ក្រុមអ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន នឹងរងការរិះគន់លើឆាកអន្តរជាតិ ក្នុងពេលលោកថ្លែងសន្ទរកថា នៅអង្គការសហប្រជាជាតិនៅបុរីញ៉ូវយ៉ក (New York) នាពេលខាងមុខនេះ។ អ្នកវិភាគលើកឡើងបែបនេះ ដោយសារតែពួកគាត់មើលឃើញប្រទេសកម្ពុជាសព្វថ្ងៃកំពុងមានការរំលោភបំពានលើសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលតម្រូវឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ហើយងាកមករកផ្លូវត្រូវ នៃគន្លងប្រជាធិបតេយ្យវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខ ដើម្បីឡើងថ្លែងសុន្ទរកថាដោយផ្ទាល់ នៅអង្គការសហប្រជាជាតិ (UN)។
អ្នកវិភាគមើលឃើញថា មេដឹកនាំកម្ពុជារូបនេះ នឹងត្រូវទទួលបានរិះគន់ពីសហគមន៍អន្តរជាតិ ជាពិសេស ពីប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។
អ្នកឯកទេសខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ សាស្ត្រាចារ្យ ឯម សុវណ្ណរ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ សីហា កម្ពុជានឹងរងការរិះគន់ពីអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារបរិយាកាសសិទ្ធិមនុស្សហាក់គ្មានភាពប្រសើរឡើង បើប្រៀបធៀបនឹងឆ្នាំមុន។ លោកលើកឡើងថា បញ្ហារំលោភសិទ្ធិមនុស្សជាជំងឺរ៉ាំរៃ ដែលកម្ពុជាត្រូវដោះស្រាយបន្ទាន់ ដើម្បីឱ្យមានភាពប្រសើរឡើងស្របតាមគោលការណ៍ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាបានធ្វើសច្ចាប័នរួចមកហើយ។ លោកបន្តថា បញ្ហាកំពង់ផែកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ ក៏ជាចំណុចរសើបមួយ ដែលធ្វើឱ្យកម្ពុជា និងអាមេរិកមើលមុខគ្នាមិនចំផងដែរ។ លោកថា កម្ពុជាត្រូវប្រកាន់គោលជំហរអព្យាក្រឹត និងបញ្ជាក់ពីតម្លាភាព ដើម្បីទទួលបានការទុកចិត្ត ពីសហគមន៍អន្តរជាតិមកវិញ៖ « អ្វីដែលរងការរិះគន់ខ្លាំងជាងគេនោះ ពាក់ព័ន្ធទៅលើកត្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលកម្ពុជាបានឱ្យសច្ចាប័ន និងចុះសន្ធិសញ្ញាអន្តរជាតិនានា រួមទាំងសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយយកមកបញ្ចូលរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែស្ថានភាពនៃការអនុវត្តមិនទាន់ឆ្លើយតបទៅតាមគោលការណ៍ច្បាប់ទាំងស្រុងទេ » ។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ដើម្បីបញ្ចៀសកុំឱ្យមានការរិះគន់លើឆាកអន្តរជាតិ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពគោលការណ៍សិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ ឱ្យស្របទៅនឹងការចង់បានរបស់តំណាងអង្គការសហប្រជាជាតិ និងប្រទេសលោកសេរី។ លោកបន្តថា ការស្ដារឡើងវិញនេះ គឺត្រូវចាប់ផ្ដើមពីការសម្រួលដល់ការប្រើសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយគ្មានការគំរាមកំហែងណាមួយពីរបបផ្ដាច់ការ។ លើសពីនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ត្រូវតែបើកចំហសិទ្ធិក្នុងផ្លូវនយោបាយ ឱ្យស្របទៅតាមគោលការណ៍ប្រទេសប្រកាន់យកលិទ្ធិប្រជាធិបតេយ្យ ដោយចាប់ផ្ដើមចេញពីការទម្លាក់បទចោទ និងដោះលែងលោក គឹម សុខា ឱ្យមានសេរីភាព ដើម្បីឱ្យលោកបានចោលប្រឡូកក្នុងឆាកនយោបាយ៖ « ខ្ញុំយល់ឃើញថា ប្រសិនបើលោក ហ៊ុន សែន មិនចាប់ផ្ដើមផ្ដល់សិទ្ធិសេរីភាពនយោបាយដល់លោក គឹម សុខា ឱ្យបានចូលរួម (ឈរឈ្មោះ) បោះឆ្នោតក្នុងឆ្នាំ២០២៣ ទេ (ទោះ) លោក ហ៊ុន សែន ធ្វើដំណើរទៅដល់ទឹកដីប្រទេសប្រជាធិបតេយ្យណាក៏ដោយ ក៏គាត់រងការដាស់តឿនឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងការកែលម្អសិទ្ធិមនុស្សនៅប្រទេសកម្ពុជាឡើងវិញដែរ » ។
ពាក់ព័ន្ធនឹងការលើកឡើងទាំងនេះ វិទ្យុអាស៊ីអាស៊ីនៅពុំទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននៅឡើយនោះទេ នៅថ្ងៃទី១៧ សីហា។
របបលោក ហ៊ុន សែន បានទទួលរងទណ្ឌកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាបន្តបន្ទាប់រួចមកហើយ ដោយសារតែទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។ ដោយសារតែសហរដ្ឋអាមេរិករកឃើញថា លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជំនិតរបស់លោក មានជាប់ពាក់ព័ន្ធនឹងទង្វើរំលោភសិទ្ធិមនុស្ស ការរំលោភអំណាច និងការប្រព្រឹត្តអំពើពុករលួយក្នុងនោះមានជាប់ពាក់ព័ន្ធនឹងគម្រោងសាងសង់កំពង់ផែកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុផងដែរ។
អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បន្តព្រួយបារម្ភអំពីការរអិលថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ ព្រោះពួកគេដឹងថា មានតែការស្ដារប្រជាធិបតេយ្យឡើងវិញ ទើបជាដំណោះស្រាយវិបត្តិចាក់ស្រេះផ្សេងៗ ទាំងនៅកម្ពុជា និងនៅក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
