អ្នក​​វិភាគ​​​​ថា​​ ការ​ប្រព្រឹត្តខុស​​របស់​ពួក​​ឧកញ៉ា​មួយ​ចំនួន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​​កិត្តិនាម​រដ្ឋាភិបាល​និង​ព្រះមហាក្សត្រ​​

ដោយ ហេង រស្មី
2021.05.17
អ្នក​​វិភាគ​​​​ថា​​ ការ​ប្រព្រឹត្តខុស​​របស់​ពួក​​ឧកញ៉ា​មួយ​ចំនួន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​​កិត្តិនាម​រដ្ឋាភិបាល​និង​ព្រះមហាក្សត្រ​​ (ឆ្វេង) ឧកញ៉ា គិត ធាង លោកឧកញ៉ា ពង់ ខៀវសែ និងឧកញ៉ា ទ្រី ភាព។
រូប៖ ហ្វេសប៊ុក

ក្រុម​អ្នក​វិភាគលើក​ឡើង​ថា​ ប្រសិនបើ​ការ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​ដល់​អ្នក​ណាម្នាក់ដោយសារគាត់​មាន​លុយ​ជួយ​រដ្ឋាភិបាល ​ប៉ុន្តែ​មិន​ពិនិត្យ​ប្រភព​លុយ​និង​ចរិយា​​សម្បត្តិ​បុគ្គល​នោះ​ នឹង​អាច​ធ្វើ​ឱ្យការ​ទទួល​បាន​​ងារ​ឧកញ៉ា​​​បង្ក​បញ្ហា​ដល់​សង្គម​។​ ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​ជំរុញ​​​​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​​និង​វាយតម្លៃ​ពី​ទ្រព្យ​សម្បត្តិ​ លក្ខណៈ​សម្បត្តិ​បុគ្គល​ និង​សកម្ម​ភាព​​មនុស្ស​ធម៌​ផ្សេងៗ​​ទៀត ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​ផ្ដល់​គោរមងារ​ឧកញ៉ា​នេះទៅ​ឱ្យ​នរណា​ម្នាក់​។​

​​​​អ្នក​វិភាគ​​ជើង​ចាស់​លោក​បណ្ឌិត​ ឡៅ​ ម៉ុងហៃ​ សរសេរ​លើហ្វេសប៊ុក​លោក​ថា​ ពីរ​ឆ្នាំ​មក​នេះ​​ឧកញ៉ា​មួយ​ចំនួន​មាន​រឿង​អា​ស្រូវ​បែក​ធ្លាយ​​ជា​សាធារណៈ​​ដែល​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មិន​តិច​​ដល់​តម្លៃ​និង​ខ្លឹមសារ​ឥស្សរិយយស​ដើម​នៃ​គោរមងារ​ឧកញ៉ា​នេះ​។​​ ជាង​នេះ​ទៅ​ទៀត​​លោក​បណ្ឌិត​ថា​ ករណីនេះបាន​ប៉ះពាល់​ដល់​កិត្តិនាម​អ្នក​ស្នើ​សុំ​​និង​ព្រះ​កិត្តិនាម​ព្រះ​មហាក្សត្រ​ដែល​ជា​អ្នក​ប្រទាន​គោរមងារ​នេះ​។​ លោក​បណ្ឌិត​ ឡៅ ​ម៉ុងហៃ​ ថា​ ​គោរមងារ​ឧកញ៉ា​នេះ​បាន​កែ​ក្លាយ​ពី​គ្រឿង​​ឥស្សរិយយស​​​ពិសេស​ទៅ​​ជា​​ទំនិញ​​ឱ្យ​តែ​អ្នក​ទិញ​មាន​លុយ​ដល់ ​​​ទោះ​​អ្នក​ទិញ​​នោះ​ជា​មនុស្ស​ប្រភេទ​ណា​ក៏​ដោយ​។​ ​លោក​​ស្នើ​ឱ្យ​លុប​​គោរមងារ​សក្ដិភូមិ​នេះ​ចោល ​​​ដែល​ងារនេះ ​​ជា​ឧបសគ្គ​ដល់​​ការ​​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​​​​​សេរី​ពហុបក្ស​និង​នីតិរដ្ឋ​ដែល​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​​ច្បាប់​។​

