ី លោក ហោ ណាំបូរ៉ា ដែលត្រូវជាកូនប្រុសអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានចេញមករំខានដល់ដំណើរការកម្មវិធី និងហាមមិនឱ្យអ្នកស្រីថ្លែងទៅកាន់ក្រុមអ្នកកាសែត។
ក្នុងវីដេអូខ្លីដែលបណ្តាញសារព័ត៌មានបរទេសបានបង្ហោះ បង្ហាញឱ្យឃើញពីសកម្មភាព លោក ហោ ណាំបូរ៉ា ចេញមកមរារាំងអ្នកស្រី មូរ សុខហួរ មិនឱ្យមានមតិ និងថា សន្និសីទកាសែតនេះជារឿងខុសច្បាប់។ មន្ត្រីទូតខ្មែររូបនេះបានប្រាប់ឱ្យអ្នកកាសែតបិទមាត់ នៅពេលពួកគេព្យាយាមសួរលោកអំពីថា តើសន្និសីទកាសែតនេះខុសច្បាប់យ៉ាងដូចម្ដេច។ អ្នករៀបចំកម្មវិធីបានប្រគល់សិទ្ធិឱ្យលោក លោក ហោ ណាំបូរ៉ា បកស្រាយចំពោះសំណួររបស់អ្នកកាសែតវិញ ក៏ប៉ុន្តែមន្ត្រីការទូតរូបនេះបានបដិសេធមិនឆ្លើយសំណួរអ្វីទាំងអស់។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឥណ្ឌូណេស៊ី លោក ហោ ណាំបូរ៉ា បានទេ នៅថ្ងៃទី០៦ វិច្ឆិកា ក៏ប៉ុន្តែនៅមុននេះមួយថ្ងៃ លោកបានចេញលិខិតស្តីបន្ទោសសកម្មជនឥណ្ឌូណេស៊ីថា ពួកគេកំពុងធ្វើការជាមួយជនដែលរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរកម្ពុជា។ លោកថ្លែងទៀតថា នេះជារឿងមិនសមរម្យទេ ដែលសកម្មជនឥណ្ឌូណេស៊ីរៀបចំសន្និសីទកាសែតឱ្យអ្នកស្រី មូរ សុខហួរ និងបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកម្ពុជាទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៨។
ទោះជាសន្និសីទកាសែតអាចដំណើរការបានដោយចប់ចុងចប់ដើមក្ដី ក៏អ្នកស្រី មូរ សុខហួរ យល់ថា ជារឿងដ៏អាម៉ាស់បំផុតដែលមន្ត្រីការទូតរបបក្រុងភ្នំពេញបញ្ចេញឥរិយាបថ និងឫកពាមិនសមរម្យបែបនេះនៅចំពោះមុខអ្នកកាសែត ជាពិសេសនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានប្រជាធិបតេយ្យពិតប្រាកដ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន បញ្ចេញប្រតិកម្មនៅលើបណ្ដាញសង្គមធ្វីតធ័រ (Twitter) ថា នេះជាទង្វើប្រមាថធ្ងន់ធ្ងរ និងគ្មានលក្ខណៈការទូតអ្វីបន្តិចសោះឡើយ នៃឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឥណ្ឌូណេស៊ី។ លោកបន្តថា ករណីនេះបង្ហាញពីការប្រើប្រាស់សិទ្ធិអំណាចដោយរំលោភបំពាន និងការព្យាយាមរំខានដល់សេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំនៅឯក្រៅប្រទេស ពីសំណាក់មន្ត្រីរបបលោក ហ៊ុន សែន។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកំពុងស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិដើម្បីបើកច្រកឱ្យមានការចចារដោះស្រាយវិបត្តិនយោបាយកម្ពុជា ប៉ុន្តែរបបក្រុងភ្នំពេញដែលទទួលបានជោគជ័យក្នុងការរំលាយបក្សប្រឆាំងនោះ ហាក់ដូចជាគ្មានបំណងណាមួយក្នុងការវិលរកតុចរចានោះឡើយ បើទោះជាត្រូវប្រឈមនឹងសម្ពាធទណ្ឌកម្មពីអន្តរជាតិក្ដី។ ជាពិសេសនៅដំណាក់កាលចុងក្រោយនេះ របបលោក ហ៊ុន សែន បានបង្កើនការចាប់ចង និងត្រៀមកម្លាំងទ័ពច្រើនសន្ធឹកសន្ធាប់ដើម្បីកម្ចាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគ្រោងវិលត្រឡប់ចូលកម្ពុជាវិញនៅថ្ងៃទី០៩ វិច្ឆិកា ខាងមុខ។
ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ និងពលរដ្ឋដែលគាំទ្រគណបក្សនេះ អះអាងថា ពួកគេនៅតែប្ដេជ្ញាចិត្តវិលមកកម្ពុជាវិញដដែល ព្រោះពួកគេមានជំនឿថា ដំណើរមាតុភូមិនិវត្តន៍នេះអាចនឹងជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។