សហរដ្ឋអាមេរិកអះអាងជាថ្មីទៀតថា ប្រទេសមហាអំណាចមួយនេះនឹងបន្តជួយរក្សាអធិបតេយ្យជាតិរបស់កម្ពុជា ប៉ុន្តែទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបន្តចោទសួរកម្ពុជារឿងមូលដ្ឋានទ័ពជើងទឹករាម ដែលសង្ស័យថាជាទីតាំងឈរជើងរបស់យោធាចិននៅកម្ពុជា។ អ្នកវិភាគយល់ថា ភាគីកម្ពុជាគួរបង្ហាញតម្លាភាពជាងនេះ ដើម្បីឱ្យមន្ទិលសង្ស័យទាំងឡាយបានជ្រះស្រឡះ និងសម្រួលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
ការប្តេជ្ញាចិត្តគាំទ្រដល់អធិបតេយ្យជាតិកម្ពុជានេះ ធ្វើឡើងក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ កាលពីថ្ងៃ២១ កញ្ញា។
ស្ថានទូតសហរដ្ឋអាមេរិកបានបង្ហោះលើហ្វេសប៊ុក (Facebook) ថា នេះជាជំនួបប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិស័យជាសក្ដានុពលមួយចំនួននៃកិច្ចសហប្រតិបត្តការរឹងមាំផ្នែកសន្តិសុខ។
Ambassador W. Patrick Murphy had a productive meeting with Deputy Prime Minister/Minister of Defense Tea Banh to discuss...
Posted by U.S. Embassy Phnom Penh, Cambodia on Tuesday, September 22, 2020
ចំណែក គេហទំព័រក្រសួងការពារជាតិអះអាងថា នៅក្នុងជំនួបនោះ លោក ប៉ាទ្រីក ម័រហ្វី ក៏បានលើកយកបញ្ហាមូលដ្ឋានទ័ពជើងទឹករាមមកពិភាក្សាគ្នាជាមួយលោក ទៀ បាញ់ ផងដែរ។ មូលដ្ឋានទ័ពរាមនេះ ត្រូវបានមន្ត្រីការពារជាតិអាមេរិក និងសារព័ត៌មានបរទេសរាយការណ៍កាលពីពាក់កណ្តាលឆ្នាំ២០១៩ ថា រដ្ឋាភិបាលលោក ហ៊ុន សែន បានអនុញ្ញាតឱ្យយោធាចិនបោះទីតាំងនៅទីនោះ និងស្តុកទុកបរិក្ខារយោធា ក្នុងគោលដៅវាតទីដែនអំណាចរបស់ចិននៅក្នុងតំបន់។
ទោះជាយ៉ាងណា លោក ទៀ បាញ់ បានឆ្លើយតបជាថ្មីទៀតថា មូលដ្ឋានទ័ពរាមនេះជារបស់ផ្តាច់មុខរបស់កម្ពុជា មិនមែនជារបស់កងទ័ពបរទេសនោះទេ ហើយរដ្ឋធម្មនុញ្ញក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្មែរដែរ។ លោកបញ្ជាក់ទៀតថា មូលដ្ឋានទ័ពជើងទឹករាមមានទំហំតូច ទឹករ៉ាក់ មិនឆ្លើយតបនឹងកប៉ាល់ ឬនាវាធំៗចូលចតនោះទេ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺរឿងនេះបន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេនៅថ្ងៃទី២៣ កញ្ញា ដោយលោកមិនលើកទូរស័ព្ទ។ ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនអាចទាក់ទង សុំការបកស្រាយបានដូចគ្នា។
ដោយឡែក មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក អេរែន ឆ្វាតចេស៍ (Arend Zwartjes) មិនបានបង្ហើបឱ្យដឹងពីចំណុចនេះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញាចិត្តគាំទ្រដល់អធិបតេយ្យកម្ពុជា និងរិះរកវិធីដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

