លោក រ៉ុង ឈុន ប្រកាសលាឈប់ពី គ.ជ.ប ប្រសិនបើបក្សប្រឆាំងត្រូវរំលាយ
2017.02.07
អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសជំហរលាឈប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពេលណាគណបក្សប្រឆាំងពិតជាត្រូវបានបក្សកាន់អំណាចរំលាយចោលមែន។ គម្រោងលាឈប់របស់អតីតអ្នកធ្លាប់តស៊ូមតិ ដើម្បីសិទ្ធិសេរីភាពឲ្យកម្មករផង និងគ្រូបង្រៀនផងរូបនេះ ស្របពេលសមាជិកសភារបស់បក្សកាន់អំណាចកំពុងធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីគណបក្សនយោបាយទៅតាមការចង់បានរបស់លោក ហ៊ុន សែន។
លោក រ៉ុង ឈុន ពេលនេះ ជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោមសមាជិកទាំង ៩រូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចចិត្តបោះបង់អ្វីៗគ្រប់យ៉ាងដែល គ.ជ.ប មានដូចឡានទំនើប តួនាទីងារជាឯកឧត្ដម និងប្រាក់បៀវត្សដ៏ច្រើន ប្រសិនបើបក្សប្រឆាំងពិតជាត្រូវរំលាយដូចការគ្រោងទុករបស់បក្សប្រជាជនកម្ពុជាមែន។
តួនាទីដែលលោក រ៉ុង ឈុន កំពុងតែបំពេញសព្វថ្ងៃនេះ ពិតជានរណាៗមិនអាចធ្វើបាន ឬចង់ចូលបានក៏ចេះតែចូលស្រេចនឹងចិត្តនោះឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យអតីតអ្នកធ្លាប់រិះគន់ភាពអសកម្មពីគោលនយោបាយរបស់រដ្ឋាភិបាលកន្លងទៅសម្រេចដើរចេញនេះ ព្រោះតែយល់ឃើញថា លោកពុំអាចធ្វើជាអាជ្ញាកណ្ដាលដោយគូប្រកួតគីឡូមិនស្មើគ្នាបែបនេះតទៅបានឡើយ។ រឿងដែលសំខាន់ជាងនេះ លោក រ៉ុង ឈុន បញ្ជាក់ជំហរថា លោកពុំអាចធ្វើកិច្ចការដែលក្បត់ពលរដ្ឋឡើយ ជាពិសេសនោះលោកក៏នឹងមិនស្ដាយក្រោយអ្វីឡើយ ក្នុងការបោះបង់កៅអីក្នុងឋានៈជាមន្ត្រីជាន់ខ្ពស់ម្នាក់នេះ ប្រសិនបើលោកធ្វើការទៅដោយពុំបានបម្រើផលប្រយោជន៍ឲ្យសាធារណៈបានតទៅហើយនោះ។ លោកបន្តថា «ជំហររបស់ខ្ញុំ បើសិនជាមានច្បាប់មួយដែលត្រូវរំលាយគណបក្សសង្គ្រោះជាតិ ចេញដោយគ្មានវត្តមាននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះទេ ខ្ញុំនឹងលាឈប់ពីសមាជិក គ.ជ.ប។ បើសិនជាយើងនៅឈរផ្លុំកញ្ចែឲ្យកីឡាប្រកួត ហើយដោយគ្មានគូប្រកួត មានតែម្ខាង ខ្ញុំមិនអាចឈរផ្លុំកញ្ចែឲ្យក្រុមកីឡាតែម្ខាងប្រកួតតែម្នាក់ឯងបានទេ»។
អ្នកវិភាគមើលឃើញថា ការចង់បានរបស់លោក ហ៊ុន សែន ដែលស្នើឲ្យមានវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ បំណងដ៏សំខាន់នោះគឺគ្មានអ្វីក្រៅពីចង់រំលាយបក្សប្រឆាំងដែលជាគូប្រកួតដ៏សំខាន់របស់លោកចោលឡើយ។
លោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយ ចាត់ទុកថា ប្រាកដណាស់មូលហេតុមួយក្នុងចំណោមហេតុផលដទៃទៀត គឺលោកនាយករដ្ឋមន្ត្រីដឹងថា បក្សប្រជាជនកម្ពុជា ពុំអាចយកប្រៀបលើបក្សប្រឆាំងបានតាមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានតទៅ។ នេះគឺជាជម្រើសដែលបក្សកាន់អំណាចត្រូវជ្រើសរើសផ្លូវដើររបៀបនេះ បើទោះជាត្រូវរងការរិះគន់ ឬក៏អាម៉ាស់ក៏ដោយចុះ។
