អាមេរិក-​កម្ពុជា​រក្សា​ជំហរ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ធ្វើ​ខុស​ច្បាប់​មក​កម្ពុជា​វិញ

ដោយ ម៉ម មុនីរតន៍
2016.12.30
ខៀវ សុភ័គ ២០១៦ ៦២២ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
RFA

សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀង​អនុស្សរណៈ​យោគយល់​គ្នា (MOU) កាល​ពី​ឆ្នាំ​២០០២ ក្នុង​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ ពេល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​ថា ខ្លួន​នៅ​តែ​រក្សា​ជំហរ​ធ្វើ​មាតុភូមិនិវត្តន៍​ដូច​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រួច​ហើយ។ អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​គោលនយោបាយ​នេះ និង​ថា វា​នឹង​អាច​ប៉ះពាល់​សិទ្ធិ​ដែល​ត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍​ជន​ទាំង​នោះ ប្រសិន​បើ​ពួក​គេ​ចង់​វិល​ចូល​ប្រទេស​អាមេរិក​វិញ។

ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា នៅ​ពេល​នេះ ទាំង​ស្ថានទូត​អាមេរិក និង​រដ្ឋាភិបាល កំពុង​បន្ត​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​កិច្ចព្រមព្រៀង​ដែល​បាន​អនុវត្ត​រួច​ហើយ កាល​ពី​ជាង ១០​ឆ្នាំ​មុន​ថា តើ​មាន​ប្រការ​ណា​ខ្លះ​ដែល​ត្រូវ​កែសម្រួល ឬ​អាច​បន្ថែម​ចំណុច​ខ្វះខាត​ទៀត។

ការ​បញ្ជាក់​ជំហរ​ដូច​នេះ​របស់​លោក ខៀវ សុភ័គ មន្រ្តី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ស្រប​ពេល​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បដិសេធ​សំណើ​របស់​រដ្ឋាភិបាល​ដែល​សុំ​ឲ្យ​អាមេរិក​ឈប់​បញ្ជូន​ខ្មែរ​ប្រព្រឹត្ត​កំហុស​លើ​ទឹកដី​អាមេរិក មក​កម្ពុជា​វិញ។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ ឲ្យ​ដឹង​ថា ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ទាំង​រដ្ឋាភិបាល និង​សហរដ្ឋអាមេរិក មិន​ទាន់​ឈាន​ដល់​ការ​បិទ​ច្រក​រៀង​រៀងៗ​ខ្លួន​បែប​នេះ​នៅ​ឡើយ​ទេ ពោល​ភាគី​ទាំង​ពីរ​កំពុង​តែ​សើរើ​ឡើង​វិញ ទៅ​លើ​កិច្ចព្រមព្រៀង​ដែល​បាន​អនុវត្ត​រួច​ហើយ កាល​ពី​ឆ្នាំ​២០០២ នៅ​ឡើយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប៉ុន្តែ​ជា​គំនិត​រដ្ឋាភិបាល ពិត​ជា​មិន​ចង់​ឲ្យ​អាមេរិក បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ជាន់​ដី​អាមេរិក​ហើយ ត្រូវ​វិល​ត្រឡប់​មក​កម្ពុជា វិញ​នោះ​ពិត​មែន។

បើ​ទោះ​ជា​បែប​ណា​លោក ខៀវ សុភ័គ បញ្ជាក់​ថា រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិគ្រោះ​យោបល់ និង​លើ​សំណើ​ដាក់​លើ​តុ​ចរចា​នៅ​ឡើយ​ទេ៖ «MOU ហ្នឹង​យើង​កំពុង​តែ​ជជែក​គ្នា​ទេ។ ជា​គោលការណ៍​រាជ​រដ្ឋាភិបាល​ឲ្យ​ពិភាក្សា​គ្នា​ឡើង​វិញ។ យើង​មិន​ចេះ​តែ​យកៗ​មក​ទេ។ កន្លង​មក​ធ្លាប់​មាន​បញ្ហា​នៅ​ត្រង់​ថា យក​មក​ហ្នឹង​អាមេរិក គាត់​បោះបង់​ចោល»