ជំនួបដ៏កម្ររវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជាមួយប្រមុខការពារជាតិកម្ពុជានេះ ធ្វើឡើងមួយសប្តាហ៍ក្រោយពេលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវេឡុបមែន គ្រុប (Union Development Group) ហៅកាត់ថា យូឌីជី (UDG) ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយនៅកម្ពុជា។ រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានចេញមុខជំទាស់នឹងសេចក្តីសម្រេចនេះ ទោះជាទណ្ឌកម្មត្រូវបានសហរដ្ឋអាមេរិកដាក់សំដៅលើក្រុមហ៊ុនឯកជនដែលរំលោភយកដីធ្លីពលរដ្ឋយ៉ាងណាក្តី។ កាលពីសប្តាហ៍មុននេះ លោក ទៀ បាញ់ បានប្រាប់អាស៊ីសេរី ដោយហៅការដាក់ទណ្ឌកម្មនេះ និងការបន្តដាក់ការសង្ស័យរបស់អាមេរិកពីរឿងមូលដ្ឋានយោធាចិននៅកម្ពុជា ថាជា «មហិច្ឆតាភូមិសាស្ត្រនយោបាយ» របស់សហរដ្ឋអាមេរិក៖ « បើសួរពីរឿងព្រួយបារម្ភ គឺសម្រាប់ខ្ញុំមិនមែនជារឿងថ្មីទេ ហើយនេះក៏មិនមែនជារឿងដែលវាទើបកើតឡើងពីឥឡូវនេះដែរ។ និយាយមែនទែន គឺការចោទប្រកាន់ ការលើកឡើង ការរៀបរាប់តាមការបញ្ជាក់ថា ដ៏គួរឲ្យជឿជាក់បាន អីបាននោះ សុទ្ធសឹងតែជាមហិច្ឆតាភូមិសាស្ត្រនយោបាយទេ។ យើងត្រូវយល់ឲ្យច្បាស់អញ្ចឹងចុះ។ ខ្ញុំក៏មិនចង់និយាយអីវែងឆ្ងាយទេ។ គ្មានរឿងអីពិតប្រាកដទាល់តែសោះ។ ហើយរឿងកន្លែងខ្លះ នឹងទៅជាអញ្ចេះជាអញ្ចោះ តាមការគិតគូររបស់គេ នោះគឺដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយតែប៉ុណ្ណឹងឯង។ វាគ្មានអីចម្លែកទេ គឺតាំងពីណាណីទៅ។ មូលដ្ឋានរបស់សហរដ្ឋអាមេរិក មាននៅពាសពេញពិភពលោក វាអត់មាននរណាសួរដេញដោលដល់សហរដ្ឋអាមេរិកផង។ ចំណែកកន្លែងផ្សេងៗមិនទាន់ទាំងមានអីផង មិនទាន់ទាំងធ្វើអីផង ហើយតាំងថា ទុកចិត្តបាន ត្រូវធ្វើអីចេះ អីចុះ »។
យ៉ាងណា សហរដ្ឋអាមេរិក បានរកឃើញថាក្រុមហ៊ុន UDG ទទួលបានដីសម្បទានសេដ្ឋកិច្ចរហូតដល់ទៅ ៣ម៉ឺន៦ពាន់ហិកតា ពីរដ្ឋាភិបាលលោក ហ៊ុន សែន ខុសពីច្បាប់ភូមិបាលកំណត់ ហើយក្រុមហ៊ុននេះបានពង្រីកដីចូលតំបន់ឧទ្យានជាតិបុទុមសាគរនៅខេត្តកោះកុង ដែលត្រូវបានការពារដោយច្បាប់។ ក៏ប៉ុន្តែ ព័ត៌មាននេះ ត្រូវស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចេញមុខមកបដិសេធ ក្រោមហេតុផលថា ក្រុមហ៊ុននេះ ជួលដីទូទៅ មិនមែនជាដីសម្បទានសេដ្ឋកិច្ចនោះទេ។ អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត ដើម្បីចង់ដឹងពីចំណូលបានមកពីការជួលដីឲ្យក្រុមហ៊ុនចិនមួយនេះ និងថាតើហេតុអ្វីបានជារដ្ឋជួលដីឲ្យក្រុមហ៊ុននេះ មិនមែនជាដីសម្បទានសេដ្ឋកិច្ច ក៏ប៉ុន្តែ លោកបដិសេធឆ្លើយសំណួរនេះ ហើយរុញឲ្យទៅសួរអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដែលតែងតែមិនឆ្លើយសំណួរអាស៊ីសេរី។

