អ្នកវិភាគនិង​យុវជន​យល់ថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូលគណបក្ស​កាន់អំណាច​ទំនង​រឿង​នយោបាយ​ច្រើនជាង​ដើម្បី​ជួយ​វិស័យ​កសិកម្ម

អ្នកវិភាគ និង​យុវជនមើលឃើញថា អតីត​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គឺ​បណ្ឌិត យ៉ង សាំងកុមារ និង​លោក ឡឹក សុធារ សម្រេចចិត្ត​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ទំនង​មក​ពី​រឿង​ផ្ទាល់​ខ្លួននិង​នយោបាយ​ច្រើនជាង​ហេតុផល​ដើម្បី​ជួយ​វិស័យ​កសិកម្ម។ប៉ុន្តែមន្រ្តី​គណបក្ស​ប្រជាជនអះអាងថា ការ​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​ពួកគេ​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ឈាន​ទៅ​មុខ។

Hun Sen with Yong Saing Koma on 22-11-2022.jpg
បណ្ឌិត យ៉ង សាំងកុមារ (ឆ្វេង) ពិភាក្សាជាមួយលោក ហ៊ុន សែន នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ (រូប៖ ហ្វេសប៊ុក SPM)

អ្នក​ជំនាញ​ការ​អភិវឌ្ឍ​សង្គមនិង​យុវជន​លើកឡើងថា ការ​ចូលរួម​ជីវភាព​នយោបាយ​និង​ពេញចិត្ត​គោល​នយោបាយ​គណបក្ស​ណា​មួយគឺជា​សិទ្ធិ​សម្រេច​ចិត្ត​របស់​បណ្ឌិត យ៉ង សាំងកុមារ និង​លោក ឡឹក សុធារ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ប៉ុន្តែពួកគេ​យល់ថា ការចូលរួម​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​មិន​អាច​ជួយ​ស្តារ​ស្ថានភាព​វិស័យ​កសិកម្មនិង​ជីវភាព​កសិករ​បាន​ប្រសើរ​ឡើង​បាន​ទេ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី គោរព​សិទ្ធិ​សម្រេច​ចិត្ត​របស់​បុគ្គល​ប៉ុន្តែ​លោក​បណ្ឌិត​មើលឃើញថា ការ​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច​ពេល​នេះ​អាច​ជា​រឿង​ផ្ទាល់​ខ្លួន​ឬ​ពាក់ព័ន្ធ​បញ្ហានយោបាយ​ច្រើនជាង​ហេតុផល​ជួយ​អភិវឌ្ឍវិស័យ​កសិកម្ម​ដែល​រង​ការ​រិះគន់​ពី​សំណាក់​ពលរដ្ឋ។ លោកបណ្ឌិត​គូសបញ្ជាក់ថា ការអនុវត្ត​គោលនយោបាយ​កសិកម្ម​បរាជ័យ​កន្លងមក​មិនមែន​រដ្ឋាភិបាល​ខ្វះ​អ្នក​ជំនាញឬ​ធនធាន​មនុស្ស​ជួយ​គិតគូរ​និង​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម​ដំណើរការ​ទៅ​មុខ​ទេតែ​ដោយ​សារ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋអំពើ​ពុករលួយ​ចាក់​ស្រេះនៅក្នុង​ស្ថាប័ន​ជាដើមដូច្នេះ​លោក​បណ្ឌិត​សង្ឃឹម​តិចតួច​ចំពោះ​ការ​សម្រេច​ចិត្ត​របស់ បណ្ឌិត យ៉ង សាំងកុមារ ក្នុងការ​ជួយ​ដល់​វិស័យ​នេះឱ្យ​ប្រែប្រួល​ទៅ​មុខ។ ផ្ទុយទៅវិញ​លោកបណ្ឌិត​មើលឃើញថា ចរន្តបែប​នេះ​បាន​ធ្វើឱ្យ​ក្រុមអ្នក​ប្រជាធិបតេយ្យ​បាត់បង់ធនធាន​មនុស្ស​មួយ​ផ្នែក​ដែល​ធ្លាប់​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ក្នុង​សង្គម​ទៅវិញ៖

«ខ្ញុំមាន​សង្ឃឹម​តិចតួច​ណាស់ពីព្រោះ​លោកបណ្ឌិតយ៉ង សាំងកុមារម្នាក់ឯង​ទោះបី​មាន​ជំនាញ​ផ្នែក​កសិកម្ម​យ៉ាងណាក៏​ដោយក៏មិន​អាច​ធ្វើអ្វី​បាន​ដែរពីព្រោះ​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​កសិកម្ម​ហ្នឹង​ត្រូវ​កែ​ប្រព័ន្ធទាំងមូលដោយ​មិន​អាច​កែ​ផ្នែក​ណា​មួយ​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​ដើរ​ទេខ្ញុំគិតថាការចូលរួម​របស់​លោកបណ្ឌិតយ៉ង សាំងកុមារមាន​ហេតុផល​នយោបាយ​ច្រើនហេតុផល​ផ្ទាល់​ខ្លួន​ច្រើនជាង​ហេតុផល​ជំនាញ»។