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន​ និយាយ​ថា​ ឧកញ៉ាប្រព្រឹត្ត​ខុស​ជា​រឿង​បុគ្គល​ ហើយ​ទង្វើនោះ​ក៏​មិន​ប៉ះពាល់​ដល់​ឧកញ៉ា​ផ្សេង​ទៀត​ដែល​ធ្វើ​ល្អ ​និងរឹតតែ​មិន​ប៉ះពាល់​​ដល់​​រដ្ឋាភិបាល​ជា​អ្នកស្នើផ្តល់ងារនេះ​រួមទាំង​​ព្រះ​មហាក្សត្រ​​ដែលជាអ្នក​ប្រទាន​គោរមងារ​នេះ​ដែរ​។​ លោក​អះ​​អាង​ទៀតថា ​​​​គ្មាន​ការ​ចាំ​បាច់​ណា​មួយ​ដែល​ប្ដូរ​របៀប​របប​​នៃ​ការ​​​ផ្ដល់​​គោរមងារ​ឧកញ៉ា​នេះ​ដែរ​។​ ​ទោះ​យ៉ាង​ណា​​ អ្នក​នាំ​ពាក្យ​រូប​នេះ​​ថា​ លោកមិន​ទាន់​ដឹង​ថារដ្ឋាភិបាល​វាយ​តម្លៃ​​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​មុន​នឹង​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ផ្ដល់​គោរមងារ​ឧកញ៉ា​ទៅ​ឱ្យ​​ជន​ណា​ម្នាក់នោះទេ​៖ «កាល​​​តែង​តាំង​គាត់​ល្អ​ណាស់​​ដល់​ក្រោយ​មក​គាត់​បាន​តួនាទី​គាត់​មិន​ល្អ​ អាណឹង​ជា​រឿង​បុគ្គល​គាត់​យើង​បន្ទោស​អ្នក​​តែងតាំង​ អ្នក​ស្នើ​តែងតាំង​ អ្នក​ចុះ​ហត្ថ​លេខា​ ឡាយ​​ព្រះហស្តលេខា​ ​តែងតាំង​ម៉ិច​កើត​»។​

ទោះ​ជាលោក​ សុខ​​ ឥសាន​ អះអាង​បែប​នេះ​​​ក្ដី​​ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច​​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ដើម្បី​រៀប​ចំ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​​សម្រាប់​​​គ្រប់​គ្រង​ឧកញ៉ា​​ការ​​​ផ្ដល់​​គោរមងារ​ឧកញ៉ា​ និង​ការ​ដកហូត​គោរមងារ​នេះ​វិញ​។​ ​លិខិត​ចុះ​កាល​ពី​ខែ​មេសា ​ប៉ុន្តែ​ទើប​តែ​ផ្សព្វផ្សាយ​​​ថ្ងៃ​ទី​១៧ ​​ខែ​ឧសភា​ ឲ្យដឹង​ថា ក្រុម​ការងារ​នេះ​មាន​ភារៈកិច្ច​សិក្សា​ស្រាវ​ជ្រាវ​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​រៀបចំ​ការ​គ្រប់គ្រង​ឧកញ៉ា​ ការ​ផ្ដល់​គោរមងារ​ឧកញ៉ា​​និង​ការ​ដក​ហូត​គោរមងារ​ឧកញ៉ា​។ សិក្សា​អំពី​សិទ្ធិ​និង​កាតព្វកិច្ច​របស់​ឧកញ៉ា​ក្នុង​ការ​ចូលរួម​កិច្ច​ការ​សង្គម​ ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្ដា​ក្រសួង​​ ស្ថាប័ន​ អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើ​ឱ្យ​ការ​រៀបចំ​។

ទោះ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ប៉ុន្តែ​មាន​ឧកញ៉ា​​ឬ​ភាសា​សាមញ្ញ​ហៅថា​​ឈ្មួញ​អភិជន​​​រាប់រយ​នាក់​​។ ទន្ទឹម​គ្នា​នោះ​ដែរ ឧកញ៉ា​ខ្លះ​ជាប់​​​​​​​ទាក់​ទង​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ​​ ចាក់​ដី​លុប​ទន្លេ​ដូច​ជា​ ឧកញ៉ា​ លី​ យ៉ុងផាត់​ ឧកញ៉ា ឡៅ ម៉េងឃីន ឧកញ៉ា គិត ម៉េង និងលោកឧកញ៉ា ពុង ឃាវសែ។ ក្រៅពីនេះ ឧកញ៉ាខ្លះទៀត​ជាប់ចោទជាមេ​ខ្លោង​​ជួញ​ដូរ​គ្រឿង​ញៀន​​ ដូចជា លោក តាន់ សេងហាក់ និងលោក គិត​ ធាង​  ដែល​ទើប​រួច​ខ្លួន​ពី​ពន្ធនាគារ​យ៉ាង​អាថ៌កំបាំង​ ​និងមាន​ឧកញ៉ា​មួយចំនួនទៀត​រង​ការចោទប្រកាន់ថា រកស៊ីជួញ​ដូរ​ព្រៃឈើ​ ដូចជាលោក ទ្រី ភាព​ លោក សឹង សំអុល  លោក គង់ ក្រឹង លោក តុប វីរដា លោក វន់ ប៊ុនថៃ លោក ស៊្រុន ម៉េងលាងជា​ដើម​។ ក្រៅ​ពី​នេះ ថ្មីៗនេះដែរ​មាន​ករណី​​ឧកញ៉ាខ្លះមានឈ្មោះអាស្រូវរឿង​វាយ​ប្រពន្ធនិងបញ្ហាផ្លូវភេទ​ គឺឧកញ៉ា ឌួង ឆាយ​ ​និង​ឧកញ៉ា ហេង​ សៀ ដែល​​ត្រូវ​ពិធី​ការិនី​ទូរទស្សន៍​ក្នុង​ស្រុក​ម្នាក់​ប្ដឹង​ពី​បទប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ​។​​​ ចំណែកឧកញ៉ាដែលជាកូនក្មួយរបស់លោក ហ៊ុន សែនវិញ រួមមាន លោក ហ៊ុន ជា និងលោក ហ៊ុន តូ ជាដើម មានឈ្មោះអាស្រូវ​រឿង​ជួញដូរគ្រឿងញៀន និងបាញ់បោះសេរី។ ឧកញ៉ា ថោង សារ៉ាត ពាក់ព័ន្ធនឹងអំពើឃាតកម្ម។

