មន្ត្រី​ជាន់ខ្ពស់​សហភាពអន្តរសភា ហួស​ចិត្តនឹង​ការ​បន្លំ​សារ​ ​ដោយ​មន្រ្តី​សភា​ឯកបក្ស​កម្ពុជា

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​នៃ​សហភាព​អន្តរ​សភា IPU ហួស​ចិត្តនឹង​ការ​បន្លំ​សារ​របស់​ប្រធាន​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ដោយ​មន្ត្រី​រដ្ឋសភា​ឯកបក្ស នៃ​របប​លោក ហ៊ុន សែន។ ចំណែក​ក្រុម​ពលរដ្ឋ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​កម្ពុជា រិះគន់​តំណាង​រដ្ឋសភា​ទាំងនោះ ថា មាន​ចេតនា ចង់​កេង​ចំណេញ​នយោបាយ​ពី​ប្រធាន​សហភាព​អន្ដរសភា ជុំវិញ​ករណី​ជំនួប​ក្រៅផ្លូវការ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​១៦ តុលា។ អ្នក​តាមដាន​សង្គម និង​អ្នកនយោបាយ ថា នេះ​ជា​ភាព​អាម៉ាស់​របស់​តំណាង​រដ្ឋសភា​ក្លែងក្លាយ។

នាយក​ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង នៃ​សហភាពអន្តរ​សភា ឬ IPU លោក ថំម៉ាស់ ហ្វ៊ីតសៃម៉ិនស៍ (Thomas Fitzsimons) ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១៨ ខែតុលា​ ទាំង​ខកចិត្ត ទៅ​នឹង​ការ​បំផ្លើស​ព័ត៌មាន ដែល​នាំ​ឲ្យ​មានការ​យល់​ច្រឡំ ចំពោះ​ជំហរ​របស់​ប្រធាន​សហភាព​អន្តរ​សភា អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក ថំម៉ាស់ ហ្វ៊ីតសៃម៉ិនស៍ បញ្ជាក់​ថា អ្នកស្រី​ប្រធាន​សហភាព​អន្តរ​សភា ពិតជា​មិន​បាន​និយាយ​គាំទ្រ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ឬ​អបអរសាទរ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ដូច​ការ​លើកឡើង​នៅ​លើ​គេហទំព័រ​រដ្ឋសភា​កម្ពុជា និង​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន នោះ​ទេ៖ «អត់​ទេ​ ! អត់​សោះតែ​ម្តង​ ! អ្នកស្រី​ប្រធាន អត់​បាន​និយាយ​អ៊ីចឹង​ទេ​ ! នោះ​ពិតជា​ការ​បកស្រាយ​ខុស​ទាំងស្រុង ទៅ​នឹង​ជំហរ​របស់​អ្នកស្រី។ បើ​លោក​អាន​ខ្លឹមសារ ឆ្លើយតប​ទៅ​នឹង​ចំណុច​នេះ ដែល​អ្នកស្រី​បាន​សរសេរ​លើ Twitter អ្នកស្រី លោក​គង់​បាន​ជ្រាប​ច្បាស់ នូវ​អ្វី​ដែល​អ្នកស្រី​ថ្លែង​ទៅកាន់​គណៈប្រតិភូ​កម្ពុជា។ មិនតែប៉ុណ្ណោះ អ្នកស្រី​ថែមទាំង​ថ្កោលទោស ការរំលោភ​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទៀត​ផង»។

ភ្លាមៗ​នៅ​ក្រោយ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋសភា​ឯកបក្ស​កម្ពុជា កាលពី​ថ្ងៃទី១៧ ខែ​តុលា បង្ហោះ​សារ​ដោយ​អះអាង​ថា អ្នកស្រី​ប្រធាន​សហភាព​អន្តរ​សភា ឯកភាព​តាម​ការ​លើកឡើង​របស់​អ្នកស្រី ឃួន សុដារី អនុប្រធាន​ទី​២​រដ្ឋសភា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិ ​ដែល​កម្ពុជា​ទទួល​បាន និង ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របស់​របប​លោក ហ៊ុន សែន ជាពិសេស​សារព័ត៌មាន Fresh News ដែល​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ឲ្យ​ឈ្មោះថា ជា​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​នោះ បាន​ចុះផ្សាយ​ព្រោងព្រាត និង​បន្លំ​ន័យ​រហូត ថា​អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន អបអរសាទរ​យ៉ាង​ពេញ​ទំហឹង ហើយ​វាយតម្លៃ​ខ្ពស់ ជាពិសេស​លទ្ធផល​ដ៏​ជោគជ័យ នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ នៅ​កម្ពុជា ដែល​បាន​បង្ហាញ​អំពី​លទ្ធិប្រជាធិបតេយ្យ យ៉ាង​ពិត​ប្រាកដ​នោះ អ្នកស្រី​ប្រធាន​សហភាព​អន្តរ​សភា បាន​សរសេរ​សារ​បដិសេធ​យ៉ាង​ដាច់​អហង្កា​ភ្លាមៗ នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​អ្នកស្រី។ អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន បញ្ជាក់​ថា ពិតជា​មិនបាន​អបអរសាទរ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទាល់តែសោះ។ ផ្ទុយទៅវិញ អ្នកស្រី​ថែមទាំង​បាន​ចោទ​ជា​សំណួរ ទៅកាន់​គណៈប្រតិភូ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស ដែល​សហភាព​អន្តរ​សភា​បាន​កត់​ត្រាទុក។

