អ្នកឃ្លាំមើលសង្គមថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បន្តប្រើប្រាស់អំណាចរំលងតួនាទីនាយករដ្ឋមន្ត្រី និងបំពានរដ្ឋធម្មនុញ្ញដែលនាំឱ្យការដឹកនាំប្រទេសមានភាពច្របូកច្របល់ និងខាតដល់ផលប្រយោជន៍ជាតិ។ ទោះជាយ៉ាងណាក្ដី អ្នកដឹកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ប្រធានបក្សកាន់អំណាចរូបនេះ មានសិទ្ធិលើកឡើងគ្រប់បញ្ហាទាំងអស់។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលថ្លែងថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កំពុងរំលោភអំណាច និងរំលោភគោលការណ៍ច្បាប់ ដោយសារតែលោកតែងតែចេញមុខជំនួសកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលមានតួនាទីជានាយករដ្ឋមន្ត្រី។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែនបានដើរហួសគោលការណ៍រដ្ឋធម្មនុញ្ញដោយសារតែលោកជាមានតួនាទីខាងនីតិប្បញ្ញត្តិ ប៉ុន្តែលោក ហ៊ុន សែន បានបញ្ជាទៅលើមន្ត្រីសាធារណៈ ដែលស្ថិតនៅក្រោមអំណាចនីតិប្រតិបត្តិ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីទៅវិញ។ លោកថា ការជ្រៀតជ្រែកអំណាចរបស់លោក ហ៊ុន សែន នេះគឺធ្វើឱ្យការដឹកនាំប្រទេសមានភាពច្របូកច្របល់ និងគ្មានប្រសិទ្ធភាព ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។
លោក រ៉ុង ឈុន៖ «នៅស្រុកយើង យើងឡើងច្របូកច្របល់ៗ ហើយ ក្នុងការអនុវត្តតួនាទីរបស់ខ្លួន។ អ៊ីចឹង មានការជ្រៀតជ្រែកពីស្ថាប័នមួយ ដែលមិនទាន់បានអនុវត្តដូចដែលច្បាប់បានកំណត់»។
ការលើកឡើង គឺក្រោយពេលលោក ហ៊ុន សែន បានថ្លែងសារជាសាធារណៈ និងដើរតួនាទីជំនួសនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ជាពិសេស ករណីបកស្រាយឆ្លើយតប ចំពោះពលរដ្ឋរឿងរិះគន់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណពិសេសកម្ពុជា ឡាវ និងវៀតណាម។ លោក ហ៊ុន សែន កាលពីខែកក្កដា បានចេញបញ្ជាឱ្យសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ៤នាក់ និងព្រមានចាប់ខ្លួនអ្នកដែលនិយាយរិះគន់ពាក់ព័ន្ធនឹង «តំបន់ត្រីកោណអភិវឌ្ឍន៍»។
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ក៏បានបញ្ជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យនាំគ្នាផុសខ្លឹមសារសម្ភាសន៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ដែលបំភ្លឺអំពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ក្នុងប្រព័ន្ធដឹកនាំប្រទេសកម្ពុជា គឺអាស្រ័យទៅលើគណបក្ស ដែលឈ្នះឆ្នោត ហើយលោកថាក្នុងនាម លោក ហ៊ុន សែនដែលជាប្រធានបក្សកាន់អំណាច គឺអាចថ្លែងសារបានគ្រប់បញ្ហា ដោយមិនបានប៉ះពាល់អំណាចនាយករដ្ឋមន្ត្រីនោះទេ។
លោក សុខ ឥសាន៖«ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្ដេចមានសិទ្ធិនិយាយគ្រប់បញ្ហាទាំងអស់ មិនមែនលូកដៃក្នុងបញ្ហារដ្ឋាភិបាល មិនមែនរំលោភទៅលើស្ថាប័នរដ្ឋណាទេ ព្រោះគណបក្សកាន់អំណាចនៅពេល ដែលឈ្នះឆ្នោត ហើយគណបក្សកាន់អំណាចតែងតាំងមន្ត្រីរបស់ខ្លួនទៅធ្វើតាមស្ថាប័នរបស់រដ្ឋ»។
ចំណែកអ្នកជំនាញច្បាប់ និងអភិបាលកិច្ចប្រជាធិបតេយ្យ លោក វន ចាន់ឡូត មានប្រសាសន៍ថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាទៅកាន់មន្ត្រីសាធារណៈកន្លងមកនេះ គឺជាការរំលោភអំណាចទៅលើប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យមកជាការដឹកនាំបែបបុគ្គលនិយមទៅវិញ។ លោកថា ការដឹកនាំបែបបុគ្គលនិយមនេះបន្តចាក់ស្រេះក្នុងសង្គមកម្ពុជា ដែលមិនឱ្យអ្នកដឹកនាំជំនាន់ថ្មី អាចបញ្ចេញសមត្ថភាពខ្លួនបាន។
លោក វន ចាន់ឡូត៖«ទីមួយ កង្វះតុល្យភាពអំណាច ដូច្នេះ មិនមានស្ថាប័នណាមួយអាចធ្វើការត្រួតពិនិត្យអំពីការរំលោភអំណាច ឬការបំពានតួនាទីនោះឡើយ។ ទីពីរ ឆ្លុះបញ្ចាំងពីអំណាចបែបឯកទត្តបុគ្គល។ មានន័យថា ការដឹកនាំ គឺអាស្រ័យលើបុគ្គល ដែលប្រាសចាកអំពីការដឹកនាំតាមបែបប្រជាធិបតេយ្យ ឬការដឹកនាំប្រាសចាកពីអភិបាលកិច្ច»។
នៅមុនការផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោក លោក ហ៊ុន សែន ធ្លាប់លើកឡើងថា បើទោះបីលោកមិនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតក្ដី ក៏លោកនៅតែគ្រប់គ្រងនយោបាយកម្ពុជាក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជនកម្ពុជាដដែល។
ប្រទេសកម្ពុជាបានបែងចែកអំណាចរដ្ឋជា៣ ឯករាជ្យដាច់ពីគ្នា គឺអំណាចនីតិបញ្ញត្តិ តំណាងអោយរដ្ឋសភា និងព្រឹទ្ធសភាមានតួនាទីកសាងច្បាប់ និងផ្សព្វផ្សាយច្បាប់។ អំណាចនីតិប្រតិបត្តិ គឺតំណាងអោយរដ្ឋាភិបាល មានតួនាទីអនុវត្តន៍ច្បាប់ និងអំណាចតុលាការ គឺតំណាងឱ្យសាលាជម្រះក្ដី មានតួនាទីរកយុត្តិធម៌ជូនសង្គម។ ប៉ុន្តែអំណាចទាំង ៣នេះ ត្រូវបានអ្នកឃ្លាំមើលសង្កេតឃើញថា មិនមានការបែងចែកដាច់ពីគ្នានោះទេ ដោយសារតែមានការលូកដៃពីលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
