ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR ជំរុញ​កម្ពុជា​ឱ្យ​​ស៊ើប​អង្កេត​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​នៅ​ភ្នំពេញ

0:00 / 0:00

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និង​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស APHR នៅ​ថ្ងៃ​ទី៩ មិថុនា ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅ​ក្រុង​ភ្នំពេញ។ ការ​ជំរុញ​នេះ កើត​មាន​ឡើង ស្រប​ពេល​ដែល​អាជ្ញាធរ​កម្ពុជា និង​ថៃ នៅ​តែ​បង្ហាញ​ភាព​ស្ងៀម​ស្ងាត់​មិន​អើពើ​ករណី​មួយ​នេះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភ្លាមៗ ករណី​ចាប់​ពង្រត់ លោក វ៉ាន់ឆាឡឺម នេះ។ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា អ្នកស្រី អេមីលី ហ្សីប៊ឺក (Emily Zeeberg) ប្រាប់​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី៩ មិថុនា ថា ស្ថានទូត​សហរដ្ឋ​អាមេរិក ដឹង​អំពី​សេចក្ដី​រាយ​ការណ៍​នានា ជុំវិញ​ការ​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ​ម្នាក់ គឺ​លោក វ៉ាន់ឆាតឡឺម សាតស័ក្ខិសិទ្ធិ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា នៅ​ក្រុង​ភ្នំពេញ។ អ្នកស្រី​ថា សហរដ្ឋអាមេរិក ជា​ទៀង​ទាត់ តែង​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​បរទេស រួម​ទាំង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ​ផង ធានា​ឲ្យ​បាន ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រម​ទាំង​សេរីភាព​ជា​មូលដ្ឋាន​ដទៃ​ទៀត ស្រប​តាម​កាតព្វកិច្ច អន្តរជាតិ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ទាំង​នេះ។

ដោយឡែក ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR នៅ​ថ្ងៃ​ទី៩ មិថុនា ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​ថៃ បើក​ការ​ស៊ើប​អង្កេត​ករណី​មួយ​នេះ​ដែរ និង​ត្រូវ​ធានា​សុវត្ថិភាព​របស់​សកម្មជន​ថៃ​រូប​នេះ​ជា​បន្ទាន់។

ប្រធាន APHR និង​ជា​តំណាង​រាស្ត្រ​ម៉ាឡេស៊ី លោក ឆាល សាន់ធីយ៉ាហ្គោ (Charles Santiago) ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី៩ មិថុនា​ថា ការណ៍​ដែល​សកម្មជន​នយោបាយ​ថៃ​ម្នាក់ ត្រូវ​បាន​គេ​ចាប់​ពង្រត់​ដោយ​ឥត​ញញើត នៅ​តាម​ផ្លូវ​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា គឺ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត។ លោក​ថា រដ្ឋាភិបាល​អាស៊ាន​ដែល​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​ប្រព្រឹត្តិ​រឿងរ៉ាវ​បែប​នេះ​ឡើង នៅ​ក្នុង​ដែន​ដី​របស់​ពួក​គេ កំពុង​តែ​ប្រែ​ក្លាយ​តំបន់​អាស៊ាន​ទាំង​មូល ឲ្យ​ក្លាយ​ជា​ឋាន​សួគ៌ របស់​ពួក​មេ​ដឹក​នាំ​ផ្ដាច់ការ ដែល​តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ មក​លើ​សំឡេង​ប្រឆាំង ហួស​ពី​ព្រំដែន​នៃ​ប្រទេស​របស់​ពួក​គេ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា លោក ឆាយ គឹមឃឿន ពុំ​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ទេ តែ​លោក​ថា កម្ពុជា​មាន​អធិបតេយ្យ​ច្បាស់លាស់។ លោក​ថា អាជ្ញាធរ​កម្ពុជា​បដិសេធ ការ​ចោទ​ប្រកាន់​ដែល​ថា អាជ្ញាធរ​កម្ពុជា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ពង្រត់​សកម្មជន នយោបាយ​ថៃ​រូប​នេះ៖ « ពាក់ព័ន្ធ​ករណី​នេះ មាន​ព័ត៌មាន​ប៉ុន្មាន​ថ្ងៃ​មក​នេះ ដែល​ពី​ព្រឹក​ខ្ញុំ​បាន​បដិសេធ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​កម្ពុជា​ចាប់​លោក ឆាឡឺមស័ក្តិ។ ទីពីរ សមត្ថកិច្ច​កម្ពុជា​នឹង​បើក​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ទាំង​នោះ។ តែ​ល្ងាច​ម៉ិញ​នេះ បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​ប្រធាន យើង​បាន​ឃើញ​ថា លោក ឆាឡឺមស័ក្តិ នេះ​បាន​បាត់​ខ្លួន​ពី​កម្ពុជា​តាំង​ពី​ឆ្នាំ២០១៧។ នេះ​ផ្អែក​តាម​ឯកសារ​ស្រាវជ្រាវ។ អ៊ីចឹង យើង​អត់​មាន​ព័ត៌មាន​អី​លើស​ពី​នេះ​ទេ ហើយ​អាជ្ញាធរ​កម្ពុជា​ក៏​កំពុង​តែ​ខិតខំ​រក​សាក្សី រក​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ទាំង​នេះ។ យើង​ក៏​សំណូមពរ​ដែរ សាក្សី និង​អ្នក​មាន​ព័ត៌មាន ទាំង​ឡាយ​ណា ដែល​មាន​ភស្តុតាង​ហើយ​អាច​ធ្វើ​សាក្សី​បាន បញ្ជាក់​អំពី​ការ​បាត់​ខ្លួន​លោក ឆាឡឺមស័ក្តិ នេះ ក៏​សូម​សហការ​ជាមួយ​សមត្ថកិច្ច »