​​​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គមលោក​បណ្ឌិត មាស នី យល់​​ថា ​​បើ​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា​ទៅ​នរណា​ម្នាក់​ត្រឹម​តែ​ជា​ការ​បរិច្ចាគ​ថវិកា​ជូន​រដ្ឋាភិបាល ​គឺ​ស្មើ​នឹង​​អ្នក​រៀន​​ទិញ​សញ្ញាប័ត្រ​ក្លែងក្លាយដែរ​។ លោក​បន្ត​ថា​ ប្រសិន​រដ្ឋាភិបាល​ទទួល​លុយ​ពី​​អ្នក​បរិច្ចាគ​ដើម្បី​បាន​ងារ​ឧកញ៉ាហើយ​បុគ្គល​នោះ​យក​លុយ​កខ្វក់​តាម​រយៈ​ការ​​រកស៊ី​ទុច្ចរិត​ជួយ​​រដ្ឋាភិបាល​ក៏​ត្រូវ​ចូលរួម​ខុស​ជា​មួយ​​ជន​​នោះ​ដែរ​៖ «អាច​មាន​រឿង​ច្រើន​ថែម​ទៀត​ យើង​ដឹង​ហើយ​ថា ​​អ្នក​ខ្លះ​មាន​លុយ​មែន​ ប៉ុន្តែ​​អត់​មាន​ សីលធម៌​ អត់​មាន​យុត្តិធម៌​ ក្នុង​សង្គម​ទេ​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​​ ទៅ​ធ្វើ​បាប​អ្នក​តូចតាច​តាមរយៈ​​ដីធ្លី​អី​ផ្សេង​ យើង​ឃើញ​ ស្ទើរ​តែ​៩០​ភាគរយ​នៃ​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​វិបត្តិ​ប្រឈម​ជាមួយ​ឧកញ៉ា​ហ្នឹង​ឯង​»។

លោក​បន្ត​ថា​ បើសិន​គ្មាន​ការ​រឹត​បន្តឹង​​ការ​ផ្ដល់​គោរមងារ​នេះ​ទេ ​​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម ​ឬ​ពលរដ្ឋ​ជាង​នេះ​ទៀត​​។​​​

វចនានុក្រម​សម្ដេច​ ជូន​ ណាត​ ពន្យល់​ថា ពាក្យ​ឧកញ៉ា​ជា​ឋានន្តរ​ស័ក្ដិ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់ ​​​ឬ ​​អ្នក​​ចេះ​​ត្រួតត្រា​មុខ​ការ​​ក្នុង​ក្រសួង​​ ឬ​​នាទី​របស់​ខ្លួន​។ 

ទោះ​យ៉ាងណា​សព្វ​ថ្ងៃ​ ​​​គោ​រម​ងារ​ «​ឧកញ៉ា​» ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ដើម្បី​ផ្ដល់​ឱ្យ​​ជន​ណា​ម្នាក់​​ដែល​បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​ជួយ​សង្គម​ជាតិ​។ ដំបូង​ចាប់ពី​មួយ​សែន​ដុល្លារ​ឡើង​ទៅ​ និង​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះ​រាជទាន​នូវ​គោ​រម​ងារ​នេះ។ បន្ទាប់មកគិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ​សប្បុរស​ជន​ទាំងឡាយ​ណាដែល​បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួនជួយ​ស្ថាបនា​ជាតិ ចាប់ពី​ ៥០​ ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​នាយក​រដ្ឋមន្ត្រី​សម្រេច​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​ព្រះ​រាជទាន​នូវ​គោ​រមងារ​ឧកញ៉ា​ដែល​អាច​បញ្ជាក់​បាន​ថា តម្លៃ​ឧកញ៉ា​​​នេះ​បាន​កើន​ឡើង​មួយ​គុណ​និង​ប្រាំ​ដង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។