ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បង្ហាញមុខជាសាធារណៈកាន់តែញឹកញ៉ាប់ ជាពិសេស នៅតាមវត្តអារាមក្នុងរដូវពិធីកាន់បិណ្ឌនេះ ហើយមានពលរដ្ឋជាច្រើនបង្ហាញភាពស្និទ្ធស្នាលជាមួយលោកទៀតផង។ អ្នកឃ្លាំមើលសង្គមថា សកម្មភាពលោក កឹម សុខា ពេលនេះជារឿងល្អមួយ ប៉ុន្តែពួកគេចង់ឃើញមេបក្សប្រឆាំងរូបនេះធ្វើសកម្មភាពការងារសង្គមថែមទៀត។
លោក កឹម សុខា បង្ហាញសកម្មភាពនៅទីសាធារណៈច្រើនជាងមុននៅរយៈពេលចុងក្រោយនេះ ដូចជា ដាំដើមឈើ លែងកូនត្រី និងទៅវត្តកាន់បិណ្ឌជាដើម។ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុក (Facebook) ភ្ជាប់ជាមួយសំណេរ កាលពីថ្ងៃទី៧ កញ្ញាថា ក្នុងរដូវភ្ជុំបិណ្ឌនេះលោក និងភរិយាទៅដាក់បិណ្ឌបានពីរវត្តហើយដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកមានគុណ និងបុព្វការីជនដែលបានចែកឋានទៅ។ ក្រៅពីលោក កឹម សុខា និងភរិយាក៏ឃើញមានមន្រ្តីសំខាន់ៗ របស់លោកអមដំណើរក្នុងការចូលរួមកាន់បិណ្ឌនេះដែរ ដូចជា លោក យ៉ែម បុញ្ញាឬទ្ធិ លោក ប៉ុល ហំម លោក សឺន ស៊ូបែរ្តិ៍ និងលោក មាជ សុវណ្ណរ៉ា ជាដើម។ លោក កឹម សុខា សរសេរលើហ្វេសប៊ុកបន្តទៀតថា អ្វីដែលប្រពៃ និងរំភើបទៀតនោះ គឺលោកបានជួបមុខគ្នាដោយផ្ទាល់សួរសុខទុក្ខគ្នាដោយក្តីនឹករលឹកជាមួយពលរដ្ឋនៅក្នុងវត្ត ដែលនេះជាសេចក្ដីប្រាថ្នារបស់លោកចង់រួមរស់នៅ និងសាងកុសលផលបុណ្យជាមួយ ប្រជាពលរដ្ឋខ្មែរនៅលើទឹកដីកម្ពុជា។ ទន្ទឹមការធ្វើបុណ្យនៅវត្តលោក កឹម សុខា ក៏មិនភ្លេចធ្វើបុណ្យជាមួយម្ដាយលោកដោយបានយកចំណីអាហារជូនម្ដាយពិសាផ្ទាល់ និងជូនទេយ្យទាន ដើម្បីយកទៅវត្តប្រគេនព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌនេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី សង្កេតឃើញថា ការធ្វើសកម្មភាពរបស់លោក កឹម សុខា មិនស្ថិតក្នុងបម្រាមរបស់តុលាការទេ ។ ទោះយ៉ាងណាអ្នកឃ្លាំមើលសង្គមរូបនេះចង់ឃើញថា លោក កឹម សុខា អាចធ្វើសកម្មភាពសង្គមផ្សេងទៀត ដែលច្បាប់អនុញ្ញាត។ លោកបន្តថា លោក កឹម សុខា គួរធ្វើសកម្មភាពសំខាន់ពីរ គឺរក្សាកម្លាំងចាស់ និងបង្កើតកម្លាំងថ្មី។ អ្នកឃ្លាំមើលសង្គមរូបនេះយល់ថា ដ្បិតមកដល់ស្ថានពេលនេះទោះលោក កឹម សុខា កំពុងជាប់ក្នុងបម្រាមរបស់តុលាការមិនឱ្យធ្វើសកម្មភាពនយោបាយក្ដី ប៉ុន្តែគណបក្សសង្រ្គោះជាតិអាចរក្សាជំហររួបរួម និងបង្ហាញចេតនាឱ្យយុវជនជំនាន់ថ្មីអាចចូលរួមជាមួយខ្លួនបាន៖ «មកដល់ពេលនេះយើងរូបភាពខាងក្រៅយើងមិនដឹងថា មានយុទ្ធសាស្ត្រយ៉ាងណាទេ នៅក្នុងបក្សហ្នឹង ព្រោះយើងមិនអាចដឹង ប៉ុន្តែយើងឃើញសកម្មភាពដូចមានការបែកបាក់។ ការបង្កើតកម្លាំងថ្មីគណបក្សសង្គ្រោះជាតិរក្សាជំហររួបរួមទី២ បង្ហាញចេតនា ដើម្បីឱ្យមានយុវជនជំនាន់ថ្មីអាចចូលរួមបានទៅតាមមធ្យោបាយផ្សេងៗ » ។
