អ្នកវិភាគ​ថា ជំនួប​រវាង​លោក សម រង្ស៊ី នឹង​អាមេរិក​ជា​សញ្ញា​ល្អ​នាំ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​វិជ្ជមាន​នៅ​កម្ពុជា

ដោយ ហេង រស្មី
2019.09.20
លោក គឹម សុខ ៦២២ លោក គឹម សុខ អ្នកវិភាគនយោបាយ។
រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ

អ្នកវិភាគ​មើល​ឃើញ​ថា គម្រោង​ជំនួប​រវាង​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ជា​សញ្ញា​ល្អ​នាំ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ មន្ត្រី​របប​ក្រុងភ្នំពេញ​ថា នេះ​ជា​យុទ្ធសាស្ត្រ​ទាល់ច្រក​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង។

អ្នក​ហ៊ាន​និយាយ​រិះគន់​ឥត​សំចៃ​លើក​របប​ក្រុងភ្នំពេញ​លោក គឹម សុខ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​អះអាង​ថា គម្រោង​ជំនួប​កំពូល​រវាង​មេដឹកនាំ​បក្ស​ប្រឆាំង និង​មន្ត្រី​អាមេរិក​លើក​នេះ នឹង​ជំរុញ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ក្នុង​ជ្រុង​ណាមួយ​ក្នុង​ប្រទេស​កម្ពុជា​មែន​នោះ៖ «បើ​ជួប​មន្ត្រី​រដ្ឋសភា ទាំង​ព្រឹទ្ធសភា និង សភា​ជាន់​ទាប​នៅ​សហរដ្ឋអាមេរិក​នឹង​អាច​ទាក់ទាញ​បាន​នូវ​ល្បឿន​គាំទ្រ​ពី​សភា​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​សង្កត់​លោក ហ៊ុន សែន តាមរយៈ​ផ្លូវច្បាប់​ដូចជា​ការ​ជំរុញ​ច្បាប់​HR526 ជាដើម។ ពួកគេ​ជា​មន្ត្រី​នៃ​រដ្ឋសភា​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក​ក៏​នឹង​ក្លាយ​ជា​សាក្សី​សំខាន់​ក្នុង​ផែនការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដែរ»

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​១៩ កញ្ញា​នេះ បាន​ចាប់ផ្តើម​ជួប​មន្ត្រី​សំខាន់ៗ​ដែល​រួមមាន មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស មន្ត្រី​ក្រសួង​ការពារជាតិ សមាជិកសភា និង ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ឱ្យ​មានការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ចំពោះ​ដំណើរ​វិលត្រឡប់​មាតុប្រទេស​វិញ​របស់​លោក សម រង្ស៊ី។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​លោក ប៉ុន សៅរី មិនបាន​និយាយ​លំអិត​អំពី​គម្រោង​ជំនួប​រវាង​លោក សម រង្ស៊ី ជាមួយ​មន្ត្រី​សហរដ្ឋអាមេរិក​លើក​នេះ​ទេ តែ​លោក​អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​សង្ឃឹម​ថា អាច​នឹង​នាំ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ពិត​ប្រាកដ​មកវិញ​ជូន​ពលរដ្ឋ​កម្ពុជា។ ក៏ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា លោក​អះអាង​ថា លោក សម រង្ស៊ី នឹង​ស្នើ​ឱ្យ​អាមេរិក​ជួយ​ការពារ​សុវត្ថិភាព​នៃ​ការ​វិលត្រឡប់​របស់​លោក​ទៅ​កម្ពុជា​វិញ​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៖ «ថ្ងៃស្អែក​នេះ​យើង​ជួប​ជាមួយ​នឹង​មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ក្រសួងការបរទេស និង​ក្រសួង​សន្តិសុខ​ជាតិ​អី​ជាដើម យើង​នឹង​ពិភាក្សា​គ្នា​លម្អិត​ហើយ​ខ្ញុំ​ម្ដង​ទៀត​គឺ​សូម​បញ្ជាក់​ថា គឺ​ឈរ​លើ​ជំហរ​ឱ្យ​សហរដ្ឋអាមេរិក​ដើរ​តួនាទី​ក្នុង​ការ​ត្រួត​ពិនិត្យមើល​នៅ​ដំណើរ​វិលត្រឡប់​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ជាពិសេស​លោក​ប្រធាន​ស្តីទី​លោក សម រង្ស៊ី ហើយ​ឱ្យ​ជួយ​រក្សា​សន្តិសុខ​របស់​ថ្នាក់ដឹកនាំ​ក៏ដូចជា​ប្រធាន​ស្ដីទី​អី​ជាដើម ហើយ​ធ្វើ​ម៉េច​ឱ្យ​សហរដ្ឋអាមេរិក​ប្ដេជ្ញា​ចិត្ត​ការ​នាំ​មក​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា»

ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា សហរដ្ឋអាមេរិក​ដាក់​ទូត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ភ្នំពេញ​ដូច្នេះ លោក​មិន​មាន​ជំនឿ​ទាល់តែសោះ​ថា សហរដ្ឋអាមេរិក​នឹង​គាំទ្រ​លោក សម រង្ស៊ី ដែល​លោក​ចាត់ទុកជា​មេ​ឧទ្ទាម​ក្រៅច្បាប់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា គម្រោង​របស់​លោក សម រង្ស៊ី នេះ​គ្រាន់តែ​ជា​ការ​ទាល់ច្រក​ផ្នែក​នយោបាយ​ក្រោយពី​បាន​រត់​ទៅ​ពឹង​ពាក់​ទៅ​សហគមន៍​អឺរ៉ុប អូស្ត្រាលី និង បរទេស​មួយ​ចំនួន​ទៀត​មិន​ទទួល​បាន​លទ្ធផល​នោះ​ហើយ​ចុងក្រោយ​បាន​រត់​ទៅ​ពឹង​ឱ្យ​សហរដ្ឋអាមេរិក​ជួយ​ម្ដង៖ «ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត​រត់ចោលស្រុក​នេះ វា​អស់​ផ្លូវ​ក្បាច់​ភូតភរ​កុហក​ហើយ​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស និង​អ្នក​នៅ​ក្រៅ​ប្រទេស​គេ​លែង​ជឿ​ហើយ។ ឥឡូវ​វា​បាត់​ហើយ​មិន​ចាំបាច់​ស្ទង់​ប្រជាប្រិយភាព​អី​ទៀត​ទេ វា​អស់រលីង​តែម្ដង ហើយ​កុំ​យកពាក្យ​ថា​ប្រជាពលរដ្ឋ​កន្លះ​នគរ​យក​មក​និយាយ​ទៀត វា​អត់​ត្រូវ​ទេ​។ កន្លះ​នគរ​វា​បាន​វា​បាន​ហួស​ផុត​៦ ៧ ឆ្នាំ​ទៅ​ហើយ អ៊ីចឹង​វា​អត់​មាន​អ្នក​កន្លះ​នគរ​ហ្នឹង​មក​គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​តទៅទៀត​ទេ។ មានតែ​បញ្ហា​តែមួយ​ទេ គឺ​សុខចិត្ត​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់»

លោក សម រង្ស៊ី ប្រកាស​វិល​ចូល​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ខាងមុខនេះ គឺ​នៅ​សល់​តែ​៥១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​កំណត់​ដែល​លោក​វិលត្រឡប់​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ។ លោក សម រង្ស៊ី និយាយ​ថា ដំណើរ​របស់​លោក​លើក​នេះ មាន​អ្នកតំណាងរាស្ត្រ​មកពី​បណ្ដា​ប្រទេស​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​រាប់​សែន​នាក់ ចូលរួម​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។