អ្នកឃ្លាំមើល​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​យល់​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ

0:00 / 0:00

អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា ការ​ដែល​ប្រមុខ​ទូត ឬ​សមាជិកសភា​នៃ​ប្រទេស​ប្រជាធិបតេយ្យ​បន្ត​មក​ជួប​លោក កឹម សុខា គឺ​ជា​ការ​​រំលឹក​ទៅ​រដ្ឋាភិបាល ឬ​តុលាការ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ឃ្លាំ​មើល​លើក​ឡើង​បែប​នេះ ខណៈ​​​ដែល​សមាជិក​សភា​ប្រទេស​ស៊ុយអែត (Sweden) និង​មេ​ដឹក​នាំ​សង្គម​ស៊ីវិល​នៃ​ប្រទេស​នេះ ​ជួប​សំណេះសំណាល​ និង​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក នៅ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៧ ខែ​មករា។

នាយក​ខុទ្ទកាល័យ​លោក កឹម សុខា គឺ​លោក មុត ចន្ថា ឲ្យ​ដឹង​ថា លោក កឹម សុខា ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា សមាជិក​សភា​ប្រទេស​ស៊ុយអែត អះអាង​ថា ស្ថានទូត​ស៊ុយអែត ប្រចាំ​កម្ពុជា នឹង​តាម​ដាន​លើ​សំណុំ​រឿង លោក កឹម សុខា ដែល​តុលាការ​គ្រោង​បើក​សវនាការ នៅ​ថ្ងៃ​ទី១៥ ខែ​មករា​ខាង​មុខ។ លោក មុត ចន្ថា ឲ្យ​ដឹង​ទៀត​ថា ជំនួប​នេះ គឺ​សមាជិក​សភា​ប្រទេស​ប្រជាធិបតេយ្យ​ដដែល ក៏​ចង់​ដឹង​ពី​បញ្ហា​សុខភាព​លោក កឹម សុខា ដែរ៖ «គាត់​បញ្ជាក់​ថា ស្ថានទូត ស៊ុយអែត លោក​នឹង​ធ្វើ​ការ​តាម​ដាន​លើ​សវនាការ​ហ្នឹង តាម​ពិត​គាត់​មក​ស្រុក​ខ្មែរ​ហ្នឹង​គាត់​ជា​អ្នក​នយោបាយ​គាត់​មក ដើម្បី​ស្វែង​យល់​ហ្នឹង។ ប៉ុន្តែ​មក​ទី​នេះ​អត់​បាន​ជជែក​គ្នា​រឿង​នយោបាយ​ទេ គឺ​ជជែក​រឿង​ផ្ទាល់​ខ្លួន សួរ​សុខ​ទុក្ខ​ពី​សុខភាព»

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់​ថា នេះ​ជា​ការ​បង្ហាញ​ថា លោក កឹម សុខា គ្មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ត​ថា ឥរិយាបថ​នេះ គឺ​សមាជិក​សភា ស៊ុយអែត ចង់​ផ្ញើ​សារ​ទៅ​តុលាការ ដែល​គ្រោង​កាត់​ក្តី​លោក កឹម សុខា ថ្ងៃ​ទី១៥ ខែ​មករា​ខាង​មុខ​ថា ត្រូវ​ពិនិត្យ​កាត់​ក្តី​ដោយ​យុត្តិធម៌ ដោយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក កឹម សុខា៖ «ការ​ដែល​បង្ហាញ​វត្តមាន​គឺ លោក កឹម សុខា គ្មាន​ទោស​គ្មាន​ពៃរ៍​អី​ទេ ហើយ​ក៏​ជា​ផ្ញើ​សារ​ទៅ​ដល់​សវនាការ​ថា ឲ្យ​តុលាការ​ត្រូវ​តែ​ពិនិត្យ ត្រូវ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា នេះ​បើ​តាម​មើល​ន័យ​ខ្លឹម​សារ​ការទូត​បស្ចិម​ប្រទេស​មក​ជួប​ជា​បន្ត​បន្ទាប់​ហ្នឹង​ណា»