ក្រុមហ៊ុនចិន UDG រងការសង្ស័យថា កំពុងអនុវត្តគម្រោងការសម្ងាត់ឲ្យរដ្ឋអំណាច និងយោធាបក្សកុម្មុយនិស្តចិន ដើម្បីបម្រើឲ្យគោលដៅយោធារបស់ចិន ក្រោមរូបភាពជាការវិនិយោគនូវគម្រោងខ្នាតយក្សរបស់ចិនជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឬ BRI។ នៅតំបន់តារាសាគរ ក្រុមហ៊ុននេះកំពុងអភិវឌ្ឍវាលយន្តហោះខ្នាតធំ និងកំពង់ផែទឹកជ្រៅ ដែលត្រូវបានក្រុមអ្នកជំនាញសន្តិសុខវាយតម្លៃថា ជាទីតាំងដែលអាចឱ្យយន្តហោះ និងនាវាចម្បាំងចិនអាចចូលចតបាន។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ជឿថា សហរដ្ឋអាមេរិកលើកឡើងអំពីរឿងអធិបតេយ្យកម្ពុជាម្តងហើយម្តងទៀតនេះ ព្រោះសហរដ្ឋអាមេរិកមិនចង់ឃើញកម្ពុជាលម្អៀងទៅរកមហាអំណាចចិន រហូតដល់មានការតាំងទ័ពចិននៅលើទឹកដីកម្ពុជា ផ្ទុយនឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ៖ « វាអត់មានអ្វីពិបាកនៅក្នុងការជម្រះមន្ទិលសង្ស័យទេ ឧទាហរណ៍ថា បញ្ហាសន្តិសុខ កម្ពុជាមិនគួរសម្ដែងឥរិយាបថណាមួយឱ្យឃើញថា កម្ពុជាងាក ឬក៏ទោរទន់ទៅរកមហាអំណាចណាមួយទេ ហើយកម្ពុជាបើកកិច្ចសហប្រតិបត្តិការទូលំទូលាយទាំងអស់ជាមួយគ្រប់ភាគី។ អាហ្នឹង កម្ពុជាយើងអាចសម្តែងនូវសុឆន្ទៈរបស់យើងបាន។ »
ភាពស្រពេចស្រពិលនៃរឿងមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជានេះ នៅតែជារឿងចម្រូងចម្រាស់រវាងរបបលោក ហ៊ុន សែន និងសហរដ្ឋអាមេរិក បន្ទាប់ពីមហាអំណាចប្រជាធិបតេយ្យមួយនេះ បានបង្ហាញភស្តុតាងជាបន្តបន្ទាប់ថា របបក្រុងភ្នំពេញមានបំណងឱ្យក្រុងប៉េកាំងដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីខ្មែរ។ សហរដ្ឋអាមេរិកព្រួយបារម្ភថា រឿងនេះនឹងប៉ះពាល់ខ្លាំងដល់សន្តិសុខតំបន់ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទាំងរបបក្រុងភ្នំពេញ និងប៉េកាំង សុទ្ធតែបានបដិសេធការចោទប្រកាន់នេះ ក៏ប៉ុន្តែមិនបានបង្ហាញភស្តុតាងគួរឱ្យទុកចិត្តនោះឡើយ។ របបលោក ហ៊ុន សែន ធ្លាប់បាននាំអ្នកសារព័ត៌មានមួយក្រុម ទៅមើលមូលដ្ឋានទ័ពជើងទឹករាម កាលពីចុងខែកក្កដា ឆ្នាំ២០១៩ ក៏ប៉ុន្តែអ្នកសារព័ត៌មានមិនអាចដើរមើល ក្រៅពីទីតាំងដែលបានកំណត់ដោយអាជ្ញាធរនោះឡើយ។ ម្យ៉ាងវិញទៀត អ្នកសារព័ត៌មានដែលបានចុះទៅនោះ មួយចំនួនធំគឺមកពីស្ថាប័នស្និទ្ធនឹងរដ្ឋាភិបាល ហើយផ្សាយតាមតែការចង់បានរបស់មន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះ មិនបានសួរដេញដោលរឿងនេះឱ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនោះទេ។
លោក ឯម សុវណ្ណរ៉ា ថ្លែងថា រដ្ឋាភិបាលគួររៀបចំជាដំណើរទស្សនកិច្ចជាថ្មីទៀត ដោយអញ្ជើញមន្ត្រីទូតអាមេរិក និងតំណាងស្ថាប័នព័ត៌មានធំៗ ចុះទៅពិនិត្យដល់ទីតាំងដែលមានការសង្ស័យនោះ។ ឬមួយបើជម្រើសនេះ ប៉ះពាល់ដល់សន្តិសុខជាតិ លោកថា រដ្ឋាភិបាលអាចប្តឹងសុំឱ្យស្ថាប័នព័ត៌មានបរទេស ដែលចេញផ្សាយរឿងនេះពីដំបូងនោះ បង្ហាញភស្តុតាងរឹងមាំរបស់ខ្លួន ហើយកម្ពុជាក៏ត្រូវបង្ហាញភស្តុតាងរឹងមាំដូចគ្នា។ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយរូបនេះសង្កត់ធ្ងន់ថា បើករណីនេះមិនត្រូវបានដោះស្រាយឱ្យដាច់ស្រឡះទេ នោះនយោបាយការបរទេស និងបរិយាកាសវិនិយោគនៅកម្ពុជា នឹងប្រឈមបញ្ហាច្រើននៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។