ក្រុមអ្នកវិភាគរិះគន់ថា អំណោយនាឡិកាដៃដែលលោក ហ៊ុន សែន ត្រៀមរៀបចំសម្រាប់ចែកមេដឹកនាំអាស៊ានក្នុងកិច្ចប្រចាំនាពេលខាងមុខ មិនអាចលើកមុខមាត់ និងស្ដារកិត្តិយសប្រទេសកម្ពុជាបាននោះឡើយ។ ពួកគាត់ថា កេរ្តិ៍ឈ្មោះកម្ពុជាអាចប្រសើរឡើងក្នុងសហគមន៍អន្តរជាតិ និងអាស៊ានបានគឺអាស្រ័យទៅលើការដឹកនាំរបស់រដ្ឋាភិបាល។
អ្នកវិភាគថា ទោះបីលោក ហ៊ុន សែន បញ្ជាឱ្យផលិតនាឡិកាសម្រាប់ចែកជូនមេដឹកនាំអាស៊ានក្ដី ក៏មិនអាចលើកមុខមាត់ និងកិត្តិយសកម្ពុជាបានឡើយ ព្រោះក្នុងអាណត្តិរបស់លោកក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន មានបញ្ហាជាច្រើនដែលលោកដោះស្រាយមិនបានល្អ។ ពួកគេថា ការផលិតនាឡិកានេះជាការចំណាយខ្ជះខ្ជាយថវិកាជាតិ។
អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ តុលា ថាអំណោយនាឡិកាហាក់មិនបានបញ្ជាក់ពីអត្ថន័យអ្វីនោះឡើយ ខណៈកម្ពុជាខ្លួនឯងក៏មិនទាន់មានរោងចក្រផលិតដោយផ្ទាល់នោះផង។ លោកបន្តថា ជំនួសឱ្យអំណោយជានាឡិកាលោក ហ៊ុន សែន គួរផ្ដល់អំណោយផ្សេងទៀតជំនួសវិញ ដែលបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ប្រទេសកម្ពុជា ដូចជាការរំលេចពីប្រាសាទ អប្សរា ឬសម្បត្តិវប្បធម៌ផ្សេងៗទៀត។ លោកបន្ថែមថា ត្បិតការផ្ដល់វត្ថុផ្សេងៗត្រឹមតែជារបស់អនុស្សាវរីយ៍ក៏ពិតមែន ប៉ុន្តែលោក ហ៊ុន សែន គួរផ្ដល់អ្វីដែលមានអត្តន័យជាងនេះដើម្បីលើកមុខមាត់ប្រទេសជាតិ និងឱ្យបណ្ដាមេដឹកនាំដទៃទៀតចងចាំពីអ្វីដែលល្អៗនៅកម្ពុជា៖
«យើងមើលគ្រឿងផ្សំនៃការផលិតហ្នឹងយ៉ាងដូចម្ដេច?គ្រាន់តែទិញគ្រឿងបន្លាស់គ្រឿងផ្គុំមកផ្គុំនៅកម្ពុជា ឬផលិតខ្លួនយើង អាហ្នឹងទើបយើងឱ្យតម្លៃវាពិតប្រាកដក្នុងក្របខណ្ឌណាមួយ។ កន្លងមកនាឡិកាដែលធ្វើនៅកម្ពុជាវាមិនដែលមាន ហើយអ្នកផ្សព្វផ្សាយនឹងនាយករដ្ឋមន្ត្រីមិនបានយកនាឡិកាហ្នឹងមកប្រើផងហ្នឹង គឺប្រើនាឡិកាផ្សេង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលពីថ្ងៃទី១១ ខែតុលា ថា លោកនឹងផលិតនាឡិកាក្នុងស្រុកម៉ាកអាស៊ាន ចំនួន២៥គ្រឿង សម្រាប់ចែកជូនមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូសន្ទនាអាស៊ាន ដែលនឹងអញ្ជើញមកចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ នៅពេលខាងមុខនេះ។ លោកលើកឡើងថា ការផលិតនាឡិកាដើម្បីចែកដល់មេដឹកនាំអាស៊ាននេះ ដើម្បីបញ្ជាក់ថា កម្ពុជាមានសមត្ថភាពអាចផលិតនាឡិកាបាន៖ « យើងផលិតនាឡិកា រហូតទៅដល់ ២៥គ្រឿង សម្រាប់ថ្នាក់ដឹកនាំកំពូលនិងស្ថាប័នកំពូលផងដែរ។ ដាក់ម៉ាកអាស៊ានតែម្តង ប៉ុន្តែដាក់ថា Made in Cambodia ( ផលិតនៅកម្ពុជា ) ឲ្យគេដឹងថា ខ្មែរបច្ចុប្បន្ននេះអាចផលិតនាឡិកា។ ខ្ញុំនឹងចែកជាកាដូ ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ហើយថ្ងៃនោះខ្ញុំនឹងពាក់នាឡិកាម៉ាកអាស៊ានតែម្តង »។
ទោះបីជាយ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ជាក់ថានាឡិកាទាំង២៥គ្រឿងនោះ មានតម្លៃប៉ុន្មាន ឬជាប្រភេទនាឡិកាដាំពេជ្រ ដូចនាឡិកាដែលលោកនិយមពាក់នោះទេ និងថាតើលោកនឹងពាក់នាឡិកាដៃ ម៉ាកអាស៊ាន ដែលលោកបញ្ជាឱ្យផលិតនេះ បានយូរប៉ុណ្ណានោះ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកថាជាការលើកឡើងរបស់អ្នកវិភាគនេះ ជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងជារឿងមិនបានការ។ លោកបន្តថា រដ្ឋាភិបាលបានព្យាយាមធ្វើរឿងផ្សេងៗដើម្បីលើកមុខមាត់ប្រទេសជាតិ ដែលនេះជារឿងលំបាកមិនងាយស្រួលដូចការនិយាយនោះឡើយ៖