ការ​លើកឡើងនេះ បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) លោក​បណ្ឌិត យ៉ង សាំងកុមារ និង​អ្នកនាំពាក្យ​គណបក្ស​នេះគឺ​លោក ឡឹក សុធារ បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។លិខិតដាច់​ដោយ​ឡែក​ពី​គ្នា​ស្នើ​ទៅ​ប្រធាន​គណបក្ស​កាន់អំណាច​លោក ហ៊ុន សែន ចុះថ្ងៃទី២៣ ខែវិច្ឆិកា បញ្ជាក់ថា ការចុះចូលនេះ​ដោយ​សារ​ពួកគាត់​ពេញចិត្ត​នឹង​គោលនយោបាយ​លើ​វិស័យ​កសិកម្ម​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។មន្រ្តីជាន់ខ្ពស់​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ទាំង​២​រូប​បញ្ជាក់​ទៀត​ថាការ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជាដើម្បីចូលរួម​អនុវត្ត​គោលនយោបាយ​ទាំង​នេះ​ឱ្យ​ជោគជ័យនិង​មាន​ផ្លែផ្កាសំដៅ​លើក​ស្ទួយ​ជីវភាព​កសិករ សន្តិសុខស្បៀង បរិស្ថាន និង​សេដ្ឋកិច្ច​ជាតិ។

Hun Sen with Yong Saing Koma on 22-11-2022-3.jpg
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថតសែលហ្វីជាមួយបណ្ឌិត យ៉ង សាំងកុមារ (ឆ្វេង) លោក ហ៊ុន សែន និងលោក ឡឹក សុធា នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ (រូប៖ ហ្វេសប៊ុក SPM)

ទន្ទឹមនឹង​បញ្ហា​នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះរូបថត​ដោយ​សរសេរ​នៅលើ​ហ្វេសបុក​នៅ​រសៀល​ថ្ងៃទី២៨ ខែវិច្ឆិកាថា លោកបាន​ជួប​ពិភាក្សា​ការងារ​កសិកម្ម​ជាមួយ​រដ្ឋមន្រ្តី​កសិកម្ម​លោក ឌិត ទីណា និង​បណ្ឌិត យ៉ង សាំងកុមារ លោក ឡឹក សុធារ បន្ទាប់អ្នក​ទាំងពីរ​បាន​រួមរស់​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា។ ចំណែក​រដ្ឋមន្រ្តី​កសិកម្ម​លោក ឌិត ទីណា ស្វាគមន៍​លោក​អ្នក​ទាំង​ពីរ​ដែល​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​ប្រជាជនដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ឈាន​ទៅ​មុខ។

វិទ្យុអាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​បណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារអ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​កញ្ញា អ៊ឹម រចនា ដើម្បី​សុំការ​បញ្ជាក់​បន្ថែម​អំពី​រឿងនេះ​​បាន​ទេ​នៅថ្ងៃទី២៨ ខែវិច្ឆិកា។

ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​កញ្ញា អ៊ឹម រចនា ប្រាប់​វិទ្យុវីអូឌី (VOD) ថា មន្រ្តីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋានគឺ​បណ្ឌិត យ៉ង សាំងកុមារ ទទួលបាន​តំណែង​រដ្ឋលេខាធិការនិង​លោក ឡឹក សុធា ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម។

Hun Sen with Yong Saing Koma on 22-11-2022-5.jpg
លោកបណ្ឌិត យ៉ង សាំងកុមារ (ឆ្វេង) និងលោក ឡឹក សុធា ប្រជុំជាមួយលោក ហ៊ុន សែន និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ (រូប៖ ហ្វេសប៊ុក SPM)

ទាក់ទង​រឿង​នេះអតីត​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បណ្ឌិត យ៉ង សាំងកុមារ បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​នៅថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយ​ជួបជា​មួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រយៈពេល២ម៉ោង ដោយបញ្ជាក់ថា គ្រួសារ​កសិករ​ខ្មែរ​ភាគច្រើន​ជួបការ​លំបាក​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សង្គមនិង​ត្រូវ​សហការ​គ្នា​ដោះស្រាយ​វិស័យ​កសិកម្ម។លោកបណ្ឌិត​បានលើក​សំណើ ១២ ចំណុច​ដែល​ត្រូវ​ពិភាក្សា​និង​ទទួល​ឯកភាព​ជាផ្លូវការ​ពី​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ផលិតកម្មនិង​ទីផ្សារ​ស្រូវ​អង្ករដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល។អ្នកជំនាញ​កសិកម្ម​រូបនេះថា ចំណុចទាំង១២ត្រូវការ​អនុវត្ត​រយៈពេល​៥​ឆ្នាំ​ដែល​អាច​កសិករ​ជាង​១​លាន​គ្រួសារ​ឱ្យ​បាន​ប្រសើរ។

