អ្នក​វិភាគ​ថា លោក ហ៊ុន សែន នឹង​ធ្លាក់​ពី​អំណាច​បើ​លោក សម រង្ស៊ី ចូល​ស្រុក​ដឹក​នាំ​កម្លាំង​មហាជន

ដោយ សុជីវី
2019.09.03
សម រង្ស៊ី ហ៊ុន សែន លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា​ សារ​អំពាវនាវ​របស់​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​អនុវត្ត​សិទ្ធិ​ងើប​តវ៉ា ដើម្បី​ផ្លាស់​ប្ដូរ​របប​លោក ហ៊ុន សែន នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង។ ការ​លើក​ឡើង​នេះ​ បន្ទាប់​ពី​លោក សម រង្ស៊ី បង្ហោះ​សារ​អំពាវនាវ​ថា នៅ​ពេល​លោក​ចូល​ស្រុក​វិញ​ សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យក​គំរូ​តាម​ប្រជាពលរដ្ឋ​ហ្វីលីពីន ​ដែល​បាន​បណ្ដេញ​មេ​ដឹក​នាំ​ផ្ដាច់​ការ​ចេញពី​ដំណែង​ដោយសន្តិវិធី​​ តាមរយៈ​ចលនា​មួយ​ដែល​ហៅថា​អំណាច​ប្រជាពលរដ្ឋ (People Power)។

លោក គឹម សុខ ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ចាប់​របស់​របប​លោក ហ៊ុន សែន នោះ​ មាន​ប្រសាសន៍​ថា ​កម្រិត​ប្រជាប្រិយ​ភាព​របស់​លោក ​សម​ រង្ស៊ី​ ទាំង​ក្នុង​ប្រទេស ​និង​នៅ​​ក្រៅ​ប្រទេស​នៅ​តែ​ខ្លាំង ​ប្រសិន​បើ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​មាន​លទ្ធភាព​វិល​ចូល​ស្រុក​តាម​ការ​សន្យា​ និង​ចេញ​មុខ​ជា​គំរូ​ដឹកនាំ​ការ​តវ៉ា​ដោយសន្តិវិធី​។លោក​បន្ត​ថា ប្រជាពលរដ្ឋ​ចង់​ផ្លាស់​ប្ដូរ​ព្រោះ​ពួក​គេ​មិន​ពេញ​ចិត្ត​ ចំពោះ​ការ​ដឹក​នាំ​របស់​ក្រុម​លោក​ ហ៊ុន​ សែន។ ជា​ពិសេស​ស្ថិត​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA៖

«គឺ​ការដឹកនាំ​របស់​ក្រុម​លោក​ ហ៊ុន​ សែន​ គឺ​ជា​របៀប​បំបិទ​សិទ្ធិ​និង​ បំផ្លាញ​ផល​ប្រយោជន៍​របស់​ពួក​គាត់​ ជា​ពិសេស​អាជ្ញាធរ​របស់​ក្រុម​លក​ ហ៊ុន​ សែន ​តាំង​ពី​ថ្នាក់​ក្រោម​រហូត ដល់​ថ្នាក់​កំពូល​ធ្វើ​អ្វីៗ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​ជា​ជំនួស​ក្នុង​ការ​ទាញ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខាង​ខ្លួន​ គឺ​មានតែ​ការ​គាប​សង្កត់​បំបិទ​សិទ្ធិ​ហើយ​បន្លាច​ថែម​ទៅទៀត​មិនមែន​បម្រើ​ប្រ​ជា​ពលរដ្ឋ​ដើម្បី​ទាក់ទាញ​សមាន​ចិត្ត​នោះ​ទេ។ ប្រសិនបើ​ក្រុម​លោក​សម​ រង្ស៊ី​ ពិត​ជា​ចូល​មែន ហើយ​មាន​យុទ្ធសាស្ត្រ​ប្រាកដ​ក្នុង​ការ​ដឹក​នាំ​ការ​ងើប​ឡើង​ ដោយ​អនុវត្ត​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រជាពលរដ្ឋ​ជាពិសេស ​កម្មករកម្មការិនី និង​មន្ត្រី​រាជ​ការ​ផ្សេងៗ ដែល​ចង់​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​នេះ​អាច​ ទៅ​រួច​ហើយ​សង្ឃឹម​មាន​ការ​​ជោគជ័យ​តែ​ត្រូវ​ឆ្លងកាត់​ពេលវេលា​មួយ​រយៈ​និង​ការឈឺចាប់​ខ្លួន​ដែរ»

