មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាល គួរតែយកលុយជាងកន្លះលានដុល្លារអាមេរិកនោះ ទៅជួយជនក្រីក្រវិញ ជាជាងយកទៅផលិតនាឡិកាដៃដ៏ប្រណិតជូនទៅដល់មេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក ដែលចូលរួមកិច្ចប្រជុំអាស៊ានកាលពីពេលថ្មីៗនេះ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យដឹងថា នាឡិកាដៃដែលមានចំនួន២៥គ្រឿង ដែលលោកជូនជាកាដូអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំដែលបានមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន មានតម្លៃជាង២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង (២០,០០០ដុល្លារ)។

អ្នកតាមដានបញ្ហាសង្គម និងនយោបាយ លើកឡើងថា ករណីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់នាឡិកាដៃជាវត្ថុអនុស្សាវរីយ៍ ដែលចំណាយថវិការដ្ឋអស់រហូតដល់ រាប់សែនដុល្លារដល់ថ្នាក់ដឹកនាំមកចូលរួមកិច្ចប្រជុំអាស៊ានកន្លងមក នឹងមិនលើកមុខមាត់ឱ្យប្រទេសជាតិនោះទេ ព្រោះបណ្ដាថ្នាក់ដឹកនាំទាំងនោះខ្លះ ទំនងជាមិនពេញចិត្តនឹងពាក់នាឡិកាតម្លៃរាប់ម៉ឺនដុល្លារពីប្រទេសក្រីក្រនេះឡើយ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោក ហ៊ុន សែន បានលើកឡើងថា នាឡិកាទំនើបចំនួន២៥គ្រឿង ដែលរដ្ឋាភិបាលកម្ពុជា ចែកជូនដល់មេដឹកនាំដែលបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ មានតម្លៃជាង២ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រឿង ដូច្នេះលោក ហ៊ុន សែន បញ្ជាក់តម្លៃនាឡិកាទាំង២៥គ្រឿងនោះ បើសរុបទៅមានតម្លៃជាងកន្លះលានដុល្លារអាមេរិក៖
«ចំពោះនាឡិកានេះ តាមអ្នកផលិតឱ្យដឹង គឺគ្រឿងបង្គំទាំងអស់ ដើម្បីយកមកផ្គុំបង្កើតនាឡិកានេះ គឺមានតម្លៃជាង២ម៉ឺនដុល្លារក្នុងមួយគ្រឿង»។

កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២នេះ រដ្ឋាភិបាលបានចែកនាឡិកា២៥គ្រឿង ដល់ថ្នាក់ដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ លោក ហ៊ុន សែន មិនបកស្រាយលម្អិតថា តើការប្រគល់ជូននាឡិកាដល់មេដឹកនាំទាំងនេះ មានបង្កប់អត្ថន័យយ៉ាងណាសម្រាប់អត្តសញ្ញាណជាតិនោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា នាឡិកាដៃនេះ ផលិតដោយស្នាដៃកូនខ្មែរ។ ប៉ុន្តែផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន នេះ នាឡិកាទាំងនោះ ត្រូវបានផលិតឡើងដោយ ក្រុមហ៊ុន ព្រីនស៍ ហូរ៉ូឡូជី (Prince Horology) របស់ចិនមានទីតាំងនៅក្នុងប្រទេសកម្ពុជា។
គេហទំព័ររបស់ក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុននេះគឺជាផ្នែកមួយរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីសស្តែត (Prince Real Estate) ដែលប្រធានសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនេះ គឺជាលោក ចេន ហ្ស៊ី (Chen Zhi) ជាជនជាតិចិន និងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ហើយថ្មីៗនេះ លោក ចេន ហ្ស៊ី (Chen Zhi) បានទិញយកក្រុមហ៊ុនលក់ស៊ីហ្គា (Cigar) របស់គុយបា (Cuba) ក្នុងតម្លៃជាង ១,៤ ពាន់លានដុល្លារ ដោយសម្ងាត់។

