ទស្សនៈសារព័ត៌មានអន្តរជាតិជុំវិញការស្លាប់របស់លោកបណ្ឌិត កែម ឡី
2016.07.11

អំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម ដ៏លេចធ្លោម្នាក់ បានទាញចំណាប់អារម្មណ៍សារព័ត៌មានអន្តរជាតិធំៗ។ បណ្ដាប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បង្ហាញពីការព្រួយបារម្ភការធ្លាក់ចុះសេរីភាពបញ្ចេញមតិ និងការរឹតត្បិត គំរាមកំហែងអ្នករិះគន់រដ្ឋាភិបាល សម្ដីខ្លាំង ត្រង់ ចំៗ។
ការបាញ់ប្រហារសម្លាប់អ្នកតិះតៀនរិះគន់រដ្ឋាភិបាល នៅកណ្ដាលទីក្រុង ខណៈស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា កំពុងតានតឹង ព្រមទាំងមានការចាប់ឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្ស និងតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានសារព័ត៌មានបរទេសនានា បង្ហាញជ្រុងផ្សេងៗ ដែលអាចនៅពីក្រោយ និងអាចកើតឡើង ក្រោយមរណភាពនេះ។
ប៊ី.ប៊ី.ស៊ី (BBC) នៅចក្រភពអង់គ្លេស សរសេរថា ការស្លាប់របស់លោក កែម ឡី វ័យ៥០ឆ្នាំ គឺកើតឡើងក្នុងប្រទេសមួយដែលប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ក៏ប៉ុន្តែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេចោទពីការប្រើហិង្សា និងប្រព័ន្ធគ្រប់គ្រងផ្ដាច់ការ។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃអាទិត្យ ទី១០ ខែកក្កដា នៅក្នុងហាងលក់ទំនិញមួយ ក្បែរការ៉ាសសាំងកាល់តិច ស្តុបបូកគោ។ ជនសង្ស័យត្រូវបានចាខ្លួន នៅម៉ោង១០ព្រឹក ថ្ងៃដដែល។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ឲ្យដឹងថាជនសង្ស័យ មានឈ្មោះ «ជួប សម្លាប់» ហើយ រ៉យទ័រ ផ្សាយសម្ដីលោក ជួន សុវណ្ណ អធិការនគរបាលរាជធានីភ្នំពេញថា សមត្ថកិច្ច មិនច្បាស់ថានេះជាឈ្មោះជនសង្ស័យពិតប្រាកដនោះទេ។ សមត្ថកិច្ច បន្តការស៊ើបអង្កេត វែកមុខរកជនដែលនៅពីក្រោយឃាតកម្មនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម កាន់អំណាចអមដោយបក្សពួកជាក្រុមមនុស្សមានអំណាចឥទ្ធិពល ដែលក្លាយជាអ្នកមានសម្បត្តិស្ដុកស្ដម្ភ ក្នុងប្រទេសក្រីក្រ។
ទូរទស្សន៍ឆានែល ញ៉ូវ អេស៊ា (Channel News Asia) រំលេចថា កាលពីសប្ដាហ៍មុន លោក កែម ឡី បានស្វាគមន៍របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលបាននិយាយថា វានឹងជួយឲ្យអ្នកបោះឆ្នោត និងវិនិយោគិនបរទេស មានគំនិត និងយល់ដឹងកាន់តែច្បាស់ ពីរបៀបដែលអ្នកមានអំណាច ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ខណៈប្រជាជនកម្ពុជា ជាច្រើនរស់នៅក្នុងភាពក្រីក្រ។