នៅថ្ងៃទី១៥ ខែ​មករា​ខាង​មុខ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជម្រះ​ករណី លោក កឹម សុខា រឿង​សន្ទិដ្ឋិភាព​ ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​​ទី​កន្លែង​ផ្សេង​ទៀត កាល​ពីអំឡុងឆ្នាំ១៩៩៣ រហូត​ដល់ ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧។

ចំណែក​អ្នក​វិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់​ថា ជំនួប​ជា​បន្ត​បន្ទាប់​រវាង​លោក កឹម សុខា ជា​មួយ​ប្រមុខ​ទួត និង​សមាជិក​នៃ​ប្រទេស​លោក​សេរី​បែប​នេះ គឺ​សហគមន៍​អន្តរជាតិ​យក​ចិត្ត​ដាក់​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ​ឡើង​វិញ ហើយ​សហគមន៍​អន្តរជាតិ​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​បង្អែក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក គឹម សុខ យល់ថា ករណី​នេះ​តុលាការ ឬ​រដ្ឋាភិបាល​នឹង​បន្ធូរបន្ថយ​ខ្លះ​ដែរ ចំពោះ​លោក កឹម សុខា ប៉ុន្តែ​លោក​យល់​ថា មិន​ដល់​ថ្នាក់​ផ្ដល់​សិទ្ធិ​ឲ្យ​លោក កឹម សុខា ធ្វើ​នយោបាយ​នោះ​ទេ​ព្រោះ​អាច​នឹង​បាត់​អំណាច​លោក ហ៊ុន សែន៖ «វា​មាន​លក្ខខណ្ឌ ដែល​ត្រូវ​បន្ធូរ​អាច​គ្រាន់​ជា​រូបភាព​បន្តិចបន្តួច​ប៉ុណ្ណឹង​ហើយ ដែល​ធ្វើ​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា វា​ជា​រូប​នៃ​ភាព​ធូរ​ស្បើយ​នៃ​ផ្នែក​នយោបាយ​បន្តិចបន្តួច ប៉ុន្តែ​មិន​អាច​ទៅ​ដល់​កម្រិត​បំពេញ​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់​ឃើញ​គណបក្ស​ប្រឆាំង​រស់​ឡើង​វិញ»

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ មាន​ឯកអគ្គរដ្ឋទូត និង​អគ្គរាជ​ទូត​នៃ​ប្រទេស​ប្រជាធិប​រ​តេយ្យ ​បាន​ចូល​ជួប​លោក កឹម សុខា ជា​បន្តបន្ទាប់។ តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​សេរី​ធំៗ ទាំង​នេះ នៅតែ​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ផ្ដល់​សិទ្ធិ​ដល់​លោក កឹម សុខា អាច​ធ្វើ​នយោបាយ​ឡើង​វិញ ដោយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា។

លោក កឹម សុខា ក៏​ធ្លាប់​ត្រូវ​បាន​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ស៊ុយអែត (Sweden) ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក Bjorn Haggmark ក៏​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ដែរ កាល​ពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ។ ក្នុង​ជំនួប​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ទទួល​ស្គាល់​ថា លោក កឹម សុខា ជា​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ម្នាក់​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​អគ្គរដ្ឋទូត​ថា នឹង​បន្ត​តាម​ដាន​ករណី​លោក កឹម សុខា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នាយក​ខុទ្ទកាល័យ​លោក កឹម សុខា គឺ​លោក មុត ចន្ថា។

លោក មុត ចន្ថា ដែល​នៅ​ស្និទ្ធ​នឹង​លោក កឹម សុខា ឲ្យដឹងថា លោក កឹម សុខា បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​នានា ដើម្បី​បម្រើ ការពារ កសាង​នូវ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។