ប្រជារាស្ត្រ និងអ្នកវិភាគនាំគ្នាថ្វាយព្រះពរព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ឱ្យមានព្រះជន្មាយុយឺនយូរ និងសូមឱ្យទ្រង់មានអំណាចពេញលេញ ដើម្បីបំពេញព្រះរាជអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយ ដើម្បីឱ្យខ្មែរគ្រប់និន្នាការអាចរួមរស់ជាមួយគ្នាដោយសុខដុមរមនាប្រកបដោយសាមគ្គីជាតិ និងឯកភាពជាតិ។ ក្ដីប្រាថ្នានេះធ្វើឡើងក្នុងឱកាសព្រះរាជពិធីព្រះជន្មាយុព្រះអង្គ។
នៅតាមស្ថាប័ននិងគ្រឹះស្ថានសាធារណៈក្នុងរាជធានីភ្នំពេញភាគច្រើនបានដាក់តាំងព្រះឆាយា ល័ក្ខណ៍ព្រះមហាក្សត្រ ដោតទង់ជាតិ ទង់ជ្វាលា និងពាក្យស្លោកដែលមានន័យថ្វាយព្រះពរក្នុងថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មាយុព្រះអង្គ។ នៅថ្ងៃទី១៤ ខែឧសភា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះជន្មាយុគម្រប់ ៦៦ព្រះវស្សា យាងចូល ៦៧ព្រះវស្សា។
ព្រះអង្គត្រូវពលរដ្ឋខ្មែរ ដែលគោរពស្រឡាញ់ចាត់ទុកជាព្រះមហាក្សត្រ ដែលមានព្រះទ័យស្លូតបូតមានព្រហ្មវិហារធម៌ និងជាព្រះមហាក្សត្រគោរពព្រះពុទ្ធសាសនា។ យ៉ាងណាក្ដី ក៏មានពលរដ្ឋជាច្រើនប្រាថ្នាឱ្យព្រះអង្គមានមានអំណាច និងមានព្រះរាជសកម្មភាពក្លៀវក្លាដូចព្រះបិតា និងអង្គព្រះមហាក្សត្រមុនៗ ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយរបស់ជាតិ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញលោកស្រី ច្រាយ នីម បានថ្វាយព្រះពរដល់ព្រះមហាក្សត្រឱ្យមានព្រះរាជសុខភាពល្អ និងសូមឱ្យព្រះអង្គមានអំណាចពេញលេញ ដើម្បីបំពេញព្រះរាជអន្តរាគមន៍ដោះស្រាយបញ្ហាជាច្រើននៅក្នុងសង្គមកម្ពុជា ដូចជា បញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃបញ្ហាកាប់បំផ្លាញព្រៃឈើដោយមន្ត្រីពុករលួយ និងឈ្មួញទុច្ចរិត។ ជាមួយគ្នានេះអ្នកស្រីក៏សូមទួលសុំឱ្យព្រះអង្គធ្វើជាអាជ្ញាកណ្ដាលជួយអន្តរាគមន៍ដោះស្រាយបញ្ហានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដែលបានផ្ដល់ប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋកម្ពុជា៖ «សូមព្រះអង្គមេត្តាទតមើលប្រជារាស្ត្រនៅកម្ពុជាផងដោយសារឥឡូវនេះ ប្រទេសកម្ពុជាកំពុងជួបប្រទះមហាគ្រោះមួយដ៏ធំ ដែលអន្តរជាតិកំពុងដាក់សម្ពាធ ទាក់ទងនឹង EBA ដោយសារតែរឿងនយោបាយ។ រឿងនយោបាយកាន់តែក្ដៅហើយ ហើយអ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋដែលលំបាក ទាំងការរកស៊ីទាំងការរស់នៅ។ បើនិយាយពីសុវត្ថិភាព គឺទាំងព្រៃឈើ ត្រូវបាត់បង់ ទាំងប្រជាពលរដ្ឋរងគ្រោះដីធ្លីមានការកើនឡើង។ មានតែព្រះអង្គទេ អាចជួយអន្តរាគមន៍ដោះស្រាយបាន » ។
ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ ថ្វីត្បិតតែមានសារលិខិតថ្វាយព្រះពរព្រោងព្រាតពីមន្ត្រីរបបលោក ហ៊ុន សែន តាំងពីថ្នាក់កំពូលដល់ថ្នាក់ក្រោមក្ដី ប៉ុន្តែប្រជាពលរដ្ឋ មើលឃើញថា សម្រាប់ការងារជាក់ស្ដែងវិញ មន្ត្រីរបបលោក ហ៊ុន សែន មួយចំនួនមិនសូវផ្ដល់តម្លៃដល់អង្គព្រះមហាក្សត្រឡើយប្រហែលជាដោយសារព្រះអង្គមិនមានអំណាចដូចលោក ហ៊ុន សែន។
ពលរដ្ឋមួយរូបរស់នៅខេត្តបាត់ដំបង ក៏បានថ្វាយព្រះពរឱ្យព្រះមហាក្សត្រមានព្រះជន្មយឺនយូរ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្រខ្មែរគ្រប់រូប។ ពលរដ្ឋរូបនេះ ក៏ទួលស្នើសុំព្រះអង្គព្រះមេត្តាកុំគង់សម្ងំស្ងៀមស្ងាត់ក្នុងព្រះរាជវាំងពេកគួរតែមានព្រះទ័យគិតគួរពីបញ្ហាជាប់គាំងនយោបាយជាយូរឆ្នាំមកហើយ។ ពលរដ្ឋរូបនេះសង្ឃឹមថា ព្រះមហាក្សត្រនឹងប្រកាសឱ្យលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយជាមួយគណបក្ស សង្គ្រោះជាតិ ដើម្បីស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ៖ «ប្រសិនបើព្រះអង្គនៅតែគង់ស្ងៀមស្ងាត់អ៊ីចឹងទៀត គឺវិវាទនយោបាយមិនចេះចប់នោះទេ។ ខ្ញុំចង់ឱ្យព្រះមហាក្សត្របំពេញព្រះរាជតួនាទីដូចកាលដែលសម្ដេចតាសម្របសម្រួលរវាងជម្លោះមេបក្សទាំង២ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ១៩៩៣ ដែលមានការវិវាទគ្នារហូតដល់ផ្ទះអាវុធ។ ពេលនោះ គឺសម្ដេចចេញព្រះរាជអន្តរាគមន៍ធ្វើឱ្យមេបក្សទាំងពីរស្ងប់រម្ងាប់ ហើយធ្វើឱ្យមានភាពប្រសើរម្ដងបន្តិចៗ។ អីចឹងក្នុងពេលបច្ចុប្បន្ននេះ សូមឱ្យព្រះមហាក្សត្របំពេញព្រះរាជតួនាទីមេត្តាសម្របសម្រួលដល់មេបក្សទាំងពីរ ឱ្យអង្គុយតុចរចាជជែកគ្នា ដើម្បីបញ្ចៀសការបាត់បង់ EBA ឱ្យបានព្រោះ កាលណា EBA ត្រូវកាត់ផ្ដាច់នឹងធ្វើប្រជាពលរដ្ឋរងទុក្ខធំមែនទែន គឺលំបាករកមុខរបរទទួលទានណាស់»។
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវប្រារព្ធធ្វើឡើយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គត្រូវបានធ្វើមុនមួយថ្ងៃ គឺកាលពីថ្ងៃទី១២ ខែឧសភាដោយសារព្រះអង្គត្រូវយាងចាកចេញទៅទីក្រុងប៉េកាំងប្រទេសចិនរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែឧសភា ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទីមួយ តាមការអញ្ជើញពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង។
ប្រធានប្រតិបត្តិរបស់គណបក្ស សង្គ្រោះជាតិ នៅខេត្តស្វាយរៀង គឺលោក ម៉ៅ វិបុល ដែលភៀសខ្លួនរស់នៅឯប្រទេសថៃ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់របបក្រុងភ្នំពេញនោះ ក៏បានថ្វាយព្រះពរដល់ព្រះមហាក្សត្រប្រកបដោយព្រះបរមសុខគ្រប់ប្រការ។ លោក ម៉ៅ វិបុល ក៏មានក្តីប្រាថ្នាចង់ឱ្យព្រះមហាក្សត្រសម្របសម្រួលដោះស្រាយជម្លោះនយោបាយ ដែលបង្កឡើងដោយរបបលោក ហ៊ុន សែន ដែរ៖ «សូមទួលព្រះអង្គដែរធ្វើម៉េចឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពិតប្រាកដ ហើយក្នុងនាមខ្ញុំជាអ្នកនយោបាយម្នាក់ ការលំបាកវេទនាណាស់នៅក្រៅប្រទេស។ សូមឱ្យព្រះអង្គមានព្រះរាជតម្រិះដោះស្រាយរឿងបញ្ហានយោបាយ។ បើព្រះអង្គគង់នៅស្ងៀមស្ងាត់ គឺ កូនចៅមានបញ្ហា ហើយប្រទេសជាតិ ក៏ជួបបញ្ហាកាន់តែធ្ងន់ធ្ងរ នៅពេលខាងមុខនេះដែរ»។
