អ្នកវិភាគនិយាយថា របបក្រុងភ្នំពេញកំពុងប្រើយុទ្ធសាស្ត្រគំរាមកំហែង និងបំភិតបំភ័យក្រុមអង្គការសង្គមស៊ីវិលរឿងស្ថានភាពមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីសមាគមធាងត្នោត និងអង្គការ លីកាដូ បានរកឃើញថា មានប្រជាពលរដ្ឋខ្មែរជាងពីរលាននាក់កំពុងជំពាក់បំណុលវ័ណ្ឌកចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ មន្ត្រីរដ្ឋាភិបាលបានច្រានចោលទៅនឹងការចោទប្រកាន់នេះ។
អ្នកវិភាគហ៊ាននិយាយរិះគន់ឥតសំចែលើរបបក្រុងភ្នំពេញ ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ បញ្ជាក់ថា ការកោះហៅម្តងហើយម្តងទៀតរបស់មន្ត្រីរដ្ឋាភិបាល គឺជាការគំរាមកំហែងដល់អង្គការសង្គមស៊ីវិលមិនឲ្យបំពេញការងាររបស់ខ្លួនដោយឯករាជ្យដែលទង្វើនេះជាការផ្ទុយនឹងរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសកម្ពុជា។
លោក គឹម សុខ មានប្រសាសន៍ថា ការកោះហៅដដែលៗ ដោយមិនពិចារណាទទួលយកហេតុផលនៃការបកស្រាយរវាងអង្គការ សមាគមទាំងពីរ គឺជាយុទ្ធសាស្ត្រនៃការគំរាម និងបន្លាចដល់អង្គការសង្គមស៊ីវិលដែលកំពុងធ្វើការដោយឯករាជ្យរបស់ខ្លួនជាមួយពលរដ្ឋកម្ពុជា។ លោកមានប្រសាសន៍ថា អ្វីដែលរបបក្រុងភ្នំពេញខ្លាចបំផុតនោះ គឺខ្លាចការពិតដែលកើតមានក្នុងសង្គមត្រូវអង្គការទាំងពីរហើយត្រូវអង្គការទាំងពីរទម្លាយចេញមកក្រៅដែលអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ខ្លួន៖ « ជាផលនយោបាយដែលគេចង់បាន គឺបន្លាចសកម្មភាពអង្គការសង្គមស៊ីវិលទាំងអស់នោះ ដែលធ្វើការប្រកបទៅដោយវិជ្ជាជីវៈ និងស្របច្បាប់គឺគេចង់បន្ទច់បង្អាក់ ឬបង្ក្រាបសង្គមស៊ីវិលមិនអាចឲ្យលាតត្រដាងនូវអសមត្ថភាពនៃការដឹកនាំរបស់រដ្ឋាភិបាល ជាពិសេសទាក់ទងទៅនឹងស្ថានភាពនយោបាយបច្ចុប្បន្ន ដែលរងសម្ពាធខ្លាំងពីអន្តរជាតិហើយសំខាន់បំផុត គឺផលប៉ះពាល់ចំពោះប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជាក្រោយពីការព្រមានដក EBA ពីសហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក » ។
ការលើកឡើងរបស់លោកគឹម សុខ បានកើតមានឡើងក្រោយពីរបបក្រុងភ្នំពេញបានចេញលិខិតកោះហៅអ្នកទទួលខុសត្រូវអង្គការ លីកាដូ និងសមាគមធាងត្នោត មកពិភាក្សាគ្នាម្តងទៀត នៅថ្ងៃទី១១ កញ្ញាខាងមុខនេះក្រោយពីមានការជជែកគ្នាមិនដាច់ស្រេចករណីរបាយការណ៍ពីស្ថានភាពមីក្រូហិរញ្ញវត្ថុរបស់អង្គការទាំងពីរកាលពីសប្ដាហ៍មុន។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ប្រាប់ថា មូលហេតុដែលលោកកោះអញ្ជើញអ្នកទទួលខុសត្រូវអង្គការ សមាគមទាំងពីរមកពិភាក្សាគ្នាសាជាថ្មីម្ដងទៀត គឺដោយសារតែរបាយការណ៍រវាងរាជ្យបណ្ឌិតសភាកម្ពុជា និង សមាគមធាងត្នោត និង អង្គការ លីកាដូ មានភាពផ្ទុយគ្នាស្រឡះទាក់ទិននឹងស្ថានភាពមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ លោកមានប្រសាសន៍ថា របាយការណ៍របស់អង្គការទាំងពីរមាននិន្នាការនយោបាយច្រើនជាបច្ចេកទេស ។