ទោះយ៉ាងណា អគ្គលេខាធិការ​សហព័ន្ធនិស្សិត​បញ្ញវន្ត​កម្ពុជាលោក គៀន ពន្លក លើកឡើងថា បណ្ឌិត​ យ៉ង សាំងកុមារ និង​លោក ឡឹក សុធារ ដែលធ្លាប់​រិះគន់​នយោបាយ​រដ្ឋាភិបាលនិង​ដើរ​តួ​ជា​អ្នក​បង្រួបបង្រួម​កម្លាំង​ប្រជាធិបតេយ្យ​មុនការ​បោះឆ្នោត​ឆ្នាំ២០២៣តែពួកគាត់​បែរ​ជា​សុំចុះចូល​ជា​មួយ​គណបក្ស​កាន់អំណាច​នោះអាច​សម្រេច​ដោយ​បង្ខំចិត្ត​ក្រោម​សម្ពាធ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន។លោក​បន្ថែមថា ការលើកឡើង​មូលហេតុ​មកអះអាងថា ពេញចិត្ត​គោលនយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាលគឺ​គ្រាន់​តែ​ជា​លេស​របស់​អ្នក​ទាំងពីរ​ដើម្បី​រួចផុត​ពី​ការ​រិះគន់​របស់​មហាជន។ លោកថា ទោះបី​ពួកគាត់​មាន​វត្តមាន​នៅ​ក្រសួង​កសិកម្ម​ក៏​ដោយគឺលោក​គ្មាន​ជំនឿថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​អាច​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិកម្ម​និង​ជីវភាព​ពលរដ្ឋ​ប្រសើរ​បាន​ឡើយ។លោក​អំពាវនាវ​អ្នកនយោបាយ​ត្រូវ​រក្សា​ជំហរ​នយោបាយ​រឹងមាំ​និង​សម្រេច​ចិត្ត​ឱ្យ​បាន​ច្បាស់​ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ៖

«រឿងនេះ​គ្រាន់​តែ​ជា​លេស​មួយ​នៃ​សកម្មភាព​ចុះចូល​របស់​គាត់​ដើម្បី​កុំឱ្យ​អ្នក​ប្រជាធិបតេយ្យ​ផ្សេងៗ​មាន​មតិ​រិះគន់​លើ​រូប​គាត់។ទោះបីមាន​ការ​តែងតាំង​លោក​បណ្ឌិតយ៉ង សាំងកុមារទៅ​ជា​អនុរដ្ឋលេខាធិការរដ្ឋលេខាធិការឬ​ក៏ទីប្រឹក្សា​មិន​អាច​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​រីកចម្រើន​បាន​ដែរពីព្រោះ​វិស័យ​កសិកម្ម​ក្តាប់​ទាំង​មូល​គឺ​រដ្ឋាភិបាល​ មានន័យថា ខ្សែ​ស្រឡាយបក្ខពួក​របស់​អ្នក​កាន់​អំណាច​ក្តោបលើ​វិស័យ​កសិកម្ម​អស់​ទៅ​ហើយ»។

កន្លង​មកក្រសួងកសិកម្ម​តែងតែ​ទទួល​រង​ការ​រិះគន់​ពី​ប្រជាកសិករនិង​អ្នក​ប្រកបរបរ​កសិកម្មនិង​ចិញ្ចឹមសត្វ​ជា​ញឹកញាប់ដោយសារ​ក្រសួងមួយនេះ​អសមត្ថភាព​ក្នុងការ​រក្សា​តុល្យភាព​តម្លៃ​កសិកម្មនិង​ពង្រីក​ទីផ្សារ​នាំ​ចេញ។

Hun Sen with Yong Saing Koma on 22-11-2022-2.jpg
លោកបណ្ឌិត យ៉ង សាំងកុមារ (ឆ្វេង) និងលោក ឡឹក សុធា ប្រជុំជាមួយលោក ហ៊ុន សែន និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ (រូប៖ ហ្វេសប៊ុក SPM)

ទន្ទឹមនឹងនេះបញ្ហា​តម្លៃ​កសិផលជាពិសេស​ស្រូវ​គ្មាន​ទីផ្សារកើត​មាន​ឡើង​រៀងរាល់​ឆ្នាំ​ដែល​ប្រជាពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថាបណ្ដាល​មក​ពី​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​រក​ទីផ្សារ​និង​ទប់ស្កាត់​លំហូរ​ទំនិញ​បរទេស​ចូល​មក​កម្ពុជា។ ជាមួយគ្នានេះ ស្រប​ពេល​ផលិតផល​ជីកសិកម្ម​ប្រេងឥន្ធនៈ​ឡើង​ថ្លៃនិង​អតិផរណា​ក្នុង​ប្រទេស​កើន​ឡើង​បាន​បង្កជា​បញ្ហាកាន់​តែធ្ងន់ធ្ងរ​ដល់​កសិករមួយ​កម្រិត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។