ព្រះបាទ នរោត្តម សីហមុនី ទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
ក្នុងប្រវត្តិនៃការសិក្សារបស់ព្រះអង្គបង្ហាញថា ព្រះអង្គមានជំនាញខាងផ្នែកសិល្បៈរបាំ ដូរ្យតន្ត្រី ល្ខោន និងភាពយន្ត។ ព្រះអង្គទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីទីក្រុងប្រាគ (Prague) ក្នុងប្រទេសឆេកូ (Czech Republic)។
ព្រះអង្គធ្លាប់ត្រូវបានជ្រើសតាំងជាឯកច្ឆន្ទជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងគង់ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំអង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃអង្គការសហប្រជាជាតិហៅកាត់ថា យូណេស្កូ (UNESCO ) រួមនឹងស្នាព្រះហស្តជាច្រើនទៀត។ ក្រៅពីភាសាជាតិព្រះអង្គចេះភាសាបារាំងភាសាឆេក និងភាសាអង់គ្លេស។នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៤ ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាឯកច្ឆន្ទជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ដែលគេចពីការតាមចាប់ខ្លួនរបស់លោកហ៊ុន សែន និងទទួលបានសិទ្ធិរស់នៅប្រទេសហ្វាំងឡង់នោះមិនស្នើសុំអ្វីពីព្រះមហាក្សត្រឡើយ ប៉ុន្តែលោកស្នើសុំឱ្យអ្នកនយោបាយ ជាពិសេស មេដឹកនាំរបបក្រុងភ្នំពេញគោរពព្រះអង្គតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងថ្វាយឱកាសឱ្យព្រះអង្គសម្រេចព្រះទ័យដោយឯករាជ្យ និងកុំធ្វើទុក្ខបុកម្នេញលើព្រះអង្គ និងទុកព្រះអង្គជាឧបករណ៍នយោបាយផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលបានចែងថា ព្រះមហាក្សត្រមានតួនាទីជាអាជ្ញាកណ្ដាល៖ «សូមឱ្យអ្នកនយោបាយ ជាពិសេស អ្នកដែលមានតួនាទីគ្រប់គ្រងប្រទេសជាតិ គោរពរដ្ឋធម្មនុញ្ញគោរពព្រះមហាក្សត្រ ដើម្បីផ្ដល់លទ្ធភាពថ្វាយព្រះអង្គអាចបំពេញ ព្រះរាជកិច្ចបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ព្រះអង្គដោយយុត្តិធម៌ត្រឹមត្រូវ»។
ចំណែកប្រធានអង្គការតម្លាភាពកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយលោក ព្រាប កុល ក៏បានសរសេរសារថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ព្រមទាំងមានព្រះបញ្ញាញាណអំពីបញ្ហាទំនាស់នយោបាយរបស់ជាតិ និងព្រះមេត្តាបំពេញព្រះរាជកិច្ចសម្របសម្រួលដោះស្រាយបញ្ហានេះឱ្យខ្មែរគ្រប់និន្នាការបានរួមរស់ជាមួយគ្នាដោយសុខដុមរមនាប្រកបដោយសាមគ្គីភាពជាតិ និងឯកភាពជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