ចំពោះការចោទប្រកាន់មកលើរដ្ឋាភិបាលថា កំពុងយុទ្ធសាស្ត្រគំរាមកំហែងនោះ លោកថា គឺមិនត្រឹមត្រូវទេ ហើយថា រដ្ឋាភិបាលនៅតែរក្សាជំហរដោះស្រាយគ្នាជាមួយអង្គការសង្គមស៊ីវិលដោយមិនចង់ប្រើប្រាស់ផ្លូវតុលាការឡើយ៖ « យើងអត់ប្រើប្រាស់ឥទ្ធិពលអ្វីទេគ្រាន់តែចង់ប្រាប់ថា អង្គការដែលបញ្ចេញរបាយការណ៍វាប៉ះពាល់ដល់ការទទួលបានព័ត៌មានពីសាធារណជនឲ្យបានគ្រប់ជ្រុងនោះ។ សុចរិតភាព ព័ត៌មានដែលគាត់បញ្ចេញនោះ គឺជាសិទ្ធិរបស់គាត់ប៉ុន្តែយើងចង់តែចង់ប្រាប់ថាអាហ្នឹងជា Fake News គេបង្កើតរឿងអ្វីផ្សេងទៀតហើយ។យើងគ្រាន់តែទុកកិត្តិយស ហើយយើងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយគាត់។ គាត់ចង់បានរឿងអីតួលេខ ឬក៏មូលដ្ឋានសម្រាប់គាត់ក្នុងការពិចារណា វត្ថុបំណងរបស់យើងចង់បានការយោគយល់ពីគាត់តើ ហើយបើគាត់ចាត់ទុករដ្ឋាភិបាលជាខ្មាំងរបស់គាត់អាហ្នឹងជារឿងដ៏ទៃមួយផ្សេងទៀត » ។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃទី៤កញ្ញា បានជួបប្រជុំគ្នាម្ដងរវាង ធនាគារជាតិកម្ពុជា រាជបណ្ឌិតសភាកម្ពុជា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និង អង្គការលីកាដូ និង សមាគមធាងត្នោត នៅទីស្ដីការ គណៈរដ្ឋមន្ត្រី។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅថ្ងៃទី១០ កញ្ញា ថ្នាក់ដឹកនាំនៃអង្គការ សមាគមទាំងពីរ នឹងសម្រេចថា តើទៅចូលរួម ឬមិនចូលរួម។
លោកបញ្ជាក់ថា គណៈគ្រប់គ្រងអង្គការ លីកាដូ និង សមាគមធាងត្នោត ក៏យល់ព្រមដូចតំណាងអង្គការ លីកាដូ និងសមាគមធាងត្នោត បានជជែក និងពន្យល់រួចហើយក្នុងប្រជុំលើកមុន ដូច្នេះខណៈគ្រប់គ្រងរក្សាជំហរដូចតំណាង ដែលបានចូលរួមប្រជុំ មិនមានអ្វីជជែក ឬពន្យល់បន្ថែមទៀតទេ ។ លោកមានប្រសាសន៍ថា ម្យ៉ាងទៀតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចេញសេចក្ដីថ្លែងការណ៍ពីលទ្ធផលក្រោយពីប្រជុំរួចហើយដែរ ដូច្នេះលោកនៅឆ្ងល់ថា តើហេតុអ្វីបានជាត្រូវអញ្ជើញគណៈគ្រប់គ្រងកោះប្រជុំពិភាក្សាជាថ្មីម្ដងទៀត?
អង្គភាពអ្នកនាំពាក្យព័ត៌មានរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ដោយចោទប្រកាន់របាយការណ៍របស់អង្គការ លីកាដូ និង សមាគមធាងត្នោតថា មានចរិតអត្តនោម័តិ ដែលមិនស្ថិតក្នុងតម្លៃជាសាកល និង មិនឆ្លុះបញ្ចាំងជារួមអំពីប្រតិបត្តិការផ្ដល់ ទទួលប្រាក់កម្ចីឥណទាន និង ស្ថានភាពទូទៅនៃបំណុលវ័ណ្ឌកនោះទេ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា រាជបណ្ឌិតសភាកម្ពុជាមិនទាន់ចេញរបាយការណ៍ជាផ្លូវការនៅឡើយទេពាក់ព័ន្ធនឹងស្ថានភាពមីក្រូហិរញ្ញវត្ថុ។ ប៉ុន្តែលោកអះអាងថា ថាប្រជាពលរដ្ឋចំនួនមួយភាគរយប៉ុណ្ណោះ ដែលទទួលរងផលប៉ះពាល់ មិនដូចមានការចោទប្រកាន់ពីអង្គការទាំងពីរទេ។
នៅក្នុងរបាយការណ៍អង្គការ លីកាដូ និង សមាគមធាងត្នោតកាលពីចុងខែសីហា បាន បង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់ បានខ្ចីបំណុលវ័ណ្ឌកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើអោយកម្រិតបំណុលកើនឡើងកាន់តែខ្លាំងឡើងៗ បណ្ដាលឲ្យមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឲ្យលក់ដី ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយបំណុល និងការបញ្ចាំខ្លួន ដើម្បីដោះបំណុលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។