ប្រពន្ធរបស់សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនធ្លាក់ខ្លួនឈឺ បន្ទាប់ពីប៉ូលិស និងកងសន្តិសុខសាលារាជធានីភ្នំពេញបង្ក្រាបដោយហិង្សាក្នុងពេលដែលពួកគាត់តវ៉ាទាមទារឱ្យតុលាការដោះលែងប្តីរបស់ពួកគេ កាលសប្ដាហ៍កន្លងទៅ។មន្ត្រីសង្គមស៊ីវិល ហៅការបង្ក្រាបរបស់អាជ្ញាធរនេះថា ជាទង្វើពីខុសច្បាប់។
ប្រពន្ធរបស់ជនជាប់ឃុំជាសកម្មជនគណបក្សប្រឆាំងទាំងនោះ អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធចាប់ជនដែលបង្កហិង្សាមកលើពួកគាត់ដាក់ទោសតាមច្បាប់។
ប្រពន្ធប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោកស្រី សំ ចិន្តា រៀបរាប់ថា ប៉ូលិស និងកងសន្តិសុខសាលារាជធានីភ្នំពេញប្រមាណ ៥នាក់ក្នុងចំណោម ៣០នាក់ បានរុញច្រានចាប់ច្របាច់កនិងវាយដៃរបស់លោកស្រីបណ្ដាលឱ្យហើមជាំ ក្នុងពេលដែលពួកគាត់តវ៉ាទាមទារឱ្យតុលាការដោះលែងប្ដីរបស់គាត់នៅមុខសាលាដំបូងរាជធានីភ្នំពេញ។លោកស្រីបញ្ជាក់ថា ចាប់តាំងពីកងសន្តិសុខប្រើហិង្សាមកលោកស្រីឈឺចុកចាប់ពេញដងខ្លួន ជាពិសេសកដៃឡើងជាំខៀវមិនអាចធ្វើការងារអ្វីបានឡើយ៖ « នៅពេលហ្នឹងគេទាញបដារបស់ខ្ញុំដែលដាក់សុំទាមទារឱ្យដោះលែងប្ដីរបស់ខ្ញុំគ្រាន់តែប៉ុណ្ណឹងមានអីធំដុំ ដល់នេះទៅគាត់អត់ឱ្យយើងលើកបដានោះទេ។ នាងមួយដែលជាប្រពន្ធរបស់លោកចៅសង្កាត់ដេប៉ូ៣ គាត់នៅពីក្រោមខ្ញុំ ខ្ញុំនាំគ្នាទាញដល់ទាញសមត្ថកិច្ចគប់យើងពីលើដើម្បីឱ្យយើងលែងបដា ដល់នេះទៅវាចាប់ផ្ដើមហើមដៃយកទៅម្ដង ហើយមកដល់ផ្ទះបានដឹងថា ឈឺខ្លួនឈឺប្រាណអស់ហើយ ហើយដៃចេះតែហើមកាន់អីវាអត់កើតទេ » ។
លោកស្រីបន្ថែមថា ការបង្ក្រាបដោយហិង្សារបស់អាជ្ញាធរនេះបណ្ដាលឱ្យពួកលោកស្រីចំនួន ៤នាក់គ្រាំគ្រាក្នុងរាងកាយធ្ងន់ធ្ងរ បណ្ដាលឱ្យធ្លាក់ខ្លួនឈឺរហូតមក។ ចំណែកប្រពន្ធចៅសង្កាត់ដេប៉ូ៣ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខណ្ឌទួលគោករាជធានីភ្នំពេញ លោកឃឹម ភាណា គឺលោកស្រី សុខ បូលីម៉ា វិញ ថ្លែងថា ចាប់តាំងពីកងសន្តិសុខជាច្រើននាក់ចាប់សង្កត់កលោកស្រីរុញដួលនៅលើកម្រាលថ្មីនៅមុខសាលាដំបូងរាជធានីភ្នំពេញមក បណ្ដាលឱ្យឈឺចុកចាប់តាំងពីចុងដង្ហើមដល់កញ្ចឹងក ហើយធ្វើឱ្យលោកស្រីសម្រាន្តមិនសូវលក់ធ្វើការងារអ្វីកើតនោះឡើយ។ លោកស្រីបន្ថែមថា ១ថ្ងៃចាប់ពីអាជ្ញាធរប្រើហិង្សាមក លោកស្រីបានទិញថ្នាំលេបផងនិងបិទកៅអៀកនៅកន្លែងជុំវិញកញ្ចឹងកផង នៅតែមិនទាន់បានធូរស្រាលនៅឡើយទេ៖ « ខ្ញុំយល់ថា