អ្នកវិភាគ និងមន្ត្រីសិទ្ធិមនុស្សទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់ប្រជាធិបតេយ្យតាមរយៈការបើកឱ្យគណបក្សប្រឆាំងចូលរួមធ្វើនយោបាយដោយគ្មានការធ្វើទុក្ខបុកម្នេញ និងបើកលំហសេរីភាពជាមូលដ្ឋានរួមទាំងសេរីភាពភាពបញ្ចេញមតិ ដែលអាចឱ្យពលរដ្ឋគ្រប់រូបហ៊ានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលជាដើម។ ការទាមទារនេះ ធ្វើឡើងនៅក្នុងឱកាសនៃការប្រារព្ធទិវាប្រជាធិបតេយ្យ។
អ្នកវិភាគ និងមន្ត្រីសិទ្ធិមនុស្សលើកឡើងក្នុងទិវាប្រជាធិបតេយ្យអន្តរជាតិ នៅថ្ងៃទី១៥ ខែកញ្ញា ថាការលើកកម្ពស់ប្រជាធិបតេយ្យគឺមានសារសំខាន់ដើម្បីធានាឱ្យមានការរស់នៅប្រកបដោយសុខសន្តិភាព ការគោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋពិតប្រាកដ។
នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថាប្រជាធិបតេយ្យនៅកម្ពុជាឡើងចុះ និងមិនស្ថិតស្ថេរនោះឡើយ ជាក់ស្ដែងប្រជាធិបតេយ្យនៅកម្ពុជាមានភាពប្រសើរគឺនៅពេលដែលគណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ិនប៉ិច ឬគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិប្រកួតប្រជែងយកសំឡេងឆ្នោតពីពលរដ្ឋ។ លោកថាប្រជាធិបតេយ្យបច្ចុប្បន្នមានភាពទន់ខ្សោយខ្លាំងគឺដោយសារតែគណបក្សប្រឆាំងមិនទទួលបានលទ្ធភាពប្រកួតប្រជែងស្មើគ្នា ស្ថាប័នព័ត៌មានឯករាជ្យត្រូវបានបង្ខំឱ្យបិទ និងសិទ្ធិពលរដ្ឋរងការរឹតត្បិត។
លោក ហេង គឹមហុង ស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ គឺដោយសាររដ្ឋាភិបាលគឺជាតួអង្គចម្បងក្នុងការគោរព ការពារ និងលើកកម្ពស់ប្រជាធិបតេយ្យដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោក ហេង គឹមហុង៖«រដ្ឋាភិបាលគឺជាអង្គមួយដែលកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ជាអ្នកធានាក្នុងរបបនយោបាយ ការពាររបបនយោបាយ និងរដ្ឋធម្មនុញ្ញឱ្យមានភាពល្អប្រសើរ ដូច្នេះអ្វីដែលកម្ពុជាគួរតែគិតគូរហ្នឹងគឺជំរុញឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យល្អប្រសើរឡើងវិញ ជំរុញឱ្យមានការប្រកួតប្រជែងមួយដោយសេរី និងយុត្តិធម៌ ធានាឱ្យមានសំឡេងភាគតិច ឬក៏មានឱកាសបង្ហាញក្ដីកង្វល់របស់ខ្លួន ដើម្បីបង្កើតនូវឱកាសបង្កើតគោលនយោបាយប្រកបដោយបរិយាប័ន្ន»។
ចំណែកអ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី លើកឡើងថា ថ្ងៃទិវាប្រជាធិបតេយ្យអន្តរជាតិគួរជាថ្ងៃដែលមានអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង និងរដ្ឋាភិបាលគួរប្រារព្ធអបអរ ប៉ុន្តែលោកថាបច្ចុប្បន្នប្រធានបទទាក់ទងនឹងនយោបាយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះហាក់លែងមានការជជែកផុលផុសដូចកាលពីមុន។ លោកថាភាពស្ងប់ស្ងាត់នេះគឺដោយសារតែរដ្ឋាភិបាលបន្តចាប់ខ្លួនទៅលើពលរដ្ឋដែលមានមតិផ្ទុយ គឺបង្ហាញឱ្យឃើញថាលទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះជាបន្តបន្ទាប់គឺចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិមក។
លោក សេង វ៉ាន់លី ថា ដើម្បីឱ្យប្រជាធិបតេយ្យមានភាពល្អប្រសើរឡើងវិញ និងពង្រឹងឯកភាពជាតិនោះ ដូច្នេះភាគីខាងរដ្ឋាភិបាលគួរតែបើកឱ្យមានការជជែកជាមួយគណបក្សប្រឆាំងដើម្បីរកប្រយោជន៍ជាតិ។ លោកថា ប្រទេសកម្ពុជាត្រូវតែលើកកម្ពស់ប្រជាធិបតេយ្យដើម្បីអ្នកដឹកនាំគោរពតាមសំឡេងពលរដ្ឋ និងធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍បាន។
លោក សេង វ៉ាន់លី៖«ដោយសារតែយើងដឹងហើយថាលទ្ធិប្រជាធិបតេយ្យគឺជាគោលការណ៍គ្រឹះ នៃស្ថិរភាពនយោបាយ ឬដូចជាមូលដ្ឋានគ្រឹះនៃវិបុលភាពសេដ្ឋកិច្ច បើគ្មានប្រជាធិបតេយ្យទេ កម្ពុជានឹងលង់ធ្លាក់ទៅក្នុងវិបត្តិនយោបាយ ឬក៏នាំឱ្យមានការបែកបាក់ជាតិ ដូច្នេះខ្ញុំស្នើឱ្យរដ្ឋាភិបាល ក៏ដូចជាមជ្ឈដ្ឋានជាតិ ជាពិសេសសង្គមស៊ីវិលជំរុញឱ្យការជួបជុំជជែកដេញដោល រកវិធីណាធ្វើម៉េចធ្វើឱ្យស្ថានភាពនយោបាយកម្ពុជាមានភាពល្អប្រសើរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បីសុំសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៥ កញ្ញា។
អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ហៅកាត់ថា អ៊ី.អាយ.យូ (Economist Intelligence Unit) បន្តដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ១២១ ឬជាប្រទេសមានរបបដឹកនាំតាមបែបផ្ដាច់ការសម្រាប់ឆ្នាំ២០២៣ អាក្រក់ជាងឆ្នាំមុនៗ ទៀត។
កន្លងមក អ្នកជំនាញសិទ្ធិមនុស្ស និងក្រុមប្រទេសប្រជាធិបតេយ្យធំៗតែងតែជំរុញដល់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ប៉ុន្តែមកទល់ពេលនេះ លោក ហ៊ុន ម៉ាណែត នៅមិនទាន់បង្ហាញជំហរដោះស្រាយបញ្ហាសំខាន់ៗ ដូចជា វិបត្តិនយោបាយ បញ្ហាប្រព័ន្ធយុត្តិធម៌នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
