យុវជនខ្មែរថាវរៈម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់រហូតទៅព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសថៃ ក្រោយពេលធ្វើកូដកម្មបង្អត់អាហារដួលសន្លប់នៅនឹងកន្លែង ដើម្បីទាមទារឱ្យរដ្ឋាភិបាល និងតុលាការដោះលែងកញ្ញា សេង ធារី និងអ្នកជាប់ឃុំផ្សេងទៀតដែលត្រូវបានចោទប្រកាន់ក្រោមហេតុផលនយោបាយដោយអយុត្តិធម៌។ មន្រ្តីសង្គមស៊ីវិលចាត់ទុកសកម្មភាពយុវជននោះ គឺជាការលះបង់ធំធេងក្នុងបុព្វហេតុយុត្តិធម៌សង្គម ហើយអំពាវនាវឱ្យរដ្ឋាភិបាលងាកមកស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។
សមាជិកយុវជនខ្មែរថាវរៈ លោក ស្វាយសំណាង ដែលសកម្មក្នុងការចេញមុខតវ៉ារឿងអយុត្តិធម៌ក្នុងសង្គមបានធ្លាក់ខ្លួនឈឺបន្ទាប់ពីធ្វើកូដកម្មបង្អត់អហារដោយសន្តិវិធី។ យុវជនរូបនេះបានទៅដល់ប្រទេសថៃដើម្បីព្យាបាលជំងឺហើយនៅថ្ងៃទី២៥ ខែធ្នូ។
យុវជន ស្វាយ សំណាង ប្រាប់វិទ្យុអាស៊ីសេរីថាចាប់តាំងពីលោកដួលសន្លប់នៅនឹងកន្លែងធ្វើកូដកម្មបន្ទាប់ពីមិនហូបអាហារជិតមួយសប្តាហ៍មកសុខភាពរបស់លោកចាប់ផ្តើមចុះខ្សោយកម្លាំងដោយក្អួតចង្អោរ ឈឺក្បាល និងចុកចាប់ខ្លាំងត្រង់ក្រពះជាប្រចាំ។ លោកបន្តថា មូលហេតុដែលលោកសម្រេចចិត្តធ្វើដំណើរមកព្យាបាលជំងឺនៅប្រទេសថៃពេលនេះដោយសារកន្លងមកលោកបានពិគ្រោះយោបល់និងទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញក្នុងស្រុកជាហូរហែដែរតែអាការៈជំងឺរបស់លោកនៅតែមិនជាសះស្បើយហើយស្ថានភាពជំងឺកាន់តែធ្វើទុក្ខធ្ងន់។ យុវជន ស្វាយ សំណាង ឱ្យដឹងថា ប្រាក់ដែលលោកយកមកព្យាបាលជំងឺនេះបានមកការខ្ចីបុលពីអ្នកស្គាល់គ្នាតែបើតាមជីវភាពគ្រួសាររបស់លោកពុំមានលទ្ធភាពចំណាយច្រើនលើថ្លៃព្យាបាលការធ្វើដំណើរការហូបចុកនិងការស្នាក់នៅក្រៅប្រទេសបែបនេះទេ៖
«ពេលមុនខ្ញុំធ្វើកូដកម្មបង្អត់អាហារដើម្បីទាមទារដោះលែងកញ្ញាសេង ធារីឱ្យនៅក្រៅឃុំហើយវាបានធ្វើឱ្យប៉ះពាល់សុខភាពជាខ្លាំងដោយសារអត់អាហារដោយក្រពះធ្វើទុក្ខឥឡូវត្រូវមកសុងក្រពះដើម្បីពិនិត្យមើលតើក្រះពះយើងកើតអ្វីដោយសារប៉ុន្មានថ្ងៃហ្នឹងអាការៈធ្ងន់ធ្ងរ»។
លោក ស្វាយ សំណាង ថាទោះបីពេលនេះលោកបានធ្លាក់ខ្លួនឈឺដោយសារអត់អាហារនិងកំពុងសម្រាកព្យាបាលក៏ក្រុមយុវជនខ្មែរថាវរៈមិនបោះបង់ការស្នើសុំឲ្យមានការដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការដែរ។ លោកបន្ថែមថាក្រុមយុវជនបានប្ដេជ្ញាចិត្តតាំងពីដំបូងថាប្រសិនបើរដ្ឋាភិបាលនៅតែគ្មានការឆ្លើយតបវិជ្ជមានណាមួយទេនោះក្រុមយុវជននឹងរៀបចំយុទ្ធនាការឬកូដកម្មអហិង្សាជាបន្តទៀតដើម្បីផ្ញើសារដល់រដ្ឋាភិបាលឱ្យងាកមកពិចារណាដោះលែងសកម្មជនសិទ្ធិមនុស្សនិងនយោបាយឱ្យមានសេរីភាពឡើងវិញ។
កាលពីខែវិច្ឆិកាស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធក្រុមយុវជនខ្មែរថាវរៈបាននាំគ្នាធ្វើកូដកម្មបង្អត់អាហាររយៈពេល១សប្តាហ៍ដើម្បីទាមទារយុត្តិធម៌ជូនអ្នកទោសមនសិការរួមទាំងដោះលែងកញ្ញា សេង ធារី ផងឱ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែកូដកម្មអហិង្សានោះមិនបានប្រព្រឹត្តទៅដោយរលូនឡើយព្រោះមានអាជ្ញាធរមកតាមរំខានបំភិតបំភ័យជាហូរហែក្នុងគោលបំណងបញ្ឈប់សកម្មភាពរបស់យុវជនតាំងពីនៅក្នុងព្រៃខេត្តព្រះវិហាររហូតដល់ទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ។ កូដកម្មបង្អត់អាហារនេះដែរបណ្តាលឱ្យយុវជនខ្មែរថាវរៈចំនួន៤នាក់ធ្លាក់ខ្លួនឈឺនិងដួលសន្លប់និងត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងនោះលោក ស្វាយ សំណាង ផងដែរ។ បច្ចុប្បន្ន យុវជនខ្មែរថាវរៈមួយចំនួនដែលបានធ្វើកូដកម្មអត់អាហារកំពុងព្យាបាលជំងឺ។
ជុំវិញរឿងនេះអគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក បារម្ភអំពីស្ថានភាពសុខភាពយុវជនខ្មែរថាវរៈដែលធ្លាក់ខ្លួនឈឺធ្ងន់ក្រោយពួកគេជ្រើសរើសយកការបង្អត់អាហារដើម្បីតស៊ូមតិដោយអហិង្សានិងសន្តិវិធីដែលធានាដោយរដ្ឋធម្មនុញ្ញ។លោកចាត់ទុកការលះបង់របស់យុវជនទាំងនេះគឺផ្តល់ជាគម្រូល្អសម្រាប់យុវជនខ្មែរទូទៅរួមទាំងផ្តល់ប្រយោជន៍ធំធេងដល់សង្គមដែលរដ្ឋាភិបាលគួរលើកទឹកចិត្តនិងយកសំណើពួកគេមកពិចារណាដោះស្រាយ៖
«ខ្ញុំព្រួយបារម្ភពីសុខភាពរបស់យុវជនខ្មែរថាវរៈដែលបង្អត់អាហារប៉ុន្តែយើងដឹងហើយថា ការតស៊ូមតិក្នុងសង្គមប្រជាធិបតេយ្យមានបែបផែនជាច្រើនហើយការតស៊ូមតិនេះក៏ជាជ្រុងមួយនៃការតស៊ូមតិដោយអហិង្សាដែលចែងក្នុងរដ្ឋធម្មនុញ្ញដែរតែអ្វីសំខាន់រដ្ឋាភិបាលគួរតែពិចារណាបើសិនរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នចាត់ទុកខ្លួនថា គោរពលទ្ធិប្រជាធិបតេយ្យសេរីនោះ»។
ចំណែកប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ឱ្យដឹងថា កាលពីសប្តាហ៍មុន កញ្ញា សេង ធាវី ដែលនៅក្នុងពន្ធនាគារខេត្តព្រះវិហារមានសុខភាពស្មារតីរឹងមាំនិងទាមទាររកយុត្តិធម៌មកវិញ។
លោកឱ្យដឹងទៀតថាបច្ចុប្បន្នមេធាវីរបស់កញ្ញា សេង ធារី បានប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញហើយៗក៏គ្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃសារជាថ្មីដើម្បីស្នើផ្ទេរកញ្ហាមកកាន់ពន្ធនាគារព្រៃសនៅរាជធានីភ្នំពេញវិញដើម្បីឱ្យក្រុមគ្រួសារនិងមិត្តភក្ដិព្រមទាំងមេធាវីងាយស្រួលក្នុងការចូលជួប។ទោះយ៉ាងណាលោកមើលឃើញថា សិទ្ធិរបស់កញ្ញា សេង ធារី នៅក្នុងពន្ធនាគាររងការរឹតត្បិតពីសំណាក់អាជ្ញាធរ និងតុលាការ៖
«គាត់(កញ្ញា សេង ធារី)នៅតែទទូចស្នើសុំប្តូរទៅតាំងឃុំខ្លួនដើម្បីបានមកនៅជិតក្រុមគ្រួសារនិងសាច់ញាតិមិត្តភក្តិអីដើម្បីចូលសួរសុខទុក្ខហើយទីពីរការចាប់ខ្លួនឃុំខ្លួនគាត់គឺជាជំហររបស់គាត់យល់ថា មិនយុត្តិធម៌ទេពីព្រោះគាត់មិនបានប្រព្រឹត្តអ្វីខុសទេហើយការដែលយកគាត់ទៅឃុំខ្លួននេះគឺវាជារឿងមួយរំលោភលើសិទ្ធិសេរីភាពរបស់គាត់»។
សមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនកញ្ញា សេង ធារី កាលពីថ្ងៃទី១៤ ខែមិថុនា នៅខាងមុខតុលាការក្រុងភ្នំពេញក្រោយតុលាការប្រកាសសាលក្រមកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទចោទ«រួមគំនិតក្បត់» ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។មួយថ្ងៃបន្ទាប់មក តុលាការ បានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារដែលជាតំបន់ដាច់ស្រយាលឆ្ងាយពីរាជធានីភ្នំពេញរហូតមកទល់នឹងបច្ចុប្បន្ននេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៥ ខែធ្នូ។
កន្លងទៅថ្មីៗនេះសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាននៃរដ្ឋាភិបាលអាមេរិកឱ្យដឹងថាក្នុងជំនួបរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ជាមួយលោក ហ៊ុន សែន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ លោក ចូ បៃឌិន ក្រៅពីលើកឡើងពីបញ្ហាផ្សេងៗលោកក៏បានស្នើដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យដោះលែងអ្នកទោសនយោបាយរួមទាំងកញ្ញា សេង ធារី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។