មនុស្សអមនុស្សធម៌ណាស់សូម្បីតែមនុស្សស្រីវ័យកណ្ដាលអីចឹងក៏សមត្ថកិច្ចប្រតាយប្រតប់យកបដាពីដៃដែរ ខ្ញុំមិនអាចទទួលយកបានទេទង្វើអមនុស្សធម៌បែបនេះ។ ពេលប្រទាញប្រទង់អត់ដឹងឈឺទេដល់រួចទៅពេលដេកបានមួយយប់ឈឺពេញខ្លួនតែម្ដង ទ្រាំមិនបានខ្ញុំឱ្យកូនទិញថ្នាំមកលេចទិញកៅអៀកមកបិទ។ឥឡូវខ្ញុំនៅតែថ្លោះដៃ។វាទាញយើងផ្ដួលមួយទំហឹងតែម្ដងបងស្រីប្រពន្ធលោក កែវ ថៃ ហ្នឹងវាវាយដៃឡើងជាំខ្មៅតែម្ដង » ។
កាលពីថ្ងៃទី ១០កក្កដា ប្រពន្ធនិងកូនសកម្មជនគណបក្សប្រឆាំងប្រមាណ ១០នាក់នាំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញជាលើកទី៤ ទាមទារឱ្យតុលាការដោះលែងអ្នកទោសនយោបាយចំនួន ១៥នាក់ឱ្យមានសេរីភាពវិញ។ការតវ៉ានេះត្រូវបានកងសន្តិសុខ និងប៉ូលិសនៃស្នងការរាជធានីភ្នំពេញប្រមាណ ៣០នាក់បានរារាំងរុញច្រាន និងដណ្ដើមយកបដាពីក្រុមបាតុកម្ម ធ្វើឱ្យពួកគាត់មិនអាចលើកបដាតវ៉ាបានឡើយ។ ក្រុមអ្នកតវ៉ាអះអាងថា ថ្វីត្បិតតែពួកគាត់ធ្លាក់ខ្លួនឈឺបែបនេះក្ដី ក៏ពួកគាត់នៅតែប្រមូលគ្នាតវ៉ានៅមុខតុលាការបន្តទៀតរហូតទាល់តែមានដំណោះស្រាយ។
ចាប់តាំងពីដើមឆ្នាំ២០២០ មក មានសកម្មជនបក្សប្រឆាំង ចំនួន ១៧នាក់ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន ដាក់ពន្ធនាគារព្រៃស។ ក្នុងនោះមន្ត្រីគណបក្សប្រឆាំង ១៥ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់ កុំឲ្យយោធិនស្ដាប់បង្គាប់ និង ញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ និងសកម្មជនបក្សប្រឆាំង ២នាក់ទៀត ចោទប្រកាន់ពីបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត ប្រាប់អាស៊ីសេរីថា ប៉ូលិស និងកងសន្តិសុខមិនបានរារាំងនិងប្រើហិង្សាដល់ក្រុមបាតុករដូចការចោទប្រកាន់របស់ពលរដ្ឋទាំងនោះឡើយ។ លោកបញ្ជាក់ថា សមត្ថកិច្ចដាក់ប្រចាំការនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីការពារសណ្ដាប់ធ្នាប់ជូនពលរដ្ឋប៉ុណ្ណោះ៖ « អត់មានទេឥឡូវមានរូបភាពមានភស្តុតាងបង្ហាញមកថាប្រើហិង្សាមកលើពួកគាត់នោះ អត់មានទេគ្រាន់តែហាមមិនចូល អាហ្នឹងនិយាយឱ្យមានយុត្តិធម៌ទាំងសង្ខាងអត់មានពីណាទៅលើកដៃវ៉ៃពួកគាត់ទេអត់មានទេ » ។
ផ្ទុយពីការលើករបស់ស្នងការរាជធានីភ្នំពេញនេះ មេធាវីការពារក្ដីឱ្យប្ដីសកម្មជនគណបក្សប្រឆាំង គឺ សំ សុគង់ មានប្រសាសន៍ថា ប្រពន្ធជនជាប់ឃុំបានប្រាប់លោកឱ្យជួយអន្តរាគមន៍ពាក់ព័ន្ធនឹងសមត្ថកិច្ចប្រើហិង្សាមកលើពួកគាត់នេះ ហើយលោកកំពុងសិក្សាផ្លូវច្បាប់ដើម្បីប្ដឹងទៅតុលាការផ្ដន្ទាទោសសមត្ថកិច្ចដែលបង្កហិង្សាក្រុមបាតុករទាំងនោះនៅពេលខាងមុខ។ លោកមេធាវីរូបនេះបន្តថា ក្រុមបាតុករតវ៉ាដោយសន្តិវិធីតាមច្បាប់កំណត់ ដោយពុំបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ៖ «ខ្ញុំថា ពួកគាត់សុទ្ធតែស្ត្រីហើយអាជ្ញាធរសុទ្ធតែបុរសហើយយើងប្រើប្រាស់អំពើហិង្សាធ្ងន់ធ្ងរទៅលើស្ត្រី ទោះបីជាពួកគាត់មកតវ៉ាមិនមែនជារឿងខុសច្បាប់ក៏ដោយ ហើយយើងមកប្រើហិង្សាមកប្រើការរុញទាញច្រានរហូតឱ្យគាត់ដួលហ្នឹង វាជាការរំលោភសិទ្ធិធ្ងន់ធ្ងរណាស់ ជាពិសេស សិទ្ធិរបស់ស្ត្រីហ្នឹងដែលមានបញ្ញត្តិនៅក្នុងកតិកាសញ្ញាស្ដីពីការអំពើទារុណកម្មទៅលើស្ត្រីហ្នឹង » ។
រដ្ឋធម្មនុញ្ញមាត្រា ៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពចូលរួមប្រជុំ។ ជនណាក៏ដោយដែលឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ប៉ះពាល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់សាធារណៈនិងសន្តិសុខជាតិបានឡើយ។ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា ចាត់ទុកការបង្ក្រាបក្រុមបាតុកររបស់កងសន្តិសុខនិងប៉ូលិសនេះថា ជាការរំលោភសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ករណីពលរដ្ឋធ្លាក់ខ្លួនឈឺដោយសារតែសមត្ថកិច្ចប្រើហិង្សា ពួកគាត់អាចប្ដឹងទៅតុលាការឱ្យចាត់វិធានការទៅលើអ្នកប្រព្រឹត្តផ្ដន្ទាទោសតាមច្បាប់បាន៖ « ហើយណាមួយក្រុមបាតុករក្រុមអ្នកតវ៉ាហ្នឹងមិនមែនមានគ្នាអីច្រើនទៅទៀត ហើយខ្ញុំគិតថាសមត្ថកិច្ចច្រើនណាស់ មិនចាំបាច់ទៅរារាំងរុញច្រានពួកគាត់ទេ។ យើងគួរតែផ្ដល់លទ្ធភាពបើកឱកាសឱ្យគាត់តវ៉ាដោយអហិង្សាហ្នឹងទៅវាមិនមានអីរហូតធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនោះទេ » ។
ប្រពន្ធរបស់ជនជាប់ឃុំទាំងនោះឲ្យដឹងថា ចាប់តាំងពីអាជ្ញាធរចាប់ប្ដីរបស់ពួកគាត់ដាក់ពន្ធនាគារមកពួកគាត់ភាគច្រើនរស់នៅរកព្រឹកខ្វះល្ងាច ដោយសារអត់ការងារ។ ទោះជាយ៉ាងណាពួកគាត់នៅតែមានសង្ឃឹមថា ការតវ៉ារបស់ពួកគាត់នឹងធ្វើឱ្យប្ដីរបស់ពួកគាត់ទទួលបានយុត្តិធម៌នៅពេលខាងមុខជាពុំខានឡើយ ពីព្រោះប្ដីរបស់ពួកគេមិនបានប្រព្រឹត្តិខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះទេ។ជាមួយគ្នានេះពួកគាត់ក៏បានដាក់ញត្តិទៅស្ថានទូតសហភាពអឺរ៉ុប ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងស្ថានទូតប្រទេសសេរីភាពមួយចំនួនប្រចាំនៅទីក្រុងភ្នំពេញឱ្យជួយអន្តរាគមន៍ដល់ពួកគាត់រួចមកហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។