កាលពីដើមខែកុម្ភៈ នៅក្នុងវេទិកាចែកសញ្ញាប័ត្រនៅកោះពេជ្រ លោក ហ៊ុន សែន ព្រមានថា លោកនឹងរំលាយបក្សនយោបាយណាដែលមានមេបក្សជាប់ទោសទណ្ឌតាមផ្លូវតុលាការ។ មូលហេតុដែលលោក ហ៊ុន សែន សម្រេចចិត្តដូចនេះ លោកបញ្ជាក់ថា គឺអនុវត្តតាមរបៀបដឹកនាំរបស់រដ្ឋាភិបាលថៃ។ លោកបន្តថា «ក្នុងពេលរំលាយក្នុងគណៈកម្មការនាយកទាំងប៉ុន្មានបាត់សិទ្ធិទាំងអស់។ ហាមឃាត់ ៥ឆ្នាំឥតឲ្យធ្វើនយោបាយ។ យើងលេងអាធុនហ្នឹងដែរមើល។ នេះមិនមែនសម្រាប់តែគណបក្សប្រជាជនឯណា សម្រាប់បក្សទាំងអស់រាប់ទាំងបក្សប្រជាជន។ រំលាយចោលបក្សហើយ ហើយហាមឃាត់សិទ្ធិធ្វើនយោបាយរបស់មេដឹកនាំ។ កុំហាមពីរបីនាក់ ហាមមួយគណៈនាយកតែម្ដង ដើម្បីឲ្យរាងចាល»។
បើទោះជាបែបណា ក្រុមអ្នកវិភាគនយោបាយយល់ឃើញថា ប្រសិនបើសមាជិកលើសលប់ពីខាងបក្សកាន់អំណាចធ្វើតាមការចង់បានរបស់លោក ហ៊ុន សែន គឺមានន័យថា នេះជាការរំលោភរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ នៅក្នុងរដ្ឋធម្មនុញ្ញបានកំណត់ថា ប្រទេសកម្ពុជា អនុវត្តតាមរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ស្របពេលមានការរិះគន់រឿងកែច្បាប់ដ៏ចម្រូងចម្រាសនេះ មន្ត្រីនាំពាក្យបក្សកាន់អំណាច ធ្លាប់បញ្ជាក់ថា សមាជិកសភារបស់បក្សប្រជាជនកម្ពុជា កំពុងតែប្រមូលស្នាមមេដៃហើយ ដើម្បីដាក់ទៅរដ្ឋសភាស្នើឲ្យមានវិសោធនកម្ម។ ទន្ទឹមនឹងបក្សកាន់អំណាចកំពុងតែខ្នះខ្នែងរឿងការកែប្រែមាត្រាច្បាប់នេះ ដោយឡែកខាងតុលាការឯណោះវិញ ដើមបណ្ដឹងរដ្ឋប្បវេណីប្រឆាំងលោក សម រង្ស៊ី ក៏ពុងបន្តសំណុំរឿងដែរ។
អ្នកវិភាគមើលឃើញថា ការពន្លឿនសំណុំរឿងរបស់មេបក្សប្រឆាំងរុញឲ្យដល់ជញ្ជាំងនេះ គឺប្រហែលមិនខុសពីអ្វីដែលលោក ហ៊ុន សែន ចង់បាន បើមេបក្សមានទោសហើយ ងាយនឹងរំលាយបក្សបានស្រួលដែលស្របទៅនឹងច្បាប់។
ច្បាប់ស្ដីពីគណបក្សនយោបាយដែលមាន ១១ជំពូក និង ៤៥មាត្រា បានបង្កើតឡើងកាលពីឆ្នាំ១៩៩៧។ ច្បាប់នេះតំណាងរាស្ត្រមួយភាគបួន ឬជាង ៣០រូប នៃតំណាងរាស្ត្រសរុបអាចស្នើសុំធ្វើវិសោធនកម្មបានហើយ។ អាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ពីអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានទេ នៅថ្ងៃទី៧ ខែកុម្ភៈ។
បើទោះជាយ៉ាងនេះក៏ដោយចុះ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) យល់ឃើញថា វាមិនល្អសោះឡើយដែលដំណឹងថា សមាជិកជាន់ខ្ពស់របស់ គ.ជ.ប សម្រេចដើរចេញពីកៅអីបែបនេះ។ ក្រៅពីនេះទៀត រឿងដ៏ស្មុគស្មាញថែមទៀតនោះ គឺវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរការបោះឆ្នោតទាំងមូលតែម្ដង។ លោកបន្តថា «បើសិនជាគាត់លាឈប់ពីតំណែងសមាជិក គ.ជ.ប អាហ្នឹងបង្ហាញគាត់មិនពេញចិត្តនឹងដំណើរការគ្រោងធ្វើវិសោធនកម្មច្បាប់ហ្នឹងឯង។ គ.ជ.ប នឹងជួបបញ្ហាមួយចំនួនទៀតហើយ»។
ស្របពេលលោក រ៉ុង ឈុន ប្រកាសជំហរចុងក្រោយថា នឹងដើរចេញពីស្ថាប័ន គ.ជ.ប ប្រសិនបើបក្សប្រឆាំងពិតជាត្រូវរំលាយ ទៅតាមការចង់បានរបស់លោក ហ៊ុន សែន លោកក៏ចង់ឃើញអ្នកនយោបាយចេះធ្វើការជាមួយគ្នា៕