ស្ថានទូត​អាមេរិក​ខក​ចិត្តនឹង​មន្ត្រី​នាំ​ពាក្យ​អគ្គបញ្ជាការ​កងទ័ព​កម្ពុជា​ដែល​និយាយ​មិន​ពិត​ជុំវិញ​ជំហរ​អាមេរិក​រឿង​មូលដ្ឋានទ័ព​ចិន​នៅ​រាម

0:00 / 0:00

ស្ថានទូត​អាមេរិក​ខក​ចិត្តនឹង​មន្ត្រី​នាំ​ពាក្យ​អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ដែល​និយាយ​មិន​ពិត​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក និង​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ ជុំវិញ​ជំហរ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក រឿង​មូលដ្ឋានទ័ព​ចិន នៅ​ឆ្នេរសមុទ្រ​រាម។

ស្ថានទូត​អាមេរិក នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ​ថា សេចក្ដី​ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន របស់​អ្នកនាំពាក្យ​អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​លោក ថោង សូលីម៉ូ ទាក់ទង​នឹង​កិច្ចប្រជុំ​នា​ពេល​ថ្មីៗ​នេះ រវាង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ជាមួយ​អគ្គ​មេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន គឺ​មិន​ឆ្លុះបញ្ចាំង​ត្រឹមត្រូវ តាម​ប្រសាសន៍​ពិត របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​នោះ​ទេ។

ស្ថានទូត​អាមេរិក​បន្ថែម​ថា ថ្វីបើ​លោក​ឯកអគ្គរដ្ឋទូត មានការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​ល្អ ជាមួយ​អគ្គ​មេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន ក្តី តែ​អ្នកនាំពាក្យ​អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​លោក ថោង សូលីម៉ូ មិន​បាន​និយាយ​ត្រឹមត្រូវ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ អំពី​មូលដ្ឋាន​យោធា​បរទេស​នោះ​ទេ។ ស្ថានទូត​បញ្ជាក់​ខ្លឹមសារ​ពិត​នៃ​ជំនួប​នោះ ថា​លោក​ឯក​អគ្គ​រដ្ឋ​ទូត និង​សហរដ្ឋអាមេរិក នៅតែ​ព្រួយ​បារម្ភ ចំពោះ​ព័ត៌មាន​ចុះផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្ដីពី​លទ្ធភាព​ដែល​អាច​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា ព្រោះ​បើ​មាន​ដូច្នេះ​មែន គឺ​អាច​គំរាម​កំហែង​ដល់​អធិបតេយ្យ​របស់​កម្ពុជា និង​ស្ថិរភាព​ក្នុង​តំបន់។

ជាង​នេះ​ទៅ​ទៀត ស្ថានទូត​អាមេរិក ថា ការ​និយាយ​ខុស​ពី​ខ្លឹមសារ​ពិត នៃ​ជំហរ​របស់​មន្ត្រី​ការ​ទូត​អាមេរិក គឺ​ធ្វើ​ឱ្យ​ខូច​ដល់​ការ​ប្ដេជ្ញា​ចិត្ត ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ល្អ​ឡើងវិញ រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​ស្ថានទូត​នេះ បញ្ជាក់​ថា ខ្លួន​មានបំណង​មុតមាំ​ក្នុង​ការ​ចៀសវាង​ការ​និយាយ​ខុស​នេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា​លោក ផាទ្រីក ម័រហ្វី បាន​ជួប​ជាមួយ​អគ្គ​មេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន នៅ​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃ​ទី៣ ខែ​ធ្នូ ដែល​ពិភាក្សា​គ្នា អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ភាព​ជឿនលឿន​ចាំបាច់​សម្រាប់​ពង្រីក​កិច្ចសហការ​ផ្នែក​សន្តិសុខ ដែល​រួមមាន​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា ពី​ការ​តាំង​មូលដ្ឋាន​យោធា​បរទេស។

ក្នុង​ថ្ងៃ​ដដែល​នោះ ទំព័រ​ហ្វេសប៊ុក​របស់​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ចុះផ្សាយ ដោយ​អះអាង​ជំនួស​លោក ផាទ្រីក ម័រហ្វី ថា ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ បាន​ចាត់​ទុក​ការផ្សាយ​ព័ត៌មាន​កន្លងទៅ ដែល​ថា កម្ពុជា​បាន​អនុញ្ញាត ឱ្យ​មាន​មូលដ្ឋាន​យោធា​ចិន នៅ​លើ​ទឹកដី​កម្ពុជា​នោះ ថា​ជា​ការ​មិន​ពិត​នោះ​ទេ ហើយ​អះអាង​បន្ថែម​ថា ឯកអគ្គរដ្ឋទូត​រូប​នេះ យល់ស្រប​ថា ការ​ចុះផ្សាយ​ព័ត៌មាន​បែប​នោះ គឺ​ចង់​ធ្វើ​ឱ្យ​បាត់បង់​ស្ថិរភាព​តែប៉ុណ្ណោះ។