ការ​បន្លំ​ព័ត៌មាន ដោយ​ស្ថាប័ន​រដ្ឋសភា​បែបនេះ ត្រូវ​បាន​អ្នក​តាមដាន​សង្គម និង​អ្នកនយោបាយ ថា​នេះ​​ជា​​ការ​គួរ​ឲ្យ​​អៀន​​ខ្មាស់​​មួយ។ ពលរដ្ឋ​រស់នៅ​ខេត្ត​តាកែវ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ រិះគន់​ថា ក្រុម​មន្ត្រី​ដែល​ទទួល​បាន​លាភសក្ការៈ​ពី​របប​ក្រុង​ភ្នំពេញ​​ដោយ​​ផ្ទាល់ មិនមែន​ទើបតែ​ចេះ​ភូតភរ​កេង​ចំណេញ​នយោបាយ​ពេលនេះ​ទេ។ លោក​​​អះអាង​​​ថា ពលរដ្ឋ​​លែង​​ជឿ​​ការ​​និយាយ​​យក​តែ​ល្អ​របស់​ក្រុម​មន្ត្រី​របប​ក្រុងភ្នំពេញ​យូរហើយ។ លោក​បន្ថែម​ថា មន្ត្រី​របប​ក្រុងភ្នំពេញ ចូល​ចិត្ត​​ប្រើ​​នយោបាយ​​ភូត​កុហក តាំងពី​មេដឹកនាំ​កំពូល​រហូត​ដល់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ខ្លះ «គាត់​មាន​ការ​​ភូតភរ កន្លង​​មក​​ភូត​​ច្រើន គ្រប់​​លំដាប់​​ថ្នាក់។ នៅតាកែវ ទោះមានយួនចូលមកខេត្តនេះ អាជ្ញាធរនៅតែភរថាគ្មាន»។

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​កនៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ តុលា នាំគ្នា​ចែកចាយ​ព្រោងព្រាត នូវ​សារ​របស់​ប្រធាន​សហភាព​អន្តរ​សភា ដែល​មិន​បាន​សាទរ​ចំពោះ​ការបោះឆ្នោត ដែល​រៀបចំ​ដោយ​របប​ក្រុងភ្នំពេញ​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សរសេរ​ក្នុង​ហ្វេសប៊ុក សម្ដែង​ការ​ហួសចិត្ត នូវ​អ្វី​ដែល​កើតឡើង​នេះ ដោយ​លោក​ចង់​រំលឹក​ថា សូម​រក្សា​តម្លៃ​វិជ្ជាជីវៈ ដើម្បី​កិត្តិយស​យូរអង្វែង។ លោក សន ជ័យ បន្ថែម​ថា បើ​ថ្ងៃនេះ​សរសេរ​មិនល្អ ថ្ងៃក្រោយ គង់តែ​គេ​ទទួល​ស្គាល់​នោះ​ទេ។

ចំណែក​ឯ បុគ្គលិក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឌីថេ ហូយ៉ា សរសេរ​ក្នុង​ហ្វេសប៊ុកថា ផ្ដាំ​ទៅ​ប្រទេស​នានា ក្នុង​សាកលលោក បើ​ជួប​ក្រុម​នោះ សូម​ប្រយ័ត្ន​រឿង​ថតរូប​ជាមួយ អាច​ពួកគេ​យក​មក​ធ្វើ​ស៊ី​នៅ​ស្រុក​ខ្មែរ ថា​បាន​សាទរ អី​ណា​ណី​ឆ្កុយទៅវិញ។

អ្នកនាំពាក្យ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​ក្រុងភ្នំពេញ លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី ថ្ងៃទី​១៨ តុលា ថា លោក​​មិន​​បាន​​ដឹង​​រឿង​​នេះ​​ទេ។ នៅ​ពេល​អាស៊ីសេរី សួរ​តើ​លោក​យល់​យ៉ាងណា អំពី​ខ្លឹមសារ ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​រដ្ឋសភា​ឯក​បក្ស​នេះ លោក​ប្រាប់​ឲ្យ​ទៅ​សួរ​អ្នក​ផ្សេង ដែល​ចាត់ចែង​រឿង​នេះ៖ «ខ្ញុំអត់ដឹង ខ្ញុំ​អត់បានតាមដានរឿងនេះ»។