«គេធ្វើជូនប្រមុខរដ្ឋ ប្រធានាធិបតី មិនមែនធម្មតាឯណា មិនមែនយកនាឡិកា ២០ដុល្លារ ៣០ដុល្លារមកធ្វើ។ មិនទាន់ដឹងចេញមកផង យើងប្រញាប់តែនិយាយ អ្នកនិយាយចេះតែនិយាយឥតបានការអាហ្នឹងហើយដែលធ្វើឱ្យខឹងធ្វើឱ្យក្ដៅក្រហាយ»។
ទោះជាយ៉ាងនេះក្ដី លោក សុខ ឥសាន មិនអាចបង្ហាញឈ្មោះក្រុមហ៊ុនដែលផលិតនាឡិកា ប្រភពថវិកាដែលយកទៅផលិត និងការចំណាយផ្សេងៗទៅលើការផលិតនាឡិកាទាំង២៥គ្រឿងនេះនៅឡើយទេ។
ទាក់ទិនរឿងនេះ អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា លោក ហ៊ុន សែន ទំនងជាចំណាយប្រាក់ច្រើនខុសប្រក្រតី នៅក្នុងនយោបាយអំនួតតាមរយៈការចែកនាឡិកាទៅកាន់ក្រុមមេដឹកនាំរបស់អាស៊ាន។ លោកសង្ស័យថា ការផលិតនាឡិកាចំនួន២៥គ្រឿងនេះ ត្រូវចំណាយអស់ថវិកាជាតិច្រើន ប៉ុន្តែយ៉ាងណា លោក គឹម សុខ មើលឃើញថា នេះជារឿងឥតប្រយោជន៍ ព្រោះមេដឹកនាំប្រទេសផ្សេងៗទៀត ដឹងច្បាស់ថាអំណោយរបស់លោក ហ៊ុន សែន នេះគ្រាន់តែជាអំនួតដែលកើតចេញពីភាពក្អេងក្អាងរបស់លោកតែប៉ុណ្ណោះ។ លោក គឹម សុខ យល់ឃើញថា មុខមាត់កម្ពុជាមិនស្ថិតលើការការផ្ដល់នាឡិកាដៃនោះទេ គឺវាអាស្រ័យលើសមត្ថភាពការដឹកនាំរបស់រដ្ឋាភិបាល៖
«ទាល់តែលោក ហ៊ុន សែន ជាមេដឹកនាំរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសកម្ពុជា។ ហើយទីពីរលោក ហ៊ុន សែន ប្រកាន់គោលជំហរស្របទៅនឹងប្រយោជន៍នៃប្រជាជាតិអាស៊ានទាំងមូល ក្នុងនាមខ្លួនជាប្រធានអាស៊ានប្ដូរវេន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានមហាជនទូទៅមើលឃើញថា ជាមេដឹកនាំនៃប្រទេសក្រីក្រមួយរូប ដែលស្រលាញ់នាឡិកា ហើយការយកនាឡិកាមកធ្វើជាវត្ថុអនុស្សាវរីយ៍ដូច្នេះ គឺដើម្បីឱ្យស្របទៅតាមចំណង់ចំណូលចិត្តរបស់លោក។
បណ្ដាញព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះ វ៉ាយស៍ ញ៉ូស៍ (VICE News) បានចេញផ្សាយអត្ថបទមួយ កាលពី ខែកក្កដា ឆ្នាំ ២០២០ ថា លោក លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃប្រទេសក្រីក្រមួយមានប្រាក់ខែត្រឹមជាង ១០លានរៀល ឬប្រមាណ ២ពាន់ ៥រយ (២៥.០០០) ដុល្លារអាមេរិក តែបែរជាមាននាឡិកាដៃប្រណិតជាច្រើនគ្រឿង ក្នុងតម្លៃរាប់លានដុល្លារអាមេរិក។ នាឡិកាប្រណីតៗខុសៗគ្នាដែលលោក ហ៊ុន សែន និយមពាក់ក្នុងកំឡុងឆ្នាំ ២០២០នោះ មានតម្លៃសរុបដល់ទៅ ៩លានដុល្លារ ក្នុងនោះក៏មាននាឡិកាម៉ាក ប៉ាតិក ហ្វីលីព (Patek Philippe) និងម៉ាក រីឆាត មៀល (Richard Mille) ផលិតនៅប្រទេសស្វីស (Switzerland) ដែលជាប្រភេទកម្រ ដាំពេជ្រ និងមានតែ ៥៥គ្រឿងលើពិភពលោកទៀតផង។
អ្នកវិភាគ និងមហាជននៅតែសង្ស័យថា លោក ហ៊ុន សែន បញ្ជាឱ្យផលិតនាឡិកាដើម្បីចែកមេដឹកនាំអាស៊ាននេះ ជាការចំណាយខ្ជះខ្ជាយថវិកាជាតិ ដើម្បីលើកមុខមាត់ កិត្តិយសរបស់រដ្ឋាភិបាលលោកតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។