ក្រោយ​ការ​ចុះផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គបញ្ជាការដ្ឋាន នៃ​កង​យោធពល​ខេមរភូមិន្ទ​នេះ​រួច កាលពី​ថ្ងៃ​ទី៥ ខែ​ធ្នូ អ្នកនាំពាក្យ​អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​លោក ថោង សូលីម៉ូ ក៏​បាន​ផ្ដល់​សម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុងស្រុក the Khmer Times ដោយ​បញ្ចេញយោបល់​ជំនួស​ឯកអគ្គរដ្ឋទូត​អាមេរិក ជុំវិញ​ជំហរ​សហរដ្ឋអាមេរិក រឿង​មូលដ្ឋានទ័ព​ចិន​នៅ​លើ​ដី​ខ្មែរ​នេះ​ដែរ​។ លោក ថោង សូលីម៉ូ អះអាង​ថា លោក ផាទ្រីក ម័រហ្វ៊ី យល់ស្រប​ថា ព័ត៌មាន ដែល​ចុះផ្សាយ​អំពី​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​នោះ ជា​ព័ត៌មាន​ប្រឌិត។

ស្ថានទូត​អាមេរិក ក៏​រម្លឹក​ដល់​ផ្នែក​សារព័ត៌មាន ថា​ស្ថានទូត​មាន​ផ្នែក​ទទួលបន្ទុក​លើ​ផ្នែក​សារព័ត៌មាន សម្រាប់​ផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ ស្ដីពី​គោល​នយោបាយ សេចក្ដី​ថ្លែងការណ៍ និង​កិច្ច​ការងារ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក។

អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​លោក ថោង សូលីម៉ូ បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយសារ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​គ្មាន​អ្នកទទួល។

ទោះ​ជា​យ៉ាង​នេះ​ក្តី សហរដ្ឋអាមេរិក បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ជាប្រចាំ​ថា ​ខ្លួន​ព្រួយបារម្ភ​អំពី​លទ្ធភាព នៃ​ការ​ដាក់​មូលដ្ឋាន​ទ័ព​របស់​ចិន នៅ​លើ​ទឹកដី​កម្ពុជា​។ នៅ​ក្នុង​លិខិត​របស់​ប្រធានាធិបតី​អាមេរិក​លោក ដណាល់ ត្រាំ ទៅ​លោក ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ ក៏​លោក ដូណាល់ ត្រាំ បញ្ជាក់​ជំហរ​នេះ​ជាថ្មី ដោយ​រម្លឹក​ឱ្យ​ប្រទេស​កម្ពុជា រក្សា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​របស់​ខ្លួន និង​រក្សា​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។

ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា របប​លោក ហ៊ុន សែន រង​ការ​ថ្កោលទោស​ជុំ​ទិស ពី​សហគមន៍​អន្តរជាតិ ដែល​ចាត់​ទុក​ការ​បោះឆ្នោត​នោះ ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ របប​ក្រុងភ្នំពេញ​ព្យាយាម​បង្ហាញ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន តាម​រូបភាព​នៃ​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​បរទេស។ ជំនួប​ជាច្រើន ធ្វើឡើង​ញឹកញាប់​ជា​មួយ​​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​កុម្មុយនិស្ត ដូចជា​ប្រទេស​ចិន និង​វៀតណាម និង​ប្រទេស​អឺរ៉ុប​ខាងកើត ដែល​ជា​អតីត​ប្លុក​កុម្មុយនិស្ត។

​ដោយឡែក ជំនួប​ជាមួយ​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​សេរី​វិញ ជា​ញឹកញយ នៅក្រោយ​ជំនួប​ទាំងនោះ ខ្លឹមសារ​ពិត​នៃ​ជំនួប ច្រើនតែ​ត្រូវ​បាន​មន្ត្រី​របប​ក្រុងភ្នំពេញ និង​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន និយាយ ឬ​ផ្សាយ​លើស ឬ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង។

ឧទាហរណ៍ ដូច​កាលពី​ខែ​តុលា ឆ្នាំ​២០១៨ មន្ត្រី​ជាន់ខ្ពស់​នៃ​សហភាព​អន្តរ​សភា (IPU) ហួស​ចិត្តនឹង​ការ​បន្លំ​សារ​របស់​ប្រធាន​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ដោយ​មន្ត្រី​រដ្ឋសភា​ឯក​បក្ស នៃ​របប​លោក ហ៊ុន សែន ដែល​កាលណោះ អ្នកស្រី ឃួន សុដារី អនុប្រធាន​ទី​២​រដ្ឋសភា បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​របប​លោក ហ៊ុន សែន ជាពិសេស​សារព័ត៌មាន the Fresh News ថា ប្រធាន​សហភាព​អន្តរ​សភា អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) អបអរ​សាទរ​យ៉ាង​ពេញទំហឹង ហើយ​វាយតម្លៃ​ខ្ពស់ ជាពិសេស​លទ្ធផល​ដ៏​ជោគជ័យ នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ នៅ​កម្ពុជា ដែល​បាន​បង្ហាញ​អំពី​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ពិត​ប្រាកដ។