អាស៊ីសេរី​ព្យាយាម​ទាក់ទង ទៅ​លេខ​ទូរស័ព្ទ​របស់​គេហទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋសភា តែ​គ្មាន​អ្នក​ទទួល​។

ទោះជា​យ៉ាង​នេះ​ក្តី ក្រោយ​រង​ការរិះគន់ និង​ចំអក​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ហ្វ្រេសញូវ ចុះ​ផ្សាយ​​ថា មន្ត្រី​ខុទ្ទកាល័យ​របស់​អនុប្រធាន​ទី​២ រដ្ឋសភា អ្នកស្រី ឃួន សុដារី បាន​ចេញ​មក​សម្ដែង​ការ​សោកស្ដាយ និង​សុំ​ការ​អធ្យាស្រ័យ ចំពោះ​កំហុស ព្រោះ​បាន​ភាន់ច្រឡំ ស្រង់​ខ្លឹមសារ នៃ​ជំនួប​រវាង​លោកស្រី ឃួន សុដារី និង​ប្រធាន​សហភាព​អន្តរ​សភា អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron)។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក គង់ ម៉ាស់ សរសេរ​ក្នុង​ហ្វេសប៊ុក​ថា ពាក្យ​សម្តី​តំណាង​ពិភពលោក​កុំ​ចេះតែ​ក្លែងបន្លំ​ឲ្យ​សោះ។ គេ​មិន​ឆ្លើយតប​វា​ស្មើ​នឹង​មិន​ទទួលស្គាល់ កុំ​ល្ងង់​ពេក​។ ប៉ុណ្ណឹង​ក៏​មិន​យល់​ដែរ។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ យល់ថា នេះ​ជា​ចេតនា​នយោបាយ និង​ជា​របៀប​ធ្វើ​នយោបាយ​​ប្រជាភិថុតិ របស់​​របប​​ក្រុងភ្នំពេញ យូរ​ណាស់​មក​ហើយ។ លោក សួង សុភ័ណ្ឌ ថា កាល​ពី​មុន ការ​ធ្វើ​នយោបាយ​ភូត​កុហក​បែបនេះ ពិតជា​ទទួល​បាន​ជោគជ័យ​មែន ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន ការ​ធ្វើ​បែបនេះ មិន​ត្រឹមតែ​មិន​អាច​បោកប្រាស់​ពលរដ្ឋ​ក្នុង​​ប្រទេស​​បាន​ទេ ថែម​ទាំង​​កាន់​តែ​​ឆ្លុះ​បញ្ចាំង ប្រាប់​អន្តរជាតិ ថារបប​ក្រុងភ្នំពេញ កាន់អំណាច​បាន ដោយសារតែ​ការ​ភូត​កុហក «សូម្បី​តែ​សម្តី​របស់ IPU ហ៊ានបន្លំ ចុះសាកគិតពីការបោះឆ្នោត​នៅកម្ពុជា»។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា របប​កុម្មុយនិស្ត បាន​រស់​ក៏ដោយ​សារ​ប្រព័ន្ធ​ភូតភរ​កុហក ហើយក៏​​រលំរលាយ​​ទៅ​វិញ ដោយសារ​ប្រព័ន្ធ​ភូតភរ​កុហក​ដែរ «របបកុម្មុនីស្ត គឺតែដូច្នេះឯង!»

អ្នកវិភាគ លើក​ឡើង​ថា ដោយសារតែ​ការ​ចង់​បាន​ភាព​ស្របច្បាប់ លើ​ឆាក​អន្តរជាតិ ទើប​របប​លោក ហ៊ុន សែន ប្រឹង​រក​វិធី​គ្រប់​បែប​យ៉ាង ដើម្បី​ភ្ជាប់​វត្តមាន​ខ្លួន ទៅ​នឹង​មន្ត្រី​បរទេស។ ទោះជា​យ៉ាង​នេះ​ក្តី របប​លោក ហ៊ុន សែន នៅតែ​ពិបាក​នឹង​ទទួល​​បាន​​ភាព​ស្របច្បាប់​នេះ​ណាស់ ដោយសារតែ​សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស​របប​នេះ​យ៉ាង​ចាស់ដៃ ជុំវិញ​ការរំលោភ​​សិទ្ធិ​មនុស្ស និង​បំផ្លាញ​​ប្រជាធិបតេយ្យ ក្រោយ​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឯករាជ្យ រឹតត្បិត​​សិទ្ធិ​សេរីភាព​នៃ​ការ​តវ៉ា​ដោយ​អហិង្សា និង​ការរៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ​​នា​​ពេល​​កន្លង​​មក​​នេះ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។