សកម្មជនក្រុម​អាវ​ក្រហម​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ខិសិទ្ធិ អាយុ ៣៧ ឆ្នាំ ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់​ពី​កន្លែង​ស្នាក់នៅ​របស់​លោក ចូល​ទៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយ រួច​បើក​ទៅ​បាត់ កាល​ពី​ថ្ងៃ​ទី៤ មិថុនា។ សហការី​របស់​លោក​មួយ​រូប ដែល​កំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​លោក ក្នុង​ពេល​កើត​ហេតុ​នោះ បាន​ឮ​លោក វ៉ាន់ឆាឡឺម ស្រែក​ថា លោក​មិន​អាច​ដក​ដង្ហើម​បាន​ទេ ហើយ​ទូរស័ព្ទ​ក៏​ត្រូវ​កាត់​ផ្ដាច់​ទៅ។

ករណី​ចាប់​ពង្រត់​សកម្មជន​អាវ​ក្រហម​ថៃ​រូប​នេះ កើត​មាន​ឡើង​ពីរ​ថ្ងៃ ក្រោយ​ពេល​ដែល​លោក​បាន​បង្ហោះ​វីដេអូ​រិះគន់​រដ្ឋាភិបាល​ថៃ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ អាជ្ញាធរ​ថៃ​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ បាន​ចេញ​ដីកា តាម​ចាប់​ខ្លួន​លោក វ៉ាន់ឆាឡឺម ពី​បទ​ល្មើស​ព័ត៌មាន​វិទ្យា ដោយសារ​តែ​លោក​បាន​ប្រើ ទំព័រ​ហ្វេសប៊ុក ធ្វើ​ជា​មធ្យោបាយ​រិះគន់​រដ្ឋាភិបាល​ថៃ។ ក្រោយ​ករណី​ចាប់​ពង្រត់​នេះ ទាំង​រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​ថៃ​ប្រចាំ​ក្រុង​ភ្នំពេញ និយាយ​ថា ពួក​គេ​ពុំ​មាន​ព័ត៌មាន​អំពី​លោក វ៉ាន់ឆាឡឺម នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​ថៃ​ប្រមាណ ១០០នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៨ មិថុនា ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​នេះ ដោយ តាម​ចាប់​ខ្លួន​ជន​ល្មើស និង​ធានា​សុវត្ថិភាព​ដល់​លោក វ៉ាន់ឆាតឡឺម។ ក្រុម​អ្នក​តវ៉ា​ជនជាតិ​ថៃ​ទាំង​នោះ ក៏​បាន​ចោទ​ប្រកាន់​រដ្ឋ​អំណាច​ថៃ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​រៀបចំ ករណី​ចាប់​ពង្រត់​នេះ។

ក្រុមសមាជិកសភាអាស៊ាន APHR កត់​សម្គាល់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ នេះ អាជ្ញាធរ​នៅ​កម្ពុជា ថៃ វៀតណាម និង​ម៉ាឡេស៊ី សុទ្ធតែ​រង​ការ​ចោទ​ប្រកាន់​ថា បាន​ចាប់​ខ្លួន និង​បញ្ជូន​ក្រុម​អ្នក​រិះគន់​ខ្លួន ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេសជិតខាង មក​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ។ លោក ឆាល សាន់ធីយ៉ាហ្គោ គូស​បញ្ជាក់​ថា និន្នាការ​កើន​ឡើង​ក្នុង​ចំណោម​រដ្ឋាភិបាល​អាស៊ាន នៃ​ការ​ចាប់​បញ្ជូន​អ្នក​នយោបាយ​ប្រឆាំង ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ជិត​ខាង ឲ្យ​មក​ទទួល​ទោស​ក្នុង​ស្រុក​វិញ​នេះ គឺ​ជា​រឿងរ៉ាវ​ដ៏​គ្រោះថ្នាក់​បំផុត។ លោក​ស្នើ​ថា ក្រុម​មេ​ដឹក​នាំ​អាស៊ាន គួរ​តែ​នាំ​គ្នា​ការពារ​ប្រជាធិបតេយ្យ ហើយ​មិន​ត្រូវ​ការពារ​របប​ផ្ដាច់ការ​នោះ​ទេ។ លោក​ថា ក្រុម​មេ​ដឹក​នាំ​អាស៊ាន​អាច​ធ្វើ​ដូច្នេះ​ទៅ​បាន ដោយ​ចាប់​ផ្តើម​ពី​ការ​គោរព​កាតព្វកិច្ច​របស់​ពួក​គេ ក្នុង​ការ​ផ្ដល់​សិទ្ធិ​ជ្រកកោន និង​ការពារ​ជន​ទាំង​ឡាយ​ណា ដែល​រត់​គេច​ខ្លួន​ចេញ ពី​ការ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។

ទន្ទឹម​គ្នា​នេះ​ដែរ ក្រុម​សមាជិក​សភា​អាស៊ាន APHR ក៏​អំពាវនាវ​ឲ្យ​តំណាង​រាស្ត្រ​កម្ពុជា និង​ថៃ ត្រូវ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​ពួក​គេ​ទទួល​ខុស​ត្រូវ ដោយ​ស្នើសុំ​ឲ្យ​មាន​ការ​រាយ​ការណ៍ ជា​ទៀងទាត់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ដំណើរ​វិវត្តន៍ នៃ​ការ​ស្វែងរក​សកម្មជន​ថៃ​រូប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។