ភ្លាមៗ​នោះ អ្នកស្រី​ប្រធាន​សហភាព​អន្តរ​សភា បាន​សរសេរ​សារ​បដិសេធ​យ៉ាង​ដាច់​អហង្កា នៅ​លើ​បណ្ដាញ​សង្គម ធ្វីតទ័រ (Twitter) របស់​អ្នកស្រី ដោយ​អ្នកស្រី បញ្ជាក់​ថា អ្នកស្រី​ពិតជា​មិន​បាន​​អបអរសាទរ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទាល់តែសោះ។ ផ្ទុយទៅវិញ អ្នកស្រី​ថែមទាំង​បាន​ចោទ​ជា​សំណួរ ទៅកាន់​គណៈប្រតិភូ​រដ្ឋ​សភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស ដែល​សហភាព​អន្តរ​សភា​បាន​កត់​ត្រាទុក​ថែម​ទៀត​ផង។

ក្នុង​ជំនួប​មួយទៀត​កាលពី​ខែ​កញ្ញា រវាង​មន្ត្រី​​ការទូត​ជាន់ខ្ពស់​អង់គ្លេស​អ្នកស្រី ហិតឌ័រ វីល័រ (Heather Wheeler) ដែល​ជា រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​ក្រសួង​ការបរទេស​អង់គ្លេស ជាមួយ​នឹង​លោក ប្រាក់ សុខុន ត្រូវ​បាន​មន្ត្រី​ក្រសួង​ការបរទេស​របប​លោក ហ៊ុន សែន គឺ​លោក មាស គឹមសេង យក​មក​បកស្រាយ​ប្រាប់​ប្រព័ន្ធ​ឃោសនា​របប​នេះ ថា អ្នកស្រី ហិតឌ័រ វីល័រ សន្យា​ថា ប្រទេស​អង់គ្លេស នឹង​នៅតែ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា និង​ប្រទេស​ក្រីក្រ​ដទៃ​ទៀត ពេល​អង់គ្លេស​ដក​ខ្លួន​ចេញពី​សហភាព​អឺរ៉ុប។

សារ​នេះ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​តប​ពី​អង្គការ​យុទ្ធនាការ​សិទ្ធិ​កម្មករ​រោងចក្រ​កាត់ដេរ​ពិភពលោក នៅ​អង់គ្លេស (Labour Behind the Label) និង​សភា​សហជីព​ពាណិជ្ជកម្ម (Trade Union Congress) ដែល​សរសេរ​ញត្តិ​កាលពីដើម​ខែ​តុលា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស បញ្ឈប់​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ណាមួយ ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ នាំ​ឱ្យ​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ព្រោះ​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

បើ​ទោះ​បី​ជា​មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា អង់គ្លេស​បញ្ជាក់​ថា នឹង​នៅតែ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា ក្រោយ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​យ៉ាង​ណា​ក្តី ក៏​មន្ត្រី​ការបរទេស​អង់គ្លេស បង្ហើប​ប្រាប់​អាស៊ីសេរី ថា មន្ត្រី​ជាន់ខ្ពស់​រូប​នេះ មិន​បាន​សន្យា​ដូច្នេះ​នោះ​ឡើយ ព្រោះ​ការ​បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ EBA ឬ​មិន​ផ្ដល់​ឱ្យ​កម្ពុជា គឺ​អាស្រ័យ​លើ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​កំពុង​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​នៅ​ពេល​នេះ ប្រទេស​អង់គ្លេស ក៏​កំពុង​នៅ​ជា​សមាជិក​មួយ​ក្នុង​គណៈកម្មការ​នេះ​ដែរ។

មន្ត្រី​ដដែល​រូប​នេះ បញ្ជាក់​បន្ថែម​ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ពិសេស ខុសគ្នា​ពី​ស្ថានភាព​ប្រទេស​ក្រីក្រ​ដទៃ​ទៀត។ ពិសេស​ត្រង់​ថា កម្ពុជា​កំពុង​រង​ការ​ត្រួត​ពិនិត្យ ជុំវិញ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នេះ។ ដូច្នេះ ការសម្រេច បើ​ទោះ​បី​ក្រោយ​ចាក​ចេញពី​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស​មាន​សិទ្ធិ​ស្វ័យ​សម្រេច ដោយ​ឯករាជ្យ​ខ្លួនឯង​យ៉ាង​ក្ដី ក៏​ការសម្រេច​នេះ គឺ​ចៀស​មិន​ផុត​ពី​ស្របតាម​អ្វី​ដែល​គណៈកម្មការ​អឺរ៉ុប នឹង​សម្រេច​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ដែរ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​សង្គម តែងតែ​លើកឡើង​អំពី​ក្ដី​ព្រួយបារម្ភ ចំពោះ​ការ​ខ្វះ​ប្រភព​ព័ត៌មាន​ឯករាជ្យ ក្រោយ​របប​ក្រុងភ្នំពេញ បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ភាគ​ច្រើន​រង​ការរិះគន់ ថា ជា​ឧបករណ៍​ឃោសនា​ឱ្យ​បក្ស​កាន់​អំណាច និង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រជាភិថុតិ ជា​ជាង​ព័ត៌មាន​ពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។