លោក សម រង្ស៊ី ផ្ញើ​សារ​ពន្យល់​អ្នក​គាំទ្រ​ពី​ការ​ចូលរួម​សភា

ដោយ វោហារ ជាតិ
2014.07.23
Share on WhatsApp
Share on WhatsApp
សម រង្ស៊ី ៦១០ លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Tin Zakariya

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ផ្ញើ​សារ​លួង​ចិត្ត​អ្នក​គាំទ្រ​កុំ​ឲ្យ​អន់​ចិត្ត ពេល​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សម រង្ស៊ី បាន​ផ្ញើ​សារ​នយោបាយ​អំពាវនាវ​ទៅ​កាន់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទប់​ចិត្ត​កុំ​អាក់​អន់​ចិត្ត ឬ​ខឹង​នឹង​ថ្នាក់​ដឹក​នាំ​បក្ស ដែល​បាន​សម្រេច​ចូលរួម​សភា​ជាមួយ​បក្ស​ប្រជាជន នៅ​ពេល​ថ្មីៗ​យ៉ាង​តក់​ក្រហល់ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​មិន​ពេញ​ចិត្ត។

ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​ជិត ៥​នាទី លោក​ សម រង្ស៊ី ព្យាយាម​ពន្យល់​ប្រាប់​អ្នក​គាំទ្រ​ថា ការ​សម្រេច​ចិត្ត​ចូល​នេះ គឺ​ជា​ការ​ត្រឹមត្រូវ និង​ស្រប​តាម​កាលៈទេសៈ​នៃ​សភាពការណ៍​នយោបាយ​បច្ចុប្បន្ន ដែល​អាច​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ បន្ត​ទាមទារ​ធ្វើ​ការ​កែ​ទម្រង់​ស្ថាប័ន​នានា ដូច​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​នឹង​ឈាន​ទៅ​ដល់​ការ​ផ្លាស់​ប្ដូរ​បាន​សម្រេច​ដូច​បំណង​អ្នក​គាំទ្រ​បក្ស​ទៅ​អនាគត។

លោក សម រង្ស៊ី ថ្លែង​ដូច្នេះ៖ «មុន​នឹង​វិនិច្ឆ័យ ឬ​ធ្វើ​ការ​ថ្កោលទោស​អ្វី​មួយ សូម​បងប្អូន​ជន​រួម​ជាតិ​រង់ចាំ​បន្តិច​សិន ទាល់​តែ​ពេល​វេលា​ការងារ​របស់​យើង និង​លទ្ធផល​ដែល​យើង​ទទួល​បាន បាន​ចេញ​ជា​រូបរាង​ច្បាស់​លាស់ ទើប​បង​ប្អូន​ជន​រួម​ជាតិ​អាច​វិនិច្ឆ័យ​ថា​ត្រូវ ឬ​ក៏​មិន​ត្រូវ។ ចំពោះ​ខ្ញុំ​យល់​ថា គ្មាន​ជម្រើស​ណា​ល្អ​ជាង​ជម្រើស​ដែល​យើង​បាន​សម្រេច​នេះ​ទេ។ ទី​១ គឺ​យើង​បាន​បញ្ចប់​សភាពការណ៍​តានតឹង។ អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​យក​ទៅ​ដាក់​ពន្ធនាគារ គឺ​ត្រូវ​បាន​ដោះ​លែង​អស់​ហើយ។ បន្តិច​ទៀត​នេះ ទីលាន​ប្រជាធិបតេយ្យ​នឹង​ត្រូវ​បើក​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ជួប​ជុំ​គ្នា​ដូច​ពេល​មុនៗ​ទៀត។ បម្រាម​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​តាម​ផ្លូវ បម្រាម​នោះ​ត្រូវ​លុប​ចោល គឺ​យើង​នឹង​មាន​សិទ្ធិ​សេរីភាព​ដូច​ដើម​វិញ»

សារ​នយោបាយ​របស់ លោក សម រង្ស៊ី ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពលរដ្ឋ និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ខ្លះ​បាន​បង្ហោះ​មតិ​យោបល់​អាក់​អន់​ចិត្ត និង​បញ្ចេញ​កំហឹង​របស់​ខ្លួន ដៀមដាម​ដាក់​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយសារ​ពួក​គាត់​មិន​ពេញ​ចិត្ត និង​មិន​ចង់​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន ដែល​ពួក​គាត់​យល់​ថា នឹង​ចាញ់​ល្បិចកល​នយោបាយ​របស់​បក្ស​ប្រជាជន ហើយ​បក្ស​ប្រជាជន នឹង​បំផ្លាញ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​រលាយ​ដូច​ដែល​បក្ស​ប្រជាជន បាន​កម្ទេច​បក្ស​នយោបាយ​មួយ​ចំនួន​កន្លង​មក ដូច​ជា បក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា ដែល​ដឹក​នាំ​ដោយ លោក សឺន សាន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាដើម។

ទោះ​យ៉ាង​ណា ការ​សម្រេច​ចិត្ត​របស់​បក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជាមួួយ​បក្ស​ប្រជាជន ក្នុង​ជំនួប​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា បាន​ទម្លាយ​ភាព​ទាល់ច្រក​នយោបាយ ដែល​បាន​ជាប់​គាំង​អស់​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នានា អបអរ​សាទរ ជាពិសេស​អង្គការ​សហប្រជាជាតិ ដែល​បាន​ទទូច​ឲ្យ​បក្ស​ទាំង​ពីរ​ចរចា​គ្នា បញ្ចប់​នយោបាយ​ជាប់​គាំង​ប្រកប​ដោយ​សន្តិវិធី និង​ស្ងៀមស្ងាត់ កាល​ពី​ពេល​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។