សង្គមស៊ីវិល និងអ្នកសិក្សាច្បាប់ចាត់ទុកថ្ងៃ ២ធ្នូ ជាការប្ដូរប្រព័ន្ធនយោបាយដែលរណបបរទេស ដោយប្ដូរពីរដ្ឋាភិបាលរណបចិនកុម្មុយនិស្ត មកជារដ្ឋាភិបាលដែលលើកបន្តុប ដោយកងទ័ពវៀតណាមតែប៉ុណ្ណោះ។ ពួកគេស្នើឱ្យរដ្ឋាភិបាលងាកមកផ្សះផ្សាជាតិ ដោយយកសន្ធិសញ្ញាទីក្រុង ប៉ារីស ជាគោល។
អ្នកសិក្សាច្បាប់លើកឡើងថា ថ្ងៃទី២ ខែធ្នូ មិនមែនជាចំណុច ដែលអាចទាក់ទាញការគាំទ្រពីយុវជនសម័យក្រោយបានឡើយ ប៉ុន្តែធ្វើឱ្យបាត់បង់សំឡេងគាំទ្រថែមទៀត។
ការអះអាងនេះ ធ្វើឡើងក្នុងខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ០២ ធ្នូ ដែលរដ្ឋាភិបាលយកទិវានេះដើម្បីធ្វើការឃោសនារកការគាំទ្រ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា ថ្ងៃ២ ធ្នូ មិនមានឥទ្ធិពល ឬទទួលបានការឱ្យតម្លៃពីយុវជនជំនាន់ក្រោយនោះឡើយ។ លោកថា យុវជនមិនចាប់អារម្មណ៍ ចំពោះថ្ងៃទី២ ធ្នូទេ តែយុវជនចាប់អារម្មណ៍នឹងស្ថានភាពនយោបាយបច្ចុប្បន្ន ដូចជា បញ្ហាអំពើពុករលួយ វិបត្តិនយោបាយ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ សេរីភាពបញ្ចេញមតិជាដើម។ លោក វ៉ន ចាន់ឡូត បញ្ជាក់ថា រដ្ឋាភិបាល គួរតែងាកមកគោរពសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ដែលជាសន្ធិសញ្ញាបញ្ចប់សង្គ្រាមនៅកម្ពុជាវិញ ប្រសើរជាងការលើកយកថ្ងៃ ២ធ្នូ មកផ្សព្វផ្សាយដូច្នេះ។
លោក វ៉ន ចាន់ឡូត៖ «នៅក្នុងសច្ចភាព ឬក៏ការពិតក្នុងប្រវត្តិសាស្ត្រ ខ្ញុំគិតថាសម័យនេះប្រជាពលរដ្ឋគាត់ទទួលបាននូវមូលដ្ឋាន នៃប្រវត្តិសាស្ត្រ និងច្បាប់ការច្រើន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតមេដឹកនាំ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សរសេរលើគណនីហ្វេសប៊ុក ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ៧មករាទេ ក៏គ្មាន អ្វីៗដូចសព្វថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ»។ នៅទន្ទឹមនេះ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំថ្ងៃ២ធ្នូ នេះ ថាជាឫសគល់ ដែលនាំមកនៅសុខសន្តិភាព ការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សា ការពារសុខសន្តិភាពដែលបានមកដោយលំបាក។
វិទ្យុអាស៊ីសេរមិនអាចទាក់ទង ប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី ២ធ្នូនេះ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក(ADHOC) លោក នី សុខា មានប្រសាសន៍ថាដរាបណា ភាគីខ្មែរមិនទាន់ឯកភាពគ្នា ពលរដ្ឋពិបាកទទួលយកថ្ងៃទី២ ធ្នូ និងថ្ងៃទី៧ ខែមករាថា ជាថ្ងៃរំដោះជាតិនោះឡើយ។ លោកបន្តថា រដ្ឋាភិបាលគួរស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ប្រសើរជាងការយកថ្ងៃ២ធ្នូ ឬទិវាផ្សេងទៀត យកមកឃោសនាដើម្បីធ្វើនយោបាយប្រជាភិថុតិ។
លោក នី សុខា៖ «ខ្ញុំយល់ថាថ្ងៃណាក៏វាមានសារៈសំខាន់ដែរ។ ប៉ុន្តែអ្វីដែលសំខាន់ជាងហ្នឹងទៅទៀតនោះគឺ ការបង្រួបបង្រួមផ្សះផ្សាជាតិ ឱ្យខ្មែរមានឯកភាពជាតិ ឱ្យមានទស្សនៈតែមួយ រួមគ្នាដើម្បីកសាងប្រយោជន៍ជាតិ។ ហើយនេះជារឿងសំខាន់ជាងការផ្ដល់តម្លៃឱ្យទិវាមួយៗ»។
រណសិរ្ស ២ ធ្នូ ឬរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅឃុំ ២ធ្នូ ស្រុកស្នួល។ រណសិរ្ស ២ធ្នូនេះ ទទួលបានការជ្រោមជ្រែង និងឧបត្ថម្ភទាំងស្រុងផ្នែកកងទ័ព សព្វាវុធ និងយុទ្ធសាស្ត្រធ្វើសង្គ្រាមពីប្រទេសវៀតណាម។ វៀតណាមក៏មិនភ្លេចឲ្យកម្ពុជាដឹងគុណខ្លួនដែរ គឺបានឱ្យកម្ពុជាសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ឲ្យបានគ្រប់ខេត្ត ក្រុងនៅក្នុងប្រទេសកម្ពុជា។
រៀងរាល់ឆ្នាំ បក្សកាន់អំណាច តែងនាំគ្នាទៅប្រារព្ធខួប ២ធ្នូ ដើម្បីរំលឹកដល់គុណដល់កងទ័ពវៀតណាមដែលជួយជ្រោមជ្រែងដល់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ ហើយរដ្ឋាភិបាល លោក ហ៊ុន សែន ក៏បានស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមខេត្ត ក្រុង ទាំងអស់ ហើយករណីនេះ ត្រូវបានមហាជនទូទៅថ្កោលទោសថា រដ្ឋាភិបាលលោក ហ៊ុន សែន ថា ជារដ្ឋាភិបាលចំណុះបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។