ជុំវិញរឿងនេះសកម្មជនចលនាមាតាធម្មជាតិនិងជាអ្នកតាមដានបញ្ហាសង្គមនិងនយោបាយ លោក លី ចាន់ដារ៉ាវុត យល់ថារដ្ឋាភិបាលគួរទិញរថយន្តសង្គ្រោះបន្ទាន់ដាក់នៅតាមទីដាច់ស្រយាលឬជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រប្រសើរជាងចំណាយថវិការាប់សែនដុល្លារទៅលើកាដូអនុស្សាវរីយ៍ទាំងនេះ។លោកយល់ថាថ្នាក់ដឹកនាំដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មិនចង់បានកាដូដែលមានតម្លៃថ្លៃដូច្នេះទេ ប៉ុន្តែពួកគេចង់បានកិច្ចសហប្រតិបត្តិការល្អចេញពីកិច្ចប្រជុំទៅវិញទេ។ លោកបន្ថែមថា រដ្ឋាភិបាលគួរផ្ដល់វត្ថុអនុស្សាវរីយ៍ដែលបង្ហាញពីតម្លៃវប្បធម៌អត្តសញ្ញាណរបស់ជាតិជាជាងចំណាយថវិកាខ្ជះខ្ជាយខណៈរដ្ឋាភិបាលកំពុងតែខ្ចីបុលពីបរទេសសម្រាប់ការចំណាយប្រចាំឆ្នាំផងនោះ៖
«មេដឹកនាំម្នាក់ កើតឡើងចេញពីការបោះឆ្នោតរបស់ប្រជាជនភាគច្រើន ដូច្នេះគាត់គួរតែរស់នៅតាមបែបប្រជាជនភាគច្រើន ជាជាងរស់នៅដូចជាប្រជាជនភាគតិច យើងប្រៀបធៀបទៅប្រជាជនភាគច្រើនបោះឆ្នោតឱ្យគាត់ ជាប្រជាជនក្រីក្រ។ ប្រទេសកម្ពុជាមានប្រជាជនភាគច្រើនរស់នៅក្នុងភាពក្រីក្រ នឹងក្បែរក្រ ដូច្នេះការសម្ញែងទ្រព្យសម្បត្តិ ការអួតនូវរបស់ប្រើប្រាស់ផ្សេងៗមានតម្លៃរាប់លានដុល្លារ ខ្ញុំយល់ថាបើសិនជាក្នុងនាមជាមេដឹកនាំ វាមិនមែនជាអ្វីគួរឱ្យមោទនភាពទេ ព្រោះថា រឿងដែលគួរឱ្យមោទនភាពគឺប្រជាជនយើងអាចរស់នៅដោយសុភមង្គល ដោយសន្តិភាពពិត គ្មានការភ័យខ្លាច គ្មានអសន្តិសុខសង្គម គ្មានវិបត្តិដីធ្លី អាហ្នឹងខ្ញុំយល់ថា ជាទីមោទនភាពជាង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១៤ ខែវិច្ឆិកា។

ជុំវិញរឿងនេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង គឹមអេង យល់ឃើញថារដ្ឋាភិបាលមិនគួរចំណាយថវិកាច្រើនបែបនេះ ដើម្បីទិញកាដូវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវអន្តរជាតិឡើយ ព្រោះវាមិនមែនជាការចំណាយដែលចាំបាច់។ លោកបន្ថែមថា រដ្ឋាភិបាលគួរយកថវិកាទាំងនេះ ជួយដល់ប្រជាពលរដ្ឋក្រីក្រប្រសើរជាង ព្រោះកន្លងមកអាជ្ញាធរថ្នាក់ក្រោមជាតិតែងលើកឡើងថា ខ្វះកញ្ចប់ថវិកាដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ព្រោះអាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួនក៏ត្អូញត្អែរអំពីការខ្វះខ្ទង់ថវិកាមួយចំនួនដើម្បីការចាយវាយ ដើម្បីបំពេញនូវការចាំបាច់របស់ខ្លួនមួយចំនួន ដើម្បីផ្ដល់សេវាមួយចំនួនដែរ។ ជាមួយគ្នានោះប្រជាពលរដ្ឋនៅតាមជនបទខ្លះ ដែលយើងឃើញចំណាកស្រុកដោយសារការខ្វះខាត ការជំពាក់បំណុលគេអីជាដើម គាត់ប្រឈមមុខជាមួយជីវភាពក្នុងការរស់នៅរបស់ពួកគាត់ដែរ។
ក្រៅពីមានមតិរិះគន់ដែលរដ្ឋាភិបាល ចំពោះការចំណាយថវិកាជាតិច្រើនលើសលុបលើការទិញនាឡិកានេះ អ្នកតាមដានសង្គម និងនយោបាយ ក៏បានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានចំណាយថវិកាខ្ជះខ្ជាយជាច្រើន ហួសពីសមត្ថភាពរបស់ខ្លួនក្នុងនាមជាប្រទេសក្រីក្រ ដើម្បីគ្រាន់តែចំណេញមុខមាត់របស់លោក ហ៊ុន សែន ពោលគឺមិនមែនដើម្បីជាប្រយោជន៍របស់ជាតិជាសំខាន់នោះទេ។ ជាក់ស្តែង ក្រោយកិច្ចប្រជុំកំពូលអាស៊ាននេះ ក្រុមមន្ត្រីអាមីអាថោងដែលរណបលោក ហ៊ុន សែន និងមន្ត្រីរាជការតាមក្រសួងស្ថាប័ននានា ចាប់ផ្តើមចេញសារបញ្ចើចបញ្ចើដល់លោក ហ៊ុន សែន ជាបន្តបន្ទាប់ដើម្បីឲ្យលោកពេញចិត្តនឹងការសរសើរនោះ។

អ្នកវិភាគនយោបាយ លើកឡើងទៀតថា កម្ពុជាមិនគួរចែកនាឡិកាដែលមានតម្លៃខ្ពស់ ទៅដល់ថ្នាក់ដឹកនាំដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះទេ ព្រោះវាមិនបានផ្ដល់កិត្តិយស និងបង្ហាញពីអត្តសញ្ញាណរបស់ជាតិនោះឡើយ។ ពួកគេថា ការចែកនាឡិកានេះ ធ្វើឡើងទៅតាមបំណងរបស់លោក ហ៊ុន សែន ដែលជាមនុស្សឈ្លក់វង្វេងនឹងការបង្អួតនាឡិកាដែលមានតម្លៃរាប់លានដុល្លារអាមេរិក និងមិនបានខ្វល់ខ្វាយពីប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។