គេហទំព័រឌឹ ឌីភ្លូម៉ាត (The Diplomat) សង្កេតថា លោក កែម ឡី ត្រូវគេបាញ់សម្លាប់ នៅជិតការ៉ាសសាំង ប៉ុន្មានម៉ែត្រពីផ្ទះរបស់លោក ហ៊ុន តូ ក្មួយលោក ហ៊ុន សែន។ លោក ហ៊ុន តូ ក៏ត្រូវ Global Witness រកឃើញថា ជាប់ពាក់ព័ន្ធនឹងការប្រើអំណាចរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើជំនួញ ពិសេសការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ តម្លៃ១ពាន់លានដុល្លារ។ គេហទំព័រឌឹ ឌីភ្លូម៉ាត ជឿជាក់ថា ឈ្មោះរបស់លោក កែម ឡី ត្រូវគេដាក់ក្នុងបញ្ជីខ្មៅដែលត្រូវសម្លាប់បំបិទមាត់ ដោយឃាតកម្ម គឺលោក កែម ឡី ត្រូវគេបាញ់តែពីរគ្រាប់ គឺមួយគ្រាប់ ចំក្បាល និងមួយគ្រាប់ទៀត បាញ់ពីក្រោយខ្នង។ ឌឹ ឌីភ្លូម៉ាត សង្កេតថា នេះជាការបាញ់ដោយខ្មាន់កាំភ្លើងមានបទពិសោធន៍ មិនមែនបាញ់ដោយប្រជាជនសាមញ្ញ មានគំនុំរឿងជំពាក់រឿងកាក់នោះឡើយ។
ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា (Al Jazeera) បានសម្ភាសន៍អ្នកគាំទ្រលោក កែម ឡី ម្នាក់ នៅកន្លែងកើតហេតុ ដោយបាននិយាយថា លោកមកទីនេះ ដោយក្ដុកក្ដួល និងសោកសង្រេង ចំពោះការស្លាប់របស់លោក កែម ឡី ហើយ លោកមិនទុកចិត្តប៉ូលិស ដោយខ្លាចប៉ូលិស បំបិទភស្តុតាង។ អាល់ហ្សាហ្សេរ៉ា ស្រង់សម្ដីបុរសនេះបន្តទៀតថា ករណីឃាតកម្មនេះ ជាសេណារីយ៉ូដដែល ដែលគេក៏ដឹងថា នរណាជាអ្នកនៅពីក្រោយខ្នងរឿងនេះ។ ជនសាមញ្ញ មិនហ៊ានបាញ់សម្លាប់គេកណ្ដាលក្រុងបែបនេះទេ។ នេះជាសញ្ញានៃរបបផ្ដាច់ការ។
លោក កែម ឡី គឺជាម្នាក់ចំណោមអ្នករិះគន់រដ្ឋាភិបាល ដែលបានខ្មាន់កាំភ្លើងបាញ់ឲ្យស្លាប់ ស្រដៀងទៅនឹងការស្លាប់របស់សកម្មជនផ្សេងទៀត ដូចជា លោក ឈុត វុធី កាលពីឆ្នាំ២០១២ សកម្មជនព្រៃឈើ និងលោក ជា វិជ្ជា មេដឹកនាំសហជីព កាលពីឆ្នាំ២០០៤។
កាសែត ឌឹ ហ្គាឌៀន (The Guardian) ហៅលោក កែម ឡី ជាអ្នកវិភាគនយោបាយមានប្រជាប្រិយ និងជាអ្នកស្រាវជ្រាវសង្គម ហើយក៏ជាស្ថាបនិកក្រុមខ្មែរដើម្បីខ្មែរ ដែលក្រុមតស៊ូមតិមូលដ្ឋាន។ លោក ជារឿយៗរិះគន់រដ្ឋបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលការរិះគន់របស់លោកចុងក្រោយបំផុត គឺទាក់ទងនឹងការប្រើអំណាចរបស់លោក ហ៊ុន សែន ដើម្បីក្រសោបក្ដោបក្ដាប់យកជំនួញសេដ្ឋកិច្ចកម្ពុជា។
សារព័ត៌មានណៃគែ អេស៊ា រីវ្យួ (Nikkei Asia Review) កត់សម្គាល់ថា អំពើហិង្សា និងឃាតកម្ម តែងកើតឡើង ក្នុងឆាកនយោបាយកម្ពុជា។ សកម្មជន អ្នករិះគន់ និងបក្សប្រឆាំង តែងជាផ្ទាំងស៊ីបនៃការវាយប្រហារ ហើយជនល្មើស កម្រត្រូវបានគេចាប់ខ្លួន មកផ្ដន្ទាទោស។
ជាចុងក្រោយ កាសែតឌឹ ញ៉ូវ យ៉ក ថែមស៍ (The New York Times) បានស្រង់សម្ដីរបស់អ្នកវិភាគ អ៊ូ វីរៈ ថា ការបាញ់សម្លាប់លោក កែម ឡី ជាការដើរត្រឡប់ថយក្រោយរាប់សិបជំហាន នៃដំណើរប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។ លោក អ៊ូ វីរៈ ប្រាប់ឌឹ ញ៉ូវ យ៉ក ថែមស៍ ថា «លោក កែម ឡី ពន្យល់ និងវិភាគបញ្ហាស្មុគស្មាញ ដោយប្រើភាសាអ្នកស្រុក ងាយស្រួលយល់។ លោក ជាមនុស្សនិយាយត្រង់ ហើយប៉ិននិយាយគួរឲ្យចាប់អារម្មណ៍ ដើម្បីបញ្ជូនសារឲ្យប្រជាជនកម្ពុជាសាមញ្ញឆាប់យល់»៕