ទោះ​បី​ជា​យ៉ាង​ណា​លោក​ គឹម​ សុខ​ បន្ត​ថា ​លោក​នៅ​តែ​ចង់​ឃើញ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ​និង​មេ​ដឹក​ នាំ​បក្ស​កាន់​អំណាច​ជ្រើសរើស​មធ្យោបាយ​ជួប​ចរ​ចារ​គ្នា​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែរ៖ «ប៉ុន្តែ​បើ​យើង​មើល​ស្ថានភាព​នយោបាយ​ជាក់​ស្ដែង​ គឺ​មក​ដល់​ពេល​នេះ គឺ​គ្មាន​ពន្លឺ​ដែល​ជា​ការ​ចរ​ចារ​ទេ​ព្រោះ​អ្វី​ដែល​កំណត់​ដោយ​ក្រុម​លោក​ ហ៊ុន​ សែន​ គឺ​ការ​សម្លាប់​គួរ​ប្រជែង​កុំ​ឱ្យ​ងើប​រួច ដើម្បី​ប្រើ​ឱកាស​នេះ​ពង្រឹង​គ្នា​គាត់​ឱ្យ​បាន​រឹងមាំ»

កាល​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា​ លោក​ សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​អំពាវនាវ​ថា នៅ​ពេល​ លោក​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ២០១៩ ខាង​មុខ​នេះ​ សូម​ប្រជារាស្ត្រ​ខ្មែរ​យក​គំរូ​តាម​ប្រ​ជា​រដ្ឋ​ហ្វីលីពីន ដែល​បាន​បណ្ដេញ​ជន​ផ្ដាច់​ការ​ឈ្មោះ​លោក ម៉ាកូស (Marcos) ពី​តំណែង​ដោយ​សន្តិវិធី​ក្នុង​ឆ្នាំ១៩៨៦​ តាមរយៈ​ចលនា​មួយ​ជា​ប្រវត្តិសាស្ត្រ​ហៅថា​ ``អំណាច​ប្រជាពលរដ្ឋ​``។លោក​អះអាង​ថា របប​ផ្ដាច់​ការ​មួយ​ដ៏​សាហាវ​ត្រូវ​បាន​បញ្ចប់​ ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​ឡើយ។ លោក ហ្វែឌីណង់​ម៉ាកូស (Ferdinand Marcos) គឺ​ជា​មេ​ដឹក​នាំ​ផ្ដាច់​ប្រទេស​ហ្វីលីពីន​ជាង ២០ឆ្នាំ​ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ទ្រង់ទ្រាយ​ធំ និង​បាន​ប្លន់​ទ្រព្យសម្បត្តិ​របស់​ប្រទេសជាតិ​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប្រជាពលរដ្ឋ​ហ្វីលីពីន​ចាប់​ផ្តើម​ងើប​តវ៉ា ​ហើយ​បន្ទាប់​មក​ ក្រុម​កម្លាំង​ប្រដាប់​អាវុធ ​បាន​ចូលរួម​គាំទ្រ​ចលនា​ប្រជាពលរដ្ឋ​រហូត​ទម្លាក់​លោក​ ម៉ា​សកូស ចេញ​ពី​ដំណែង​ដោយ​ជោគជ័យ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន​ ថ្លែង​ថា​សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី នេះ គ្រាន់​តែ​ជា​នយោបាយ​ទាល់​ច្រក​ប៉ុណ្ណោះ ពីព្រោះ​លោក​គ្មាន​ជំនឿ​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​តាម​ការ​សន្យា​នោះ​ទេ។ លោក​ សុខ​ ឥសាន​ ក៏​មិន​ជឿ​ថា​មាន​ពលរដ្ឋ​ងើបឡើង​បះបោរ​តាម​ការ​អំពាវនាវ​នេះ​ដែរ។ អ្នក​នាំ​ពាក្យ​បក្ស​កាន់អំណាច​រូប​នេះ​បន្ត​ថា ប្រសិន​បើ​លោក សម រង្ស៊ី ចូល​ទឹកដី​កម្ពុជា​តាម​កាល​កំណត់​មែន​នោះ សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​ភ្លាមៗ៖ «មិន​មក​ទេ​ហើយ​ស្រែក​នេះ​ដើម្បី​ស្ទង់​មើល​ថា​តើ​ មាន​ប្រជាជន​និង​កងទ័ព​ប៉ុន្មាន​នាក់​គាំទ្រ​ខ្លួន​ហើយ​ឥឡូវ​បើ​គាត់​ពូកែ​ថា​តែខ្លួន​ឯង​ថា​រក​មនុស្ស​រាប់​លាន​នាក់​រាប់​សែន​នាក់​ហែហម​មក​នោះ​ម៉េចក៏មិន​មក​ទៅ​ហេតុ​អី​ចាំ​បាច់​ពន្យារ​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ»

