គណបក្ស​សម រង្ស៊ី សម្រេច​ប្ដូរ​ឈ្មោះ​គណបក្ស​ខ្លួន​ទៅ​ជា​គណបក្ស​ភ្លើង​ទៀន

ដោយ អាស៊ីសេរី
2017.09.30
សម រង្ស៊ី ២០១៤ ៦២២ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​សម្ងាត់​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Tin Zakariya

គណបក្ស សម រង្ស៊ី បាន​សម្រេច​ចិត្ត​រៀបចំ​សមាជ​វិសាមញ្ញ ដើម្បី​រត់​ឲ្យ​ទាន់​ការ​ប្រែប្រួល​នយោបាយ ដោយ​ប្ដូរ​ឈ្មោះ​ពី​គណបក្ស សម រង្ស៊ី ទៅ​ជា​គណបក្ស ភ្លើង​ទៀន​វិញ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន បញ្ជាក់​ថា ការ​ផ្លាស់ប្ដូរ​ឈ្មោះ​បក្ស​នៅ​ពេល​នេះ ប្រយោជន៍​ដើម្បី​រក្សា​បក្ស​ឲ្យ​នៅ​ស្ថិតស្ថេរ តទៅ​ទៀត ក្នុង​ពេល​សម្ពាធ​នយោបាយ កាន់​តែ​ក្រឡុក​ខ្លាំង។

សមាជ​វិសាមញ្ញ​ដែល​រៀបចំ​ឡើង នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី៣០ កញ្ញា បាន​ផ្ដល់​សេចក្ដី​ទុកចិត្ត​ដោយ​ឯកច្ឆន្ទ ឲ្យ​ផ្លាស់ប្ដូរ​ពី​ឈ្មោះ​គណបក្ស សម រង្ស៊ី ទៅ​ជា​គណបក្ស ភ្លើង​ទៀន​វិញ។

ប្រធាន​ស្ដីទី​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ឲ្យ​ដឹង​ថា ដោយ​សារ​សភាព​ការណ៍​នយោបាយ​កាន់​តែ​ស្មុគស្មាញ​ មួយ​រយៈពេល​ចុងក្រោយ​នេះ គណបក្ស​ត្រូវ​បង្ខំ​ចិត្ត ផ្លាស់ប្ដូរ​ឈ្មោះ​ពី​គណបក្ស សម រង្ស៊ី ទៅ​ជា​គណបក្ស​ភ្លើង​ទៀន​វិញ។ លោក​បន្ត​ថា ការ​សម្រេច​នៅ​ពេល​នេះ ក៏​ហាក់​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ដែរ​ថា​អាច​នៅ​ស្ថិតស្ថេរ​បន្ត ព្រោះ​គណបក្ស​នយោបាយ ជា​ពិសេស​គណបក្ស​ប្រឆាំង ត្រូវ​តែ​រត់​តាម​សម្ពាធ​នយោបាយ ដែល​តែង​ប្រែប្រួល​មិន​ទៀងទាត់។

លោក ទាវ វណ្ណុល បញ្ជាក់​ថា ការ​បង្ខំ​ចិត្ត​ប្ដូរ​ឈ្មោះ​គណបក្ស​នេះ គឺ​ដើម្បី​រក្សា​គណបក្ស​ឲ្យ​នៅ​គង់វង្ស និង​ម្យ៉ាង​ទៀត ដើរ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ផង។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ដែល​រង​ការ​រិះគន់​ថា ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ ប្រើ​ឈ្មោះ​បក្ស​ជា​ឈ្មោះ​នីតិបុគ្គល និង​ព្រះ​កិត្តិនាម​ព្រះ​មហាក្សត្រ​ជាដើម។ ក្នុង​ករណី​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា បក្ស​នយោបាយ ប្រើ​ឈ្មោះ​បុគ្គល ធ្វើ​ជា​ឈ្មោះ​បក្ស ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ និង​ឈាន​ទៅ​ដល់​លុប​ឈ្មោះ​បក្ស​ចេញ​ពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ថែម​ទៀត​ផង។

ទាក់ទិន​នឹង​សមាជ​វិសាមញ្ញ​ប្ដូរ​ឈ្មោះ​គណបក្ស​នៅ​ថ្ងៃ​នេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម រង្ស៊ី អះអាង​ថា លោក​ពុំ​បាន​ផ្ដួចផ្ដើម​គំនិត ឬ​ចូលរួម​តាម​មធ្យោបាយ​ណា​មួយ ក្នុង​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​គណបក្ស​នេះ​ទេ។ លោក​បន្ត​ថា លោក​កំពុង​រៀបចំ​សមាគម​ដែល​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល មិន​រក​ប្រាក់​កម្រៃ និង​លើកស្ទួយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត ពី​សង្គម​ស៊ីវិល យល់​ឃើញ​ថា នេះ​អាច​ជា​ជម្រើស​ល្អ​ទៅ​វិញ​ទេ ចំពោះ​បក្ស​ប្រឆាំង ដែល​សម្រេច​ផ្លាស់ប្ដូរ​ឈ្មោះ​នៅ​ពេល​នេះ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក ឲ្យ​ដឹង​ថា ការ​ពិត​ការ​ដូរ​ឈ្មោះ​នេះ ជា​វិធី​ល្អ​ទៅ​វិញ​ទេ ព្រោះ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ លោក​ថា ជម្រើស​របស់​បក្ស​ប្រឆាំង នេះ អាច​បញ្ចៀស​គ្រោះ​អាក្រក់​ដែល​អាច​នឹង​កើត​ឡើង ដោយ​ចៃដន្យ​នៅ​ពេល​ណា​មួយ។

កាល​ពី​ខែ កញ្ញា កន្លង​ទៅ​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ទៅ​តុលាការ​កំពូល​រំលាយ​គណបក្ស​នយោបាយ​ប្រមាណ ៨ ចេញ​ពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។