លោក ខៀវ សុភ័គ ក៏​បដិសេធ​ដែរ​ថា រដ្ឋាភិបាល​ពុំ​ទាន់​បាន​ផ្ញើ​លិខិត​ជា​ផ្លូវការ​ណា​មួយ​ទៅ​ស្ថានទូត​អាមេរិក ស្នើ​សុំ​ឲ្យ​ប្រទេស​មហា​អំណាច​នេះ ពិចារណា​ក្នុង​ការ​មិន​បញ្ជូន​ពលរដ្ឋ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​លើ​ទឹកដី​អាមេរិក ហើយ​ត្រូវ​បង្ខំ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​វិល​មក​កម្ពុជា វិញ​នោះ​ដែរ។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ថ្ងៃ​ចុះ​កិច្ច​ព្រមព្រៀង កាល​ពី​ឆ្នាំ​២០០២ មាន​ពលរដ្ឋ​ខ្មែរ​ចន្លោះ​ពី ៥០០ ទៅ ៦០០​នាក់ បាន​បញ្ជូន​ពី​សហរដ្ឋអាមេរិក ឲ្យ​មក​រស់​នៅ​លើ​ទឹកដី​កម្ពុជា​វិញ។

ទាក់ទិន​រឿង​នេះ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិច​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា ការ​ពិត​ពលរដ្ឋ​ខ្មែរ​ដែល​សហរដ្ឋអាមេរិក ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​នេះ គឺ​ពុំ​មែន​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​បាន​សញ្ជាតិ​ជា​អាមេរិកាំង​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត សហរដ្ឋអាមេរិក នៅ​តែ​គោរព​កិច្ច​ព្រមព្រៀង ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​អនុវត្ត​រួម​គ្នា​រួច​មក​ហើយ។

លោក​បន្ត​ថា៖ «យើង​បន្ត​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ពី​ការ​ធ្វើ​មាតុ​និវត្តន៍​ពលរដ្ឋ​កម្ពុជា។ យើង​ជឿ​ជាក់​ថា កម្ពុជា​គួរ​ចេញ​ឯកសារ​ធ្វើ​ដំណើរ​ជូន​ពលរដ្ឋ​ខ្លួន នឹង​ទទួល​ការ​វិល​ត្រឡប់​មក​វិញ​នូវ​ជន​ដែល​ទទួល​បាន​ការ​សម្រេច​ចុង​ក្រោយ​ថា នឹង​បញ្ជូន​មក​វិញ។អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នៅ​តែ​មាន​ប្រសិទ្ធភាព និង​មិន​មាន​ការ​ប្រែប្រួល​ឡើយ។ អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ មិន​មែន​ជា​ជនជាតិ​ខ្មែរ ដែល​មាន​សញ្ជាតិ​អាមេរិក នោះ​ឡើយ។ អ្នក​ទាំង​អស់​នោះ មិន​មែន​ជា​ពលរដ្ឋ​អាមេរិក​នោះ​ទេ។ ពលរដ្ឋ​អាមេរិក មិន​អាច​ត្រូវ​បាន​និរទេស​ខ្លួន​នោះ​ទេ»

អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស​បង្ហាញ​កង្វល់​ចំពោះ​គោលនយោបាយ​នេះ ដោយ​ចាត់​ទុក​ថា វា​នឹង​អាច​មាន​ផល​ពិបាក​ចំពោះ​អ្នក​ដែល​ត្រូវ​ធ្វើ​បត្យាប័ន​ត្រឡប់​មក​វិញ ហើយ​ថ្ងៃ​ក្រោយ​អ្នក​ទាំង​នោះ គ្មាន​សិទ្ធិ​ចូល​ទឹក​ដី​អាមេរិក បាន​ទៀត។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (Licadho) បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​នេះ​ថា ការ​វិធីសាស្ត្រ​ក្នុង​ការ​បិទ​ផ្លូវ​ចំពោះ​ពួក​គេ នៅ​ថ្ងៃ​ក្រោយ​ទៀត។ លើស​ពី​នេះ​ទៀត លោក​ចង់​ឃើញ​គោលនយោបាយ​សហរដ្ឋអាមេរិក ផ្ដល់​សិទ្ធិ​ឲ្យ​បាន​ទូលាយ​ជាង​នេះ សម្រាប់​ពលរដ្ឋ​កម្ពុជា ដូច​ពលរដ្ឋ​នៅ​លើ​ពិភពលោក​ដទៃ​ទៀត​ដែរ៖ «ឃើញ​ថា​ការ​បដិសេធ​មិន​មែន​ជា​រឿង​ល្អ​ទេ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ។ យើង​នៅ​តែ​មាន​ការ​បារម្ភ​ក្នុង​ការ​បញ្ជូន​ពួក​គេ​ទាំង​អស់​ហ្នឹង​មក​កម្ពុជា​វិញ»

បើ​ទោះ​ជា​បែប​ណា លោក ខៀវ សុភ័គ រំពឹង​ថា កិច្ច​ព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​កំពុង​ពិនិត្យ និង​ពិគ្រោះ​យោបល់​នេះ អាច​ជា​មធ្យោបាយ​ប្រសើរ​ជាង​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​រឿង​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​មាន​កំហុស ហើយ​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា វិញ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។