អ្នក​តាម​ដាន​បញ្ហា​សង្គម​ និង​ជា​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត នៅ​តែ​ជឿ​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី​ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ប្រជាពលរដ្ឋ ប៉ុន្តែ លោក​មិន​គាំទ្រ​ជម្រើស​បែប​នេះ​ទេ ព្រោះ​វា​អាច​នាំ​មក​នូវ​ការ​ប្រឈម​បែប​ហិង្សា​រវាង​ពលរដ្ឋ និង​កងកម្លាំង​របស់​លោក ហ៊ុន សែន។ លោក​ចង់​ឃើញ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​លះបង់​គំនុំ​បុគ្គល ហើយ​គិត​ប្រយោជន៍​ជាតិ​ និង​ប្រជាជន​ជា​ធំ​ហើយ​ចាប់​ផ្ដើម​វិល​ទៅ​រក​តុ​ចរ​ចារ​ដោយ​សន្តិវិធី៖

«យើង​ឃើញ​កូន​អុក ដែល​បក្ស​ប្រឆាំង​នៅ​មាន​ប្រៀប គឺ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ ហើយ​កូន​អុក​ទី២ ដែល​បក្ស​ប្រឆាំង​អាច​ប្រើ​បាន ហើយ​ជា​ជម្រើស​ចុង​ក្រោយ​ប្រសិន​បើ​មិន​មាន​ការ​ចរចា​នយោបាយ​កើត​ឡើង​នៅ​មុន​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ទេ។ ដូច្នេះ គឺ​កម្លាំង​ប្រជាពលរដ្ឋ។ ដូច្នេះ​យើង​មើល​ឃើញ​ថា ឧទាហរណ៍​ជា​ច្រើន​ហើយ នៅ​ពេល​ដែល​មេ​បក្ស​ប្រឆាំង​នៅ​ប្រទេស​វេណេហ្សុយអេឡា​ប្រកាស​ថា​នឹង​វិល​ចូល​ស្រុក និង​ប្រកាស​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​គាត់​ គឺ​ពិតជា​មានការ​ចូលរួម​ពិតមែន​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចុះចេញ​ពី​ដំណែង»

រហូតមកដល់​ពេលនេះ​មេ​ដឹក​នាំ​គណបក្ស​ទាំងពីរ​មិន​ទាន់​បង្ហាញ​សញ្ញា​វិល​ទៅ​រក​តុ​ចរ​ចារ​នោះ​ទេ​ដោយ​ភាគី​ទាំង​តែងតែ​បញ្ចេញ​សារ​ព្រមាន​គ្នា​ទៅវិញ​មក ម្ខាង​អាង​កម្លាំង​ប្រជាពលរដ្ឋ និង​ម្ខាង​ទៀត​អាង​កម្លាំង​ប្រដាប់​អាវុធ។

ទោះ​យ៉ាង​ណា​ក្ដី​លោក​ សម​ រង្ស៊ី​ ប្រកាន់​ជំហរ​ថា​លោក​នឹង​វិលត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ ខាង​មុខ និង​តែងតែ​អំពាវនាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​បែរ​ចុង​កាណុង​សំដៅ​ទៅ​លោក ហ៊ុន សែន វិញ ប្រសិន​បើ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហាជាតិ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​នឹង​ទៅ​ទទួល​លោក​នៅ​ថ្ងៃ​នោះ។

មេ​បក្ស​ប្រឆាំង​រូប​នេះ​ជឿ​ជាក់​ថា​ វត្តមាន​របស់​លោក​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ផ្លាស់​ប្ដូរ​មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ព្រម​ទាំង​ទៅ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​របស់​ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះ​ស្រាយ​បាន​ជាពិសេស​គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។