រីឯអ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ការបង្ហាញវត្តមានច្រើនទីកន្លែងរបស់លោក កឹម សុខា នៅរយៈពេលចុងក្រោយនេះទំនងលោករង់ចាំការប្រែប្រួលនៃស្ថានការណ៍នយោបាយចុងក្រោយ ដែលអាចនឹងកើតឡើងនៅចុងឆ្នាំនេះ។ ប៉ុន្តែលោកថា ការប្រែប្រួលនោះគឺ ស្ថិតក្នុងភាពស្រពិចស្រពិល និងចម្រូងចម្រាសក្នុងចំណោមអ្នកប្រជាធិបតេយ្យនៅកម្ពុជា៖ «គ្មានលក្ខណៈការប្រកួតប្រជែងដោយស្មើមុខរវាងម្ខាង ដែលជាក្រុមអ្នកប្រជាធិបតេយ្យ និងម្ខាងលោក ហ៊ុន សែន មេដឹកនាំកម្អែលកុម្មុយនិស្តទេ វាគ្រាន់តែជាការប្រែប្រួលក្នុងរូបភាពមួយ ដែលយើងគិតថា មានការប្រកួតប្រជែងថ្មីមួយពីក្រុមអ្នកប្រឆាំងក្នុងស្ថានការណ៍ ដែលជាការបើកលំហសេរីចង្អៀតបំផុត » ។
ជុំវិញសកម្មភាពលោក កឹម សុខា និងការលើកឡើងរបស់ក្រុមអ្នកវិភាគបែបនេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីក្រុមមេធាវី លោក កឹម សុខា គឺលោក ចាន់ ចេន និងអ្នកស្រី ម៉េង សុធារី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា តែមិនទទួលបានការឆ្លើយតបទេ ដោយសារទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
ទោះយ៉ាងណា មេធាវីរបស់លោក កឹម សុខា គឺលោក ចាន់ ចេន ធ្លាប់ឱ្យអាស៊ីសេរីដឹងថា លោក កឹម សុខា នៅតែប្រើប្រាស់សិទ្ធិរបស់ខ្លួនរួមទាំងសិទ្ធិធ្វើដំណើរក្នុងប្រទេសដដែលលើកលែងតែការចេញក្រៅប្រទេស និងសិទ្ធិធ្វើនយោបាយដែលតុលាការបានហាមឃាត់។
រីឯមនុស្សជំនិតរបស់លោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេរលើហ្វេសប៊ុកថា ទោះបីលោក កឹម សុខា មានភាពក្លាហាន លោកក៏ត្រូវស្ថិតនៅក្រោមច្បាប់ក្នុងនាមជាពលរដ្ឋនិងមេដឹកនាំនយោបាយដែលគោរពច្បាប់។ លោកបន្តថា ភាពក្លាហានរបស់លោក កឹម សុខា គឺស្វែងរកដំណោះស្រាយដោយអហិង្សា និងសន្តិវិធីមិនមែនបង្កើតបញ្ហាបន្ថែម ឬបង្កជម្លោះ ដែលជាឧបសគ្គដល់ការស្វែងរកដំណោះស្រាយឡើយ។
លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួន និងឃុំដាក់ពន្ធនាគារ និងបន្តឃុំខ្លួនក្នុងផ្ទះក្រោយរងការចោទប្រកាន់ពីទោសក្បត់ជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែកាលពីចុងឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យតាមផ្លូវតុលាការដោយអនុញ្ញាតធ្វើដំណើរក្នុងប្រទេសតែហាមឃាត់ធ្វើសកម្មភាពនយោបាយ។ ទោះយ៉ាងណាប្រធានគណបក្សប្រឆាំងរូបនេះទើបធ្វើសកម្មភាពតាមបណ្ដាខេត្តញឹកញាប់កាលពីខែកក្កដា ឆ្នាំ២០២០។ ទន្ទឹមគ្នានោះដែរ តុលាការក្រុងភ្នំពេញបានចេញលិខិតព្រមានថា សកម្មភាពចុះតាមបណ្តាខេត្តនានារបស់លោក កឹម សុខា អាចនឹងឈានទៅហួសព្រំដែនដែលតុលាការបានកំណត់។ ទោះមានការព្រមានបែបនេះក្តី ប៉ុន្តែលោក កឹម សុខា នៅតែបន្តធ្វើសកម្មភាពដដែលរហូតមកដល់ពេលនេះ។
ក្នុងខួបបីឆ្នាំនៃការឃាត់ខ្លួន កាលពីថ្ងៃទី២ ខែកញ្ញា លោក កឹម សុខា បានសរសេរលើហ្វេសប៊ុកលោកថា ឆ្លងតាមសវនាការនាពេលកន្លងទៅ តុលាការគ្មានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ដែលអាចបន្តចោទប្រកាន់លោកបាននោះទេ។ លោក កឹម សុខា អំពាវនាវដល់តុលាការទម្លាក់បទចោទ និងផ្តល់សិទ្ធិពេញលេញដល់រូបលោកវិញ។ មេបក្សប្រឆាំងរូបនេះក៏ស្នើសុំឱ្យមានការផ្សះផ្សាជាតិ និងឯកភាពជាតិ។ លោកថា លោកចង់ចូលរួមរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ជាតិ រួមមាន បញ្ហាជីវភាពប្រជាពលរដ្ឋ និងបញ្ហាសេដ្ឋកិច្ចជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។